Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់តាំងពីឆ្នាំ២០២០មក រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋរងគ្រោះនិងងាយរងហានិភ័យ អស់ប្រមាណជិត ១៣០០លានដុល្លារ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 786
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់តាំងពីឆ្នាំ២០២០មក រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋរងគ្រោះនិងងាយរងហានិភ័យ អស់ប្រមាណជិត ១៣០០លានដុល្លារ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់តាំងពីឆ្នាំ២០២០មក រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋរងគ្រោះនិងងាយរងហានិភ័យ អស់ប្រមាណជិត ១៣០០លានដុល្លារ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់តាំងពីឆ្នាំ២០២០មក រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋរងគ្រោះនិងងាយរងហានិភ័យ អស់ប្រមាណជិត ១៣០០លានដុល្លារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ក្នុងរយៈពេល ៤២ខែកន្លងមកនេះ ពោលគឺចាប់តាំងពីឆ្នាំ២០២០មក រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់អស់ចំនួនជិត ១៣០០លានដុល្លារអាមេរិក ជួយដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសប្រមាណ ៧ម៉ឺនគ្រួសារ ឬជាង ២លាននាក់ ដែលរងគ្រោះដោយសារជំងឺរាតត្បាតកូវីដ-១៩ និងរងគ្រោះដោយសារបញ្ហាផ្សេងៗ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប នៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តឲ្យដឹងទៀតថា បច្ចុប្បន្នពិភពលោកកំពុងមានបញ្ហា២ ផ្ទួនគ្នា គឺបញ្ហាជំងឺរាតត្បាត និងបញ្ហាសេដ្ឋកិច្ច ដោយសារតែសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ហើយបន្តដល់សង្គ្រាមនៅមជ្ឈឹមបូព៌ា។ សម្តេចថា នៅក្នុងឆ្នាំនេះ គ្រប់ប្រទេសទាំងអស់កំពុងព្យាកររឿងបាតុភូតកម្តៅ អ៊ែលនីញ៉ូ (El Nino) និងរឿងស្រូវឡើងថ្លៃជាដើម ខណៈដែលកម្ពុជាក៏កំពុងត្រៀមវិធានការដោះស្រាយផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា ទោះជាយ៉ាងណា សម្ពាធអតិផរណាបានធ្វើប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាផងដែរ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលមានគោលការឧបត្ថម្ភសាច់ប្រាក់បន្ថែមទៀត សម្រាប់គ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលបានអនុវត្តពីចុងឆ្នាំ២០២២ មកដល់ពេលនេះ គឺអ្នកដែលទទួលបានផលប្រយោជន៍ពីការជួយនេះ មានចំនួនជាង ៤៩ម៉ឺនគ្រួសារ គិតជាប្រជាពលរដ្ឋប្រមាណ ១,៨លាននាក់ ដែលជួបការលំបាក។ សម្តេចថា «រដ្ឋមិនមែនជាអ្នកមានទេ តែរដ្ឋមានទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋរបស់ខ្លួន»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បញ្ហាសុខភាពប្រជាពលរដ្ឋក៏សំខាន់ដែរ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តនូវមូលនិធិសប្បុរសធម៌ (មូលនិធិសុខាភិបាល) គឺប្រជាពលរដ្ឋក្រីក្រទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ រដ្ឋចេញថវិកាជួយគាត់ ដើម្បីកាត់បន្ថយការចំណាយ។ សម្តេចបានឲ្យដឹងបន្តថា ក្នុងរយៈពេលកន្លងនេះ មូលនិធិសប្បុរសធម៌បានជួយទៅដល់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ ឬ ស្មើនឹងប្រជាពលរដ្ឋប្រមាណ ២,៨លាននាក់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជីវភាពនិងសុខភាពរបស់ប្រជាពលរដ្ឋ គឺជាបញ្ហាអាទិភាពសម្រាប់រាជរដ្ឋាភិបាលដែលត្រូវយកចិត្តទុកដាក់។ សម្តេចថា នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក ដាច់ខាតត្រូវមានការជួយពីរដ្ឋ ដោយរដ្ឋបានយកចិត្តទុកដាក់គ្រប់ពេលវេលា និងបានចំណាយទុនច្រើនណាស់ដើម្បីជួយប្រជាពលរដ្ឋ ទោះបីជារដ្ឋមានទុនតិច តែបើគិតពីអ្វីដែលរដ្ឋបានចេញរួចហើយនេះ គឺមានច្រើនហើយ។ តែទោះយ៉ាងណា ការចំណាយទុនគឺជាភាពចាំបាច់ដើម្បីជួយដល់ប្រជាពលរដ្ឋ ទោះជាការចំណាយនោះអស់ប៉ុន្មាន ក៏រដ្ឋត្រូវតែធ្វើដែរ៕

អត្ថបទទាក់ទង