អ្នកនាំពាក្យក្រសួងការពារជាតិ៖ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) បានធ្វើដំណើរទៅកាន់គោលដៅចំនួន៤ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលស្ថានភាពសន្តិសុខតាមព្រំដែន និងផលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ
អ្នកនាំពាក្យក្រសួងការពារជាតិ៖ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) បានធ្វើដំណើរទៅកាន់គោលដៅចំនួន៤ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលស្ថានភាពសន្តិសុខតាមព្រំដែន និងផលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាវេលាម៉ោង ៤:០០ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា កម្មវិធីរយៈពេលមួយថ្ងៃពេញរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលមានតំណាងមកពី៦ប្រទេសចូលរួមក្នុងនោះរួមមាន៖ (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជាដែលមានសមាជិកសរុបចំនួន៧ប្រទេស បានធ្វើដំណើរទៅកាន់គោលដៅចំនួន ៤ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
លោកជំទាវឧត្តមសេនីយ៍ឯកបានបញ្ជាក់បន្ថែមថា គោលដៅទាំង៤នោះរួមមាន៖គោលដៅទី១គឺនៅយោធភូមិភាគទី៥ក្នុងខេត្តបាត់ដំបង គោលដៅទី២បានធ្វើដំណើរទៅច្រកបឹងត្រកួននៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គោលដៅទី៣គឺនៅច្រកអូរបីជាន់ស្ថិតក្នុងភូមិជោគជ័យស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ និងគោលដៅទី៤គឺច្រកប៉ោយប៉ែតស្ថិតក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍បន្ថែមថា ការចុះពិនិត្យដោយផ្ទាល់នេះគឺដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន និងផលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ និងស្ថានការណ៍ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង ១៣ ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការពារជាតិបានគូសរំលេចថា ស្របជាមួយសា្មរតីបទឈប់បាញ់យ៉ាងពេញលេញ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការសម្របសម្រួល និងសហការជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានដោយនៅថ្ងៃនេះក្រុមអ្នកសង្កេតការណ៍អន្តរកាលក៏បានអញ្ជើញទៅត្រួតពិនិត្យមើលទីតាំងមួយចំនួនសម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ប្រើប្រាស់នៅពេលចុះបំពេញការងារនៅក្នុងខេត្តបន្ទាយមានជ័យនាពេលខាងមុខ។
គួររំលឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលបញ្ជាក់សារជាថ្មីពីសារៈសំខាន់នៃការបង្កើតអ្នកសង្កេតការណ៍អន្តរកាលនេះ។ កម្ពុជាគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរពអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននិងពេញលេញនៃបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលមានអ្នកសង្កេតការណ៍ដោយ ប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន៕






