វិភាគអន្តរជាតិ៖ តើជប៉ុន និងកូរ៉េខាងជើង អាចមានអនាគតថ្មីរួមគ្នា ដែរឬទេ?
(ហុងកុង)៖ ក្រុមអ្នកវិភាគបាននិយាយថាកិច្ចប្រជុំកំពូលមួយរវាងជប៉ុន និងកូរ៉េខាងជើង នឹងក្លាយជាកិច្ចប្រជុំគ្មានន័យ ប្រសិនបើទីក្រុងព្យុងយ៉ាង បដិសេធដោះស្រាយ បញ្ហាចាប់ពង្រត់ពលរដ្ឋជប៉ុន ជាពិសេសក្នុងពេលដែលលោកនាយករដ្ឋមន្ត្រី ហ្វូមីអុ គីស៊ីដា (Fumio Kishida) កំពុងប្រឹងប្រែងស្ដារប្រជាប្រិយភាពរបស់លោក នៅក្នុងស្រុក។
លោក គីស៊ីដា ក្នុងខែកុម្ភៈនេះបាននិយាយទៅកាន់សភាជាតិថាវាពិតជាមានសារៈសំខាន់ណាស់សម្រាប់លោក ក្នុងការផ្ដួចផ្ដើមគំនិតកសាងទំនាក់ទំនងកម្រិតខ្ពស់ ជាមួយកូរ៉េខាងជើង ក្នុងនោះមានទាំងកិច្ចប្រជុំជាមួយមេដឹកនាំលោក គីម ជុងអ៊ុនផងដែរ។ ជាការឆ្លើយតប ប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូជុង បានលើកឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈថាទីក្រុងព្យុងយ៉ាង និងទីក្រុងតូក្យូ អាចមានអនាគតថ្មីមួយរួមគ្នា អាស្រ័យទៅលើសកម្មភាពរបស់ជប៉ុន។ អ្នកនាង បន្ថែមថាកិច្ចប្រជុំមួយអាចនឹងធ្វើទៅកើត ទាល់តែជប៉ុនដកចោលនូវរនាំងឧបសគ្គសម្រាប់កិច្ចចរចា តួយ៉ាងដូចជាសំណុំរឿងចាប់ពង្រត់ជនជាតិជប៉ុនដែលព្យុងយ៉ាង អះអាងថាបានដោះស្រាយរួចហើយ។
ជំនួបលើកចុងក្រោយបំផុតរវាងមេដឹកនាំជប៉ុន និងមេដឹកនាំកូរ៉េខាងជើង បានធ្វើឡើងកាលពីឆ្នាំ២០០៤ នៅពេលអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Junichiro Koizumi បានជួបជាមួយលោក Kim Jong-il ជាឪពុកបង្កើតរបស់លោក គីម ជុងអ៊ុន ជាលើកទី២ ក្នុងទីក្រុងព្យុងយ៉ាង។ លោក Ryo Hinata-Yamaguchi ជាសាស្ត្រាចារ្យរងម្នាក់ ផ្នែកទំនាក់ទំនងអន្តរជាតិ មកពីសាកលវិទ្យាល័យតូក្យូ (University of Tokyo) យល់ថាកិច្ចប្រជុំកំពូលរវាងជប៉ុន និងកូរ៉េខាងជើងទំនងជាមិនអាចកើតឡើងទេ ហើយ បើកើតឡើង ក៏គ្មានបានផលអ្វីដែរ ប្រសិនបើកិច្ចប្រជុំនោះមិនបានលើកយកបញ្ហាសំខាន់ៗមួយចំនួនដូចជាការចាប់ពង្រត់ជនជាតិជប៉ុនដោយចារកម្មកូរ៉េខាងជើង និងការគំរាមកំហែងនុយក្លេអ៊ែរ រួមទាំងមីស៊ីលបង្កឡើងដោយកូរ៉េខាងជើង ទៅពិភាក្សាទេនោះ។ ដ្បិតសម្រាប់រដ្ឋាភិបាលជប៉ុន កិច្ចប្រជុំកំពូលអាចនឹងធ្វើទៅកើត ទាល់តែមានភាពរីកចម្រើនលើបញ្ហាទាំងនេះសិន។
ចាប់ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨៣ ពលរដ្ឋជប៉ុនជាច្រើននាក់ត្រូវបានរាយការណ៍ថាត្រូវបានចាប់ពង្រត់ចេញពីប្រទេសជប៉ុន ដោយចារកម្មកូរ៉េខាងជើង ដើម្បីឱ្យពួកគេ បង្រៀនភាសាជប៉ុន និងវប្បធម៌ នៅតាមសាលាចារកម្មក្នុងប្រទេសកូរ៉េខាងជើង។ កូរ៉េខាងជើងធ្លាប់បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែអំឡុងជំនួបរវាងលោក Koizumi និងលោក Kim Jong-il កាលពីឆ្នាំ២០០២ ទីក្រុងព្យុងយ៉ាងបានទទួលស្គាល់ការចាប់ពង្រត់ពលរដ្ឋជប៉ុនយ៉ាងហោច ១៣នាក់ ជាមួយការសូមទោសដោយផ្ទាល់មាត់ និងបានដោះលែងអ្នកដែលត្រូវបានចាប់ពង្រត់៥នាក់។
កាលពីដើមខែកុម្ភៈនេះ កូរ៉េខាងជើងបានបង្កើនការធ្វើតេស្ដមីស៊ីលគ្រូសចូលសមុទ្រជាបន្តបន្ទាប់។ សម្រាប់លោក Hinata-Yamaguchi ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង មានមួយផ្នែកអាចជាការធ្វើតេស្ដលើប្រតិកម្មរបស់ជប៉ុន ហើយចង់ព្យាយាមបំបែកបំបាក់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងដែលបានបង្ហាញពី កិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធនឹងគ្នាកាលពីឆ្នាំមុន។ ទីក្រុងវ៉ាស៊ីនតោន តូក្យូ និងទីក្រុងសេអ៊ូលបានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងរយៈពេលប៉ុន្មាន ខែថ្មីៗនេះ ក្នុងនោះរួមមានទាំងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ជាមួយការដឹកនាំការធ្វើសមយុទ្ធទ័ពអាកាសរួមគ្នាត្រីភាគីជាលើកដំបូងកាលពីខែតុលា ឆ្នាំ២០២៣។ រហូតដល់ខែធ្នូ ឆ្នាំដដែល ប្រទេសទាំង៣បានបង្កើតប្រព័ន្ធចែករំលែកព័ត៌មានជុំវិញការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង ខណៈទីប្រឹក្សាសន្តិសុខជាតិ នៃប្រទេសទាំង៣ បានអំពាវនាវឱ្យអន្តរជាតិដាក់សម្ពាធលើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ មីស៊ីល ការវាយប្រហារព័ត៌មានវិទ្យា និងការផ្ទេរអាវុធដោយកូរ៉េខាងជើងទៅឱ្យរុស្ស៉ី។
លោកស្រី Yuko Nakano ជាអ្នកជំនាញម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយថា កូរ៉េខាងជើងប្រហែលជាកំពុងធ្វើតេស្ដថាតើជប៉ុនបានត្រៀមលក្ខណៈ ឬមានឆន្ទៈដល់កម្រិតណាចំពោះការរៀបចំកិច្ចប្រជុំកំពូល។ ប៉ុន្តែ លោកស្រីជឿថាកិច្ចប្រជុំទំនងជានឹង មិនអាចកើតឡើងទេ ប្រសិនបើបញ្ហាចាប់ពង្រត់ត្រូវបានដកចេញពីតុចរចា។ តាមលោកស្រី Nakano វាអាចទៅរួចថារដ្ឋាភិបាលជប៉ុននឹងសម្របសម្រួលមួយចំនួន នៃកិច្ចព្រមព្រៀងលើបញ្ហាជាមួយកូរ៉េខាងជើង ដើម្បីជំរុញឱ្យកិច្ចចរចាដំណើរការទៅមុខ។ ប៉ុន្តែមុននឹងមានកិច្ចព្រមព្រៀងណាមួយ ទាល់តែមានការដោះស្រាយក្ដីកង្វល់ របស់គ្រួសារសាច់ញាតិអ្នកដែលត្រូវគេចាប់ពង្រត់ និងផ្ដល់ការពិតឱ្យពួកគេជាមុនសិន។ ដោយលើកឧទាហរណ៍នៃអត្រាប្រជាប្រិយភាពរបស់លោក Koizumi បានកើនឡើង១០ពិន្ទុ នៅក្រោយពេលជួបជាមួយលោក Kim Jong-il លោកស្រី Nakano បានបញ្ជាក់ថាកិច្ចប្រជុំអាចនឹងផ្ដល់ផលវិជ្ជមានដល់ប្រជាប្រិយភាពក្នុងស្រុក របស់លោក Kishida ចាំបាច់ត្រូវតែមានការសម្រេចបាននូវលទ្ធផលផ្លែផ្កា ជាពិសេសគឺពាក់ព័ន្ធនឹងបញ្ហាចាប់ពង្រត់។
អ្នកជំនាញទំនាក់ទំនងអន្តរជាតិផ្សេងទៀតដូចជាលោក Ra Mason យល់ថាដោយសារតែធ្លាប់មានបទពិសោធន៍ជារដ្ឋមន្ត្រីការបរទេស ការប្រើប្រាស់ការបង្ហាញភាពជា មេដឹកនាំនៅលើឆាកអន្តរជាតិ ដើម្បីជំរុញប្រជាប្រិយភាពនៅក្នុងស្រុក អាចជាជម្រើសចុងក្រោយរបស់លោក Kishida ។ តែទោះជាបែបនេះក្ដី បញ្ហាសេដ្ឋកិច្ច និងរឿងអាស្រូវ នៅក្នុងរដ្ឋាភិបាលរបស់លោក Kishida មានន័យថាការទាញបានសម្បទានធំណាមួយ ឬការផ្លាស់ប្ដូរគោលនយោបាយពីភាគីកូរ៉េខាងជើង ទំនងមិនអាចប៉ះប៉ូវការធ្លាក់ចុះ ប្រជាប្រិយភាពរបស់លោកបានឡើយ។ ការស្ទង់មតិមួយកាលពីថ្ងៃចន្ទ ១៩ ខែកុម្ភៈចេញផ្សាយដោយកាសែត Mainichi បានឱ្យដឹងថា ៨២ភាគរយ នៃអ្នកដែលត្រូវបាន សាកសួរ បាននិយាយថាពួកគេមិនពេញចិត្តចំពោះការដឹកនាំនៃគណៈរដ្ឋមន្ត្រីរបស់លោក Kishida ទេ ដែលនេះគឺជាការធ្លាក់ចុះប្រជាប្រិយភាពដ៏អាក្រក់បំផុតសម្រាប់ នាយករដ្ឋមន្ត្រីជប៉ុនម្នាក់ ចាប់តាំងពីកាសែតមួយនេះចាប់ផ្ដើមធ្វើការស្ទង់មតិរបៀបនេះក្នុងឆ្នាំ១៩៤៧មក។
បើតាមលោក Mason ខណៈកំពុងពង្រឹងសមត្ថភាពយោធា កូរ៉េខាងជើងក៏ត្រូវការការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែរ ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម ពីព្រោះថា គោលដៅចម្បងរបស់កូរ៉េខាងជើង នោះគឺការរស់រានមានជីវិតនៃរបបដឹកនាំគ្រួសាត្រកូលគីម។
គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០២៣ ជាការឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលឥតឈប់ឈររបស់កូរ៉េខាងជើង ជប៉ុនបានពង្រីកការដាក់ទណ្ឌកម្មរបស់ខ្លួន ប្រឆាំងកូរ៉េខាងជើង ក្នុងនោះរួមមានការហាមឃាត់ការធ្វើពាណិជ្ជកម្មទាំងអស់ជាមួយព្យុងយ៉ាងរយៈពេល២ឆ្នាំ។ ដោយសំអាងថាការអត្ថាធិប្បាយរបស់អ្នកនាង គីម យ៉ូជុង មិនមានពាក្យសន្យាធ្វើឱ្យទំនាក់ទំនងល្អប្រសើរឡើង លោក Hinata-Yamaguchi បានបន្ថែមថាខណៈទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើងជារឿងសំខាន់ក៏ពិតមែន តែវា មិនមែនជាមធ្យោបាយ ហើយក៏មិនអាចដោះស្រាយបញ្ហាជាច្រើនពាក់ព័ន្ធនឹងកូរ៉េខាងជើងនោះដែរ។ «កិច្ចសន្ទនាជាមួយកូរ៉េខាងជើង ត្រូវតែធ្វើឡើងដោយមានយុទ្ធសាស្ត្រ និងចក្ខុវិស័យត្រឹមត្រូវ»។ នេះបើតាមលោក Hinata-Yamaguchi៕ ប្រភព៖ Fresh News