Grand News Asia Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ដឲ្យពលរដ្ឋយកកូនឱ្យបានច្រើន ដើម្បីបង្កើនប្រជាជនវ័យក្មេងបន្ថែមទៀត

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 267
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ដឲ្យពលរដ្ឋយកកូនឱ្យបានច្រើន ដើម្បីបង្កើនប្រជាជនវ័យក្មេងបន្ថែមទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ដឲ្យពលរដ្ឋយកកូនឱ្យបានច្រើន ដើម្បីបង្កើនប្រជាជនវ័យក្មេងបន្ថែមទៀត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្ដឲ្យពលរដ្ឋយកកូនឱ្យបានច្រើន ដើម្បីបង្កើនចំនួនប្រជាជនវ័យក្មេងបន្ថែមទៀតឱ្យបានច្រើនចៀសវាងបញ្ហាថយចុះនៃកម្លាំងពលកម្ម ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។

ការលើកឡើងខាងលើរបស់សម្ដេចធិបតី ធ្វើឡើងក្នុងពេលដែលសម្ដេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

សម្ដេចធិបតី បានលើកឡើងបន្តថា គោលនយោបាយជាតិ ប្រជាជនឆ្នាំ២០១៦-២០៣០ គឺឈរលើគោលការណ៍ទទួលស្គាល់និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ឱ្យមានសិទ្ធិជាមូលដ្ឋាននៅក្នុងការសម្រេចចិត្ដដោយសេរី និងទទួលខុសត្រូវលើចំនួនកូន និងការពន្យាកំណើត ដោយពួកគាត់មានលទ្ធភាពទទួលបានព័ត៌មានអំពី សេវា មធ្យោបាយ និងការសម្រេចចិត្ដ។

ជាមួយគ្នានោះដែរ សម្ដេចធិបតីបានលើកទឹកចិត្ដដល់គូស្វាមីភរិយាដែលមានលទ្ធភាពសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីចំនួនកំណត់ ដើម្បីចៀសវាងហានិភ័យពីកង្វះពលកម្ម។

សម្ដេចធិបតី បានបន្ដថា តាមជំរឿននៅឆ្នាំ២០៥០ ចំនួនពលរដ្ឋវ័យចាស់គឺមានច្រើនជាងអ្នកមានវ័យតិចជាង១៥ឆ្នាំ ហើយអ្នកអាយុកណ្ដាលគឺជាធាតុផ្សំ ដោយហេតុថា បន្ដិចទៀតក្មេងអាយុ១៥ឆ្នាំ នឹងឡើងមកដល់វ័យកណ្ដាល ហើយមនុស្សវ័យកណ្ដាលនឹងឡើងដល់វ័យចំណាស់។

បច្ចុប្បន្ន យើងមានអ្នកអាយុវ័យកណ្ដាលច្រើននៅឡើយ ប៉ុន្ដែបើចំនួនអ្នកកើតមានចំនួនតិចជាងអ្នកចាស់ នោះមិនយូរទេយើងនឹងមានបញ្ហាមិនខាន ដែលជាក់ស្ដែងប្រទេសជិតខាងរបស់យើងកំពុងតែជួបបញ្ហានេះបណ្ដើរៗហើយ។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានមានប្រសាសន៍ថា បើទោះបីជានៅឆ្នាំ២០៥០ យើងនៅមានមនុស្សវ័យកណ្ដាលច្រើនក៏ដោយ ប៉ុន្ដែ÷
១- ប្រទេសកម្ពុជារបស់យើង ទោះជាតូចមិនទាន់ធំក៏ដោយ ប៉ុន្ដែប្រទេសរបស់យើងនៅសល់សក្ដានុពលច្រើនណាស់
២- ការថយចុះនៃភាគរយរបស់មនុស្សវ័យក្មេង និងមនុស្សចាស់ក៏ជាបញ្ហាចោទ។ ឥឡូវនេះ យើងនាំចេញកម្លាំងពលកម្មទៅក្រៅប្រទេសច្រើន ខណៈពេលដែលប្រទេសមួយចំនួនបាននិងកំពុងខ្វះកម្លាំងពលកម្ម។

សម្ដេចបានបន្ដថា នៅក្នុងឆ្នាំ២០៥០ យើងចាប់ផ្ដើមមើលឃើញជាបណ្ដើរៗនូវការថយចុះកម្លាំងពលកម្ម ពោលបើទោះបីជាការព្យាករដោយផ្អែកទៅលើទិន្នន័យនៃការធ្វើជំរឿននេះមិនទាន់មានបញ្ហាចោទនៅឆ្នាំ២០៥០ ក្ដី ប៉ុន្ដែយើងបានមើលឃើញនូវសញ្ញានៃការថយចុះ គម្លាតរវាងអ្នកដែលមានអាយុចាស់លើសកម្លាំង និងអ្នកដែលមានអាយុវ័យកណ្ដាលចាប់ផ្ដើមកើនឡើងហើយ៕

 

អត្ថបទទាក់ទង