Grand News Asia Close

ស្វែងយល់៖ ពិធីបុណ្យមាឃបូជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណេះដឹងទូទៅ ទំព័ររូបថត វប្បធម៌ & ប្រវត្តិសាស្រ្ដ 1214
ស្វែងយល់៖ ពិធីបុណ្យមាឃបូជា ស្វែងយល់៖ ពិធីបុណ្យមាឃបូជា

មាឃបូជា ជា​ពីធី​បុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា ដែល​រួម​មាន: មាឃបូជា ពិសាខបូជា អាសាឍបូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)។ បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ងទី ១៥​កើត ខែមាឃ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែគត់។

ការ​បង្កើត​ព្រះពុទ្ធសាសនា ក្នុង​ឋានៈ​ជា​អង្គ​ការ​សាសនា​មួយ​នេះ ធ្វើ​ឡើង​នៅ ក្នុង​ចំណោម ព្រះ​សង្ឃ​ចំនួន ១២៥០ អង្គ ជា​សមាជិក ក្នុង​អង្គមហាសន្និបាត​មួយ ដែល​បាន​និមន្ត​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ ។ នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បាន​ប្រកាស​នៅ​គោល​ការណ៍ ចំនួន​១១ ប្រការ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត ទាំង​អស់​កាន់​យក​ជា​វិថីជីវិត និង​សម្រាប់​យក​ទៅ ផ្សព្វផ្សាយ ដល់​ជន​​ដទៃ​ទៀត ឲ្យ​បាន​យល់​ពី ពុទ្ធសាសនា ។ គោល​ការណ៍ ទាំង​១១​ប្រការ​នេះ មាន​ឈ្មោះ​ជា​ភាសា​បាលី​ថា “ឱវាទ​បាដិមោក្ខ” ដែល​ពុទ្ធសាសនិក​ជន​ម្មាក់​ៗ ត្រូវ​យក​មក សិក្សា​ឲ្យ យល់​ដឹង និង​អនុវត្ត​ដូច​ត​ទៅ :

គោល​បំណងៈ គោល​បំណង​របស់​របស់ ព្រះពុទ្ធសាសនា ឬ​ក៏​ដូច​ជា គោល​បំណង​របស់ ពុទ្ធសាសនិក​ម្នាក់​ៗ គឺ សែ្វង​រកនិព្វាន​ដែល​ប្រែថា​សភាវ​ប្រាស​ចាក ទុក្ខ​មិន​មាន សេចក្តី​ទុក្ខ មិន​មាន​បញ្អា នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន ពាក្យ​និព្វាន​​នេះ មាន​ន័យ​ស្មើ​និង ពាក្យ​ថា “សន្តិ “ដែល​ប្រែ​ថា” សេច​ក្តី​ស្ងប់ ” ។

យើង​អាច​និយាយ​ថា គោល​បំណង របស់​ព្រះពុទ្ធសាសនា គឺ​ការ​បង្កើត​ឡើង​នូវ សន្តិភាព ក្នុង​ដួង​ចិត្ត​នេះ​ដែរ ក៏​ជា​មូលដ្ឋានគ្រឹះ​នៃ សន្តិភាព​ក្នុង​សង្គម ដែល​ខ្លួន​រស់​នៅ​ផង។ ការ​កាន់​ព្រះពុទ្ធសាសនា គឺ​ជា​ការ​ប្រឹង​ប្រែង ដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួន និង​ចូល​រួម​ចំណែក​ដល់ សន្តិភាព​សង្គម និង​ពិភព​លោក នេះ​ជា​កាតព្វ​កិច្ច ដែល​ពុទ្ធសាសនិក​ម្នាក់​ៗ ត្រូវ​ប្រឹងប្រែង ធ្វើ​អោយ​សម្រេច ។

គោលដៅ : សន្តិភាព ប្ញនិញ្វន មិន​មែន​កើត​ឡើង​ដោយ​ការ​សុំ​បន់​ស្រន់​បួង​សួង​ទេ និង​ក៏​មិន​អាច​កើត ឡើង​ដោយ​សារ​ផ្តល់ ឬ​ប្រទាន​ឲ្យ ដោយ​ចិត្ត​ស្រឡាញ់ មេត្តា​របស់ អាទិទេព ឬ​ព្រះជាម្ចាស់ អង្គ​ណា​មួយ​ឡើយ សន្តិភាព​នេះ កើត​ដោយ​សារ​ការ​សន្សំ របស់​សកម្មភាព​៣​យ៉ាង​គឺ:
– ការ​មិន​ធ្វើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ និង​ការពារ​អំពើ​អាក្រក់​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់​នៅ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។
– ការ​ធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អ​ឲ្យ ស្ថិត​សេ្ថរ​គង់​វង្ស​ក្នុង ជីវិត​រស់​នៅ​ប្រចាំ​ថៃ្ង ទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី ។
– ពង្រឺង​ចិត្ត​ដែល​ជាមូល​ដ្ឋាន​នៃ​អំពើ ដោយ​​កម្ចាត់​កិលេស ឬ​មេរោគ​ដែល​តោង ចិត្ត​ឲ្យ​អស់​ទៅ រហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធ មិន​មាន​សភាវៈ​អាក្រក់​ស្ថិត​នៅ។

លក្ខណៈ​របស់​ព្រះពុទ្ធសាសនិកជន ៖
លក្ខខណ្ឌទី១៖ មាន​ការ​អត់​ធ្មត់​ក្នុង​ការ​ធ្វើ​អំពើ​ល្អ និង កម្ចាត់​អំពើ​អាក្រក់។
លក្ខខណ្ឌទី២៖ មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​រស់​នៅ។
លក្ខខណ្ឌទី៣៖ មិន​ប្រើ​ពាក្យ​បៀត​បៀន​និង​តិៈ​ដៀល​អ្នក​ដទៃ។
លក្ខខណ្ឌទី៤៖ រក្សា​សីល រស់​នៅ​ក្នុង​ច្បាប់ យក​ច្បាប់​ជា​ធំ។
លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់​វត្ថុ​ទាំង​ទ្បាយ​ដោយ​សន្សំ​សំចៃ​និង​ស្គាល់​ប្រមាណ។
លក្ខខណ្ឌទី៦៖ ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់ និង បង្កើត​បរិយាកាស​ស្ងប់ស្ងាត់។
លក្ខខណ្ឌទី៧៖ មាន​សេចក្តី​ព្យាយាម​ក្នុង​ការ​សម្អាត​ចិត្ត ធ្វើ​ឲ្យ​ចិត្ត​មាន​សមាធិ។

មេរៀន​ពី​បុណ្យមាឃបូជា ៖​ថៃ្ង​នេះ​ជា​ថៃ្ង​ដែល ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រកាស​គោល​ការណ៍​ទាំង​១១ ប្រការ​នេះ សម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យក​ទៅ​ប្រើប្រាស់ៈ

ចំណុច១៖ ក្នុង​ឋានៈ​ជា​បរិស័ទ ការ​អនុវត្តន៍​តាម​ប្រការ​ទាំង​១១​នេះ នឹង​នាំ​ទៅ​​រក​សន្តិភាព​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ។
ចំណុច២៖ ក្នុង​ឋានៈ​ជា​ពលរដ្ឋ ក្នុង​សង្គម​ការ​មាន គោល​បំណង រួម​មាន​គោលដៅ​ដូច​គ្នា និង​ការ​ប្រព្រឹត្ត​ប្រហាក់​ប្រហែល​គ្នានេះ នឹង​អាច​នាំ​មក​នូវ សន្តិភាព និង ការ​អភិវឌ្ឍន៍​ដែល​ប្រកប​ដោយ​និរន្តភាព។
ចំណុច៣៖ ក្នុង​ឋានៈ​ជា​ក្រុម​បក្ស​នៅ ក្នុង​សង្គម ឬ​ប្រទេសជាតិ​មួយ ដែល​ព្យាយាម សែ្វង​រក​នូវ​ឱកាស ដើម្បី​រក្សា​សន្តិភាព និង​ជំរុញ​ដល់ ការ​អភិវឌ្ឍន៍ដល់ ប្រទេសជាតិ​តែ​ឯង​នោះ ការ​គោព​តាម​គោល​ការណ៍​ទាំង ១១​ប្រការ​នេះ នឹង​កាត់​បន្ថយ​បាននូវ​អស្ថិរភាព ជម្លោះ និងអំពើ ហិង្សា ដែល​កើត​មក​ពី​ការ​ប្រកូត​ប្រជែង​គ្នា​បាន។
ចំណុច៤៖ ក្នុង​ឋានៈ​ជា​អ្នក​ផ្សាយ​សាសនា ការ​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នេះ នឹង​នាំ​ឲ្យ​មាន​ការ​យោគយល់​ការ​ផ្តល់​កិត្តិយស ដល់​គ្នា​និង​គ្នា និង​ការ​រស់​នៅ​ជុំគ្នា ក្នុង​ឋានៈ​ជា​មនុស្សជាតិ​បាន បើ​ទោះ​ជា​មាន សាសនា​ខុស​គ្នា​ៗ​ក៏ ដោយ។
ចំណុច​៥៖ ក្នុង​ឋានៈ​ជា​អន្តរជាតិ ការ​គោរព​តាម​គោលការណ៍​នេះ នឹង​នាំ​មក​នូវ​និរន្តរភាព របស់​មនុស្ស​ជាតិ បរិស្ថាន​ធម្មជាតិ ពិភព​សត្វ និង​អាកាសធាតុ​ដ៏​យូរ​អងែ្វង​បាន ដោយ​មិន​បាច់ ព្រួយ​បារម្ភ​ក្នុង​ការ​ដណ្តើម​គ្នា ដើម្បី​រស់​ឡើយ។

សង្ឃឺមថា យើង​ម្នាក់​ៗ​អាច​ទាញ​យក​ប្រយោជន៍​បាន​ខ្លះ​ពី​ថៃ្ង​មាឃបូជា​នេះ នឹង​អញ្ជើញ​នាំ​គ្នា​ធ្វើ​បុណ្យទាន​រក្សាសីល និង​សមាធិ​សម្អាត​ចិត្ត របស់​ខ្លួន​ក្នុង​ថៃ្ងនេះ ដើម្បី​បូជា និង រំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើត ព្រះពុទ្ធសាសនា​សម្រាប់​ជា​មាគ៌ា‌​ជីវិត​ដល់​ពួក​យើង​ទាំង​អស់​គ្នា។

ដកស្រង់ពី ប្រភព
ដោយ៥០០០ឆ្នាំ

អត្ថបទទាក់ទង