Grand News Asia Close

ទំនាក់ទំនងដ៏រឹងមាំជាប្រវត្តិសាស្ត្រ និងគ្រប់កម្រិត រវាងកម្ពុជា-បារាំង នឹងជួយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌ កាន់តែរីកចម្រើនរឹងមាំប្រសើរឡើង

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 238
ទំនាក់ទំនងដ៏រឹងមាំជាប្រវត្តិសាស្ត្រ និងគ្រប់កម្រិត រវាងកម្ពុជា-បារាំង នឹងជួយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌ កាន់តែរីកចម្រើនរឹងមាំប្រសើរឡើង ទំនាក់ទំនងដ៏រឹងមាំជាប្រវត្តិសាស្ត្រ និងគ្រប់កម្រិត រវាងកម្ពុជា-បារាំង នឹងជួយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌ កាន់តែរីកចម្រើនរឹងមាំប្រសើរឡើង

 

នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងលោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។

ជាកិច្ចចាប់ផ្តើម លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅលើទឹកដីបារាំង និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចជ្រើសរើសរបស់សម្តេចធិបតី យកប្រទេសបារាំងជាប្រទេសទី១ ក្នុងចំណោមបណ្តាប្រទេសនៃទ្វីបអឺរ៉ុប ដើម្បីបំពេញទស្សនកិច្ចផ្លូវការក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលប្រទេសបារាំង-កម្ពុជា កំពុងមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ។ បន្ថែមលើនេះ លោកជំទាវប្រធានរដ្ឋសភា ក៏បានសម្តែងនូវការពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ក្នុងការបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ថ្នាក់តំបន់មួយនៅក្នុងប្រទេសកម្ពុជា សម្រាប់បម្រើឱ្យការបណ្តុះបណ្តាលភាសាបារាំង និងការផ្សព្វផ្សាយវប្បធម៌បារាំង ដល់ប្រជាជននៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ខណៈដែលប្រទេសកម្ពុជាជាប្រទេសដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរលង់ជាមួយនឹងប្រទេសបារាំង ហើយក៏នៅតែជាប្រទេសសកម្មមួយ ដែលមានប្រជាជនប្រើប្រាស់ភាសាបារាំងជាច្រើន។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវប្រធានរដ្ឋសភាបារាំង និងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ នៃទំនាក់ទំងរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេសទំនាក់ទំនងរវាងសា្ថប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងវិស័យអប់រំ វប្បធម៌ ភាសា និងសេដ្ឋកិច្ច ។ល។ ទន្ទឹមគ្នានេះ, សម្តេចធិបតី ក៏បានលើកឡើងបន្ថែមថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនាឱកាសនេះ ការជំរុញលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ ក៏ជារបៀបវារៈសំខាន់មួយផងដែរ នៃបេសកកម្មរបស់សម្តេចធិបតី បន្ថែមលើកិច្ចការនយោបាយ និងការទូត ដោយសង្ឃឹមថា ក្រុមហ៊ុន-សហគ្រាសធំៗរបស់បារាំងនឹងបន្តពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ហើយចំពោះវិនិយោគិនបារាំងថ្មី ក៏អាចនឹងចាប់ផ្តើមសិក្សាស្វែងយល់អំពីសក្តានុពលវិនិយោគនៅកម្ពុជា ផងដែរ ។ មុននឹងបញ្ចប់ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកសកម្មរបស់អង្គការនៃបណ្តាប្រទេសនិយាយភាសាបារាំងនៃអង្គការហ្វ្រង់កូហ្វូនី (OIF), ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ឱ្យកាន់តែរីកចម្រើនប្រសើរឡើងយ៉ាងប្រាកដ ៕

 

អត្ថបទទាក់ទង