Grand News Asia Close

វិភាគអន្តរជាតិ៖ តើសង្រ្គាមក្នុងតំបន់អឺរ៉ុប លើកស្ទួយសេដ្ឋកិច្ចអាមេរិក ដូចម្ដេច?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 1216
វិភាគអន្តរជាតិ៖ តើសង្រ្គាមក្នុងតំបន់អឺរ៉ុប លើកស្ទួយសេដ្ឋកិច្ចអាមេរិក ដូចម្ដេច? វិភាគអន្តរជាតិ៖ តើសង្រ្គាមក្នុងតំបន់អឺរ៉ុប លើកស្ទួយសេដ្ឋកិច្ចអាមេរិក ដូចម្ដេច?

(វ៉ាស៊ីនតោន)៖ អ្នកគាំទ្រអ៊ុយក្រែនតែងតែលើកឡើងជារឿយៗពីផលប្រយោជន៍យុទ្ធសាស្ត្រ និងសីលធម៌ភ្ជាប់ជាមួយកាតព្វកិច្ច ដែលសហរដ្ឋអាមេរិកត្រូវតែជួយទីក្រុងកៀវ ក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ ប៉ុន្តែ វានៅមានហេតុផលដ៏សំខាន់មួយទៀត នោះគឺការជួយអ៊ុយក្រែន ក៏ប្រៀបដូចជាការជួយសេដ្ឋកិច្ចអាមេរិកផងដែរ។ នារយៈពេល ២ឆ្នាំមកនេះ ចាប់តាំងពីរុស្ស៉ីបញ្ជូនកងទ័ពធ្វើសង្រ្គាមនៅអ៊ុយក្រែនមក ឧស្សាហកម្មអាវុធអាមេរិកបានស្គាល់កំណើនយ៉ាងខ្លាំងពីការបញ្ជាទិញអាវុធ និងគ្រាប់រំសេវ។

ការបញ្ជាទិញទាំងនោះមានប្រភពមកពីសម្ព័ន្ធមិត្តរបស់អាមេរិកនៅអឺរ៉ុប ដែលកំពុងព្យាយាមពង្រឹងសមត្ថភាពយោធារបស់ខ្លួន រួមទាំងពីមន្ទីរបញ្ចកោណ ស្របពេលទាំងអឺរ៉ុប និងមន្ទីរបញ្ចកោណ កំពុងបញ្ជាទិញអាវុធ និងបរិក្ខារយោធាថ្មី ដើម្បីបំពេញឡើងវិញនូវស្ដុកអាវុធរបស់ពួកគេដែលបានថយចុះដោយសារតែការដកយកទៅជួយអ៊ុយក្រែន។ បើតាមទិន្នន័យពីធនាគារកណ្ដាលអាមេរិក ចាប់តាំងពីរុស្ស៉ីបើកធ្វើសង្រ្គាមទ្រង់ទ្រាយធំប្រឆាំងអ៊ុយក្រែនកាលពី២ឆ្នាំមុនមក ឧស្សាកម្មផលិតនៅក្នុងវិស័យការពារជាតិ និងអវកាសរបស់សហរដ្ឋអាមេរិក បានកើនឡើង ១៧.៥ភាគរយ។ នៅត្រង់នេះជំនួយយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន និងការបំពាក់អាវុធឡើងវិញរបស់អឺរ៉ុប នឹងហូរត្រឡប់ ទៅកាន់ឧស្សាហកម្មអាមេរិកវិញ។

ក្រុមមន្ត្រីរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ក៏បានឱ្យដឹងដែរថាកញ្ចប់ជំនួយ ៦០.៧ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន នៅក្រោមកញ្ចប់ថវិកាការពារជាតិបន្ថែម ៩៥ពាន់លានដុល្លារ ដែលកំពុងរង់ចាំការអនុម័តពីរដ្ឋសភាអាមេរិក ក្នុងនោះមាន ៦៤ភាគរយនឹងត្រូវបង្វិលត្រឡប់ទៅឧស្សាហកម្មអាវុធអាមេរិកវិញ។ កញ្ចប់ថវិកា ៩៥ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងជំនួយសម្រាប់អ៉ីស្រាអែល និងអ៊ុយក្រែនផងនោះត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃទី១៣ ខែកុម្ភៈ តែគេមិនទាន់ដឹង នៅឡើយទេថាតើកញ្ចប់ថវិកានេះអាចនឹងត្រូវអនុម័តឬយ៉ាងណានោះទេ ដោយរដ្ឋសភាអាមេរិកជាទីដែលសមាជិករដ្ឋសភាសាធារណរដ្ឋមួយចំនួនដែលជាសម្ព័ន្ធមិត្ត របស់លោក ដូណាល់ ត្រាំ ប្រឆាំងនឹងការបញ្ជូនជំនួយយោធាបន្ថែមទៅឱ្យអ៊ុយក្រែន។

នៅក្នុងចំណោមហេតុផលដែលសមាជិករដ្ឋសភាសាធារណរដ្ឋទាំងនោះជំទាស់នឹងការផ្ដល់ជំនួយយោធាបន្ថែមឱ្យអ៊ុយក្រែន នោះគឺសហរដ្ឋអាមេរិកអាចបន្តគាំទ្រអ៊ុយក្រែន ខណៈឱនភាពថវិកាសហព័ន្ធកើនឡើងទេ រុស្ស៉ីគង់តែឈ្នះនៅក្នុងសង្រ្គាម ហើយសហរដ្ឋអាមេរិកចាំបាច់ត្រូវរក្សាព្រំដែនរបស់ខ្លួ​នឱ្យមានសុវត្ថិភាពសិន មុននឹងបញ្ជូន ជំនួយទៅបរទេស។ កញ្ចប់ថវិកាចុងក្រោយបំផុតនេះដែរ អាចនឹងផ្ដល់ផលចំណេញ ០.៥ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP ក្នុងរយៈពេលមួយឆ្នាំ ទៅដល់ឧស្សហកម្មអាវុធអាមេរិក ក្នុងរយៈពេលច្រើនឆ្នាំទៅមុខ។

ក្រសួងការបរទេសអាមេរិក កាលពីពេលថ្មីៗនេះបាននិយាយថាសហរដ្ឋអាមេរិករកចំណូលបាន ៨០ពាន់លានដុល្លារ ពីការចុះកិច្ចព្រមព្រៀងអាវុធសំខាន់ៗកាលពីឆ្នាំ២០២៣ ហើយក្នុងនោះកិច្ចព្រមព្រៀងទំហំ ៥០ពាន់លានដុល្លារគឺធ្វើឡើងជាមួយសម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុប។ តាមក្រសួងការបរទេសអាមេរិក ប៉ូឡូញបានបញ្ជាទិញអាវុធ ក្នុងទំហំទឹកប្រាក់ ៣០ពាន់លានដុល្លារ ក្នុងនោះរួមមានឧទ្ធម្ភាគចក្រ Apache ប្រព័ន្ធមីស៊ីល Himars រថក្រោះ M1A1 Abrams និងបរិក្ខាដទៃទៀត។ ចំណែក អាល្លឺម៉ង់វិញ បានចំណាយប្រាក់ ៨.៥ពាន់លានដុល្លារលើឧទ្ធម្ភាគចក្រ Chinook និងបរិក្ខារពាក់ព័ន្ធ ខណៈសាធារណរដ្ឋបានបញ្ជាទិញយន្ដហោះចម្បាំង F-35 និងគ្រាប់រំសេវ ជាមួយ ទំហំទឹកប្រាក់ ៥.៦ពាន់លានដុល្លារ។

ឧស្សាហកម្មអាវុធត្រូវបានគេចាត់ទុកថាជាឧស្សាហកម្មមិនដែលជួបវិបត្តិ ដោយទោះជាសុខភាពសេដ្ឋកិច្ចពិភពលោកមិនល្អ ឬមានសង្រ្គាមក៏ដោយ ក៏ការលក់អាវុធនៅតែ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយខ្សែញាក់ភូមិសាស្ត្រនយោបាយ នៅក្នុងការរឹតចំណងមិត្តភាពរវាងសហរដ្ឋអាមេរិក ​និងអឺរ៉ុប តែងតែផ្ដល់ប្រយោជន៍ដល់សហរដ្ឋអាមេរិក។ ជាឧទាហរណ៍៖ ការកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៉ីធ្វើឱ្យតម្លៃថាមពលឡើងថ្លៃ និងអតិផរណានៅអឺរ៉ុប បានបង្ខំឱ្យអឺរ៉ុបត្រូវបោះដៃទៅរកទីផ្សារឧស្ម័នធម្មជាតិ LNG របស់ សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានក្លាយជាប្រទេសនាំចេញឧស្ម័ន LNG ធំជាងគេបំផុតកាលពីឆ្នាំ២០២៣ ហើយការនាំចេញឧស្ម័ននេះត្រូវបានគេរំពឹងថានឹងកើនឡើង ទ្វេដងនៅឆ្នាំ២០៣០ ផ្អែកលើគម្រោងដែលត្រូវបានអនុម័តរួចរាល់ និងជិត ២ ភាគ៣ត្រូវនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។

លោក Alex Munton ជានាយកផ្នែកស្រាវជ្រាវឧស្ម័នសកល និងឧស្ម័ន LNG មកពីក្រុមហ៊ុន Rapidan Energy Group បាននិយាយថាគម្រោងរោងចក្រ LNG ចំនួន៥ មានទំហំទឹកប្រាក់វិនិយោគ ១០០ពាន់លានដុល្លារ ត្រូវបានសង់សាងនៅក្នុងសហរដ្ឋអាមេរិក។ លោកបន្ថែមថាភាគច្រើននៃគម្រោងទាំងនេះត្រូវបានសាងសង់ឡើង ក្រោយ សង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។ ពោលគឺបញ្ហាការផ្គត់ផ្គង់ឧស្ម័ននៅអឺរ៉ុប បានឱ្យធ្វើឧស្ម័ន LNG ត្រូវប៉ាន់ និងបានជួយឱ្យគម្រោងទាំងនោះដំណើរការទៅមុខ រីឯសេដ្ឋកិច្ចអាមេរិក ទទួលបានផលចំណេញយ៉ាងធំធេងពីការវិនិយោគដ៏ធំសម្បើមបែបនេះ។

តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្សេងទៀតដូចជាលោក Marc Goldwein ជានាយកជាន់ខ្ពស់ខាងគោលនយោបាយមកពីគណៈកម្មាធិការសម្រាប់ការទទួលខុសត្រូវ កញ្ចប់ថវិកាសហព័ន្ធ យល់ថាជំនួយយោធាមិនអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចបានគ្រប់រឿងនោះទេ ហើយសេដ្ឋកិច្ចអាមេរិកក៏មិនមែនរីកចម្រើនដោយសារតែសង្រ្គាម នោះដែរ។ ខណៈក្រុមហ៊ុនផលិតអាមេរិកអាវុធកំពុងបង្កើនការងារក៏ពិតមែន តែការងារទាំងនោះដែលពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែនបានចូលរួមចំណែកតិចតួច ប៉ុណ្ណោះនៃការងារថ្នាក់ជាតិ និងប្រាក់ចំណូល។

គួរបញ្ជាក់ថា​ បើតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ មានមូលដ្ឋានក្នុងទីក្រុងប៉ារីស និងការវិនិយោគដោយផ្ទាល់របស់បរទេសទៅកាន់ សហរដ្ឋអាមេរិក បានកើនឡើងជិត ៥០ភាគរយ នៅចន្លោះរយៈពេល១២ខែកាលពីឆ្នាំ២០២១ និងរយៈពេលដូចគ្នានេះក្នុងឆ្នាំ២០២៣ ហើយជាពិសេស បណ្ដាក្រុមហ៊ុនអឺរ៉ុប ត្រូវបានទាក់ទាញដោយការចូលទៅកាន់ទីផ្សារថាមពលមានតម្លៃថោក និងសម្បូរបែប៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង