Grand News Asia Close

(វីដេអូ) សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 825

CMF:

ឯកឧត្តមអគ្គលេខាធិការអាស៊ាន

ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន នៃបណ្តាប្រទេសសមាជិកអាស៊ាន និង ប្រទេសក្នុងតំបន់;
សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង
តំណាងដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជនទាំងអស់និងអង្គពិធីទាំងមូលជាទីមេត្រី!

ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុងពិធីបើក «វេទិការដ្ឋាភិបាល ឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១», ក្រោមប្រធានបទ «ការលើកកម្ពស់ចីរភាព និង បរិយាប័ន្ននៃការអភិវឌ្ឍ តាមរយៈការអនុវត្តគោលនយោបាយឌីជីថល» ដែលមានការចូលរួមពីបណ្តាប្រទេសអាស៊ាន, ប្រទេសក្នុងតំបន់ ក៏ដូចជា ក្រសួង-ស្ថាប័ន, វិស័យឯកជន, សាកលវិទ្យាល័យ និង ដៃគូអភិវឌ្ឍន៍របស់កម្ពុជា ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះអរគុណឯកឧត្តមរដ្ឋមន្រ្តី និងតំណាងក្រសួង-ស្ថាប័នពីបណ្តាប្រទេសអាស៊ាន និងប្រទេសក្នុងតំបន់ ដែលបានអញ្ជើញមកចូលរួមដោយផ្ទាល់ ។ វត្តមានរបស់ ឯកឧត្តម និងតំណាងទាំងអស់ក៏ដូចជាការចែករំលែកនូវឧត្តមានុវត្តន៍ល្អៗនឹងធ្វើឱ្យពិព័រណ៍នេះកាន់តែមានភាពអធិកអធម, អត្ថន័យកាន់តែជ្រាលជ្រៅ និងពោរពេញទៅដោយចំណេះដឹង។

ផ្អែកលើរបាយការណ៍របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និង ជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និង របាយការណ៍របស់ ឯកឧត្តមបណ្ឌិត កៅ គឹមហ៊ួន អគ្គលេខាធិការអាស៊ាន, ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំៗ ក្នុងវិស័យឌីជីថល ដែលក្រសួង-ប្រៃសណីយ៍ និង ទូរគមនាគមន៍, ក្រសួង-​ស្ថាប័នពាក់ព័ន្ធ និង លេខាធិការដ្ឋានអាស៊ាន សម្រេចបាននាពេលកន្លងមក, ទាំងក្នុងក្របខ័ណ្ឌកម្ពុជា និង ក្របខ័ណ្ឌអាស៊ាន ។ បន្ថែមលើនេះ, ខ្ញុំក៏សូមវាយតម្លៃខ្ពស់ ចំពោះការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង សម្រាប់រយៈពេល ៣ ថ្ងៃ ដើម្បីអបអរសាទរសមិទ្ធផល ដែលយើងសម្រេចបានកន្លងមក ព្រមទាំងរួមគ្នាបង្កើតសមិទ្ធផលថ្មី តាមរយៈការពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ និង ឧត្តមានុវត្តន៍ល្អៗ, លើកគំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការនានា, ព្រមទាំងជំរុញការអភិវឌ្ឍសេវាសាធារណៈឌីជីថលថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា និងអាស៊ាន ក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ចនិងសង្គមឌីជីថល​ពេញលេញ​។

រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១» ដោយបានកំណត់អាទិភាពចំនួន ៥ គឺ : មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។ ក្នុងនោះ, «បច្ចេកវិទ្យា» គឺជាអាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី ៥ គឺ «ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល» ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥», «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣ ៥»,
«គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ព្រមទាំងបានបង្កើតគណៈកម្មាធិការបច្ចេកទេសចំនួន ៣ ជាសេនាធិការដឹកនាំសម្របសម្រួលតាមផែននីមួយៗ ដែលរួមមាន៖ (១) គណៈកម្មាធិការ សេដ្ឋកិច្ច និងធុរកិច្ចឌីជីល, (២) គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និង (៣) គណៈកម្មាធិការសន្តិសុខឌីជីថល។ ក្របខ័ណ្ឌគោលនយោបាយនេះជាផែនទីចង្អុលផ្លូវមួយ ជាមួយនឹង​​ចក្ខុវិស័យវែងឆ្ងាយ ​ក្នុងការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថលរស់រវើក តាមរយៈការរៀប​ចំ​មូលដ្ឋានគ្រឹះជំរុញការទទួលយក និង ការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គមទាំងរដ្ឋ, ពលរដ្ឋ និង ធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និង លើកកម្ពស់សុខុមាលភាពសង្គម ។ សម្រាប់​កម្ពុជា, ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និង ការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន និង បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និង ប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និង កសាងសង្គមស៊ីវីល័យដែលពលរដ្ឋ អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន, ភាពជឿ-ទុកចិត្តបាន និង សុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវ​អត្តសញ្ញាណ និង វប្បធម៌ជាតិ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជាបានបោះជំហានទៅមុខក្នុងល្បឿនមួយគួរឱ្យកត់សម្គាល់ ។ វិបត្តិនៃជំងឺកូវីដ-១៩ បានជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំង និង ជ្រាលជ្រៅ ជាងពេលណាៗទាំងអស់ ។ ជាក់ស្តែង, ការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ ៤៩២ ប៊ីលាន ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ ដែលប្រហែលនឹង ១៦ ដង នៃ GDP​ ។ ចំនួនអ្នកចុះឈ្មោះ ប្រើប្រាស់សេវាអ៊ីនធឺណិតចល័ត និង អ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័ត បានកើនដល់ប្រមាណជាង ១៩ លាននាក់ ក្នុងឆ្នាំ ២០២៣ ។

ដូចសេចក្តីរាយការណ៍មុននេះរបស់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត, គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និង ក្រសួង-ស្ថាប័នពាក់ព័ន្ធបានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ថ្នាលឌីជីថលគន្លឹះ និង កម្មវិធីឌីជីថល សម្រាប់គាំទ្របរិវត្តកម្មឌីជីថលនៅគ្រប់ក្រសួង-ស្ថាប័ន, ទាំងថ្នាក់ជាតិ និង ក្រោមជាតិ ។ ក្នុងនោះ, ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទីគន្លឹះ ក្នុងការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទដើម្បីជា ឧត្តម​ប្រយោជន៍ សម្រាប់​ប្រជាជន​កម្ពុជា ។

ក្រៅ​ពី​សមិទ្ធផល​ខាងលើ ខ្ញុំ​ក៏ចង់​យក​ឱកាស​នេះ​គូស​រំលេច និង រំលឹកឡើងវិញ អំពី​​ការងារ​ជា​សមិទ្ធផល​ធំៗ ​របស់​រាជរដ្ឋាភិបាលក្នុង​ការ​ងារជំរុញ​ឌីជីថលូបនីយកម្ម។ រាជរដ្ឋាភិបាល​បាន​​ដាក់​ឱ្យ​អនុវត្ត​គម្រោង​​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​; ​គម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ; ​​ប្រព័ន្ធអេឡិចត្រូនិក​ពន្ធដារ និង ​គយ; ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​ និងផ្តល់-អាជ្ញាប័ណ្ណ, ប្រព័ន្ធអប់រំឌីជីថល ឬអេឡិចត្រូនិក, ប្រព័ន្ធគ្រប់គ្រងផ្នែកអត្តសញ្ញាណកម្ម, ប្រព័ន្ធគ្រប់គ្រងដីធ្លី និងយានយន្ត ជាដើម ។ ក្នុង​នោះ​ ​​ថ្នាល​ផ្លាស់ប្តូរ​ទិន្នន័យ​កម្ពុជា​ (Cambodia Data Exchange – CamDX) ដែល​ជា​ ថ្នាល​គន្លឹះមួយ​ ត្រូវ​បាន​ និង ​កំពុង​ប្រើប្រាស់យ៉ាង​សកម្ម​​ដោយ​ស្ថាប័ន​សាធារណៈ និង​ វិស័យ​ឯកជន ក្នុង​ការ​ចែករំលែក និង​ ផ្លាស់ប្តូរ​ទិន្នន័យ​​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​រួម ​ ក៏​ធ្លាប់​ទទួលបាន​ជ័យលាភី​អន្តរជាតិក្នុង​កម្មវិធី​ពានរង្វាន់ ​អនាគត​រដ្ឋាភិបាល​ (Future of Government Award) ក្នុង​ឆ្នាំ​ ២០២២ ផងដែរ​ ។ នេះ​ជា​មោទនភាព​មួយ​បន្ថែម​ទៀតរបស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ងារ​ឌីជីថលូបនីយកម្ម​​វិស័យរដ្ឋាភិបាល។​

ក្នុងក្របខ័ណ្ឌតំបន់ និងសកល, រាជរដ្ឋាភិបាល បាន និងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើកចំហ សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅអភិវឌ្ឍន៍ឌីជីថលតំបន់ និងសកល ដូចមានកំណត់ក្នុង ផែនការមេឌីជីថលអាស៊ាន ២០២៥ និង យុទ្ធសាស្រ្តឌីជីថល ២០២២-២០២៥ របស់អង្គការសហប្រជាជាតិ ។ ទន្ទឹមនេះ, កម្ពុជា បាន និងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំ កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថានឹងជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី ១ ទ្រីលានដុល្លារ ដល់ ២ ទ្រីលានដុល្លារ ត្រឹមឆ្នាំ ២០៣០ ។

យោងតាមរៀបរបៀបវារៈដែលខ្ញុំទទួលបាន វេទិការនេះនឹងមានការរៀបចំកិច្ចពិភាក្សាផងដែរ ដូច្នេះដើម្បីជាធាតុចូលបន្ថែមដល់កិច្ចពិភ្សាខ្ញុំសូមស្នើអង្គវេទិកាផ្ដោតការយកចិត្តទុកដាក់ទៅលើចំណុចជាគន្លឹះដូចខាងក្រោម៖

ទី១. ការឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Generative AI) ដែល, ម៉្យាង, នាំឱ្យមានការជំរុញនវានុវត្តន៍ និង បង្កើនផលិតភាព និង, ម៉្យាងទៀត, នាំឱ្យមានកំណើននៃលំហូរទិន្នន័យឯកជនប្រជា-ពលរដ្ឋ និង ការប្រើប្រាស់ទិន្នន័យទាំងនោះឆ្លងកាត់ព្រំដែន ដែលបង្កជាការព្រួយបារម្ភដល់ការយកប្រៀបផ្នែកពាណិជ្ជកម្ម ការបំពានឯកជនភាពរបស់ប្រជាពលរដ្ឋ និង ការគំរាម-កំហែងសន្តិសុខសាយប័រជាដើម ។

ទី២. ការសម្រួចបន្ថែមលើវិធានការគោលនយោបាយពាក់ព័ន្ធ និង ការអនុវត្តកម្មវិធីបរិវត្តកម្ម រដ្ឋាភិបាលឌីជីថល ដោយប្រើប្រាស់អភិក្រម «រដ្ឋាភិបាលទាំងមូល–Open​ Whole-of-Government Approach» និង ការបើកចំហសម្រាប់ការចូលរួមពីគ្រប់តួអង្គ ។

ទី៣. ការធ្វើសុខដុមនីយកម្មលើគោលនយោបាយ, បទប្បញ្ញត្តិ, ស្តង់ដារវាងប្រទេសក្នុងតំបន់ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងសេវាឌីជីថលក៏ដូចជាការពង្រឹងនូវការចែករំលែកចំណេះដឹង និង បទពិសោធន៍ ។

ទី៤. ការកំណត់ចលករគន្លឹះជំរុញការកសាងមូលធនមនុស្សឌីជីថល និងវិធីជំរុញសន្ទុះនៃការបង្កើនសមត្ថភាពចាប់យកនិងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ប្រជាពលរដ្ឋ។

ទី៥. ការពង្រឹងយន្តការតំបន់ ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខសាយប័រ និង បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ជាអាទិ៍ ការឆបោកតាមប្រព័ន្ធអនឡាញ (Online scam) និង ព័ត៌មានក្លែងក្លាយ ។

ខ្ញុំសង្ឃឹមថាវេទិការបស់យើង អាចដំណើរការទៅដោយរលូន និងសូមលើកទឹកចិត្តឱ្យ​មាន​ការចូលរួមពិភាក្សាឱ្យបានផុលផុស ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កា ។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្ដម លោកជំទាវ គណៈអធិបតី និង អង្គពិធីទាំងមូល សូមមានសុខភាពល្អ និង ទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច, ​ និង សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបី​ឃ្លៀងឃ្លាតឡើយ ។

ខ្ញុំសូមប្រកាសបើក «វេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១» ចាប់ពីពេលនេះតទៅ៕

អត្ថបទទាក់ទង