Grand News Asia Close

លិខិតមិត្តអ្នកអាន៖ ស្ថាបនិក «អរគុណសន្តិភាព» ស្ថាបនិកសន្តិភាព គឺតេជោសែន!

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ទំព័រវីដេអូ ទស្សនៈ-នយោបាយ 946


(ភ្នំពេញ)៖ ហេតុអ្វីបានជាត្រូវអរគុណសន្តិភាព?

អរគុណសន្តិភាព! ពាក្យនេះត្រូវបានសាទរយ៉ាងឱឡារិកដោយប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងប្រជាជននានានៅលើសកលលោក ហើយជាពិសេសនៅឆ្នាំ២០២៣នេះ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានដាក់ចេញនូវពាក្យមួយគឺ «របៀបវារៈថ្មីសម្រាប់សន្តិភាព» (New Agenda for Peace) ដោយបង្ហាញពីចក្ខុវិស័យពាក់ព័ន្ធនឹងរបៀបដែលសហគមន៍អន្តរជាតិអាចទប់ស្កាត់ជម្លោះ និងធ្វើឲ្យកាន់តែមានប្រសិទ្ធភាពនូវនិរន្តរភាពនៃសន្តិភាព នៅពេលដែលពិភពលោកកំពុងតែជួបប្រទះវិបត្តិច្រំដែល និងធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក។

តាមគេហទំព័ររបស់កម្មវិធីអភិវឌ្ឍ នៃអង្គការសហប្រជាជាតិ (UNDP) ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ «របៀបវារៈថ្មីសម្រាប់សន្តិភាព» ផ្តោតសំខាន់ទៅលើប្រាំចំណុច ដូចខាងក្រោម៖

* ពិភពលោកដែលកំពុងតែបែកបាក់កាន់តែខ្លាំង យើងត្រូវកសាងទំនុកចិត្ត សាមគ្កីភាព និងគណនេយ្យភាពឡើងវិញ។ វេទិកាដែលអាចធ្វើបានដូចជា «កិច្ចសន្ទនាអន្តរជាតិស្តីពីការកសាងសន្តិភាពនិងការកសាងរដ្ឋ» (IDPS)

* ការគាំទ្រភាពជាម្ចាស់របស់ប្រទេសដើម្បីការទប់ស្កាត់គឺជារឿងដ៏មានសារៈសំខាន់ជាងគេ

* ដំណោះស្រាយថ្មីគឺទាមទារសម្លេងថ្មីនៅលើតុធ្វើការសម្រេចចិត្ត

* ការរួមបញ្ចូលគ្នាគឺជាកត្តាសំខាន់បំផុតសម្រាប់រកបានសន្តិភាពនិងនិរន្តរភាពនិង

* ការទប់ស្កាត់ គួរតែជាគោលដៅសកលសម្រាប់គ្រប់ប្រទេស មិនសម្រាប់តែប្រទេសដែលមានជម្លោះនោះទេកត្តាទាំងនេះ សបញ្ជាក់ឲ្យឃើញនូវតម្លៃសន្តិភាពដែលយើងកំពុងមាន និងដែលកម្ពុជារកបានដោយកំរ តាមរយៈការលះបង់ដ៏ធំធេង និងច្រើនឥតគណនា។

ផ្ទុយទៅវិញជនអគតិមួយចំនួន ឬអ្នកដែលមិនបានឆ្លងកាត់មហាវិនាសកម្មនាសតវត្សរ៍ទី២០នៅកម្ពុជា បែរជាមិនគាំទ្រ និងរិះគន់ថាតើត្រូវអរគុណសន្តិភាពអីទៀត បើកម្ពុជាមានសន្តិភាពជាច្រើនឆ្នាំមកហើយ តាំងពីចុងឆ្នាំ១៩៩៨។ ការលើកឡើងបែបនេះ មិនខុសពីពាក្យចាស់ពោលថាបើស្រលាញ់ផឹកទឹកទន្លេក៏ផ្អែម ហើយបើស្អប់ស៊ីអំពៅក៏ជូរ។

ប្រទេសសេណេហ្គាល់ តែមួយប៉ប្រិចភ្នែកបានធ្លាក់ក្នុងវិបត្តិ និងអសន្តិសុខប្រទេសនេះដែលមានស្ថេរភាពនយោបាយតាំងពីឆ្នាំ១៩៦៣ និងត្រូវបានទទួលស្គាល់ថាជាគម្រូនៃប្រជាធិបតេយ្យនៅទ្វីបអាហ្រ្វិក ប៉ុន្តែនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Macky Sall បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅទូទាំងប្រទេស ដោយប្រកាសលើកពេលបោះឆ្នោតប្រធានាធីបតី ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ទៅពេលក្រោយ ដោយគ្មានពេលកំណត់ នៅតែប៉ុន្មានម៉ោងមុនពេលចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត។ ជាង៦០ឆ្នាំក្រោយមក ប្រទេសសេណេហ្គាល់បានស្គាល់បាតុកម្មដ៏ហិង្សាដោយក្រុមបាតុករដែលផ្ទុះកំហឹងយ៉ាងស្រួចស្រាវ និងសំដែងនូវភាពជូរចត់ចំពោះការលើកពេលបោះឆ្នោតប្រធានាធីបតី។ ភាពមិនច្បាស់លាស់ និងមិនពិតប្រាកដកំពុងតែគ្របដណ្តប់ពេញផ្ទៃប្រទេសនិងលាតសន្ធឹងហួសពីព្រំដែនប្រទេសទៅទៀត។

សង្រ្គាមរវាងអ៊ីស្រាអែល និងភេវរករហាម៉ាស នៅ៥០ឆ្នាំគត់ ក្រោយមកពិតជាគ្មាននរណាជឿទេថាសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស អាចផ្ទុះឡើងបានយ៉ាងសន្ធោសន្ធៅបែបនេះ។ អ៊ីស្រាអែលមានសន្តិភាពតាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៧៣ បើគិតទៅគឺ៥០ឆ្នាំគត់។

ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ កន្លះសតវត្សរ៍ក្រោយមក សង្រ្គាមបានផ្ទុះឡើងនៅពេលដែលអ៊ីស្រាអែល ជាពិសេសយុវវ័យ កំពុងតែអបអរសាទរបុណ្យឯករាជ្យ រាំលេងកំសាន្តសប្បាយ ក្នុងបរិយាកាសជឿជាក់ ហើយប្រជាជនអ៊ីស្រាអែល បានឱកាសឈប់សម្រាក។

បុគ្គលិកប្រចាំការត្រូវបានកាត់បន្ថយ ដោយលោកនាយករដ្ឋមន្រ្តី Benjamin Netanyhu ជឿជាក់ថានឹងមិនមានអ្វីកើតឡើងទេ ហើយក៏មិនបានចាប់អារម្មណ៍ទៅនឹងឯកសារនៃផែនការវាយប្រហាររបស់ហាម៉ាសកម្រាស់៤០ទំព័រដែរ បើតាមការអង្កេតមួយដែលចុះផ្សាយដោយកាសែតអាមេរិកាំង New York Times នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ថាអ្នកទទួលខុសត្រូវអ៊ីស្រាអែលបានដឹងផែនការនេះ ជិត១ឆ្នាំមុនមកម្ល៉េះ «ប៉ុន្តែថ្នាក់ដឹកនាំយោធា និងភ្នាក់ងារស៊ើបការអ៊ីស្រាអែល បានបដិសេធផែនការនេះ ដោយចាត់ទុកថាវាហួសហេតុពេក ហើយផែនការរបស់ហាម៉ាសពិតជាលំបាកអនុវត្ត»។

នៅរាត្រីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ៥០ឆ្នាំគត់ ភេវរករហាម៉ាសបានអនុវត្តផែនការឈ្មោះ «ជញ្ជាំង Jericho» របស់ខ្លួនគ្មានឲ្យខុសបន្តិចណាទេ បើតាមកាសែត New York Times ដដែលនេះ ដោយវាយប្រហារដោយគ្រាប់រ៉ុកកែត ប្រើដ្រូនកំទេចប្រព័ន្ធសុវត្ថិភាព កំទេច Dome de fer ដុំដែកការពារនិងកំទេចម៉ីស៊ីល និងក្រុមប្រយុទ្ធហាម៉ាសលោតឆ័ត្រ តាមរថយន្ត និងថ្មើជើង សម្រុកចូលជាពិសេសទៅកាន់ទីតាំងដែលយុវជនអ៊ីស្រាអែលកំពុងតែសប្បាយភ្លេចខ្លួន បំផ្លាញកាម៉េរ៉ាសុវត្ថិភាពយ៉ាងងាយស្រួល។ ហាម៉ាសបានសម្លាប់យុវជនអ៊ីស្រាអែលដោយគ្មានញញើតដៃ ចាប់រំលោភស្រ្តី បោះទារកជាល្បែងដូចលេងបាល់ទាត់មុននឹងសម្លាប់ ចាប់បងប្អូនអ៊ីស្រាអែលជាចំណាប់ខ្មាំង ព្រៃផ្សៃដូចសត្វតិរិច្ឆាន។

ចុះកម្លាំងសន្តិសុខអ៊ីស្រាអែលនៅឯណា កំពុងធ្វើអ្វី ហេតុអ្វីបានជាបណ្តោយឲ្យក្រុមភេវរករហាម៉ាសធ្វើអ្វីស្រេចតែចិត្ត ក្រែងនរណាក៏ដឹងដែរថាអ៊ីស្រាអែលខ្លាំងខាងយោធា និងមានរហូតដល់ Dome de fer ដែលជាដុំដែកការពារនិងកំទេចម៉ីស៊ីល មានប្រសិទ្ធិភាពការពាររហូតដល់៨០-៩០% ទៅទៀត? ស្អែកឡើង លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានកំណត់គោលដៅបី គឺកំទេចដល់ឫសគល់ពួកហាម៉ាស រំដោះជនដែលត្រូវបានចាប់ជំរិត និងរារាំងតំបន់ហ្គាស្សា កុំឲ្យគំរាមកំហែងដល់សន្តិសុខអ៊ីស្រាអែលទៀត។

តើអ៊ីស្រាអែលអាចធ្វើទៅរួចទេ តើក្រុមភេវរករហាម៉ាសការពារខ្លួនបែបណា តើសង្រ្គាមនេះអាចនឹងរាលដាលដល់ប្រទេសជិតខាងដែរឬទេ? តើអង្គការសហប្រជាជាតិអាចធ្វើអ្វីបាននៅចំពោះការប្រយុទ្ធគ្នាដ៏ស្រួចស្រាវនេះ? សង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែនផ្ទុះឡើង នៅថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២ អស់រយៈពេលជាងពីរឆ្នាំហើយ ដែលសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែនបានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅនៅមាត់ច្រកទ្វារនៃទ្វីបអ៊ឺរ៉ុប ដែលធ្វើឲ្យសហគមអ៊ឺរ៉ុបទាំង២៧ប្រទេស ត្រូវរួបរួមគ្នា ពីព្រោះថាភ្លើងសង្រ្គាមបាននិងកំពុងឆាបឆេះនៅជាប់នឹងរបងផ្ទះ បើមិនជួយពន្លត់ទេ សង្រ្គាមនឹងរីករាលដាលដល់ផ្ទះខ្លួន។

ហេតុផលនៃសង្គ្រាមនេះ ត្រូវបានអ្នកវិភាគភូមិសាស្រ្តនយោបាយជាច្រើនរូបបានកត់សម្គាល់មូលហេតុជាច្រើន ក្នុងនោះហេតុផល១នៃការផ្ទុះសង្រ្គាមនេះគឺការព្រងើយកន្តើយរបស់សហភាពអ៊ឺរ៉ុប និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ)ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងរវាងអតីតសហភាពសូវៀតនិងសហរដ្ឋអាមេរិក ដែលចុះហត្ថលេខាដោយលោក Mikhail Gorbachev និងលោក Ronald Regan នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៨៧ គឺការមិនពង្រីកខ្លួនរបស់ណាតូ មកកាន់ភាគខាងកើត នៃទ្វីបអ៊ឺរ៉ុបដែលក្នុងនោះមានអ៊ុយក្រែន។

ប៉ុន្តែអ៊ុយក្រែនបានព្យាយាមក្លាយជាសមាជិកសហភាពអ៊ឺរ៉ុប និងណាតូ ដែលជាជាការគំរាមកំហែងដល់សន្តិសុខរបស់រុស្សី ហើយការក្លាយជាសមាជិកណាតូ មាត្រា៥ដែលជាកូនសោនៃសន្ធិសញ្ញាណាតូចែងថា «ប្រសិនបើសម្ព័ន្ធមិត្តណាតូ ជាជនរងគ្រោះនៃការវាយប្រហារដោយប្រដាប់អាវុធ សមាជិកម្នាក់ៗនៃសម្ព័ន្ធមិត្តនឹងចាត់ទុកអំពើហឹង្សានេះ ថាជាការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងសមាជិកទាំងអស់ ហើយនឹងចាត់វិធានការដែលខ្លួនយល់ថាចាំបាច់ ដើម្បីជួយសម្ព័ន្ធមិត្តដែលបានវាយប្រហារ»។

បើយ៉ាងដូច្នេះ តើសង្រ្គាមលោកលើកទីបីអាចនឹងកើតឡើងដែរឬទេ? ចំពោះចំណុចនេះ យើងគួររំលឹកនូវអ្វីដែលលោក Ronald Regan និយាយទៅកាន់លោក Mikhail Gorbachev៖ «សហរដ្ឋអាមេរិកនិងសហភាពសូវៀត គឺជាប្រទេសមហាអំណាចដ៏ធំពីរនៅលើភពផែនដី។ មានតែប្រទេសតែពីរនេះទេដែលអាចចាប់ផ្តើមសង្រ្គាមលោកលើកទីបី ហើយក៏ជាប្រទេសតែពីរគត់ដែលអាចនាំមកនូវសន្តិភាពជូនពិភពលោក»។

ប៉ុន្តែ តាមការវិវត្តន៍ និងការសង្កេតជាទូទៅ អ្វីៗមានការប្រែប្រួល ហើយពិភពលោកបានផ្លាស់ប្តូរ អាមេរិកលែងជាកងរាជអាវុធហត្ថពិភពលោកទៀតហើយ ពិភពលោកបានបែងចែកជាប៉ូលច្រើន ក្នុងទំនាស់ផលប្រយោជន៍ និងភូមិសាស្ត្រនយោបាយ។

ជារួមប្រទេសនីមួយៗសុទ្ធតែមានបញ្ហារៀងៗខ្លួន ហើយបើដឹងអញ្ចឹងដែរ ហេតុអ្វីប្រទេសខ្លះ ឬអ្នកខ្លះ ចូលចិត្តឈឺឆ្អាលនឹងរឿងគេខ្លាំងម្ល៉េះ ឬឆ្នាំងមិនក្តៅ ក្តៅគ្រប?

តាមទំព័រព័ត៌មានសង្គមកម្ពុជា មួយថ្ងៃៗឮតែពាក្យឈ្លោះគ្នា រិះគន់គ្នាឥតសំចៃថាអ្នកនេះមិនកើត អ្នកនោះមិនកើត កើតតែខ្លួនឯង ប្រទេសជិតខាងគេធ្វើអញ្ចេះ កម្ពុជាបាត់បង់នេះ បាត់បង់នោះ ត្រូវទាមទារយកមកវិញ នៅពេលដែលអ្នកជិតខាង គេហាក់ដូចជាមិនដូចយើង គេរវល់ណាស់ គេរវល់អភិវឌ្ឍប្រទេសគេ។ បើនៅតែបែបនឹង តើពេលណាទើបចប់ តើពេលណាទើបយើងដើរទាន់គេ? បើឈប់បាន ឈប់ទៅ វាគ្មានចំណេញអ្វីទេក្រៅតែពីបន្សល់ទុកមរតកមិនល្អដល់កូនចៅជំនាន់ក្រោយ។

អញ្ចឹងហើយបានជារាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកយកទស្សនៈដ៏ល្បីរបស់លោក Winston Churchill អតីតនាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស៖ «អ្នកនឹងមិនទៅដល់គោលដៅរបស់អ្នកទេ ប្រសិនបើអ្នកឈប់ ហើយគប់ដុំថ្មទៅគ្រប់ឆ្កែដែលព្រុស – You will never reach your destination if you stop and throw stones at every dog that barks.»។ គោលដៅរបស់កម្ពុជា គឺដំណើរឆ្ពោះទៅប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍ នៅឆ្នាំ២០៥០។

អរគុណសន្តិភាព!

ដោយ៖ ខាល(KARL)

អត្ថបទទាក់ទង