Grand News Asia Close

វិភាគអន្តរជាតិ៖ តើចិនសប្បាយចិត្តឬ? ពេលឃើញកូរ៉េខាងជើង និងរុស្ស៉ីសាងរាត្រីទឹកឃ្មុំ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 312
វិភាគអន្តរជាតិ៖ តើចិនសប្បាយចិត្តឬ? ពេលឃើញកូរ៉េខាងជើង និងរុស្ស៉ីសាងរាត្រីទឹកឃ្មុំ វិភាគអន្តរជាតិ៖ តើចិនសប្បាយចិត្តឬ? ពេលឃើញកូរ៉េខាងជើង និងរុស្ស៉ីសាងរាត្រីទឹកឃ្មុំ

(វ៉ាស៊ីនតោន)៖ នៅឯកិច្ចប្រជុំមួយក្នុងទីក្រុងព្យុងយ៉ាង កាលពីខែកក្កដា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក Kang Sun Nam និងរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Sergei Shoigu បានសន្យាថានឹងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំង២ ដើម្បីឈរប្រកៀកស្មាគ្នាប្រឆាំងនឹងសត្រូវរួម នោះគឺសហរដ្ឋអាមេរិក។ ក្រោយមកទៀត ក្នុងកិច្ចប្រជុំកំពូលមួយកាលពីខែកញ្ញា ឆ្នាំដដែល ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកសរសើរពីការតស៊ូដ៏អស្ចារ្យរបស់រុស្ស៉ី ក្នុងការប្រឆាំងនឹងសភាវៈអាក្រក់ ដែលលោកចង់សំដៅលើ បណ្ដាប្រទេសលោកខាងលិច និងបានហៅលោក ពូទីន ថាជា «​មិត្តដ៏ជិតស្និទ្ធរបស់ប្រជាជនកូរ៉េ»។ ខណៈការខិតកាន់តែជិតគ្នានៃទំនាក់ទំនងយោធារវាងកូរ៉េខាងជើង និងរុស្ស៉ីបានបង្កការព្រួយបារម្ភ យ៉ាងខ្លាំងដល់បណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ប៉ុន្តែ ចុះចិនវិញដែលជាដៃគូដ៏ជិតស្និទ្ធរបស់ប្រទេសទាំង២ យល់ណាដែរចំពោះភាពល្អូកល្អិននេះ?

ពិតមែនទៅ ចិន កូរ៉េខាងជើង និងអតីតសហភាពសូវៀត ធ្លាប់មានទំនាក់ទំនងល្អនឹងគ្នាតាំងពីសម័យសង្រ្គាមជាក់មកម្ល៉េះ។ នៅកាលណោះ ចិន និងសូវៀតបានបង្ហាញការប្ដេជាចិត្តការពារសន្តិសុខគ្នា ទៅវិញទៅមក ហើយផ្ដល់ការគាំទ្រដល់បណ្ដាប្រទេសកុម្មុយនិស្ដ ក្នុងនោះមានទាំងកូរ៉េខាងជើងផងដែរ។ នៅទសវត្សរ៍ឆ្នាំ១៩៥០ ទីក្រុងប៉េកាំង និងទីក្រុងមូស្គូចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ព័ន្ធភាព មួយដែលមានភា្ជប់ជាមួយការសន្យាការពារគ្នាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារពីសត្រូវ និងថែមទាំងសន្យាធ្វើការសម្របសម្រួលសកម្មភាពរបស់ប្រទេសទាំង២ ប្រឆាំងនឹងលោកខាងលិច ទៀតផង។

ទាំងចិន និងសូវៀតបានគាំទ្រអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម អ៉ីលស៊ុង ត្រូវជាជីតារបស់លោក គីម ជុងអ៊ុន បើកការវាយប្រហារលើកូរ៉េខាងត្បូងនាំឱ្យសង្រ្គាមកូរ៉េផ្ទុះឡើងនៅឆ្នាំ១៩៥០។ នៅពេល ចិនបញ្ជូនកងទ័ពរបស់ខ្លួនឱ្យទៅជួយកូរ៉េខាងជើងក្នុងសង្រ្គាមនៅឧបទ្វីបកូរ៉េ សហភាពសូវៀតបានគាំទ្រចិនតាមរយៈជំនួយហិរញ្ញវត្ថុ អាវុធ និងជំនាញការ។ ប៉ុន្តែកិច្ចសហប្រតិបត្តិការរបៀបនេះមិនបាន គង់វង្សយូរអង្វែងឡើយ ដោយនៅបន្ទាប់ពីការស្លាប់របស់មេដឹកនាំសូវៀត Joseph Stalin ក្នុងឆ្នាំ១៩៥៣ មេដឹកនាំសូវៀតបន្ទាប់គឺ លោក Nikita Khrushchev បានដាក់ចេញការធ្វើកំណែទម្រង់ នយោបាយ និងអនុវត្ត «គោលការណ៍រួមរស់ដោយសន្តិភាពជាមួយសហរដ្ឋអាមេរិក»។ ការធ្វើកំណែទម្រង់នេះបានគំរាមកំហែងដល់នយោបាយក្នុងស្រុករបស់អតីតមេដឹកនាំចិន លោក ម៉ៅ សេទុង។ នៅពេលចិនបើកការវាយប្រហារលើដែនកោះគ្រប់គ្រងដោយតៃវ៉ាន់ សង្រ្គាមព្រំដែនរវាងចិន និងឥណ្ឌាផ្ទុះឡើងក្នុងឆ្នាំ១៩៦២ រួមទាំង «គោលនយោបាយមហាលោតផ្លោះ» របស់លោកប្រធានម៉ៅ បង្កជា មហន្តរាយ ទីក្រុងមូស្គូក៏មិនបានអើពើជួយចិននោះដែរ។ លើសពីនេះទៅទៀត នៅឆ្នាំ១៩៦០ សូវៀតបានលុបចោលកិច្ចព្រមព្រៀងជំនួយចំនួន១២ និងវិទ្យាសាស្ត្រ រួមទាំងបច្ចេកវិទ្យាជាង ២០០គម្រោង ក្នុងប្រទេសចិន។ ត្រឡប់ទៅអតីតកាល និងបច្ចុប្បន្ន ទោះជាសា្ថនភាពខុសគ្នាក៏ពិតមែន តែចិន និងរុស្ស៉ីនៅតែមានឆន្ទៈមានដែនកំណត់ក្នុងការជំរុញមហិច្ឆតា របស់ភាគីណាមួយ។ អំឡុងសម័យសង្រ្គាមត្រជាក់ ចិន និងរុស្ស៉ីរំពឹងចង់បានច្រើនពីគ្នាគឺភាពជាដៃគូ ជាជាងការការពារគ្នាទៅវិញទៅមក។ ប៉េកាំងចង់បានការគាំទ្រហិរញ្ញវត្ថុពីសូវៀត ដើម្បីអភិវឌ្ឍយោធា និងគាំទ្រដល់នយោបាយរបស់គណបក្សកុម្មុយនិស្ដចិន។

ចំណែក មូស្គូចង់ធ្វើជាមេដឹកនាំប្លុកកុម្មុយនិស្ដ និងចង់បានការជួយពីចិនដើម្បីអាចបន្សាបឥទ្ធិពលរបស់សហរដ្ឋអាមេរិក ក្នុងតំបន់អាស៊ី។ និយាយជារួម ទោះជាពួកគេមានផលប្រយោជន៍រួមគ្នាច្រើន ក៏ដោយ តែពួកគេមានអាទិភាពផ្សេងៗគ្នា ហើយជារឿយៗតែងតែឈ្លោះប្រកែកគ្នាពីយុទ្ធសាស្ត្រ នៅពេលត្រូវប្រឈមមុខដោះស្រាយជាមួយជនទី៣។ ចិន និងរុស្ស៉ីធ្លាប់ឈ្លោះប្រកែកគ្នាពីវិធីសាស្ត្រ ថាតើត្រូវឆ្លើយតបបែបណាចំពោះចលនាតស៊ូក្នុងប្រទេសប៉ូឡូញ និងហុងគ្រីប្រឆាំងការគ្រប់គ្រងរបស់សូវៀត ក្នុងឆ្នាំ១៩៥៦។ លោកប្រធានម៉ៅ បានគំរាមថាចិនអាចនឹងគាំទ្រប៉ូឡូញ ប្រសិនបើសូវៀត បញ្ជូនកងទ័ពបង្ក្រាបចលនាបាតុកម្មនៅប៉ូឡូញ។ នេះបានបង្ហាញថាមេដឹកនាំចិន និងសូវៀតសុទ្ធតែបានថ្លឹងថ្លែងពីផលប្រយោជន៍ ជាជាងការធ្វើការរួមគ្នា។ តាមអ្នកវិទ្យាសាស្ត្រនយោបាយអាមេរិក ដូចជាលោកស្រី Oriana Skylar Mastro ជាទូទៅ មហាអំណាចអាចប្រើប្រាស់សម្ព័ន្ធភាពដើម្បីពង្រឹងកម្លាំងយោធា និងការកំញើញ។ ប៉ុន្តែការបង្កើតភាពជាដៃគូមួយក៏រមែងបង្កើតបានជាសត្រូវមួយ ដោយអចេតនាដែរ ឬក៏អាចអូសទាញឱ្យមហាអំណាចផ្សេងលូកដៃចូលទាញយកប្រយោជន៍ ក្នុងជម្លោះជាមួយដៃគូរបស់ខ្លួនឯង។

ជាឧទាហរណ៍ អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ មេដឹកនាំសូវៀតមានការព្រួយបារម្ភជាខ្លាំងថាជម្លោះរបស់ចិនជាមួយតៃវ៉ាន់ អាចនឹងបំផ្លាញដល់ផែនការពីកិច្ចពិភាក្សាបន្ធូរបន្ធយភាពតានតឹងជាមួយ សហរដ្ឋអាមេរិក។ ក្នុងពេលបច្ចុប្បន្ន ភាពប្រទាក់ក្រឡាគ្នាបែបនេះត្រូវបានរកឃើញសាជាថ្មី នៅក្នុងស្នាមប្រេះរវាងចិន និងដៃគូរបស់ខ្លួន នោះគឺកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកូរ៉េខាងជើង និងរុស្ស៉ី បានគូសបញ្ជាក់ពីភាពតានតឹងជាមូលដ្ឋានក្នុងទំនាក់ទំនងរបស់រុស្ស៉ីជាមួយចិន។ ផ្ទុយពីទីក្រុងព្យុងយ៉ាង ទីក្រុងប៉េកាំងមិនមានឆន្ទៈជួយរុស្ស៉ីដោយផ្ទាល់នៅក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន នោះទេ រីឯការស្នើសុំបរិក្ខារយោធា និងជំនួយរបស់រុស្ស៉ីពីចិនក៏មិនមានចម្លើយតបមកវិញដែរ។ ម្យ៉ាងទៀត គោលជំហររបស់ចិនលើសង្រ្គាមនៅអ៊ុយក្រែនជាសាធារណៈនៅតែមើលទៅ មានភាពអព្យាក្រឹត ដដែល។ ចិនបន្តអំពាវនាវឱ្យមានការបន្ធូរបន្ថយជម្លោះ អះអាងម្ដងហើយម្ដងទៀតពីការប្រឆាំងរបស់ខ្លួនចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងតែងតែប្រកាន់ខ្ជាប់នូវសិទ្ធិអធិបតេយ្យរបស់បណ្ដាប្រទេសដទៃ។ គ្មានសេចក្ដីថ្លែងការណ៍ណាមួយរបស់ចិនថ្កោលទោសរុស្ស៉ីនោះទេ តែក៏គ្មាននោះដែរ សេចក្ដីថ្លែងការណ៍ដែលបង្ហាញការគាំទ្រពេញទំហឹងដល់រុស្ស៉ី។ ដូច្នេះការងាករបស់រុស្ស៉ីទៅរកកូរ៉េខាងជើង បានបង្ហាញយ៉ាងច្បាស់ថាទីក្រុងមូស្គូទទួលបានជំនួយជាសម្ភារៈតិចតួចប៉ុនណាពីទីក្រុងប៉េកាំង។ ទោះជាបែបនេះក្ដី ក្នុងរយៈពេលខ្លី ឬមធ្យម រុស្ស៉ីក៏គ្មានជម្រើសនោះដែរក្រៅតែពីទទួលយកជំនួយអ្វី ដែលខ្លួនអាចទទួលបាន តែទន្ទឹមគ្នារុស្ស៉ីក៏អាចនឹងរកឃើញដែរពី «ដែនកំណត់» ក្នុងភាពជាដៃគូជាមួយចិនដែលនឹងជំរុញឱ្យមូស្គូគិតគូរឡើងវិញពីគ្រោះថ្នាក់ ក្នុងការពឹងផ្អែកខ្លាំងពេកលើប៉េកាំង។

សម្រាប់ចិន កិច្ចសហប្រតិបត្តិការយោធាជិតស្និទ្ធរវាងរុស្ស៉ី និងកូរ៉េខាងជើង អាចបំផ្លាញដល់ឥទ្ធិពលរបស់ចិននៅលើឧបទ្វីបកូរ៉េ។ ដោយមិនមានសញ្ញាពីការពិគ្រោះយោបល់ជាមួយចិនជាមុន រុស្ស៉ីសុខចិត្ត មិនអើពើលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលទាំងចិន និងរុស្ស៉ីជាអ្នកចុះហត្ថលេខា និងលក់បច្ចេកវិទ្យាយោធាទំនើបៗឱ្យកូរ៉េខាងជើងដែលលោក គីម ជុងអ៊ុន ចង់បានជាយូរមកហើយ។ ក្នុងករណីនេះ ខណៈរុស្ស៉ីមានឆន្ទៈផ្ដល់ផលប្រយោជន៍ខ្លាំងជាងចិន ទីក្រុងព្យុងយ៉ាងបានសម្រេចចិត្តបោះដៃកាន់តែជិតស្និទ្ធទៅកាន់រុស្ស៉ី ដែលនេះនឹងធ្វើឱ្យចិនបាត់បង់ឥទ្ធិពលខ្លះៗលើទីក្រុងព្យុងយ៉ាង។ ជាការពិតណាស់ ចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងជើង តែទោះជាពឹងផ្អែកខ្លាំងលើប៉េកាំងក៏ដោយ ក៏នៅពេលខ្លះ លោក គីម ជុងអ៊ុន មិនមែនធ្វើតាមការចង់បានរបស់មេដឹកនាំចិន គ្រប់តែរឿងនោះដែរ។ ការគំាទ្ររបស់រុស្ស៉ីដែលធ្វើឱ្យកូរ៉េខាងជើងបានចិត្ត និងយល់មានរុស្ស៉ីឈរនៅពីក្រោយ អាចនឹងបំផ្លាញដល់មហិច្ឆតារបស់ចិននៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ជាឧទាហរណ៍ ពាក់ព័ន្ធនឹងបញ្ហានេះ ទីក្រុងប៉េកាំងមិនចង់ឱ្យកូរ៉េខាងជើង ឬ រុស្ស៉ី បំផ្លាញ ឬធ្វើឱ្យខូចដល់ការប៉ុនប៉ងបង្រួបបង្រួមតៃវ៉ាន់ជាមួយចិនជាដាច់ខាត។ តែជម្លោះនៅណាមួយនៅលើឧបទ្វីបកូរ៉េអាចនឹងបំផ្លាញ ដល់ផែនការរបស់ចិន ពីព្រោះថាវានឹងជំរុញឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនធ្វើសមារណកម្មយោធាកាន់តែស៊ីជម្រៅ ដូចដែលការវាយប្រហាររបស់កូរ៉េខាងជើង លើកូរ៉េខាងត្បូង ក្នុងឆ្នាំ១៩៥០ បានជំរុញឱ្យសហរដ្ឋអាមេរិក គិតឡើងវិញជាថ្មីពីផលប្រយោជន៍សន្តិសុខរបស់ខ្លួននៅក្នុងតំបន់ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាជាមួយតៃវ៉ាន់ក្នុងឆ្នាំ១៩៥៤។

ផលវិបាកធ្ងន់ធ្ងរជាងនេះទៅទៀត ដែលអាចកើតចេញពីកិច្ចសហប្រតិបត្តិការយោធារបស់កូរ៉េខាងជើងជាមួយរុស្ស៉ី គឺការធ្វើឱ្យខូចដល់ការទូតទូលំទូលាយ និងបរិយាកាសន្តិសុខរបស់ចិន។ កូរ៉េខាងជើង ដែលក្អេងក្អាង និងរុស្ស៉ីដែលកំពុងជាប់ផុងក្នុងសង្រ្គាម នឹងមិនអាចជួយឱ្យរូបភាព ឬមុខមាត់របស់ចិននៅលើឆាកអន្តរជាតិមានភាពល្អប្រសើរនោះទេ ហើយផ្ទុយទៅវិញថែមទាំងធ្វើឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកាន់តែរួបរួមគ្នាឡើងថែមទៀត។ ណាមួយ ក្នុងនាមជាដៃគូរបស់កូរ៉េខាងជើង និងរុស្ស៉ី ចិនប្រហែលជាត្រូវប្រើប្រាស់ធនធាននយោបាយរបស់ខ្លួនដើម្បីដោះស្រាយបញ្ហា ដែលពួកគេទាំង២ បង្កឡើង។ ជាក់ស្ដែង នៅឯកិច្ចប្រជុំកំពូលជាមួយសហភាពអឺរ៉ុប កាលពីឆ្នូ ឆ្នាំ២០២៣ មេដឹកនាំចិន រួមទាំងក្រុមមន្ត្រីចិនចង់ផ្ដោតជាសំខាន់លើផែនការរយៈពេលវែងសម្រាប់ទំនាក់ទំនងទ្វេភាគី ប៉ុន្តែ ប្រតិភូអឺរ៉ុបបែរជានិយាយដោយបើកចំហជាមួយការជំរុញឱ្យចិនប្រើឥទ្ធិពលសេដ្ឋកិច្ចលើរុស្ស៉ី ដើម្បីបិទបញ្ចប់ការឈ្លានពានរបស់មូស្គូនៅអ៊ុយក្រែនទៅវិញ។

គួរបញ្ជាក់ថា ចិនបានសម្លឹងឃើញជាយូរមកហើយថាសម្ព័ន្ធភាពត្រីភាគីរវាងជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គឺជាការគំរាមកំហែងដ៏ធំដល់សន្តិសុខរបស់ខ្លួន ហើយមានពេលខ្លះ មេដឹកនាំចិន បានព្យាយាមស្វែងរកការធានាពីទីក្រុងសេអ៊ូល និងទីក្រុងតូក្យូថាពួកគេនឹងមិនចូលរួមក្នុងសម្ព័ន្ធភាពបែបនេះទេ។ ជាផ្នែកមួយនៃការបញ្ចុះបញ្ចូល ចិនបានធ្វើការធានាថាខ្លួនបានត្រៀមលក្ខណៈជាស្រេច ក្នុងការដើរតួនាទីជាអ្នកថែរក្សាស្ថិរភាពក្នុងតំបន់អាស៊ីបូព៌ា ហើយសារមួយនេះត្រូវបានលើកឡើងម្ដងហើយម្ដងទៀត ក្នុងជំនួបជាមួយក្រុមមន្ត្រីជប៉ុន និងកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងជើងបាញ់បង្ហោះ ផ្កាយរណបស៊ើបការណ៍កាលពីខែវិច្ឆិកា ឆ្នាំមុន។ ក្នុងជំនួបនោះដែរ អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន (Park Jin) បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បញ្ចុះបញ្ចូល កូរ៉េខាងជើងឱ្យបញ្ឈប់សកម្មភាពបង្ករឿង និងត្រឡប់មករកកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរឡើងវិញ។

កាន់តែពិសេសទៅទៀត ទោះជាប្រទេសដទៃយល់ថាចិនមិនបានសមគំនិតក្នុងសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើងក៏ដោយ តែជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏អាចនឹងប្រើប្រាស់ទង្វើបង្ករឿង របស់ព្យុងយ៉ាង ជាហេតុផលបញ្ជាក់ពីភាពត្រឹមត្រូវ និងតម្រូវការចាំបាច់ដើម្បីពង្រឹងទំនាក់ទំនងយោធា ដែលមេដឹកនាំក្នុងទីក្រុងប៉េកាំងមិនសប្បាយចិត្ត ហើយចង់ឃើញនោះទេ។ ការទទួលស្គាល់របស់ចិន ពីផលវិបាកនៃទំនាក់ទំនងល្អូកល្អិនរវាងកូរ៉េខាងជើង និងរុស្ស៉ី បានបង្ហាញតាមរយៈការព្យាយាមរបស់ប៉េកាំងក្នុងការដកខ្លួននៅឆ្ងាយពីការខិតជិតគ្នារវាងប្រទេសទាំង២។ ក្នុងនោះ កាលពីចុងខែមករា ឆ្នាំ២០២៤ លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា លោកមិនបានដឹងនោះទេថាកូរ៉េខាងជើង និងរុស្ស៉ីកំពុងធ្វើកិច្ចសហប្រតិបត្តិការនឹង លើបញ្ហាយោធា។ ចិនក៏បានបដិសេធផងដែរចំពោះការដើរតួនាទីសម្របសម្រួលទំនាក់ទំនងរវាងរុស្ស៉ី និងកូរ៉េខាងជើង ហើយនៅពេលមូស្គូលើកឡើងថាកូរ៉េខាងជើង នឹងចូលរួមក្នុងសមយុទ្ធជើងទឹករួមគ្នា រវាងចិន និងរុស្ស៉ីដែរ ចិនមិនបានឆ្លើយតបអ្វីនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយចិនក៏មិនបានផ្ដោតជាសំខាន់លើគំនិតបង្កើតសម្ព័ន្ធភាពត្រីភាគីចិន រុស្ស៉ី និងកូរ៉េខាងជើងនោះដែរ។ នៅត្រង់នេះអ្វីដែលចិនចង់ប្រាប់ នោះគឺភាពជាដៃគូរបៀបនេះអាចនឹងត្រូវប្រព័ន្ធផ្សាយលោកខាងលិចយកទៅប្រើជាហេតុផលបញ្ជាក់ពីភាពត្រឹមត្រូវដែលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ត្រូវតែធ្វើកិច្ចសហប្រតិបត្តិការកាន់តែ ជិតស្និទ្ធ ហើយការធ្វើបែបនេះដែរនឹងបង្កទៅជាសង្រ្គាមត្រជាក់បែងចែកប្លុកសាជាថ្មី។ ចិននៅតែមើលឃើញផលប្រយោជន៍ពីទំនាក់ទំនងជាមួយកូរ៉េខាងជើង និងរុស្ស៉ី ប៉ុន្តែចិនក៏ព្រួយបារម្ភខ្លាំងដែរថា សកម្មភាពរបស់ព្យុងយ៉ាង និងមូស្គូ អាចនឹងធ្វើឱ្យចិនខាតបង់ ច្រើនជាងចំណេញ៕ ប្រភព៖ Fresh News

រូបភាពពី Reuters

អត្ថបទទាក់ទង