ចំណេះដឹងទូទៅ៖ កីឡាអូឡាំពិកនៅសម័យក្រិកបុរាណ
(ភ្នំពេញ)៖ នៅឆ្នាំ១៨៩៦ ព្រឹត្តិការណ៍អូឡាំពិកសម័យទំនើបដំបូងបំផុតត្រូវបានប្រារព្ធឡើងនៅទីក្រុងអាតែន ប្រទេសក្រិក ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោក ពែររ៉េ ដឺ គូប៊ែរតាំង (Pierre de Coubertin) ប៉ុន្តែកីឡាអូឡាំពិកមិនមែនទើបតែមាននៅចុងសតវត្សទី១៩នោះឡើយ ពោលគឺបានកើតមានតាំងពីជិត៣០០០ឆ្នាំមុនមកម្ល៉េះ។
* តើកីឡាអូឡាំពិកនៅសម័យក្រិកបុរាណប្រព្រឹត្តទៅយ៉ាងដូចម្ដេច?
កីឡាអូឡាំពិកបុរាណត្រូវបានប្រារព្ធឡើងដំបូងតាំងពីឆ្នាំ៧៧៦មុនគ.ស នៅទីក្រុងបុរាណមួយឈ្មោះថា អូឡាំព្យា (Olympia) នៅឧបទ្វីបប៉េឡូប៉ូនណេស (Peloponnese) ភាគខាងត្បូងប្រទេសក្រិកបច្ចុប្បន្ន ជាកន្លែងដែលមនុស្សទៅថ្វាយបង្គំព្រះរបស់ពួកគេ។ តាមពិតទៅ កីឡាអូឡាំពិកត្រូវបានបង្កើតឡើងក្នុងកិត្តិយសដល់ព្រះដ៏ល្បីល្បាញបំផុតរបស់ប្រទេសក្រិកបុរាណ គឺហ្ស៊ូស (Zeus) ដែលស្ដេចអាទិទេព ឬទេវិន្ទ្រៈ ឬទេវរាជក្នុងវប្បធម៌ក្រិក។ ការរៀបចំព្រឹត្តិការណ៍នេះ តែងធ្វើឡើងរៀងរាល់៤ឆ្នាំម្តង។ រយៈពេល៤ឆ្នាំរវាងព្រឹត្តិការណ៍អូឡាំពិកសម័យក្រិកបុរាណនីមួយៗ គឺត្រូវបានហៅថា អូឡាំព្យាដ (Olympiad)។
ក្រុមអ្នកសិក្សានៅតែមិនទាន់ដឹងច្បាស់ថា ការប្រកួតកីឡាអូឡាំពិកបានចាប់ផ្តើមដំបូងបំផុតតាំងពីពេលណាឱ្យប្រាកដតែម្តងនោះឡើយ ប៉ុន្តែឆ្នាំ៧៧៦មុនគ.ស. គឺត្រូវបានយកជាកាលបរិច្ឆេទយោងនៅតាមកំណត់ត្រាប្រវត្តិសាស្រ្តភាគច្រើន។ ចំណែកហេតុផលពិតប្រាកដនៃការចាប់ផ្តើមនូវព្រឹត្តិការណ៍កីឡាពិភពលោកនេះ ក៏នៅតែមិនទាន់មានការបកស្រាយច្បាស់លាស់ដែរ ខណៈប្រវតិ្តសាស្រ្តជាក់ស្តែងបានលាយឡំគ្នាជាមួយនឹងទេវករថាអស់ទៅហើយ។
មកដល់ឆ្នាំ១៩៨៤ លោក ពែររ៉េ ដឺ គូប៊ែរតាំង (Pierre de Coubertin) ក៏បានចាប់ផ្តើមផែនការរបស់លោក ដើម្បីធ្វើឱ្យការប្រកួតកីឡាអូឡាំពិករស់ឡើងវិញ ហើយនៅឆ្នាំ១៨៩៦ ព្រឹត្តិការណ៍អូឡាំពិកសម័យទំនើបដំបូងបំផុតក៏ត្រូវបានប្រារព្ធឡើងនៅទីក្រុងអាតែន ប្រទេសក្រិក ហើយលោកក៏ត្រូវបានចាត់ទុកជាបិតានៃកីឡាអូឡាំពិកសម័យទំនើប ដោយលោកជាស្ថាបនិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានទី២របស់ស្ថាប័ននេះ៕