Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលដឹកនាំល្អ ទើបប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ ប្រៀបដូចសិស្សដែលរៀនពូកែ ទើបប្រឡងជាប់

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 202
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលដឹកនាំល្អ ទើបប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ ប្រៀបដូចសិស្សដែលរៀនពូកែ ទើបប្រឡងជាប់ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលដឹកនាំល្អ ទើបប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ ប្រៀបដូចសិស្សដែលរៀនពូកែ ទើបប្រឡងជាប់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ គឺមានការប្រឡងប្រជែង ប្រៀបដូចជាសិស្សដែលកំពុងរៀន។ ហើយទន្ទឹមនឹងការប្រឡងជាប់បានឡើងថ្នាក់ យើងមិនត្រូវបោះបង់ការសិក្សា ឬធ្លាក់ដៃទេ គឺមានតែការខិតខំប្រឹងប្រែង ដើម្បីប្រឡងជាប់ម្តងទៀត ទៅតាមលទ្ធផល និងខិតខំប្រឹងប្រែង និងទៅតាមពិន្ទុដែលលោកគ្រូ អ្នកគ្រូ ផ្តល់ឱ្យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធស្ពានសម្ដេចតេជោ កោះយ៉ និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុង។

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យ គណបក្សនីមួយៗ សុទ្ធតែមានលោកគ្រូអ្នកគ្រូ ពោលគឺសំដៅទៅលើប្រជាពលរដ្ឋ។ នៅពេលដែលលោកគ្រូ អ្នកគ្រូ ឱ្យជាប់ មានន័យថា ពលរដ្ឋបានបោះឆ្នោតជូនបក្ស។ ដូចនេះ រាជរដ្ឋាភិបាលអត់មានទម្លាក់ដៃទេ មានតែខិតខំប្រឹងប្រែងបន្តទៀត ក្នុងនោះ ទី១-អរគុណដល់ប្រជាពលរដ្ឋដែលផ្តល់ការទុកចិត្ត និងទី២-មានតែការប្តេជ្ញាចិត្ត មិនឱ្យប្រជាពលរដ្ឋខកចិត្ត ដើម្បីឱ្យបានឡើងថ្នាក់នៅពេលខាងមុខទៀត។

ទន្ទឹមនោះសម្តេចធិបតីបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវបន្តគោរពនូវការទុកចិត្តរបស់ប្រជាពលរដ្ឋ នៅគ្រប់ៗអាណត្តិទាំងអស់តាមដែលអាចធ្វើបាន។ នេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាល ដែលធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងមានភាពកក់ក្តៅ ដើម្បីឱ្យប្រទេសកាន់តែរីកចម្រើន៕

អត្ថបទទាក់ទង