Grand News Asia Close

គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ឱ្យបានសម្រេចជោគជ័យ ដើម្បីធានាដល់ការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1124
គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ឱ្យបានសម្រេចជោគជ័យ ដើម្បីធានាដល់ការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ឱ្យបានសម្រេចជោគជ័យ ដើម្បីធានាដល់ការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ

 

ស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌអាណត្តិទី៤ កាន់តែខិតជិតមកដល់នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌនេះ គឺជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ សម្រាប់ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិយើង ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

តាមរយៈសារលិខិតនោះដែរ សម្តេចតេជោ បានគូសបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ដែលបានប្រកាសជូនបងប្អូនជនរួមជាតិរួចហើយ ឱ្យបានសម្រេចជោគជ័យទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិដើម្បីធានាដល់ការថែរក្សាសន្តិភាព និងស្ថិរភាព ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងកសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរី  ពហុបក្សដ៏រឹងមាំដែលផ្អែកលើច្បាប់ មានការគោរពសិទ្ធិមនុស្សយ៉ាងខ្ជាប់ខ្ជួន មានសេដ្ឋកិច្ចរីកចម្រើនលឿន ធ្វើឱ្យប្រជាជនកម្ពុជា គ្រប់ក្រុមគ្រួសារមានជីវភាពកាន់តែល្អប្រសើរឡើងឥតឈប់ឈរ និងរស់នៅយ៉ាងសុខដុមរនាក្នុងសង្គម។

នៅក្នុងសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តទី៤ បានឱ្យដឹងថាទៀតថា ទោះបីការបោះឆ្នោតនេះជាការបោះឆ្នោតអសកល ប៉ុន្តែជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថា សមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជន ដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។

នៅក្នុងសារលិខិតដដែលនោះដែរ បានគូសបង្ហាញពីការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈតាំងពីដំណាក់កាលសង្រ្គោះជាតិពីរបបប្រល័យពូជសាសន៍រហូតមកដល់ដំណាក់កាលសន្តិភាព និងការអភិវឌ្ឍបច្ចុប្បន្ននេះ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ តាមរយៈការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លារបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក្នុងការថែរក្សាសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន៕

អត្ថបទទាក់ទង