Grand News Asia Close

នាយករដ្ឋមន្រ្តីថៃ ផ្ញើលិខិតអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 689
នាយករដ្ឋមន្រ្តីថៃ ផ្ញើលិខិតអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥ នាយករដ្ឋមន្រ្តីថៃ ផ្ញើលិខិតអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈសារលិខិត លោកនាយករដ្ឋមន្ត្រីថៃ បានលើកឡើងទាំងស្រងដូច្នេះថា៖

«សម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

ខ្ញុំមានកិត្តិយសសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះសម្តេចតេជោ ដែលត្រូវបាន ជ្រើសរើសជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ការជាប់ឆ្នោតរបស់សម្តេចពី សំណាក់អង្គព្រឹទ្ធសភាកម្ពុជា ឆ្លុះបញ្ចាំងពីទំនុកចិត្តលើការដឹកនាំ និងគតិបណ្ឌិតរបស់សម្តេចក្នុង ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រទេសជាតិ។

ខ្ញុំសូមបញ្ជាក់សាជាថ្មីអំពីការត្រៀមខ្លួនរបស់ប្រទេសថៃ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្តេចក្នុងតំណែងថ្មីរបស់សម្តេច។ ក្រោមការដឹកនាំរបស់សម្តេច ក្នុងនាមជាប្រធានព្រឹទ្ធសភា ខ្ញុំ មានទំនុកចិត្តយ៉ាងខ្លាំងថា ចំណងទ្វេភាគីរវាងប្រទេសថៃនិងកម្ពុជា នឹងបន្តមានភាពលូតលាស់ និងរីកចម្រើន។

ក្នុងនាមប្រជាជននៃព្រះរាជាណាចក្រថៃ ខ្ញុំសូមគោរពជូនចំពោះ សម្តេចតេជោ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា សូមជូនពរឱ្យជួបតែសេចក្តីសុខ សុភមង្គល សេចក្តីចម្រើន និងសុខភាពល្អតរៀងទៅ។

ម្តេចទទួលយកនូវការគោរពដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំ»៕

អត្ថបទទាក់ទង