Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ តេជោសែន កោះធំ, ខេត្តកណ្តាល

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 767

CMF:

ឯកឧត្តមសមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ លោក លោកស្រី គណធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ តំណាងដៃគូអភិវឌ្ឍ
ក្រុមគ្រូពេទ្យ អ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋ និងជនរួមជាតិជាទីស្រលាញ់

ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអនេក ដោយបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ តេជោសែន កោះធំ នាឱកាសនេះ។ មន្ទីរពេទ្យ តេជោសែន កោះធំ គឺជាសមិទ្ធផលដ៏ថ្លៃថ្លាថ្មីមួយទៀតសម្រាប់ប្រជា-ពលរដ្ឋកម្ពុជា បន្ទាប់ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិ តេជោសន្តិភាព កាលពីខែ-តុលា ឆ្នាំ២០២៣ កន្លងទៅ។ មន្ទីរពេទ្យទាំងពីរនេះ ផ្តល់គុណតម្លៃជាប្រវត្តិសាស្រ្តសម្រាប់វិស័យសុខា- ភិបាលកម្ពុជា ដែលបានលេចចេញជារូបរាងឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា) ដែលជានិច្ចកាល ចាត់ទុកការវិនិយោគលើប្រព័ន្ធថែទាំសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ជាអាទិភាពចម្បងមួយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។

[ផ្តើមសេចក្តីអធិប្បាយ ១]

(១) គណបក្សប្រជាជនកម្ពុជានៅបំរើប្រជាជន និងកសាងសមិទ្ធផលតាមការសន្យា

សូមឆ្លៀតឱកាសនេះ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ផ្ញើជូនប្រជាពលរដ្ឋ អ៊ំ ពូ មីង បងប្អូន ក្មួយៗនៅស្រុកកោះធំ ខេត្តកណ្តាល ហើយក៏ពាំនាំនូវការថ្លែងអំណរគុណជូនចំពោះពូ មីង លោកតាលោកយាយ ដែលបានផ្តល់ការទុកចិត្ត ជឿលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុង ៤០ ឆ្នាំនេះ ជាពិសេសតាមរយៈការបោះឆ្នោតយ៉ាងច្រើនកុះករ ផ្តល់ឱកាសជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការដឹកនាំបន្ត បំរើប្រជាពលរដ្ឋ។ ការគាំទ្រនេះសំខាន់ណាស់។ អ៊ំ ពូ មីង បងប្អូន ផ្តល់នូវលទ្ធភាពដើម្បីដាក់ចេញនូវគោលនយោបាយ ដាក់ចេញនូវឱកាសនៅក្នុងការកសាងបន្ថែមនូវសមិទ្ធផលជូនលោកតាលោកយាយ។ អម្បាញ់មិញឃើញ(ការបង្ហាញពី) ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម ឈាង រ៉ា ធ្វើបទបង្ហាញ កាលពីថ្ងៃ ០៧ មករា ឆ្នាំ ២០២២ ជិត ២ ឆ្នាំជាងមុន។ ពេលនោះលោកតាលោកយាយ ឃើញនៅលើក្រដាសនូវរូបភាពអគារនេះ។ ប្រ​ហែលជាមានអ្នកខ្លះគិតថាទៅមិនរួចទេមើលទៅ ឬប្រហែលជាចង់មក(រកការគាំទ្រ)ស្អីជិតបោះឆ្នោត ព្រោះអគារនេះធំមែន។ ខ្ញុំមកដំបូងស្មានថាពេទ្យបង្អែកស្រុកធម្មតា។ គេថាពេទ្យធំ។ ខ្ញុំគិតថាធំល្មម។ តែមកដល់នេះធំមែនទែន។ អញ្ចឹងបានន័យថា ឲ្យតែផ្តល់ឱកាស គណបក្សប្រជាជនកម្ពុជានៅបំរើប្រជាជន និងធ្វើនូវសមិទ្ធផលនៅតាមកិច្ចសន្យាដោយមិនមានការភូតកុហក …។

(២) សមិទ្ធផលធំ ៣ គឺដឹកជញ្ជូនផ្លូវអាកាស ផ្លូវទឹក និងសុខាភិបាល ជូនចំពោះអ្នកខេត្តកណ្តាល

ក្នុង ២ថ្ងៃនេះ ខ្ញុំចុះទៅតាមទីកន្លែងដែលជាសមិទ្ធផលប្រវត្តិសាស្ត្រធំជាងគេ គិតមកដល់បច្ចុប្បន្ននៅក្នុងប្រ​ទេសកម្ពុជា។ ម្សិលមិញទៅមើលព្រលានយន្តហោះអន្តរជាតិតេជោសែនៅខេត្តកណ្តាលដែរ។ ខេត្តកណ្តាលដូចវាយដាច់ខាងធំៗជាងគេ។ ម្សិលមិញខាងតាកែវទាមទារថាជារបស់តាកែវដែរ ព្រោះដីប៉ុន្មានពាន់ហិកតានៃព្រ​លានយន្តហោះហ្នឹង មាន ១២៨ ហិកតាជារបស់តាកែវ។ អញ្ចឹងក៏របស់តាកែវដែរ។ នៅទីនេះ គឺជារបស់ខេត្តកណ្តាលដាច់តែម្តង។ តែប្រជាពលរដ្ឋដែលប្រើប្រាស់ពេទ្យនេះ អាចមកពីតាកែវទៀត ព្រោះធំណាស់។ អាចរៀប​ចំផ្តល់សេវាតំបន់។ សូមអបអរចំពោះសមិទ្ធផលដែលបាន(កើតឡើង) សំរាប់ប្រជាពលរដ្ឋនៅខេត្តកណ្តាល ក៏ដូចជាសមិទ្ធផលសម្រាប់បំរើនូវផលប្រយោជន៍ទូទាំងប្រទេស ជាពិសេសនៅទិសនិរតីនេះ។ ទៅមុខទៀត នឹងមានសមិទ្ធផលផ្លូវទឹកធំមួយទៀត ដែលយើងអាចធ្វើបាន គឺគម្រោងព្រែកជីកហ្វូណន ហើយមានការតភ្ជាប់កាត់ស្រុកកោះធំហ្នឹងតែម្តង។ ដូចនេះ ៣គំរោងហ្នឹង ទាំងវិស័យដឹកជញ្ជូនផ្លូវអាកាស ទាំងផ្លូវទឹក ទាំងវិស័យសុខាភិបាល (ជាសមិទ្ធផលដែលផ្តល់ផលចំពោះអ្នកខេត្តកណ្តាល)។

(៣) ខិតខំបង្កើតសមិទ្ធផលថ្មីកម្រិតប្រវត្តិសាស្ត្រជូនប្រជាពលរដ្ឋទូទាំងប្រទេស

នេះគឺជាសមិទ្ធផលដ៏ធំ។ ដរាបណាប្រជាពលរដ្ឋនៅតែគាំទ្រផ្តល់ឱកាសឲ្យគណបក្សប្រជាជនកម្ពុជានៅបំរើ ដាក់គោលនយោបាយបំរើប្រជាពលរដ្ឋ យើងនឹងខិតខំបង្កើននូវសមិទ្ធផលថ្មីៗ កម្រិតប្រវត្តិសាស្ត្រជូនប្រជាពល​រដ្ឋទូទាំងប្រទេសទៀត។ ប្រជាពលរដ្ឋត្រូវការទំនើបកម្ម ត្រូវការបច្ចេកវិទ្យា និងការដោះស្រាយឱ្យបានលឿន។ អញ្ចឹងយើងត្រូវដាក់ចេញនូវគោលនយោបាយ ដែលមិននៅតែលើក្រដាសនោះទេ ប៉ុន្តែត្រូវធ្វើយ៉ាងណាខិតខំឲ្យទៅជាសមិទ្ធផលលើដីជូនប្រជាពលរដ្ឋ។ ២ ឆ្នាំមុនប្រជាពលរដ្ឋមួយចំនួនអាចគិតថា អ្វីដែលឯកឧត្តម ស៊ុន ចាន់ថុល កាន់នៅដៃ ជារូបភាព ប្រហែលជាបានតែនៅលើក្រដាសហ្នឹង។ មិនដឹងកាលណាបានមកធ្វើទេ … ជួន​កាល​អាច ១០ ឆ្នាំ។ តាមពិត គឺមិនបាន ២ ឆ្នាំស្រួលបួលផង យើងធ្វើហើយ។ មិនធ្វើតែអាគារទេ មានបំពាក់(គ្រឿងឧបទេសក៍វេជ្ជសាស្ត្រ)នៅក្នុងអាគារអស់ជាង ៤ លានដុល្លារ។ អញ្ចឹង សមិទ្ធផលដ៏ធំនេះ ជាពេទ្យបង្អែកថ្នាក់ស្រុកធំជាងគេ។ ថ្ងៃក្រោយ នៅតំបន់ផ្សេងទៀតអាចពង្រីកដែរ។ តែមួយឆ្នាំទៅមួយឆ្នាំ ពីមួយដំណាក់កាលទៅមួយដំណាក់កាល ពង្រីកឲ្យកាន់តែធំ ប្រកួតគ្នាឲ្យកាន់តែធំ បំរើសេវាកាន់តែល្អជូនប្រជាពលរដ្ឋ នេះគឺជាអ្វីដែលជាកិច្ចការសំខាន់។

(៤) បង្កើនគុណភាពថែទាំសុភាព/សេវាសុខាភិបាលបម្រើប្រជាពលរដ្ឋ

វិមជ្ឈការការទទួលខុសត្រូវជាការងារសំខាន់ណាស់ ជាពិសេសវិស័យសុខាភិបាលត្រូវ(ធ្វើ)ឲ្យលឿនជូនប្រជាពលរដ្ឋ។ ក្នុងវិមជ្ឈការសេវាសាធារណៈ (បើជា)ឯកសារអាចចាំបាន តែ(បើជា)ជីវិតមនុស្ស មិនអាចចាំបានទេ។ កន្លងទៅ យើងបានប្រជុំដាក់ចេញគោលនយោបាយប្រកបដោយការទទួលខុសត្រូវ រុញ(សេវាសាធារណៈ)ទៅដល់មូលដ្ឋាន។ រាប់ឆ្នាំកន្លងទៅនេះ យើងបានបង្កើតរហូតទៅដល់ប៉ុស្តិសុខភាព មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក។ យើងបង្កើតបរិមាណបានច្រើន(ហើយ) ត្រូវ(គិតពីការ)បង្កើនគុណភាព (ក្នុងនោះ)គឺគុណភាពមនុស្ស … (បើជា)សំបុត្រ យឺត ២ថ្ងៃ មិនអីទេ។ តែបើ(ជាជំងឺ)ស្ទះឈាម ដាច់សរសៃ ត្រូវវះកាត់ មិនអាចចាំរាប់ម៉ោងបាន។ យើងធ្វើបានច្រើនដើម្បីជួយជីវិតប្រជាពលរដ្ឋ។ ពីមុន អាត្រាស្លាប់នៃម្តាយនិងទារកមានខ្ពស់ ដោយ​សារហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅមូលដ្ឋានមានការលំបាក។ ឥឡូវយើងតភ្ជាប់បានច្រើន។ ប៉ុន្តែ សេវាកម្រិតខ្ពស់ ការវះកាត់ធំ ដូចជាបេះដូងនៅប្រមូលផ្តុំនៅភ្នំពេញច្រើន។ ថ្ងៃក្រោយអាចពង្រីកវិមជ្ឈការ ជាជំហានដំបូង អាចរៀបចំនៅថ្នាក់តំបន់ ដើម្បីបង្កើនគុណភាពបំរើជូនប្រជាពលរដ្ឋ។

(៥) មន្ទីពេទ្យតេជោសែនកោះធំ នឹងឆ្លើយតបចំពោះកំណើនតម្រូវការសេវាថែទាំសុខភាព/សុខាភិបាល

ការពង្រីក និងកសាងសមិទ្ធផលថ្ងៃនេះ គឺនៅក្នុងគោលដៅ(ខាងលើ) ដែលទីតាំងភូមិសាស្ត្រមន្ទីរពេទ្យនេះ អាចផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់។ តាមរបាយការណ៍របស់ឯកឧត្តម ឈាង រ៉ា តែ ៦០ម៉ឺននាក់ នៅឆ្នាំ ២០២៤ តែនៅឆ្នាំ ២០២៥ ដល់ ២០២៧ ប្រហែលជាច្រើនជាងនេះ (អាចដល់)រាប់លាននាក់។ យើងហាមអ្នកកោះធំមិនឲ្យកើតកូនបន្ថែមមិនបានទេ។ យើងហាមអ្នកស្អាង អ្នកលើកដែក អ្នកព្រៃកប្បាសដែលមកទីនេះមិនអោយមានកូនបន្ថែមមិនបានទេ។ តាមពិត លើកទឹកចិត្តឲ្យកូនបានកាន់តែច្រើន។ សេវា(ថែទាំសុខភាព/សុខាភិបាល)ជូនប្រជាពលរដ្ឋកាន់តែកើន ទំហំតម្រូវការកាន់តែកើន។ ពិតណាស់ ការព្យាបាលជាដំណាក់កាលចុង​ក្រោយ តែយើងត្រូវខិតខំបង្ការ តាមរយៈការជួយពង្រឹងចំណូលនិងអាហារូបត្ថម្ភ។ យើងគិត​តាំងពីកុមារ ស្ដ្រីមានផ្ទៃពោះ … ប៉ុន្ដែបើចៀសមិនផុតពីឈឺ យើងមាន​ពេទ្យនៅនឹងកន្លែង។ ខ្ញុំមិនដឹងថានរណា​ ដែលមួយជីវិតមិនឈឺទេ … ខ្ញុំក៏មិននិយាយពីជំនាន់កូវីដ ១៩ ដែរ។ អញ្ចឹង តិចឬច្រើន(មានឈឺ)។ ក្នុងករណីដែលមានបញ្ហាខ្លាំង យើងអាច​សង្គ្រោះបាន។

(៦) អភិវឌ្ឍសមត្ថភាពផ្តល់សេវាថែទាំ/សុខាភិបាលនៃមន្ទីរពេទ្យបង្អែកថ្នាក់ស្រុក

ជួនកាលគ្រោះថ្នាក់ចរាចរណ៍ត្រូវការចូលទៅក្នុងកន្លែងសង្គ្រោះបន្ទាន់។ ដាក់ស្លាកថាសង្គ្រោះបន្ទាន់សរសេរបានដូចគ្នាទេ ប៉ុន្ដែការជួយសង្គ្រោះនិងប្រតិបត្ដិជាក់ស្ដែងត្រូវការពេទ្យជំនាញ ត្រូវការឧបករណ៍ … មិនចាំ​បាច់​(រហូត)ទៅដល់មណ្ឌលសុខភាព ឬប៉ុស្ដិ៍សុខភាព(អាច)វះកាត់ទេ តែពេទ្យបង្អែកស្រុក អាច(អភិវឌ្ឍសមត្ថភាព)ជាជំហាន ក្នុងកំរិតណាមួយ។ ការវះបេះដូង ខួរក្បាល យើងឈានទៅ(ធ្វើបាននៅកម្រិតពេទ្យ)ខេត្ត។ យើងមិនចាំបាច់(មានសមត្ថភាពនិងសម្ភារៈ)វះបេះដូងនៅតាមមណ្ឌលសុខភាពទេ ព្រោះ(នៅកម្រិតនោះ យើងមាន)ពេទ្យតែប៉ុន្មាននាក់។ សំខាន់ បើគាត់ឈឺខ្លាំង មិនចំាបាច់ធ្វើដំណើរទៅដល់ភ្នំពេញ។ អ្នកកោះធំទៅដល់ភ្នំពេញមិនឆ្ងាយទេ ប៉ុន្ដែបើនិយាយដល់អ្នកកំពង់ធំ អ្នកព្រះវិហារ ត្រូវដឹកទៅដល់ភ្នំពេញឆ្ងាយណាស់។ យើងត្រូវធ្វើជាជំហាន រុញពីថ្នាក់តំបន់ ព្រោះ(ដើម្បីមានសមត្ថភាពធ្វើកិច្ចការទាំងនេះ ចាំបាច់)នឹងត្រូវបំពាក់។ មិនមែនជារឿងគិតពីបរិមាណ​ទេ។ យើងគិតពីរឿងបំពាក់។ ជំនាន់កូវីដ-១៩ក៏អញ្ចឹង។ ពេលធ្ងន់ធ្ងរ យើងមិនអាចរៀបចំពេទ្យខេត្តទាំងអស់(បានទេ) ដោយសារ​ត្រូវការបំពាក់និងពេទ្យជំនាញច្រើន។ អញ្ចឹងយើងត្រូវរៀបចំ(ជា)ថ្នាក់តំបន់ ហើយ(នៅពេល)មានលទ្ធភាព ជាជំហានៗ ថ្ងៃក្រោយពេទ្យរៀបចំនៅថ្នាក់ខេត្ត​ទៀត។

(៧) ដើម្បីជួយជីវិតមនុស្សបាន ត្រូវបំពាក់គ្រឿងឧបករណ៍ មានហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាល

អញ្ចឹង ត្រូវហើយដែលយើងធ្វើវិមជ្ឈការសិទ្ធិនិងការទទួលខុសត្រូវ ប៉ុន្ដែក៏ត្រូវធ្វើវិម​ជ្ឈការសមត្ថភាព និងគ្រឿងបំពាក់​ជូន។ ការរៀបចំនៅទីនេះជាជំហានស្ថិតនៅក្នុងគោលការណ៍នៃការពង្រឹងវិស័យសុខាភិបាល។ ខ្ញុំថាពេទ្យធ្វើការ​ងារទេវតា (ប៉ុន្ដែ)មិនមែនជាទេវតាទេ។ ពេទ្យជួយសង្គ្រោះមនុស្សដែលឈឺ ដែល(ជួប)ហានិភ័យនៃការ​ស្លាប់ឲ្យជាបាន។ ទោះបីមិនបាន ១០០% ក៏ដោយ។ បើជាទេវតា ទើបជប់បានទាំងអស់។ ខ្ញុំថាពេទ្យមិនមែនជាទេវតា តែធ្វើការងារ​ទេវតា … ដើម្បីឲ្យពេទ្យធ្វើការងារទេវតាឲ្យបាន​ល្អប្រសើរ យើងត្រូវមានគ្រឿងបំពាក់ហេដ្ឋារចនាសម្ព័ន្ធ ថ្នាំ និងការបណ្ដុះបណ្ដាលឲ្យខ្លាំង។ អញ្ចឹងនេះជាកិច្ចការ​ ដែលខ្ញុំសូមធ្វើការកោតសរសើរនៅក្នុងវឌ្ឍនភាពដែលក្រសួងសុខាភិបាលបានខិតខំបំពេញ​ជាច្រើនឆ្នាំមកនេះ និងនៅក្នុងអាណត្ដិថ្មីនេះ ក៏នៅបន្ដបន្ថែមទៀត។

[បញ្ចប់សេចក្ដីអធិប្បាយ ១]

៣. សមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា ក្នុងអំឡុងពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ នឹងមិនអាចកើតមាននោះឡើយ ប្រសិន បើកម្ពុជាពុំមានសន្តិភាពពេញលេញ, ស្ថិរភាពនយោបាយ, និង សន្តិសុខសង្គម ។ កត្តាទាំងនេះ បានរុញច្រានឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ, ក្នុងនោះ ក៏មានវិស័យសុខាភិបាលមួយផងដែរ ដោយយើងអាចមើលឃើញ តាមរយៈការកើនឡើងនៃការទទួលបានសេវាថែទាំ សុខភាព, ការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម, និង ភាពប្រសើរឡើងនៃសុខភាព សាធារណៈរបស់កម្ពុជា ដែលបានធ្វើឱ្យស្ថានភាពសុខភាព និង សុខុមាលភាព និង គុណ-ភាពជីវភាពរបស់ប្រជាជនកម្ពុជាមានភាពប្រសើរឡើងជាលំដាប់ ។

៤. ភាពរឹងមាំនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ អាស្រ័យលើការអភិវឌ្ឍធនធានមនុស្សប្រកប-ដោយគុណវុឌ្ឍិ ហើយការអភិវឌ្ឍធនធានមនុស្ស គឺ អាស្រ័យលើសុខភាពល្អរបស់ប្រជាជន ដែលជំរុញដោយការផ្តល់សេវាសុខភាពល្អ, ពេញលេញ, គ្រប់គ្រាន់ និង ប្រកបដោយប្រសិទ្ធភាព ។ ជារៀងរាល់ឆ្នាំ, រាជរដ្ឋាភិបាលបានបង្កើនថវិការដ្ឋ សម្រាប់វិស័យសង្គមកិច្ច ជាពិសេស វិស័យ សុខាភិបាលសំដៅ ជំរុញជាប្រចាំនូវការលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព និង ការព្យាបាលសុខភាពឱ្យកាន់តែល្អប្រសើរឡើង ។ លើសពីនេះ, រាជរដ្ឋាភិបាលទទួលស្គាល់ថា កំណើននៃលទ្ធភាព និង ឱកាសទទួលបាននូវសេវាសុខភាពប្រកបដោយសមធម៌ គឺជាកត្តា ដ៏មានសារៈសំខាន់មួយ ក្នុងការលើកស្ទួយកម្រិតជីវភាពប្រជាជននៅទូទាំងប្រទេស ឱ្យឆ្លងផុតពីគំនាបនៃភាពក្រីក្រ និង មានសុខុមាលភាពល្អ ស្របតាមគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

៥. ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងការកៀរគរប្រភពថវិកា និង ការសម្របសម្រួលសម្រាប់ដំណើរការសាងសង់ និង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងការជួយជ្រោមជ្រែងសម្រាប់លក្ខណៈបច្ចេកទេស ដើម្បីធ្វើឱ្យមន្ទីរពេទ្យ តេជោសែន កោះធំ នេះ លេចចេញជារូបរាងឡើងនៅពេលនេះ ។ ទន្ទឹមនឹងនេះ, ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះមន្រ្តីរាជការ, គ្រូពេទ្យ, បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់, ជាពិសេស បងប្អូនដែលបាន និង កំពុងបម្រើការងារផ្តល់សេវា សុខាភិបាលជូនប្រជាពលរដ្ឋនៅតាមមន្ទីរពេទ្យបង្អែកស្រុក, មណ្ឌលសុខភាព, និង ប៉ុស្តិ៍ សុខភាពតាមតំបន់ជនបទ ដោយហេតុថា បើទោះបីជាយើងមានហេដ្ឋារចនាសម្ព័ន្ធសំណង់សុខាភិបាលទំនើបយ៉ាងណាក៏ដោយ ប្រសិនបើគ្មានបងប្អូនជាមន្ត្រីរាជការ, គ្រូពេទ្យ, បុគ្គលិក សុខាភិបាល ទេនោះ យើងក៏ពុំអាចផ្ដល់សេវាសុខាភិបាលជូនប្រជាជនយើងបានដែរ ។ ស្របជាមួយគ្នានេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍ជាតិ-អន្ដរជាតិ និង អង្គការមិនមែនរដ្ឋាភិបាល ដែលបាន និង កំពុងរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពនៃវិស័យសុខាភិបាលកម្ពុជា ជាពិសេស ការខិតខំប្រឹងប្រែងរួមគ្នាកន្លងមក ក្នុងការបង្ការ និង ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ។

[ផ្ដើមសេចក្ដីអធិប្បាយ ២]

(៨) មន្ទីរពេទ្យតេជោសែនកោះធំ បង្ហាញពីស្មារតីរួមគ្នា គ្រប់យន្តការ កសាងសមិទ្ធផលជូនប្រជាពលរដ្ឋ

សូមអរគុណដល់សប្បុរសជនដែលបានចូលរួមបរិច្ចាគធនធានក្នុងការកសាងជាសមិទ្ធផល​ ដែលបំរើដល់ប្រជាពលរដ្ឋដ៏សំខាន់នេះ។ សូមអរគុណដល់ក្រុមការងារថ្នាក់ជាតិ/រាជរដ្ឋាភិបាលចុះជួយ (នៅ)ស្រុកកោះធំ ខេត្តកណ្ដាល ក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តកណ្ដាលស្រុកកោះធំ ដែលមានឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅទីនេះ ក៏បានចូលរួមជាស្មារតីរួមគ្នា។ យើងធ្វើបុណ្យ យើងកសាងនូវសមិទ្ធផលដែលផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជាក់ស្ដែងបង្ហាញនូវស្មារតីរួមគ្នា គ្រប់ស្រទាប់វណ្ណៈ គ្រប់យន្ដការដើម្បីចូលរួមក្នុងការកសាងសមិទ្ធផលដល់ប្រជាពលរដ្ឋនៅទីនេះនិងក្នុងតំបន់។

[បញ្ចប់សេចក្ដីអធិប្បាយ ២}

៧. រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់បញ្ចកោណទី១ គឺជាការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និង កំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្ន និង ភាពធន់ ។ មូលធនមនុស្ស មានសុខភាពល្អ និង គុណភាពខ្ពស់ គឺជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និង ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំងប្រាំ ដែលរាជរដ្ឋាភិបាលផ្តោតលើ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអត្រាឈឺ និង ស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និង ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា។

[ផ្ដើមសេចក្ដីអធិប្បាយ ៣]

(៩) និយាយពីប្រទេសជាតិគឺមនុស្សជាគោល ដោយសុខភាពនិងសមត្ថភាព ជាគន្លឹះការពារនិងពង្រឹងជាតិ

ប្រសិនបើយើងនិយាយពីប្រទេសជាតិ​ គឺយើងនិយាយពីមនុស្ស។ ពិតមែនថា ប្រទេសជាតិមានទឹកដី វប្បធម៌អីៗ ប៉ុន្ដែត្រូវមានមនុស្សជាគោល។​ មនុស្សជាអ្នកដែលថែរក្សាទឹកដី។ មនុស្សជាអ្នកការពារនិងអភិវឌ្ឍទឹកដី។មនុស្សជាអ្នកបង្កើតនូវវ​ប្បធម៌ មនុស្សជាអ្នកថែរក្សា​នូវប្រពៃណី។ ប្រសិនបើអត់មនុស្សទេ គឺដីទទេហ្នឹងឯង។ អញ្ចឹង មនុស្សជាកត្ដាធំណាស់ដែលធ្វើឲ្យប្រទេសមានការរីកចំរើនទៅមុខ និងកសាងថែរក្សាប្រទេសជាតិ​របស់យើង។ ប្រសិនបើយើងនិយាយពីមនុស្សយើងនិយាយពីកត្ដាពីរធំ ដែលហៅថាកត្ដាមូលធនមនុស្ស នោះគឺសុខភាពនិងសមត្ថភាព។ បើយើងនិយាយពីសុខភាព និងសមត្ថភាព យើងត្រូវនិយាយពីការអប់រំ និងសុខាភិបាល។ ហ្នឹងជាកត្ដាមួយសំខាន់។ អប់រំនិងសុខាភិបាលជាគន្លឹះសំរាប់ការពារនិងពង្រឹងជាតិមួយ ព្រោះជាកត្ដាដែលអាចធ្វើឲ្យប្រជាពលរដ្ឋ/មនុស្សរបស់យើង ការពារទឹកដី បង្កើតសមិទ្ធផលផ្សេងៗ ការថែទាំនូវវប្បធម៌ សាសនា និងអ្វីៗទាំងអស់ ដែលបញ្ជាក់ថាជារបស់ជាតិ(សាសន៍)មួយ។

(១០) គ្រូពេទ្យត្រូវការបណ្ដុះបណ្ដាល បំពាក់សម្ភារៈ សិទ្ធិនិងការគាំទ្រក្នុងការបំពេញភារកិច្ច

ការកសាងសុខភាពនេះ យើងនិយាយពីសុខាភិបាល។ បើនិយាយពីសុខាភិបាល យើងត្រូវនិយាយពីការកសាងសមត្ថភាព ជាពិសេសផ្ដោតទៅលើការផ្ដល់សេវា។ អញ្ចឹង ចេះតែទាញទៅ ឈានទៅដល់អី្វដែលសំខាន់គឺធន​ធានមនុស្សដដែល។ មនុស្សដែលមានជំនាញ គឺពេទ្យរបស់យើងត្រូវការបណ្ដុះបណ្ដាល។ ពេទ្យរបស់យើងត្រូវការបំពាក់សម្ភារៈ។ ពេទ្យរបស់យើងត្រូវការផ្ដល់សិទ្ធិនិងការគាំទ្រដើម្បីបំពេញភារកិច្ច។ ពេទ្យវះកាត់ម្នាក់មិនអាចវះអីមួយ រវល់តែទូរស័ព្ទទៅសួរប្រធានមន្ទីរពេទ្យនោះទេ។ កំពុងវះបេះដូង បើរវល់តែទៅសួរប្រធានពេទ្យ (វាខូចការ)បាត់ទៅហើយ។ ពេទ្យត្រូវមានជំនាញ និងច្បាស់លាស់នៅក្នុងការសម្រេចចិត្ត។ ជីវិតមនុស្សមិនអាច(ចាំ)ឆ្លង(អ្នកនេះ/នោះសិន)ទេ។ (បើ)ការងាររដ្ឋបាល ត្រូវឆ្លង។ ក្នុងកងទ័ព បើបទបញ្ជាថាកុំឲ្យចល័តទ័ពទៅ បើមុននឹងរំកិលទៅ ត្រូវសុំគោលការណ៍ បង្កាក្រែងលោគេប្លោងដាក់មក។ សម្រាប់វេជ្ជបណ្ឌិតដែលកំពុងតែវះកាត់ ត្រូវមានសិទ្ធិ។ អញ្ចឹងត្រូវការជំនាញច្បាស់លាស់។ នៅអាមេរិក ខ្ញុំចាំ ឡានសឺរ៉ែនមានតែប៉ុន្មានស្ថាប័នទេ។ មួយគឺប៉ូលីស ក្រៅពីហ្នឹងគឺមានដុកទ័រខាងវះកាត់។ គេឲ្យអាទិភាពណាស់។ គេឲ្យសឺរ៉ែនគាត់ដូចជាពណ៌បៃតង បើតាមខ្ញុំចាំ។ គាត់ស៊ីវិលទេ តែបើគាត់ដាក់សឺរ៉ែនហ្នឹងលើឡានគាត់ហើយ គាត់បើកលឿនម៉េច ក៏ប៉ូលីសមិនអាចផាកគាត់ ហើយត្រូវបើកផ្លូវឲ្យគាត់ទៀត។ នៅស្រុកយើង Ambulance មានសិទ្ធិ ដោយសារជីវិត និងសិទ្ធិនៅក្នុងការទទួលខុសត្រូវ។ សូម្បីអ្នកបើក Ambulance ក៏ត្រូវមានសិទ្ធិក្នុងការដឹកជញ្ជូនអ្នកជំងឺមកឲ្យទាន់ពេល។

(១១) ទិសដៅ៣ នៃវិធានការគន្លឹះក្នុងការពង្រឹងវិស័យសុខាភិបាល

និយាយពីការកសាង(មន្ទីរពេទ្យនៅទី)នេះ គឺយើងត្រូវមានហេដ្ឋារចនាសម្ព័ន្ធនិងមនុស្ស។ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចថ្ងៃនេះ យើងត្រូវមានការកសាងមន្ទីរពេទ្យថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ការជំរុញវិមជ្ឈការ និងសិទ្ធិ និងការបណ្ដុះបណ្ដាល ការចូលរួមរបស់វិស័យឯកជននៅក្នុងការផ្ដល់សេវាសុខភាព។ នៅក្នុងគោលនយោ​បាយអាទិភាព វិធានការគន្លឹះស្តីពីការពង្រឹងវិស័យសុខាភិបាល យើងមានទិសដៅ ៣ … ទី១ ពង្រឹងមូលដ្ឋានគ្រឹះគឺមន្ទីរពេទ្យបង្អែកស្រុកនិងមណ្ឌលសុខភាព។ ទី២ ពង្រឹង/បង្កើនសមត្ថភាពពេទ្យគ្រប់ថ្នាក់ ជាពិសេស ផ្ដោតទៅលើពេទ្យខេត្ត … ទី៣ បង្កើនភាពជាដៃគូជាមួយវិស័យឯកជននិងរដ្ឋក្នុងវិស័យនេះ ព្រោះពេទ្យរដ្ឋមិនអាចទទួលបានទាំងអស់ទេ។ យើងត្រូវផ្ដល់សិទ្ធិនៅក្នុងការចូលរួម។ ខ្ញុំចាំ កាលពីយើងចេញ ប.ស.ស ដំបូង យើងបានតម្រូវ​ឲ្យទៅពេទ្យរដ្ឋ ត្បិតយើងមិនទាន់មានដៃគូជាវិស័យ​ឯកជនច្រើនទេ។ ប្រជាពលរដ្ឋកាន់បណ្ណ ប.ស.ស ទៅពេទ្យ ជួនកាលពិបាក ចាំយូរ ដោយសារពេទ្យរដ្ឋយើងមានចំនួនតិច ហើយព្យាបាលអ្នកផ្សេងផង។

អញ្ចឹងបានជាយើងធ្វើវិមជ្ឈការ។ សូម្បីតែជំនាន់កូវីដ-១៩ហ្នឹង យើងធ្វើមណ្ឌលចត្តាឡីស័ក ពេទ្យព្យាបាល ក្រោយមកក៏យើងបើកឲ្យវិស័យឯកជន ពេទ្យឯកជន ដើម្បីទទួលព្យាបាលនិងចត្តាឡីស័កផងដែរ។ អញ្ចឹង ការពង្រឹងក្រម/ទិសដៅ ៣នេះសំខាន់ណាស់។ វាជាកម្លាំងសរុបរបស់យើង។ ប៉ុន្តែ​យើងត្រូវកំណត់ស្តង់ដារគុណភាពឲ្យបានច្បាស់ … ម្ដងម្កាលយើងតែងតែឃើញមានបញ្ហាចន្លោះប្រហោងខ្លះ។ កន្លែងហ្នឹង យើងធ្លាប់មាននៅអាមេរិកអីដែរ ដូចជាវះហើយបិទវិញ នៅសល់(ភ្លេច)កន្រ្តៃ ជួនកាលកាត់ច្រឡំ … ត្រូវការគុណភាព ត្រូវការបណ្ដុះបណ្ដាលច្បាស់លាស់។ អញ្ចឹងហើយបានជាទាំងការបណ្ដុះបណ្ដាល ទាំងការអប់រំនៅក្នុងវិស័យសុខាភិបាល សាកលវិទ្យាល័យឯកជន និងរដ្ឋត្រូវតែធានាគុណភាព … បើធ្វើផ្លូវអត់គ្រប់គុណភាព អាចនឹងមានគ្រលុកបន្តិច គេ(នៅអាច)ជិះ(បាន) ប៉ុន្តែពេទ្យជំនាញទេវតា តែដាក់​មុនក្រោយឬមិនច្បាស់ អាចជំងឺតូចទៅជាធំ អាចសង្រ្គោះបាន ទៅជាស្លាប់។

(១២) ការពង្រឹងវិស័យសុខាភិបាលទាមទារការពង្រឹងគុណភាពមន្ទីរពេទ្យគ្រប់ថ្នាក់

យើងស្វាគមន៍ការចូលរួមទាំងពេទ្យរដ្ឋនិងឯកជន ដើម្បីរួមគ្នាធ្វើការងារនេះ ដើម្បីបម្រើប្រជាពលរដ្ឋ។ រដ្ឋយើងមិនត្រឹមតែត្រូវធ្វើនិយ័តកម្មទេ តែគាំទ្រការបណ្ដុះបណ្ដាលអោយមានស្តង់ដារ។ បើយើងយកជាដៃគូ យើងប្រ​គល់សិទ្ធិ ការទទួលខុសត្រូវ រួមគ្នាដើម្បីគិត រួមគ្នាដើម្បីធ្វើ។ យើងចង់បានភាពជាដៃគូរវាងឯកជននិងរដ្ឋ គិតពីស្តង់​ដាររួម ដើម្បីផលរួមជូនប្រជាពលរដ្ឋរបស់យើង។ យើងទៅពេទ្យ យើងទុកចិត្តនិងផ្ដល់ការទុកចិត្តហើយ បានយើងទៅពេទ្យ … បងប្អូននៅក្នុងអាជីពទេវតានេះ គឺមានទឹកចិត្តជួយសង្រ្គោះ និងជួយផ្ដល់សេវាល្អឲ្យប្រជាពល​រដ្ឋ។ អញ្ចឹង ការពង្រឹងវិស័យសុខាភិបាលទាមទារពង្រឹងមន្ទីរពេទ្យ ពង្រឹងគុណភាពពេទ្យរបស់យើងគ្រប់ថ្នាក់ទាំងអស់ តាំងពីថ្នាក់ប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព មុនគេ ជាពិសេស ស្របជាមួយការដាក់ចេញនូវគោលនយោបាយនៅក្នុងការពង្រីកការគ្របដណ្ដប់សេវាសុខាភិបាល បន្តិចទៀតឲ្យទៅជាសេវាគ្របដណ្ដប់ជាសកល​… យើងដាក់ចេញនូវគោលនយោបាយអាទិភាពទី១ ក្នុងចំណោមគោលនយោបាយអាទិភាព៦ គឺពង្រីកសេវាគ្របដណ្ដប់សុខាភិបាល មូលនិធិសមធម៌ និង ប.ស.ស។

(១៣) បង្កើតសំណាញ់សុវត្ថិភាពតាមរូបមន្តស្ម័គ្រចិត្តនិងបដិភាគតិច

ឥឡូវយើងពង្រីករូបមន្តថ្មីក្នុងការគ្របដណ្ដប់សេវាសុខាភិបាលនេះ រួមមានការស្ម័គ្រចិត្តបង់ ១៥ ៦០០រៀល ឬ៥០០រៀល/ថ្ងៃ។ បើយើងនិយាយ ដូចជា insurance ឬ social security សម្រាប់គាត់ទៅព្យាបាលជំងឺ។ យើងពង្រីកសេវាដើម្បីអោយប្រជាពលរដ្ឋយើងឲ្យមានលទ្ធភាព(ទទួល)បាន(នូវការព្យាបាល)។ កន្លងទៅ មន្រ្តីរាជការយើងមាន ប.ស.ស កម្មករ/ការិនី(ក៏មាន) ប្រជាពលរដ្ឋក្រីក្រ(ក៏មាន) មែនទែនគឺយើងមានមូលនិធិសមធម៌ ដែលរដ្ឋចេញថវិកាជូនទាំងអស់។ ឥឡូវយើងចង់ពង្រីកឲ្យបានច្រើន ដើម្បីប្រជាពលរដ្ឋមានសមត្ថភាព កុំព្រួយបារម្ភខ្លាចតម្លៃនៃការព្យាបាលជំងឺឡើងខ្ពស់ខ្លាំង ពិបាកខ្លាំងដល់ខ្លួន និងគ្រួសារខ្លួនជាពិសេស ប្រជាពលរដ្ឋដែលមានជីវភាពកណ្ដាល និងជីវភាពទាប។ យើងបង្កើតសំណាញ់សុវត្ថិភាពនេះ តាមរូបមន្តស្ម័គ្រចិត្តនិងបដិភាគ។ តែបដិភាគយើងតិចណាស់។ ខ្ញុំសួរអ្នកអូស្រ្តាលី អ្នកស្រុកអាមេរិក ទិញ insurance មួយឲ្យកូន យ៉ាងហោចណាស់ ៧០០-៨០០ដុល្លារ។ យើងតែ ៥០០រៀល/ថ្ងៃទេ បងប្អូនអាចទៅទទួលសេវាដូច ប.ស.ស ផ្សេងៗ ខាងពិគ្រោះ អាចស្នាក់នៅពេទ្យមិនឲ្យលើសពី ៦ខែ … ជាមធ្យម ដូចជា ១ខែ តែភាគច្រើនគឺបងប្អូនទៅពិគ្រោះម្ដងម្កាល។

(១៤) ពង្រីកសេវាថែទាំសុខភាពជូនដល់ជនស្វ័យនិយោជន៍

យើងចង់ពង្រីកសេវាថែទាំសុខភាពនេះ ជូនដល់(អ្នក)ស្វ័យនិយោជន៍ ឬបងប្អូនដែលធ្វើអាជីវកម្មខ្លួនឯង ដែលពួកគាត់ក៏អាចទិញ(សេវាថែទាំសុខភាពនេះដែរ)។ ជាង ១០ម៉ឺននាក់បានទិញសេវានេះ។ កាលពីប្រកាសប៉ុន្មានខែមុនតែ ៧ម៉ឺននាក់ទេ។ សាកល្បងចុះឈ្មោះ។ ពេលយើងចាប់ផ្ដើមផ្សព្វផ្សាយ ឥឡូវជាង ១០ម៉ឺននាក់ចុះ។ បន្តិចទៀតបន្តរីកថែមទៀត។ គោលដៅយើងគ្របដណ្តប់ទាំងអស់ ៩លាននាក់ក្នុងកម្មវិធីនេះ។ ៩លាននាក់ លើ ១៧ ១៨លាននាក់ ឬជាង ៥០%។ ប្រជាពលរដ្ឋផ្សេងៗទៀត មានលទ្ធភាពខ្ពស់ មិនយក ប.ស.ស ទេ។ គាត់ទិញ Insurance ឬព្យាបាលអីផ្សេងៗ របស់គាត់។ នេះគឺសម្រាប់ប្រជាពលរដ្ឋមន្ត្រីរាជការយើងធម្មតា។ ដោយយើងបង្កើតគោលដៅពង្រីកសំណាញ់សុខភាព ពង្រឹងផលិតផលត្រូវការគុណភាព ទើបបានជាគោលនយោបាយវិធានគន្លឹះរបស់យើងគឺពង្រឹង(សេវាសុខាភិបាលនៅ)មូលដ្ឋាន។ ពេទ្យថ្នាក់ជាតិនៅរាជធានីភ្នំពេញ មានវិស័យឯកជន មានអីបានរីកចម្រើនហើយ។

(១៥) មណ្ឌលសុខភាពជាង ១.២០០ ផ្តល់សេវា ២៤ម៉ោងនិង៧ថ្ងៃ/១អាទិត្យ

យើងពង្រឹង(សេវាសុខាភិបាលនៅ)មូលដ្ឋាន ព្រោះដូចជាអ្នកកោះធំអញ្ចឹង ឈឺធម្មតាមិនទៅភ្នំពេញទេ ទាល់តែធ្ងន់ដែលថាពេទ្យនៅទីនេះមិនអាចទទួលបាន។ អញ្ចឹងវិមជ្ឈការមកទីនេះ។ ជួន​កាលអ្នកលើកដែក ឈឺល្មមៗអត់មកទីនេះទេ គាត់នៅមណ្ឌលសុខភាព។ អញ្ចឹងដែលថាពង្រឹងមូលដ្ឋាន ហើយយើងចាប់យកពេទ្យបង្អែកស្រុក និងមជ្ឈមណ្ឌលគឺក្នុងន័យរុញសេវាគ្របដណ្តប់សុខាភិបាលជូនហើយ តែត្រូវធ្វើឱ្យកន្លែងហ្នឹងជាកន្លែងដែលប្រជាជនចង់បាន។ ក្នុងគោលនយោបាយ ឯកឧត្តម ឈាង រ៉ា បានដាក់ចេញគោលយើងជំរុញឱ្យមណ្ឌលសុខភាពជាង ១.២០០(កន្លែង) ក្លាយជាមណ្ឌល(ផ្តល់សេវា) ២៤ម៉ោងលើ ២៤ម៉ោង ៧ថ្ងៃ/១អាទិត្យ …។

(១៦) ក្រសួងសុខាភិបាលត្រូវធានាថាមណ្ឌលសុខភាពមានថ្នាំល្អ សម្ភារៈគ្រប់គ្រាន់ មានគុណភាព

ថ្ងៃមុនខ្ញុំបានឱ្យគោលការណ៍ទៅក្រសួងសុខាភិបាលថា ត្រូវធានាមណ្ឌលសុខភាព​មានថ្នាំល្អ មិនហួសដឺឡេ ហើយមានសម្ភារៈពេទ្យល្អ និងមានគុណភាព។ ប្រជាពលរដ្ឋនៅតាមភូមិតាមឃុំ ទោះបីអ្នកនៅភ្នំពេញក៏នៅក្នុងភូមិដែរ … អញ្ចឹងចូលខណ្ឌ នៅតាមភូមិចូលឃុំចូលស្រុក … យើងនៅសល់ប៉ុន្មានរយឃុំទៀតមិនទាន់មាន។ យើងពិនិត្យលទ្ធភាពក្នុងការកសាងជាជំហានៗ ប៉ុន្តែកុំភ្លេចដំណាក់កាលនេះគឺត្រូវយកចិត្តទុកដាក់ទៅលើការពង្រឹងឲ្យច្រើនជាងពង្រីក។ ពង្រីកតែកន្លែងដែលចាំបាច់ យកថវិកាទៅពង្រឹងអ្វីដែលស្រាប់ រើសមន្ត្រីបន្ថែម រើសពេទ្យបន្ថែម បំប៉នសមត្ថភាព បំប៉នលើកទឹកចិត្ត ទិញថ្នាំឱ្យត្រូវ។ ឥឡូវកំពុងដាក់ថវិកាបន្ថែមដើម្បីរកទិញថ្នាំដែលប្រជាពលរដ្ឋត្រូវការ មានជាថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម … ឥឡូវយើងអាចផ្តល់ជូនដូចជា ៥ថ្ងៃ ឬ ១អាទិត្យ។ ថ្ងៃក្រោយបង្កើនថវិកាដើម្បីអាចធានាផ្តល់ជូនបានច្រើនជាងហ្នឹង។ ថ្នាំហ្នឹងត្រូវការជាប់រហូត។

(១៧) គ្រប់ស្ថាប័នអនុវត្តគោលការណ៍ពង្រឹង ៦០% ពង្រីក ៤០%

អញ្ចឹងកុំឱ្យប្រជាពលរដ្ឋ(ចាំ) … បើគាត់នៅតំបន់ឆ្ងាយទៀត។ នៅខេត្តកណ្តាលមិនសូវប៉ុន្មាន បើនៅរតនគិរី ជិះកន្លែងខ្លះ ២០០គីឡូ មកយកនៅពេទ្យខេត្ត កន្លែងខ្លះ ៥០គីឡូ។ បងប្អូននៅទីនោះផ្លូវក៏លំបាក … យើងពង្រឹងអ្វីឱ្យចំតែម្តង។ សំខាន់ថ្នាំ និងសម្ភារៈឱ្យបានល្អជូនបងប្អូន។ ប្រជាពលរដ្ឋយើងអត់អាចចោលអ្នកណាម្នាក់បានទេ។ គ្រប់គ្នាជាកម្លាំងរបស់ជាតិ។ យើងមិនអាចគិតថា ទាល់តែអ្នកកោះធំ អ្នកភ្នំពេញ ទើបយកចិត្តទុកដាក់ អ្នកផ្សេងៗអត់គិតនោះទេ។ ដែលត្រូវគិតជាងគេគឺអ្នកនៅចុងកាត់មាត់ញក ព្រោះជាកម្លាំងធំរបស់យើង។ បើយើងត្រូវរុញការអភិវឌ្ឍ រុញការវិនិយោគ រុញការងារទៅនោះ តើរុញទៅធ្វើអី បើសិនជាមនុស្សឈឺ មនុស្សអត់ចេះអក្សរ តើចាប់យកអីបាន … នេះជាដំណាក់កាលនៃការពង្រឹង។ ខ្ញុំដាក់ទិសដៅពង្រឹង៦០% ពង្រីក៤០% នៅគ្រប់ស្ថាប័នរដ្ឋទាំងអស់ មិនថាតែវិស័យសុខាភិបាលនិងអប់រំនោះទេ។

(១៨) រៀបចំក្របខណ្ឌប្រភេទថ្មីបើកច្រកទទួលអ្នកជំនាញដែលមិនមានក្របខណ្ឌរដ្ឋអោយជួយការងារ

នៅតាមមណ្ឌលសុខភាព/មន្ទីរពេទ្យ យើងមាន ទី១ អ្នកដឹកនាំ ទី២ មន្ត្រីពេទ្យ។ យើងកំពុងតែរៀបចំនូវក្របខណ្ឌប្រភេទថ្មីមួយដើម្បីអាចបើកច្រកឱ្យបងប្អូនអ្នកជំនាញ នៅតាមមូលដ្ឋានដែលមិនមានក្របខណ្ឌរដ្ឋ អាចចូលបំពេញការងារក្នុងរូបភាពណាមួយ ជួយបំពេញមុខជំនាញដែលខ្វះ។ នៅក្នុងលក្ខន្តិកមន្ត្រីរាជការស៊ីវិល ជួនកាលដល់អាយុចូលនិវត្តន៍ យើងមានអ្នកចូលក្របខណ្ឌមិនទាន់ ក៏នៅក្រៅ។ ឱ្យគាត់ចូលៗ យ៉ាងម៉េច? យើងអត់មានទាន់ច្រក។ យើងគិតពីកិច្ចសន្យា ប៉ុន្តែកិច្ចសន្យាបច្ចេកទេសនេះគឺទាំងការផ្តល់បៀវត្សរ៍ ទាំងការគិតគូរអីពេលដែលគាត់ធ្វើការឱ្យដូចគ្នាជាមួយមន្ត្រីធម្មតា។ កុំឱ្យខុសគ្នា។ យើងកំពុងឱ្យគិតពីអតីតភាពចល័ត រូបមន្តចល័តនៃអតីតភាពការងារ។ បានន័យថាគាត់ធ្វើការនៅរដ្ឋក៏ដោយឯកជនក៏ដោយ … បូកអតីតភាពជូនគាត់ ដើម្បីថ្ងៃក្រោយ ពេលចូលនិវត្តន៍ គាត់មាន(អតីតភាពទាំងអស់រួមគ្នា)។ ឥឡូវយើងត្រូវគិតប្រាក់ចូលនិវត្តន៍ទៀត។ មន្ត្រីរាជការមានហើយ បុគ្គលិកនៅតាមក្រុមហ៊ុនផ្សេងៗមានហើយ តែនៅមានច្រើនទៀតមិនទាន់មាន។ យើងមិនថាទាល់តែចូលក្នុងយន្តការហ្នឹងទាំងអស់ទេ។ យើងលើកពីយន្តការបត់បែនឯទៀត ដែលប្រជាពលរដ្ឋស្វ័យនិយោជន៍/ក្រៅប្រព័ន្ធទទួលបាន ហើយអាចមានភាពបត់បែន។ អញ្ចឹងយើងចំណេញ។ ជួនកាលមន្ត្រីរាជការខ្លះចង់ធ្វើការ។ ដល់អាយុចូលនិវត្តន៍គាត់អាចជាមន្ត្រីកិច្ចសន្យាបច្ចេកទេស ហើយមានតួនាទីនៅក្នុងហ្នឹងតែម្តង។

បើសិនយើងអត់មានវិធីនេះទេ មានតែដោះស្រាយតាមការផ្តល់តួនាទីជាទីប្រឹក្សាក្របខណ្ឌនយោបាយ ឬមួយជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ។ (ធ្វើដូចនេះ) ទី១ យើងមិនអាចឱ្យមានចំនួនច្រើន ទី២ (ធ្វើការ)មិនពេញដៃពេញជើងទេ ព្រោះនៅក្រៅប្រអប់។ បើចង់ឱ្យនាយកដ្ឋាន ឬមួយពេទ្យបង្អែកស្រុក​ មានវេជ្ជបណ្ឌិតនៅកម្លាំងពេញ ចូលនិវត្តន៍ពីភ្នំពេញ គាត់មកនៅនេះ គាត់ជំនាញដែលពេទ្យកំពុងតែខ្វះ។ បើសិនជាអាចឱ្យគាត់ចូលមកបានជាការល្អ ជាជាងចាំពេទ្យនៅភ្នំពេញទម្លាក់វេជ្ជបណ្ឌិតដែលមិនទាន់ចូលនិវត្តន៍ជំនាញហ្នឹង។ គ្រូបង្រៀនក៏ដូចគ្នា សាស្ត្រាចារ្យខ្លះដែលគាត់មានជំនាញគាត់ចូលនៅជាមួយនៅក្នុងការស្រាវជ្រាវអីផ្សេងៗ យើងរៀបចំប្រអប់នេះតែម្តង។ មិនមែនតែអ្នកចូលនិវត្តន៍ទេ អ្នកដែលកំពុងពេញវ័យក៏ដូចគ្នាដែរ។

បងប្អូនខ្លះចេញមកពីធ្វើការ ចេញមកពីរៀន​ហួសអាយុ។ ដំបូងគាត់ទៅវិស័យឯកជន ក្រោយមកគាត់ចង់ចូលមកជួយរដ្ឋ។ ឧទាហរណ៍ ខាងវិស្វករ ឬមួយអី? ជួនកាលគាត់ចូលបន្តិច គាត់ចេញទៅវិញដើម្បីផ្លាស់ប្តូរបទពិសោធន៍ … មួយទៀត ធានាបុគ្គលិកនៅមូលដ្ឋាន។ (បើនឹង)រុញអគារៗ អត់មានជើងដើរទេ ប៉ុន្តែបើរុញមនុស្សៗ ត្រូវការចល័ត ព្រោះតម្រូវការការងារ និងតម្រូវការជីវភាពគ្រួសារ។ បើយើងបើកច្រកនេះ បានន័យថា បើទៅគឺទៅមួយជីវិត។ អញ្ចឹង តាំងពីចេញពីរៀនពេទ្យ ប្រឡងយកក្របខណ្ឌ មកនេះប្រហែលជាមកទាល់តែចូលនិ​វត្តន៍ហើយមើលទៅ។ អញ្ចឹងគាត់មានភាពបត់បែន … ពេទ្យនៅកន្លែងនេះ ឬមួយនៅកន្លែងដាច់ស្រយាលណា បន់ឱ្យតែមានអ្នកមកនៅ … យើងយករូបមន្តនេះ យើងអាចដោះស្រាយបញ្ហាបាន។ ការបញ្ជូន ការកសាង និងការធានាមនុស្ស មានឧបករណ៍ទំនើប តែអត់មានអ្នកចេះប្រើ ធ្វើអត់ចេញទេ។

(១៩) ទៅថ្ងៃមុខនឹងមានមន្ត្រីក្នុងកិច្ចសន្យា/លក្ខខណ្ឌបត់បែនច្រើន

ឥឡូវខ្ញុំសួរ ឯកឧត្តម លោកជំទាវ ខ្ញុំជឿថាអ្នកដែលកាន់ទូរស័ព្ទទំនើបទាន់សម័យហ្នឹងមិនតិចទេនៅទីនេះ ប៉ុន្តែខ្ញុំសួរថាចេះប្រើអស់ ឬនៅ? ខ្ញុំអត់ចេះទេ ខ្ញុំចេះតែប្រើចុចទូរស័ព្ទ Save លេខ ខលអីតែប៉ុណ្ណឹង Function អីផ្សេងៗទៀត ខ្ញុំអត់ចេះទេ។ ខ្ញុំឃើញមានអ្នកប្រើទូរស័ព្ទកាត់តវីដេអូ។ អញ្ចឹងត្រូវការអ្នកជំនាញទើបប្រើអស់។ ត្រូវការបណ្តុះបណ្តាល។ ជំនាញខ្លះត្រូវការពេលវេលា ត្រូវការការបណ្តុះបណ្តាល និងបទពិសោធន៍។ អញ្ចឹងអ្នកដែលមានជំនាញស្រាប់ យើងអាចបើកច្រកឱ្យគាត់មកចូលវិញ។ នេះគឺជាផែនការនិងយុទ្ធសាស្រ្ត នៅក្នុងការពង្រឹងមូលដ្ឋាន និងពង្រឹងវិស័យ/គ្រប់ជំនាញទាំងអស់។ ក្រសួងស្ថាប័នច្រើនណាស់ខ្វះអ្នកច្បាប់។ សុំខ្ញុំបញ្ចូលជាអនុរដ្ឋលេខាធិការ ដោយសារយើងខ្វះច្បាប់។ ប៉ុន្តែ យើងអត់អាចយកច្រើនទេ។ យើងអាចយកបាន១នាក់ទៅ២នាក់។ តែបើមានប្រអប់នេះ យើងអាចយកអ្នកច្បាប់ច្រើនចូលក្នុងប្រអប់ ហើយជាមន្ត្រីក្នុងកិច្ចសន្យាតែម្ដង។ អញ្ចឹងទៅថ្ងៃក្រោយបុគ្គលិកពេញមិនច្រើនទេ តែបុគ្គលិកដែលមានភាពបត់បែនមានច្រើន។

(២០) ក្រសួងសុខាភិបាលផ្ដល់គោលការណ៍និងសិទ្ធិឱ្យមន្ទីសុខាភិបាលខេត្តរើសប្រធានមណ្ឌលសុខភាព

មួយវិញទៀត (មុខនាទី)ប្រធានមន្ទីរពេទ្យសំខាន់ណាស់។ អញ្ចឹងបានខ្ញុំឯកភាពផ្ដល់គោលការណ៍រឿងវិមជ្ឈការ។ ថ្ងៃមុនវិមជ្ឈការក្នុងការប្រជុំនៅមហាផ្ទៃ។ វិមជ្ឈការនៅខាងសុខាភិបាល យើងនៅមានការជ្រើសរើសវាយតម្លៃមួយថ្នាក់ពីលើ។ រើស(ប្រធានមណ្ឌលសុខភាព) ក្រសួងសុខាភិបាលផ្ដល់គោលការណ៍និងសិទ្ធិទៅឱ្យខេត្តក្នុងការរើសប្រធានមណ្ឌលសុខភាព។ មុននេះគឺក្រុមប្រឹក្សាឃុំ ដែលជាប្រធានគណៈគ្រប់គ្រងគុណភាពរើសបេក្ខជនឱ្យអភិបាលស្រុក។ គាត់អាចផ្គូផ្គងដើម្បីវាយតម្លៃមួយតង់ ហើយរុញមកលើឱ្យខេត្ត។ មន្ទីរសុខាភិបាលធ្វើសេនាធិការជួយបន្តទៀត បានវាយតម្លៃមួយថ្នាក់ពីលើ។ យើងធានាសង្គតិភាពនិងស្ដង់ដារ។ ការរើសប្រធានមន្ទីរពេទ្យមូលដ្ឋានក៏ដូចជានាយកសាលាគឺត្រូវវិមជ្ឈការសិទ្ធនៅក្នុងការដឹកនាំ​ ការអនុវត្តផែនការ។ ប៉ុន្តែផែនការប្រចាំឆ្នាំនិងគោលការណ៍ធំ គឺត្រូវកំណត់ដោយក្រសួង ព្រោះត្រូវកំណត់និយាមនិងស្ដង់ដារ។ មិនអាចថាពេទ្យបង្អែកស្រុក​នៅទីនេះ មានស្ដង់ដារប្រតិបត្តិខុសពីពេទ្យបង្អែកស្រុកនៅលើកដែកនោះទេ។ មិនអាចពេទ្យបង្អែកស្រុក ឬមួយមណ្ឌលសុខភាពនៅកោះធំ ឬមួយនៅលើកដែកខុសពីមណ្ឌលសុខភាពនៅជើងព្រៃនោះទេ ត្រូវមាននិយាមមួយស្ដង់ដារមួយកំណត់។

(២១) នីតិវិធីប្រគល់សិទ្ធអោយស្រុករើសនាយកសាលានៅបាត់ដំបង មានលទ្ធផល ៦០% ជោគជ័យ

រឿងសុខាភិបាលនិងអប់រំ ត្រូវការមានរើស(អ្នក)ដឹកនាំស្ថាប័ន។ នាយកសាលាដូចគ្នា … ក្រសួងមហាផ្ទៃបានសាកល្បងប្រគល់សិទ្ធទៅឱ្យស្រុកនៅក្នុងការរើសនាយកសាលា​។ កន្លងទៅបានអនុវត្តសាកល្បងនៅខេត្តបាត់ដំបង ១៤ស្រុក/ក្រុង។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរាយការណ៍ឱ្យខ្ញុំថា យើងសាកល្បងមួយឆ្នាំនេះ ឃើញជោគជ័យ៦០% តែ៤០%អត់ត្រូវស្ដង់ដារ។ ខ្ញុំថាសម្រាប់អប់រំនិងសុខាភិបាល តែ១% ក៏គ្រោះថ្នាក់ដែរ។ បើរើសនាយកសាលាខុស កូនចៅគេរាប់រយរាប់ពាន់នាក់ខុស។ បុគ្គលនោះត្រូវទទួលខុសត្រូវក្នុងការពង្រឹងស្ដង់ដារ(វិន័យសិក្សា)។ ខ្ញុំបានផ្ដល់គោលការណ៍ប្រជុំនៅមហាផ្ទៃថ្ងៃមុនថា ត្រូវធានានូវគុណភាព សុខចិត្តដកថយមួយជំហ៊ាន​ វាយតម្លៃពីថ្នាក់ដដែលនៅទូទាំងប្រទេស។ មានគម្រោងស្នើថា ដោយសារសាកល្បងនៅបាត់ដំបងបានដើរជោគជ័យប្រហែល ៦០% អញ្ចឹងចង់ពង្រីកទូទាំងប្រទេស។

(២២) នីតិវិធីវាយតម្លៃពីរថ្នាក់(ស្រុកនិងខេត្ត) ក្នុងការជ្រើសរើសប្រធានមណ្ឌលសុខភាព

បើទូទាំងប្រទេស … រើសតែបឋមនិងមត្តេយ្យទេ។ សំរាប់អនុវិទ្យាល័យនិងវិទ្យាល័យ គឺរើសដោយថ្នាក់ខេត្ត ២ថ្នាក់ដដែល។ មូលដ្ឋានធំបំផុត គឺគ្រឹះជាប់ដីហ្នឹង ជាពិសេសមត្តេយ្យនិងបឋមសិក្សាហ្នឹងឯង។ បើ ៦ឆ្នាំដំបូងមិនបានច្បាស់លាស់ហើយ ចូលឆ្នាំទី៧ ទី៨ទៅក៏វាមិនសូវមានមូលដ្ឋាន។ បើសិនជា ៦០% នៃ ១០០% គឺ ៦០សាលា។ បើ ៦០%នៃ ៧ពាន់បឋមសិក្សា តើប៉ុន្មានជោគជ័យ? ៤០%ដែលមិនទាន់ជោគជ័យនៃ ៧ពាន់ តើប៉ុន្មានសាលា? គុណជាមួយគុណភាពសិស្ស និងអនាគតរបស់ប្រជាជនយើង។ អញ្ចឹងហើយ ការរើសថ្នាក់ដឹកនាំមណ្ឌលសុខភាព ស្ថាប័នអង្គភាពវិស័យសុខាភិបាល ជាពិសេសនៅមូលដ្ឋាន ក៏ដូចជារើសនាយកសាលា ត្រូវមានការវាយតម្លៃ ត្រូវមានស្ដង់ដារច្បាស់លាស់ឱ្យមានយ៉ាងហោចណាស់ ២ថ្នាក់ដើម្បីយើងធានា។ យើងមិនដកមកក្រសួងទេ។ ក្រសួងសុខាភិបាលមិនចាំបាច់ទៅ ធ្វើការវាយតម្លៃរើសប្រធានមណ្ឌលសុខភាពទេ។ ទុកឱ្យត្រឹមខេត្តទៅ។ ប៉ុន្តែឱ្យមន្ទីរសុខាភិបាលធ្វើសេនាធិការឱ្យ​ហ្មត់ចត់។ ការិយាល័យសុខាភិបាលស្រុកជាសេនាធិការមួយជំហាន ប៉ុន្តែមកត្រូវមានការវាយតម្លៃមួយជំហានទៀត(ពីថ្នាក់ខេត្ត) ព្រោះរើសប្រធានមណ្ឌលម្នាក់។

(២៣) គប្បីរើសអ្នកមានជំនាញ/មូលដ្ឋានសុខាភិបាល ធ្វើជាប្រធានមន្ទីរសុខាភិបាល

ភាគច្រើនខ្ញុំតែងតែនិយាយថា​ មេយ៉ាងម៉េចកូនអញ្ចឹង … មេដឹកនាំគឺជាអ្នកដាក់ស្ដង់ដារ ជាអ្នកកំណត់ទិសដៅអនុវត្ត និងជាអ្នកតម្រង់ទិស និងការលើកទឹកចិត្ត/ជំរុញឱ្យអនុវត្ត។ បើសិនជាមេ (ភាសា)បារាំងគេហៅ s’en fout មួយអាទិត្យឃើញមុខម្ដងនៅមណ្ឌលសុខភាព ឬឃើញមុខម៉ោង៧ព្រឹក ដល់ម៉ោង ៩បាត់ តើអ្នកណានៅដឹកនាំជំរុញនៅកន្លែងនេះ។ បើប្រធានមណ្ឌលគាត់អត់ដឹងពីស្ដង់ដារដែលត្រូវអនុវត្តយ៉ាងម៉េច និយាមយ៉ាងម៉េច អត់ច្បាស់ តើត្រូវធ្វើយ៉ាងម៉េច? ថ្ងៃមុនឯកឧត្តម ឈាង រ៉ា ថាមានគេចង់សួរថាតើរើសប្រធានមន្ទីរសុខាភិបាល​យកអ្នកជំនាញគ្រប់គ្រងបានអត់? ខ្ញុំថាក្នុងដំណាក់កាលនេះ គួរយកអ្នកដែលស្គាល់ជំនាញ មានមូលដ្ឋានសុខាភិបាល។ បើយកអ្នករៀនជំនាញគ្រប់គ្រង MBA ទៅគ្រប់គ្រង ធ្វើគោលនយោបាយ អនុវត្តគោលនយោបាយសុខាភិបាលនៅខេត្ត ក្រែងលំបាក។ សុខាភិបាលត្រូវការជំនាញ យ៉ាងហោចណាស់មិនមែនគាត់ចេះគ្រប់ជំនាញ ប៉ុន្តែអាចយល់ concept។ ជាពិសេស បើអ្នកដែលធ្លាប់ឆ្លងកាត់ពីក្រោមឡើងលើជាការល្អ។ គប្បីជ្រើសរើសប្រធានពេទ្យបង្អែកស្រុកអោយត្រូវជំនាញ … ព្យាបាលមនុស្ស ត្រូវអោយចំជំនាញ ត្រូវអនុវត្តគុណវុឌ្ឍិឱ្យបានច្បាស់។

(២៤) ក្រសួងសុខាភិបាលបន្តយន្តការតាមដានត្រួតពិនិត្យ និងជួយលើកទឹកចិត្តដោះស្រាយសំណូមពរ

ត្រូវមានវិធានអប់រំបណ្ដុះបណ្ដាល និងបង្កើនបន្ថែម។ ក្រសួងអប់រំរើសបាននាយកសាលា ត្រូវយកមកបំប៉ន។ ក្រសួងសុខាភិបាលក៏មានការបំប៉ន។ ឃើញកម្មវិធីចែករំលែកបទពិសោធន៍ច្រើន។ នៅទីនេះ (ពេទ្យ) ៩៥នាក់ ព្យាបាល(អ្នកជំងឺ) ៦០ម៉ឺននាក់។ បន្តិចទៀត អ៊ំពូមីងអ្នកកោះធំ(នឹងកើនចំនួន)។ រដ្ឋាភិបាលគ្មានគោលនយោបាយមិនឱ្យអ្នកកោះធំ យកកូនថែមទៀតទេ។ អញ្ចឹងអ្នកមានផ្ទៃពោះ អ្នកឆ្លងទន្លេ នឹងមកទីនេះកាន់តែច្រើន។ គ្រប់ដំណាក់កាលសុទ្ធតែគ្រោះថ្នាក់ សូម្បីតែការឆ្លងទន្លេក៏គ្រោះថ្នាក់ ទម្រាំតែការវះកាត់ ការព្យាបាលជំងឺផ្សេងៗ ត្រូវយកចិត្តទុកដាក់។​​​ គ្រប់គ្រងនិងពង្រឹងគុណភាពមនុស្ស គុណភាពពេទ្យ មន្ត្រីពេទ្យ បុគ្គលិកពេទ្យ តាមរូបមន្តដែលអាចទាក់ទាញនិងធានានូវគុណភាពមនុស្ស និងការគ្រប់គ្រងត្រូវអនុវត្តឱ្យបានច្បាស់។ សូមអំពាវនាវដល់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យបង្អែកខេត្ត បុគ្គលិកយើងទាំងអស់សូមធ្វើយ៉ាងណាអនុវត្តឱ្យបានត្រឹមត្រូវ ត្រូវយកចិត្តទុកដាក់ទៅតាមនិយាមនិងការណែនាំរួមរបស់ក្រសួងជាបទដ្ឋាន។ សូមឱ្យក្រសួងបន្តយន្តការតាមដានត្រួតពិនិត្យ និងជួយលើកទឹកចិត្តដោះស្រាយ(សំណូមពរ) ព្រោះតាមដានត្រួតពិនិត្យ មិនមែនដើម្បីចាប់កំហុសទេ។ គោលការណ៍គឺដើម្បីយើងរួមគ្នាដោះស្រាយបញ្ហា រួមគ្នាដើម្បីកែលម្អ។

(២៥) ថែទាំសុខភាពមូលដ្ឋានមានប្រសិទ្ធភាព ផលសេដ្ឋកិច្ចនឹងកើនឡើង ស្រាលបន្ទុកចំណាយដល់រដ្ឋាភិបាល

(តើការខិតខំនេះដើម្បី)ជួយដល់អ្នកណា? (គឺផ្តល់)ផលជូនប្រជាពលរដ្ឋម្នាក់ៗ ដែលឈឺ … មកដល់ពេទ្យត្រូវការពេទ្យបើកទ្វារ មកដល់ពេទ្យត្រូវការពេទ្យមានសម្ភារៈ ឱ្យថ្នាំត្រូវ កុំឱ្យថ្នាំហួសដឺឡេ … ស្កុតបិទឱ្យជាប់ផង កុំឱ្យបិទទៅរបើក។ ហ្នឹងសម្រាប់ការពារមេរោគ។ អញ្ចឹងបានថា គោលការណ៍នេះគឺនិយាយជាមួយក្រុមហ៊ុនដែលដេញថ្លៃបាន(ថា) ត្រូវធានា។ បើធានាមិនបានទេ ឆ្នាំក្រោយអត់ឱ្យតែម្ដង … ក្រសួងមានស្ដង់ដារមួយថាថ្នាំហ្នឹងយកពីក្រុមហ៊ុនអី។ ប្រភេទថ្នាំ​អីដាក់់ឱ្យស្ដង់ដារដើម្បីធានាកុំឱ្យថាថ្នាំហ្នឹងដែរ តែថ្នាំមកពីណាៗ ព្រោះអ្នកផលិត​ថ្នាំមានច្រើន។ យើង control ថាតើថ្នាំហ្នឹងយកពីក្រុមហ៊ុនហ្នឹង ហើយក្រុមហ៊ុនហ្នឹង គឺក្រុមហ៊ុនដែលមានស្ដង់ដារអន្តរជាតិ និងធានាខុសត្រូវឱ្យយើង។ ថ្ងៃមុន នៅក្រៅប្រទេស ក្រុមហ៊ុន Pfizer ចង់មកធ្វើផ្ទាល់។ ខ្ញុំថា កម្ពុជាទិញទាំងអស់ ឱ្យតែធានាគុណភាព ហើយថោក ដើម្បីខ្ញុំយកទៅឱ្យប្រជាពលរដ្ឋរបស់ខ្ញុំ។ ក្រុមហ៊ុនថ្នាក់អន្តរជាតិ ដូច Pfizer អីនេះយើងធានាបាន។ ធ្វើម៉េចរុញ(ថ្នាំទាំងនោះ)ឱ្យទៅដល់មូលដ្ឋាន។ ប្រជាពលរដ្ឋត្រូវការសុខភាព។ បើយើង(ការ)ព្យាបាលនៅមូលដ្ឋាន(មានប្រសិទ្ធភាព)រឹងមាំ ផលសេដ្ឋកិច្ចរបស់យើងកើនឡើងនៅមូលដ្ឋាន បន្ទុក(ចំណាយ)សម្រាប់រាជរដ្ឋាភិបាលក៏មិនធ្ងន់ដែរ …។

(២៦) “មនុស្សសប្បាយចិត្ត សុខភាពរឹងមាំ ធ្វើការងារមានប្រសិទ្ធភាព”

សភា(អាមេរិក)ធ្លាប់ធ្វើច្បាប់មួយដើម្បីលើកទឹកចិត្តមនុស្សឱ្យទៅហាត់ប្រាណ។ បើមនុស្សហាត់ប្រាណ រដ្ឋជួយលុយ។ សំណួរសួរថា ហេតុអ្វីបានជារដ្ឋចេញលុយឱ្យមនុស្សទៅហាត់ប្រាណ? គេ calculate ទៅឃើញថា បើប្រជាពលរដ្ឋមិនហាត់ប្រាណ ហានិភ័យនៃការមានជំងឺមានខ្ពស់។ ពេលឈឺរដ្ឋត្រូវចេញលុយតាមរយៈគោលការណ៍​(គាំពារសង្គម) ដែលវា(ចំណាយ)ច្រើនជាង។ តែបើគាត់ហាត់ប្រាណ ជំងឺបេះដូង ជំងឺស្អីៗមិនសូវមាន។ ជំងឺសរសៃឈាម ឥឡូវ(មាន)ជំងឺបេះដូងច្រើន ដោយសារអាហារ។ ខ្ញុំជួបផ្ទាល់ទាំងចាស់ទាំងក្មេង។ សង្ស័យ ឱ្យពេទ្យពិនិត្យលេង ដាក់ stent មួយគ្រាប់។ អញ្ចឹងត្រូវការការហាត់ប្រាណ។ ដូចនេះជួយប្រជាពលរដ្ឋ ការពារសុខភាពនៅមូលដ្ឋានឱ្យបានល្អ ជំរុញបង្ការ និងអប់រំសុខភាព​ គឺជាកិច្ចការសំខាន់ … សមិទ្ធផលនៅថ្ងៃនេះ មិនមែនគ្រាន់តែជាអគារទំនើបដែលអាចមានលទ្ធភាពជួយមនុស្ស ៦០ម៉ឺននាក់ទេ ប៉ុន្តែជានិមិត្តរូបនៃការដើរទៅមុខ​ និងជាចលករជំរុញសេដ្ឋកិច្ច ជំរុញសុខភាព។ ចាប់ផ្ដើមពីការជំរុញសុខភាពប្រជាពលរដ្ឋឱ្យរឹងមាំ និងមានសុភមង្គលល្អ នឹងធ្វើឱ្យមនុស្សជុំវិញខ្លួនរឹងមាំដែរ។ មនុស្សសប្បាយចិត្ត សុខភាពរឹងមាំ ធ្វើការងារមានប្រសិទ្ធភាព។ គ្មានអ្នកណាសប្បាយចិត្តទេ បើនៅផ្ទះម្ដាយឈឺធ្ងន់ ឪពុកឈឺធ្ងន់។ គ្មានអ្នកណាសប្បាយចិត្តទេ ដែលប្រពន្ធត្រូវការចិញ្ចឹមជំងឺរហូត …។

មានម្ដង, យកពេទ្យស្ម័គ្រចិត្តចុះនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជួបប្អូនម្នាក់អាយុ ៣៦ឆ្នាំ មានជំងឺបេះដូងធ្ងន់ធ្ងរ ហើយពេទ្យវាយតម្លៃថា បើមិនព្យាបាលទេ ២អាទិត្យទៀអាចត្រូវស្លាប់ ព្រោះស្ថានភាពធ្ងន់មែនទែនហើយ។ (គាត់)មានកូន ៤នាក់តូចៗ។ យើងយកមកព្យាបាល។ ពេទ្យយើងបានវះកាត់ ហើយព្យាបាលជា។ មកវិញមួយឆ្នាំក្រោយថែមកូនភ្លោះមួយ​គូទៀត។ ឥឡូវគាត់នៅជុំគ្នា។ សមាគមគ្រាន់តែបានផ្ដល់លទ្ធភាព ផ្ដល់មធ្យោបាយទេ តែអ្នកដែលវះកាត់ជាក់ស្ដែងគឺពេទ្យខ្មែរយើងនៅកាល់ម៉ែត្រ។​ យើងបានជួយឱ្យគាត់រស់បន្ត និងបង្កើតកូន ដោយកូនអត់កំព្រាឪពុក។ ប្រពន្ធ(គាត់)អាយុ ២០ឆ្នាំជាង មានកូន ៤នាក់។ បើសិនជាមិនបានជួយ(គាត់កាល)ពី ២អាទិត្យនោះ ប្រហែលជា(ប្រពន្ធគាត់)ទៅជាស្រ្តីមេមាយ ចិញ្ចឹមកូន ៤នាក់។ អញ្ចឹងមួយគ្រួសារហ្នឹងវេទនា។ ខ្ញុំមិនបានឆែក មិនដឹងថាឥឡូវកូនប៉ុន្មានទៀតហើយទេ។ អ៊ំម្នាក់នៅកោះសូទិន មានកង់ស៊ែរ (cancer) … យកមកពេទ្យយើងបាញ់គីមីអី​ (chemo)។ ពេទ្យរុស្សីព្យាបាលបាន។

(២៧) ពេទ្យកម្ពុជាព្យាបាលអ្នកជំងឺក្នុងស្រុករាប់លាននាក់ក្នុងមួយឆ្នាំៗ

អ្នកខ្លះសួរថា កម្ពុជាឃើញតែពង្រឹងវិស័យសុខាភិបាល ហេតុអ្វីក៏ប្រជាជនទៅព្យាបាលនៅក្រៅប្រទេសច្រើនម្លេះ? ខ្ញុំថា បើគិតជាភាគរយ ធៀបទៅចំនួនប្រជាជនដែលព្យាបាលនៅក្នុងស្រុក អ្នកទៅព្យាបាលនៅក្រៅ​មានតិចទេ។ ពេទ្យយើង ព្យាបាលមនុស្ស/អ្នកជំងឺក្នុងស្រុករាប់លាននាក់ក្នុងមួយឆ្នាំៗ។ រឿងអ្នកចេញទៅក្រៅ(ដើម្បីរកពេទ្យ) អត់មានអ្វីចំឡែកទេ។ (អ្នក)កាណាដាក៏ទៅព្យាបាលនៅអាមេរិក ទៅរកការព្យាបាលដោយជំនាញមួយចំនួន។ ជប៉ុនក៏ទៅ។ អ្នកដែលមានលទ្ធភាព (មាន)ជំរើស។ សំខាន់ ជំនាញមួយចំនួន យើងលែងទៅក្រៅហើយ តែអ្នកក្រៅមកវិញ។ ឧទាហរណ៍ ធ្មេញ។ មានអ្នកណាជិះយន្តហោះទៅធ្វើធ្មេញនៅប្រទេសបារាំង? យើវះកាត់បេះដូងបាន។ គ្រូពេទ្យយើងនេះក៏ខ្លាំងដែរ។ ខ្ញុំចាំបានពីអ្នកជំងឺក្មេងម្នាក់បានមកពេទ្យ។ ពេទ្យបារាំងវាយតម្លៃថា សល់មិនដល់ ១០ភាគរយទេ។ វះកាត់ទៅបានជោគជ័យ។ មុនពេលវះកាត់ត្រូវធ្វើ consultation ជាមួយនឹងគ្រូពេទ្យធំនៅបារាំង។ រូបភាពហ្នឹងខ្ញុំចាំ។ យើងវះកាត់ជោគជ័យ។ អ្នកណាថាពេទ្យខ្មែរអន់? យើងត្រូវបង្កើនចំណុចនេះ បង្កើនសមត្ថភាព បង្កើនគ្រឿងបំពាក់។ យើងចាញ់គេតែគ្រឿងបំពាក់ទេកន្លែងខ្លះ។

(២៨) ក្រុមគោលដៅគ្របដណ្តប់សេវាសុខាភិបាល ៩លាននាក់ ស្ថិតក្នុងការទទួលខុសត្រូវនៃសេនាទេវតា

ថ្ងៃមុន ខ្ញុំទៅពេទ្យអង្គឌួង។ ពេទ្យស្ម័គ្រចិត្តកូរ៉េមកវះបកភ្នែក។ គាត់សរសើរទឹកដៃពេទ្យខ្មែរយើង។ គាត់ថា “ពេទ្យ​ខ្មែរយើងជំនាញនិងទឹកដៃល្អ ខ្វះតែឧបករណ៍ មិនទាន់ទំនើបទាន់សម័យដូចគាត់”។ យើងក៏មាន(ឧបករណ៍)ទំនើបដែរ ប៉ុន្តែមិនទាន់ចុងក្រោយដូចគាត់។ នេះជាមោទនភាពដែលយើងបានកសាងពេទ្យជំនាញក្នុង ៤០ឆ្នាំនេះ។ ការផ្ដល់សេវា(ដល់ក្រុមគោលដៅ) ៩ លាននាក់ នឹងស្ថិតនៅក្នុងកណ្ដាប់ដៃ/ការទទួលខុសត្រូវរបស់អ្នកដែលមានសមត្ថភាពជួយជីវិត គឺថាជាសេនារបស់ទេវតាក្នុងការជួយសង្រ្គោះជីវិតប្រជាពលរដ្ឋ ជាមោទនភាពនៃវិស័យសុខាភិបាលរបស់យើង … ខ្ញុំទទួលស្គាល់ថាយើងនៅមានការឆកល្វែងនិងត្រូវពង្រឹងក្របខណ្ឌ … នៅណាក៏មានការឆ្លកល្វែងដែរ។ នៅអាមេរិកក៏ធ្លាប់មានវះកាត់ ដែលប៉ុស្តិ Discovery Channel បានលើកមកបង្ហាញពីករណីវះកាត់ ហើយភ្លេចកន្រ្តៃក្នុងពោះ … ឥឡូវយើងមានពេទ្យមកដល់មូលដ្ឋាន​ មានសមត្ថភាពដែលអាចជួយបានច្រើន (ធៀបទៅ)ពីមុន ដែលយើងភ័យព្រួយ(មិនដឹងថាដោះស្រាយដូចម្តេច) …។

(២៩) គោលនយោបាយរដ្ឋាភិបាលគណបក្សប្រជាជន គឺបម្រើសុខភាពនិងកសាងសមត្ថភាពប្រជាពលរដ្ឋ

អ៊ំពូមីង បងប្អូន នេះគឺជាតម្រូវការរបស់ម្នាស់ឆ្នោត អ្នកដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ គោលនយោ​បាយ(របស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនគឺ)បម្រើប្រជាពលរដ្ឋ ហើយធំបំផុតគឺសុខភាពនិងសមត្ថភាពរបស់បងប្អូននេះឯង … (ព្រោះថាបើបងប្អូន)ទៅបន់ព្រះ ឬជូនពរគ្នា ក៏និយាយតែប៉ុណ្ណឹង សូមឱ្យសុខភាពល្អ អាយុយឺនយូរ រឿងរកស៊ីជោគជ័យ មានបាន។ អ្នកខ្លះសុំកាត់យល់សប្ដិឱ្យត្រូវផង … និយាយរឿងអ្នកកោះអណ្ដែត តាកែវបន្ដិចទៅចុះ។ ខ្ញុំទៅម្ដង។ កាលហ្នឹងទៅកម្មវិធី ជិះ Vigo ហើយឆ្ងល់ប្រជាជនមកមើលឡានច្រើនម្លេះ ឡានយើងមានអីទំនើប? ដល់ចេញទៅ បានតៃកុងឡានប្រាប់ថា “បង! គាត់មកមើលលេខដើម្បីយកទៅចាក់(ឆ្នោត)”។ ខ្ញុំទៅលើកទី១ គាត់ចាក់ត្រូវមែន។ ដល់ខ្ញុំទៅលើកទី២ នាំគ្នាកាន់តែច្រើន។ ចាក់ខុសបាត់។ តែ​ថ្ងៃមុនបោះឆ្នោតនេះ ចេញទៅខេត្តកណ្ដាល ទៅជួបជាមួយយុវជន ខ្ញុំនិយាយកំប្លែងអញ្ចឹងនៅលើវេទិកាហ្នឹង ស្រាប់តែមានយុវជនម្នាក់ទៅមើល(លេខឡាន)។ គាត់ចាក់ ល្ងាចឡើងគាត់ត្រូវមែន។ តែកុំទៅចាក់អី។ ជឿពេទ្យវិញត្រូវជាង មិនបាច់កាត់យល់សប្ដិទេ។ បន់ឱ្យសុខភាពល្អ បន់ចុះ តែកុំភ្លេចមកពេទ្យ។ ព្រះតេជព្រះគុណ គូ សុភាព មានពុទ្ធបរិស័ទស្នើសុំឱ្យព្រះតេជព្រះគុណផ្ដល់ធម៌អីដើម្បីកុំឱ្យឈឺ​ឱ្យឆាប់ជា។

(៣០) នឹងឱ្យវិស្វករកំពុងបម្រើការគំរោងព្រលានយន្តហោះតេជោតាខ្មៅសាកធ្វើសំណង់ធំកម្រិតណាមួយ

ព្រះអង្គមានសង្ឃដីកាថា “ញោម! បើញោមឈឺ ទៅពេទ្យទៅ ព្រោះអាត្មាឈឺ ក៏ទៅពេទ្យដែរ”។ អញ្ចឹង សូម​ទុកចិត្តទៅលើពេទ្យរបស់យើង។ ចង់បានជោគជ័យ កុំផ្សងសំណាង ហើយអត់ធ្វើអី។ ខំប្រឹងរៀនសូត្រ ខំប្រឹងសិក្សា។ សូម្បីតែជំនាញ យើងផ្ដល់ឱកាសឱ្យយុវជនយើង១,៥ លាននាក់ទៅរៀនជំនាញ ដើម្បីរកការងារធ្វើ។ ម្សិលមិញ ទៅមើលព្រលានយន្តហោះ វិស្វករយើង ១២០០ នាក់កំពុងធ្វើការនៅទីនោះ។ ឥឡូវយើងអត់ទាន់មានលទ្ធភាពធ្វើសំណង់ធំ តែ ១២០០ នាក់បានធ្វើការប៉ុន្មានឆ្នាំនេះ បានទទួលការបណ្តុះបណ្តាល ហើយឧកញ៉ា ពុង ឃាវសែ ថាថ្ងៃក្រោយយើងនឹងសាកឲ្យធ្វើសំណង់ធំៗ កម្រិតណាមួយ។ អញ្ចឹងបន់ចុះ ខ្ញុំមិនមែនថាមិនឲ្យបន់ទេ ប៉ុន្តែត្រូវទុកចិត្តលើខ្លួន​ឯង ទុកចិត្តលើពេទ្យ ទុកចិត្តលើគ្រូ បន់សូមឲ្យសុខភាពល្អ អាយុយឺយូរតែជឿលើការអប់រំសុខភាពកុំហូបអីផ្តេសផ្តាស ឈឺទៅពេទ្យ ជឿលើគ្រូបណ្តុះបណ្តាលដើម្បីមានចំណេះខំប្រឹងធ្វើការ។

(៣១) រៀបចំការពិគ្រោះតាមប្រព័្ធឌីជីថល និងពង្រឹងលទ្ធភាពផ្តល់ការព្យាបាលប្រជាពលរដ្ឋគ្រប់កន្លែង

រដ្ឋាភិបាលមានតែខិតខំផ្តល់ឱកាសទេ។ កសាងពេទ្យ បណ្តុះបណ្តាលគ្រូពេទ្យ បំពាក់សម្ភារៈ រកថវិកាទិញថ្នាំឲ្យកាន់តែល្អ សាលារៀនកសាងឲ្យទំនើប។ ថ្ងៃក្រោយនៅនេះ យើងរៀបចំ digital consultation … រហូតទៅដល់មណ្ឌលសុខភាព។ ថ្ងៃក្រោយបំពាក់ internet ព្រោះពេទ្យជំនាញ ពេលខ្លះក៏ត្រូវការពិគ្រោះជំងឺដែរ។ សូម្បីតែពេទ្យនៅខេត្ត ក៏មកពិគ្រោះពីជំងឺជាមួយនឹងពេទ្យនៅភ្នំពេញ មុននឹងធ្វើការវះកាត់។ សូម្បីតែនៅក្នុងភ្នំពេញ មុននឹងធ្វើអីមួយ មន្ទីរពេទ្យមួយក៏មានក្រុមគ្រូពេទ្យជំនាញមួយសម្រាប់ពិគ្រោះដែរ ដើម្បីផ្តល់យោបល់ទាន់ពេលវេលា។ ឥឡូវយើងរៀបចំបំពាក់រថយន្តសង្រ្គោះ ambulance … ដើម្បីងាយស្រួលក្នុងការបញ្ជូន(អ្នកជំងឺបន្តទៅមន្ទីរពេទ្យដែលមានកម្រិតជំនាញ) … បង្កើនសមត្ថភាពនៅមូលដ្ឋានហើយ ប៉ុន្តែមូលដ្ឋានមិនអាចដូចគ្នាទាំងអស់ទេ មិនអាចដល់កម្រិតដែលមណ្ឌលសុខភាពក៏អាចវះកាត់ខួរក្បាល ក៏អាចវះកាត់បេះដូងបានដែរទេ។ អាចរៀបចំថាពេទ្យខេត្ត ឬពេទ្យស្រុក ឬអាចកម្រិតណាមួយ ពីមួយជំហានទៅមួយជំហាន បញ្ជូនតគ្នាឲ្យបានលឿន ពិគ្រោះយោបល់ឲ្យបានទាន់ កុំនៅចាំ។ ជួនកាលរវល់តែចាំពិគ្រោះយោបល់ហ្នឹង មិនបញ្ជូនបន្តខាតពេល។ ពីមួយនាទីទៅមួយនាទី គ្រោះថ្នាក់កាន់តែខិតមក … បើបាញ់រូបតាម telegram ទៅភ្លាមៗ ហើយមួយម៉ោងគ្រោះថ្នាក់រថយន្តបញ្ជូនមកភ្លាម។ យើងនឹងពង្រឹងវិស័យសុខាភិបាលគឺពង្រឹងលទ្ធភាពផ្តល់ការព្យាបាល និងជួយដល់អ៊ំពូមីងបងប្អូននៅមូលដ្ឋាននេះឯង មិនមែននៅតែទីនេះទេ នៅគ្រប់កន្លែងទាំងអស់។ យើងបានធ្វើ(កិច្ចការនេះ) ៤០ ឆ្នាំហើយ តាំងពីអត់មានអី្វសោះ មកដល់ពេលនេះ និងបន្តធ្វើទៀត ដរាបណាប្រ​ជា​ពលរដ្ឋនៅបន្តផ្តល់អាទិភាព ផ្តល់ការជឿទុកចិត្តឲ្យគណបក្សប្រជាជនដឹកនាំប្រទេស។

(៣២) និយមន័យការអភិវឌ្ឍ គឺធ្វើឲ្យប្រជាជនមានបាន ដូចនេះ ធ្វើអីត្រូវគិតឲ្យប្រជាពលរដ្ឋបានទទួលផល

យើងនិងអនុវត្តគោលនយោបាយអភិវឌ្ឍប្រទេស ផ្តោតទៅលើប្រជាពលរដ្ឋ ក្នុងហ្នឹងវិស័យសុខាភិបាល ដែលសុខភាពអ៊ំពូមីងបងប្អូនគឺជាទ្រព្យសម្បត្តិធំត្រូវការពារ និងខិតខំដើម្បីពង្រឹង។ អ្នកផ្សេងខ្ញុំមិនដឹងទេ តែយើងបានផ្តល់ឱកាស(ជាមន្ទីពេទ្យនេះ)មែនទែន មិនធ្វើលេងៗទេ។ អត់ដល់ ២ឆ្នាំផងចេញប៉ុណ្ណេះហើយ។ មិនមែនខ្ញុំសម្ពោធហើយ ចេញទៅវិញបិទទ្វារ ទុកឆ្នាំក្រោយហៅខ្ញុំមកសម្ពោធផើងផ្កាមួយទៀតទេ។ ត្រូវបម្រើប្រជាពលរដ្ឋ។ ឥឡូវ (ចំពោះមុខមានប្រជាពលរដ្ឋ) ៦០ម៉ឺននាក់នៅមូលដ្ឋានរួចទៅហើយ។ សូមអំពាវនាវដល់ដៃគូរបស់យើងបន្តជួយ។ អរគុណដៃគូរដែលបានជួយនៅក្នុងវិស័យសុខាភិបាល … តំណាងធនាគារពិភពលោក ADB មានផែនការជួយពង្រឹងពេទ្យបង្អែក មណ្ឌលសុខភាព។ អញ្ចឹងត្រូវគ្នាហើយ។ ខ្ញុំថាត្រូវគ្នា។ ចាប់ដៃគ្នាធ្វើ ព្រោះសេដ្ឋកិច្ចរបស់កម្ពុជាក៏ជាសេដ្ឋកិច្ចនៃសកលលោក។ (គំរោង)អ្វីដែលដើរនៅកម្ពុជាក៏បានជួយផ្គត់ផ្គង់ទៅដល់ស្ថេរភាពនិងកំណើនសេដ្ឋកិច្ចពិភពលោក។ សេដ្ឋកិច្ចកម្ពុជាដើរដោយសារប្រជាពលរដ្ឋខ្មែរ ហើយប្រជាពលរដ្ឋខ្មែរនៅគ្រប់កន្លែង រួមទាំងនៅកោះធំនិងនៅជុំវិញនេះ។ អញ្ចឹងជួយនៅទីនេះគឺសមិទ្ធផលជួយទៅដល់ពិភពលោកតែមួយ។ អញ្ចឹង សុំត្រង់តែម្តងបន្តជួយពង្រឹងរួមគ្នា។ អរគុណណាស់ចំពោះការជួយដល់វិស័យសុខាភិបាល និងការអភិវឌ្ឍប្រទេសជាតិដោយផ្តោតទៅលើប្រជាពលរដ្ឋ។ និយមន័យងាយបំផុតនៃការអភិវឌ្ឍប្រទេសគឺធ្វើឲ្យប្រជាជនមានបានតែប៉ុណ្ណឹង។ អភិវឌ្ឍប្រទេស ឬធ្វើអីក៏ដោយត្រូវគិតឲ្យប្រជាពលរដ្ឋ …។

(៣៣) បើដើម្បីបង្ហាញថាល្អជាងគេ ទុកថវិកាពង្រឹងមណ្ឌលសុខភាព ជួសជុលផ្លូវ … លុយតិច ប្រើចំគោលដៅ

ព្រលានយន្តហោះដែលធំជាងគេនៅកម្ពុជា បើធ្វើហើយ បិទទ្វារចោល មិនជំរុញសេដ្ឋកិច្ច បង្កើតការងារបន្ថែមទៀត បង្កើតផលប្រយោជន៍ឲ្យប្រជាជននៅទិសនិរតី និងនៅទូទាំងប្រទេស វា(ស្មើនឹង)អត់ប្រយោជន៍។ យើងមិនចាំបាច់នឹងទៅសង់បង្គោលមួយដែលខ្ពស់ជាងគេលើពិភពលោកដែលអត់មានផលអីនោះទេ។ យើងសុខចិត្តសង់បង្គោលមួយដែលទាបល្មមដែលអាចដាក់ភ្លើងបំភ្លឺឲ្យប្រជាជនប្រើប្រាស់វាល្អជាង។ មានខេត្តមួយបានលើក(ពីបំណង)ចង់ធ្វើសំណង់ឲ្យបានល្អជាងគេ វែងជាគេ នៅក្នុងប្រទេស។ ខ្ញុំថា(គំរោង/បំណង)ហ្នឹងផលប្រ​យោជន៍ដល់ប្រជាជនឬអត់? បើថាអត់ទេ បានតែល្អមើលទេ ទុកលុយយកទៅធ្វើផ្លូវតាមភូមិវិញ … (ជាជាង)សុំកញ្ចប់ថវិកាខេត្តទៅធ្វើគំរោងដែលគ្រាន់តែបង្ហាញថាល្អ ថាវែងជាង​​គេ ប៉ុន្តែមិនសូវមានអ្នកណាប្រើ។ កុំធ្វើវាអត់ប្រយោជន៍ទេ។ យកលុយទៅពង្រឹងមណ្ឌលសុខភាព ទៅជួសជុលផ្លូវថ្នល់ស្រុក ទៅបំប៉នមន្រ្តីរបស់យើងដែលធ្វើការងារបម្រើប្រជាពលរដ្ឋ។ អញ្ចឹងថវិកាមិនច្រើនប៉ុន្តែចំណាយឲ្យចំ។

(៣៤) ក្រសួងសុខាភិបាលជួយ​មន្ទីរពេទ្យឯកជននិងរដ្ឋបង្កើនគុណភាព ប្រគល់សិទ្ធិ/ការទទួលខុសត្រូវ ចូលរួមព្យាបាលប្រជាពលរដ្ឋ

សមិទ្ធផលនៅទីនេះ ធ្វើហើយដើម្បីបម្រើប្រជាពលរដ្ឋ។ សុំបន្តរួមគ្នាកសាង និងបំពាក់បន្ថែមទៀត។ អញ្ចឹងខ្ញុំសូមអរគុណ ហើយសូមប្រជាពលរដ្ឋបន្តទុកចិត្តទៅលើគ្រូពេទ្យខ្មែរ។ យើងមិនអាចព្យាបាលគ្រប់ជំនាញទាំងអស់ទេ តែខ្ញុំថាធ្វើជំនាញទេវតា មិនមែនទេវតាទេ … អញ្ចឹងបានគេត្រូវការពេទ្យ ២ ឬ៣ កន្លែង។ ជួនកាលឆ្លងប្រទេស។ ពេទ្យម្នាក់នៅក្នុងសមាជិក TYDA យើង មើលនៅកម្ពុជាឃើញថាមាន cancer ទៅមើលនៅថៃថាមាន cancer រុញទៅដល់បារាំងថាមាន cancer ដល់ចុងក្រោយរុញទៅដល់តៃវ៉ាន់ថា អត់មាន cancer ផង … check ចុះឡើង វាយថ្នាំធម្មតា … វាមានមួយក្នុងមួយលានករណីអី។ អញ្ចឹងកុំឲ្យឃើញកត្តាឬមួយករណីខ្លះដែលមិនបានល្អគ្រប់ស្តង់ដារ នៅកន្លែងណាមួយ មិនថាពេទ្យរដ្ឋ ឬពេទ្យឯកជន ហើយវាយសរុបធ្វើឲ្យមនុស្ស​ឈប់ទុកចិត្តប្រព័ន្ធសុខាភិបាល ឈប់ទុកចិត្តពេទ្យ … នេះជាការវាយតម្លៃខុស ដែលនាំឲ្យខាតប្រយោជន៍ … ពេទ្យយើងបានព្យាបាលប្រជាពលរដ្ឋរាប់សិបលាននាក់រាប់ឆ្នាំមកឲ្យជាសះស្បើយ រួមទាំងពេលកូវីដ-១៩ អ្នកដែលឈឺធ្ងន់បំផុត ក៏យើងបានជួយសង្រ្គោះ ទោះមិនបានមួយរយភាគរយក៏បាន ៦០/៧០/៨០ ភាគរយ ក្នុង ១០០ នាក់ ដូចនេះសូមទុកចិត្តការអភិវឌ្ឍនិងសមត្ថភាពពេទ្យរបស់យើង។ ខ្ញុំសូមឲ្យពេទ្យរបស់យើងដែលជាសេនារបស់ទេវតាបន្តខិតខំយកចិត្តទុកដាក់ទៅលើការពង្រឹងនូវក្រមសីលធម៌ ពង្រឹងនូវអាជីព និងជំនាញ និងការទទួលខុសត្រូវ។ ក្រសួងសុខាភិបាលជួយពេទ្យរបស់យើង មិនថាឯកជននិងរដ្ឋ ដើម្បីឲ្យគាត់មានលទ្ធភាពបង្កើនគុណភាព និងប្រគល់សិទ្ធិនិងការទទួលខុសត្រូវ និងការចូលរួមរបស់គាត់ក្នុងការព្យាបាលប្រជាពលរដ្ឋ …។

(៣៥) រដ្ឋបង្កើតមន្ទីរពេទ្យ ប៉ុន្តែសូមថែទាំសុខភាព “ទាំងអស់គ្នាដើម្បីសុខភាព”

ប្រជាពលរដ្ឋចង់បានតែថាបើពាក់ព័ន្ធនឹងសុខភាព សូមឲ្យសុខភាពល្អ និងអាយុយឺនយូរ។ តែ ២ហ្នឹង។ ខ្ញុំថាដោះស្រាយភារកិច្ចតែ ២ហ្នឹងបាន សុខាភិបាលយើងជោគជ័យហើយ … យើងចង់បានសុខភាពល្អ អត់ឈឺថ្កាត់ហើយអាយុយឺនយូរ … មិនបាច់ឡើងសាច់ដុំ six packs អីទេ។ គេថាខ្ញុំឥឡូវឡើងគីឡូ។ ខ្ញុំថាហាត់វាអត់ព្រមស្រក។ ហាត់មួយខែ ស្រកមួយគីឡូ ដល់ភ្លេចតែ ២ថ្ងៃឡើង ៣គីឡូ។ តែខ្ញុំយកទ្រឹស្តីមួយរបស់ ឧកញ៉ា លី ហួរ។ គាត់ប្រាប់ថា “ក្មួយ យើងម៉ោងប៉ុណ្ណេះហើយ អត់ទៅប្រឡង freshie ទេ។ យើងអត់ទៅប្រឡង idol ទេ។ យើងមិនបាច់ six packs ទេ ឲ្យតែសុខភាពល្អ យើងសប្បាយរីករាយ សុភមង្គលគ្រួសារ ជោគជ័យហើយ”។ អ្នកខ្លះចង់ស្គម ក៏បង្អត់អាហារទៅជាឈឺវិញ។ បើស្គមពេក មានជំងឺបន្តិចទប់មិនបាន។ អ្នកខ្លះចង់ល្អ … មានកូនទាហានរបស់ខ្ញុំម្នាក់ ត្រូវយកទៅពេទ្យសង្រ្គោះបន្ទាន់។ ធម្មជាតិម៉ែបង្កើតមកម៉េច យកអញ្ចឹងទៅ។ គាត់សម្បុរដូចខ្ញុំដែរ តែគាត់ចង់សខ្លាំងក៏យកឡេមកលាប ហើយយកស្បោងកៅស៊ូទៅរុំខ្លួនឯង ទាល់តែចុងក្រោយដង្ហក់ខ្លាំងដឹកទៅពេទ្យមិនចង់ទាន់។ ពេលរុំហ្នឹងខ្មាសគេ អញ្ចឹងចូលទៅរុំនៅក្នុងបន្ទប់បិទទ្វារ។ សូមប្អូនស្រី(កុំប្រកាន់) បើឮតាមនេះ … ចង់ស្រកគីឡូហាត់ប្រាណ។ ហាត់ប្រាណឥឡូវសប្បាយតើអ៊ំ។ ខ្ញុំឃើញគេដាក់ម៉ាញេនៅហ្នឹងរាំព្យុះតែម្តង។ អ៊ំៗ នៅតាមមាត់ទន្លេរាំសប្បាយ បូកចូលគ្នា​ឲ្យតែមានកាយវិការដុតកាឡូរី … ការថែទាំសុខភាពនេះសំខាន់ណាស់។ កុំឃើញពេទ្យល្អចង់ចូល។ កុំចូលអី។ យើងជិះកាត់ទៅបានហើយ។ ទោះបីជារដ្ឋឲ្យមាន ប-ស-ស ឬប័ណ្ណសមធម៌ក៏កុំចង់ប្រើអី។ ជួយថែទាំសុខភាពតាមរយៈការប្រើប្រាស់/ហូបចុក។ នេះជាការរួមគ្នាធ្វើព្រោះរដ្ឋអាចបង្កើតមន្ទីរពេទ្យឲ្យបាន ប៉ុន្តែសូមឪពុកម្តាយណែនាំកូនចៅនៅក្នុងការហូប តាមសាលាណែនាំការហូបចុក បងប្អូនអ្នកលក់ដូរសុំពិនិត្យមើល ដើម្បីថែទាំសុខភាព ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីវិស័យសុខាភិបាល។

ខ្ញុំសុំនិយាយតែប៉ុណ្ណឹងចុះ។ អ៊ំពូមីង ប្រហែលជាអញ្ជើញមកយូរហើយ។ តាំងពីម៉ោង ៥ ម៉ោង ៤។ អញ្ចឹងខ្ញុំមិនចង់ឲ្យអ៊ំពូមីង ត្រឡប់ទៅវិញផុតម៉ោងបាយទេ។ និយាយទាល់បែកញើសហើយ តែសប្បាយចិត្តអបអរ។ អរគុណជាថ្មីចំពោះឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំទាំងអស់ដែលបានចូលរួមនៅក្នុងការកសាងនូវសមិទ្ធផលនេះ អរគុណទៅដល់មន្ទីរសុខាភិបាល​ អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាលបានជួយសម្រួលក្នុងការកសាងមន្ទីរពេទ្យ អរគុណដល់មន្រ្តីសុខាភិបាលមន្ទីរពេទ្យ ពេទ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋាកទាំងអស់ បុគ្គលិកនៅទីនេះដែលបានចូលនៅក្នុងការព្យាបាលជំងឺប្រជាពលរដ្ឋ និងសុំបន្តនូវកិច្ចការដ៏ល្អនេះ។ សូមជូនពរប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនក្មួយៗទាំងអស់ឲ្យទទួលបាននូវសុខភាពល្អ អាយុយឺនយូរ ទទួលបាននូវជោគជ័យគ្រប់ការងារ និងទទួលបាននូវពុទ្ធពរនិងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ។ នៅក្នុងថ្ងៃនេះដែរក៏មានក្រុមគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យតេជោសែនកោះធំ ៩៥ នាក់ ម្នាក់ៗថវិកាជូន ១០ ម៉ឺនរៀល ជូនមន្ទីរពេទ្យតេជោសែនកោះធំថវិកា ១០ លានរៀល ជូនសាលាស្រុកកោះធំថវិកា ២ លានរៀល សាលាក្រុងសំពៅពូន ២ លានរៀល និងជូនក្រុមគ្រូពេទ្យប្រចាំអង្គពិធីថវិកា ៣ លានរៀលផងដែរ សូមអរគុណ៕ [បញ្ចប់សេចក្តីអធិប្បាយ ៣}


 

អត្ថបទទាក់ទង