Grand News Asia Close

កម្ពុជានាំចេញទំនិញទៅវៀតណាម កើនឡើង ៥៣% នៅត្រីមាសទី១ ឆ្នាំ២០២៤ នេះ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 228
កម្ពុជានាំចេញទំនិញទៅវៀតណាម កើនឡើង ៥៣% នៅត្រីមាសទី១ ឆ្នាំ២០២៤ នេះ កម្ពុជានាំចេញទំនិញទៅវៀតណាម កើនឡើង ៥៣% នៅត្រីមាសទី១ ឆ្នាំ២០២៤ នេះ

នៅត្រីមាសទី១ ឆ្នាំនេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសវៀតណាមក្នុងទំហំទឹកប្រាក់ជាង ១,៣ពាន់លានដុល្លារ កើនឡើង ៥៣% ខណៈការនាំចូលមានចំនួន ៩៣៣លានដុល្លារ ធ្លាក់ចុះជាង ២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ប្រភពដដែលបានបញ្ជាក់ថា ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់, ម៉ាស៊ីននិងឧបករណ៍អគ្គិសនី, សម្លៀកបំពាក់និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ, កៅស៊ូនិងផលិតផលធ្វើពីកៅស៊ូ និងកសិផលមួយចំនួនទៀត។

ជាមួយគ្នានេះដែរ សម្រាប់ទំនិញនាំចូលវិញ រួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជនិងផលិតផលបានពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល, ម៉ាស៊ីននិងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា, សម្ភារៈអគ្គិសនី, សរសៃអំបោះសិប្បនិម្មិតខ្លីៗ, យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារៈមួយចំនួនទៀត។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល៣ខែឆ្នាំនេះ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិសរុបក្នុងទំហំទឹកប្រាក់ ៦,២ពាន់លានដុល្លារ កើនឡើង ១៨% ដោយក្នុងនោះ សហរដ្ឋអាមេរិកមានតម្លៃជាង ១,៩ពាន់លានដុល្លារ កើន ៨.៩% ចិន មានតម្លៃជាង ៣៦៦លានដុល្លារ កើនឡើង ១១.៤% និងជប៉ុនមានតម្លៃជាង ៣៦៥លានដុល្លារ កើនឡើង ១៨.៤% រួមនឹងទីផ្សារផ្សេងទៀត៕

អត្ថបទទាក់ទង