Grand News Asia Close

សម្ដេចធិបតីអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះចៅ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 264
សម្ដេចធិបតីអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះចៅ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី សម្ដេចធិបតីអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះចៅ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី

នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះអង្គចៅ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។

ក្នុងព្រះរាជសវនាការនេះ ព្រះចៅ Sultan Ibrahim ibni Almarhum Sultan Iskandar បានសម្តែងនូវការសព្វព្រះរាជហឫទ័យចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសម៉ាឡេស៊ី និងបានផ្តាំផ្ញើព្រះរាជបណ្តាំសួរសុខទុក្ខថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ ព្រះចៅស៊ុលតង់ អ៉ីប្រាហ៉ីម ក៏បានសម្តែងនូវព្រះរាជហរទ័យរីករាយ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី និង ប្រទេសកម្ពុជា។

សម្តេចធិបតី បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ ថ្វាយព្រះចៅ ស៊ុលតង់ អ៉ីប្រាហ៉ីម ដែលបានរាជានុញ្ញាតឱ្យសម្តេចធិបតី បានចូលក្រាបថ្វាយបង្គំគាល់ និងបានថ្វាយនូវព្រះរាជបណ្តាំសួរសុខទុក្ខរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថ្វាយព្រះចៅសុលតង់ អ៉ីប្រាហ៉ីម ផងដែរ។ បន្ថែមពីនេះ សម្តេចធិបតី ក៍បានទូលថ្វាយព្រះចៅស៊ុលតង់ អ៉ីប្រាហ៉ីម អំពីការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៥ ក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ និងបានទូលថ្វាយព្រះចៅស៊ុលតង់ អ៉ីប្រាហ៉ីម អំពីលទ្ធផលនៃ ជំនួបទ្វេភាគីរវាងសម្តេចធិបតី និងនាយករដ្ឋមន្ត្រី ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម កាលពីព្រឹកម៉ិញនេះ ដែលក្នុងនោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យជាច្រេីន រួមមាន៖ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យការពារជាតិនិងសន្តិសុខ និងវិស័យអប់រំនិងបណ្តុះបណ្តាល ជាដើម ៕

 

អត្ថបទទាក់ទង