សូមអញ្ជើញទស្សនាវីដេអូ៖ ឆន្ទៈដ៏មោះមុតនិងការគាំពារពលករខ្មែរក្នុងកាលៈទេសៈដ៏លំបាករបស់ជាតិ
លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ចេញវីដេអូ មានរយៈពេល១២នាទី និង២៦វិនាទី មានចំណងជើងថា៖ ឆន្ទៈដ៏មោះមុតនិងការគាំពារពលករខ្មែរក្នុងកាលៈទេសៈដ៏លំបាករបស់ជាតិ ។
នៅក្នុងព្យុះភ្លៀងនៃវិបត្តិនិងការធ្វើមាតុភូមិនិវត្តន៍ ប្រវត្តិសាស្ត្រតែងតែរំលឹកយើងថា «សាមគ្គីភាព និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគុណធម៌ គឺជាខែលការពារដ៏រឹងមាំបំផុតរបស់ប្រជាជាតិ»។ នៅក្នុងកាលៈទេសៈដ៏ស្រួចស្រាលនៃការរំលោភបំពានលើបូរណភាពទឹកដី និងការឈ្លានពានដោយអាវុធពីភាគីថៃ បងប្អូនពលករខ្មែររាប់សែននាក់ បានប្រឈមនឹងការភ័យខ្លាច ការរើសអើង និងការបង្ខំចិត្តចាកចេញពីទីកន្លែងដែលធ្លាប់ប្រកបមុខរបរនិងធ្វើការងារ។
ចាប់ពីថ្ងៃទី៨ ខែមិថុនា រហូតដល់ដំណាច់ឆ្នាំ២០២៥ កម្ពុជាបានទទួលស្វាគមន៍កូនចៅរបស់ខ្លួនវិញប្រមាណជាង ៩៥ម៉ឺននាក់។ នេះមិនមែនត្រឹមតែជាតួលេខនៃអ្នកធ្វើដំណើរនោះទេ ប៉ុន្តែវាគឺជាការធ្វើមាតុភូមិនិវត្តន៍ដ៏ធំធេងបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើប ដែលទាមទារនូវស្មារតីទទួលខុសត្រូវខ្ពស់បំផុតពីរាជរដ្ឋាភិបាល។ ម៉្យាងវិញទៀត នេះគឺជាជីវិតជាក់ស្តែង ជាក្តីសង្ឃឹម ជាក្តីបារម្ភរបស់ម្តាយ ជាការរំពឹងរបស់កូន និងជាក្តីស្រមៃរបស់គ្រួសារខ្មែរ។
នៅចំពោះមុខការប្រឈមដ៏លំបាកនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈជាសេនាធិការ បានដាក់ចេញនូវយុទ្ធសាស្ត្រអន្តរាគមន៍ ៤ ដំណាក់កាលយ៉ាងច្បាស់លាស់ ទាំងសកម្មនិងបុរេសកម្មក្នុងការដោះស្រាយវិបត្តិមនុស្សធម៌នេះ។
កម្ពុជាបានបង្ហាញពិភពលោកថា «ទោះក្នុងស្ថានភាពសង្គ្រាមឈ្លានពាន ឬទោះស្ថិតក្នុងវិបត្តិការងារយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែរឹងមាំ ធន់ ម្ចាស់ការ និងមានព្រហ្មវិហារធម៌ចំពោះប្រជាពលរដ្ឋខ្លួន ដែល ប្រការនេះហើយបានផ្តល់និងជំរុញសន្ទុះទឹកចិត្តនិងស្មារតីរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការបន្តផ្តល់នូវការជឿជាក់ ទុកចិត្ត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ដើម្បីរក្សាការពារនូវសុខសន្តិភាព បូរណភាពទឹកដី និងវឌ្ឍនភាពនៃមាតុភូមិយើង»។
សូមទស្សនាវីដេអូទាំងស្រុង៖





