(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត, អញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប
[ផ្ដើមសេចក្ដីអធិប្បាយ១]
មានឯកសារច្រើន ព្រោះមានរឿងច្រើនត្រូវនិយាយ។ រឿងខ្លះមិនចង់និយាយទេ ឱ្យគោលការណ៍អ្នកផ្សេងនិយាយ និងបំភ្លឺហើយ ប៉ុន្តែនៅតែអត់ចប់។ ដោយត្រូវមកទីនេះ ល្ងាចមិញមានអ្នកលើកយោបល់ថា សូមជួយលើកផងរឿងប៉ូលីសជាមួយនិងបណ្ឌិត សុខ ទូច, រឿងលូ មួយកង់ ៤០ដុល្លារ។ ខ្ញុំថារឿងប៉ូលីសរឿង អោយគេដោះស្រាយសម្របសម្រួលគ្នាទៅ។ បើខ្ញុំនិយាយគ្រប់តែរឿងអញ្ចឹង មិនដឹងនិយាយដូម្តេចទេ។ អ្នកលើកយោបល់មកខ្ញុំ មិនមែនតូចទេ សុទ្ធតែបណ្ឌិត និងអ្នកវិភាគ។
[ចប់សេចក្ដីអធិប្បាយ១]
ខ្ញុំព្រះករុណា សូមថ្វាយបង្គំសាមណៈជ័យលាភី គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ;
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប
គណៈអធិបតី ភ្ញៀវកិត្តយស គណៈគ្រប់គ្រង សាស្រ្តាចារ្យ
និងបុគ្គលិក និស្សិតជ័យលាភីនិងតំណាងរបស់ក្រុមគ្រួសារនិស្សិតទាំងអស់ជាទីមេត្រី
ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួម ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់–បណ្ឌិត និងបណ្ឌិតកិត្តិយស នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ និង ២០២១-២០២២ កន្លងទៅ សរុប ២ ៥៥១ នាក់ (ក្នុងនោះ និស្សិតជ័យលាភីជាស្ត្រី មានចំនួន ១ ១៦៩ នាក់ ស្មើនឹង ៤៥,៨%)។
ខ្ញុំសូមចូលរួមអបអរសាទរជាមួយជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សា ដែលទទួលបានជោគជ័យក្នុងការសិក្សារៀងៗខ្លួនក្នុងការកសាងមូលដ្ឋានសមត្ថភាព ដើម្បីពង្រឹងខ្លួនជួយដល់ខ្លួនក្នុងគ្រួសារនិងសង្គមជាតិ ។ ខ្ញុំក៏សូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិកគ្រប់រូប នៃសាកលវិទ្យាល័យ អាស៊ី -អឺរ៉ុប ដែលបានខិតខំប្រឹងប្រែង ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សដ៏មានតម្លៃ ដោយបានផ្ទេរនូវចំណេះដឹង និងជំនាញ ដល់យុវជនជំនាន់ក្រោយ ឱ្យក្លាយទៅជាប្រជាពលរដ្ឋប្រកបដោយគុណភាព សមត្ថភាព និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ។
តាមរយៈរបាយការណ៍របស់ អ្នកឧកញ៉ា លី ឃុនថៃ មុននេះ, ខ្ញុំបានទទួលព័ត៌មានថា «ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ មាននិស្សិតអាហារូបករណ៍ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សរុបចំនួន ៦៩ នាក់ បានទទួលជ័យលាភីនៅថ្ងៃនេះផងដែរ» ។ ខ្ញុំសូមយកឱកាសនេះអរគុណដល់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបដែលបានប្រគល់អាហារូបករណ៍ជូនដល់សម្ដេចតេជោ ក្នុងការផ្ដល់បន្តតាំងពីឆ្នាំ២០០៣ តាំងពីនៅជាវិទ្យាស្ថាន រហូតមកដល់នេះយើងមានយើងមានអាហារូបករណ៍ ១៩០០កន្លែងជាង ដែលផ្ដល់ឱកាសឱ្យនិស្សិតដើម្បីចូលរួម។ សូមអរគុណផងដែរចំពោះការចូលរួមការបន្តផ្ដល់នៅក្នុងនេះ មិនមែនត្រឹមតែអាហារូបករណ៍របស់សម្ដេចតេជោទេ គឺសាកលវិទ្យាល័យក៏បានផ្ដល់អាហារូបករណ៍ទៅដល់និស្សិតផ្សេងៗទៀតទៅតាមក្របខណ្ឌផ្សេងៗទៀតដើម្បីបង្កលក្ខណៈ។
តាមរយៈរបាយការណ៍នៃវឌ្ឍនភាពរបស់សាលា គួរកត់សម្គាល់ដែរថា៖ អត្រាមានការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា សម្រេចបានរហូតដល់ ៨៦ ភាគរយ ក្នុងចំណោមនិស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រថ្ងៃនេះ ។ លទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់សាកល-វិទ្យាល័យ អាស៊ី អឺរ៉ុប និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្រៀន, សិក្សាស្រាវជ្រាវ, និងធ្វើទំនើបកម្មបរិក្ខា និងបច្ចេកវិទ្យាគ្រប់គ្រង ព្រមទាំងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍ (R&D), កម្មវិធីសិក្សា ឱ្យស្របតាមទីផ្សារការងារ និងការវិវឌ្ឍនៃសង្គម ។
ទន្ទឹមនេះ, ខ្ញុំក៏សូមលើកទឹកចិត្ត ដល់និស្សិតជ័យលាភី ដែលកំពុងស្វែងរកការងារ, សូមព្យាយាមស្វែងរកការងារ ទាំងក្នុងក្របខណ្ឌសាធារណៈ និងឯកជនបន្តទៀត ដោយស្មារតីមុះមុត និងមានក្តីសង្ឃឹម, ពីព្រោះ តាមការព្យាករណ៍, សេដ្ឋកិច្ចកម្ពុជាដែលមានកំណើនខ្ពស់ ក្នុងរង្វង់ ៦% ក្នុង ឆ្នាំ២០២៤ និងបន្តមានកំណើនខ្ពស់ថែមទៀត ដល់រង្វង់ ៦,៣% សម្រាប់ឆ្នាំ ២០២៥ នេះ, ហើយការវិនិយោគនៅកម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានល្អប្រសើរ ឆ្លុះបញ្ចាំងតាមរយៈ ការកើនឡើងនូវរំហូរដើមទុនវិនិយោគផ្ទាល់ពីបរទេសជិតប្រមាណ ៤០% ក្នុងឆ្នាំ ២០២៤ ធៀបនឹង ឆ្នាំ- ២០២៣ ។ ជាមួយនេះ, ការអនុម័តគម្រោងវិនិយោគថ្មី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មានកំណើនខ្ពស់ផងដែរ ដែលឆ្នាំ ២០២៤ បានអនុម័ត សរុប ៤១៤ គម្រោង ដែលបានកើនឡើង ១៤៦ គម្រោង ធៀបនឹងឆ្នាំ ២០២៣ ។ កំណើន សេដ្ឋកិច្ច និងការវិនិយោគនេះ នឹងបង្កើតឱ្យមានតម្រូវការបុគ្គលិកជំនាញ ដែលមានបៀវត្សខ្ពស់ នៅក្នុងរយៈពេលខ្លី មធ្យម និងវែង ។
ការទទួលបានសញ្ញាបត្រនាពេលបន្តិចទៀតនេះ គឺជាការបោះជំហានទៅមុខប្រកបដោយភាពជឿជាក់ សម្រាប់ជីវិតរបស់និសិ្សតជ័យលាភី ។ ខ្ញុំសង្ឃឹម និងជឿ-ជាក់យ៉ាងមុតមាំថា និស្សិតជ័យលាភីនឹងខិតខំពុះពារ និងជម្នះរាល់បញ្ហាប្រឈម ទាំងឡាយ ដើម្បីកសាង និងពង្រឹងខ្លួនឱ្យក្លាយជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ, បុគ្គលិកល្អដោយប្រើជំនាញឯកទេស, ចំណេះដឹង និងចំណេះធ្វើរបស់ខ្លួន ប្រកប- ដោយ មនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និងដាក់ខ្លួនបម្រើប្រជាជនដោយស្មោះសរ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហានៃយើង។
ទន្ទឹមនេះ, ថ្វីត្បិតតែនិស្សិតជ័យលាភី បានបញ្ចប់ការសិក្សា តាមកម្រិតសញ្ញាបត្ររៀងៗ ខ្លួនជាស្ថាពរ, ប៉ុន្តែ ការណ៍នេះ មិនមែនជាការបញ្ចប់ការសិក្សានោះទេ, ពោល គឺចាំបាច់ត្រូវបន្តសិក្សារៀនសូត្របន្ថែមទៀត ពេញមួយជីវិត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ព្រមទាំងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន នៅក្នុងទីផ្សារការងារ ដែលមានការប្រកួតប្រជែងកាន់តែខ្ពស់ ជាមួយបណ្តា -ជន ក្នុងប្រទេស និងក្រៅប្រទេស ។ ព្រមជាមួយនេះ, ត្រូវតាមឱ្យទាន់ការវិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យា ដូចជា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលមានការរីកចម្រើនលឿនរហ័ស ដើម្បីអាចមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ បង្កើតផលិតភាពការងារ ។ ជាមួយនេះ, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត អាចនឹងមកជំនួសការងារមួយផ្នែក ក្នុង ទីផ្សារការងារ ដូចជា ការផ្តល់ព័ត៌មាន, ប្រាប់ផ្លូវ, បកប្រែភាសា, វិភាគទិន្នន័យ និង ផ្តល់សេវារត់តុជាដើម ។
ដូច្នេះ ការបន្តសិក្សារៀនសូត្រ អភិវឌ្ឍជំនាញ និង ការប្រើប្រាស់បច្ចេកវិទ្យា គឺ មិនត្រឹមតែជាការងារបន្ទាប់បន្សំនោះទេ, ប៉ុន្តែ ជាការងារស្នូល ដែលបញ្ញវន្ត និងអ្នកជំនាញ ត្រូវអោបក្រសោប ដើម្បីធានាស្ថិរភាពការងារ និងសេចក្តីរុងរឿង ថ្កុំថ្កើន នៃសង្គមជាតិកម្ពុជាខាងមុខ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(១) រៀនពេញមួយជីវិត ត្បិតអ្វីៗ វិវឌ្ឍមិនឈប់ឈរ
ដែលថារៀនហើយ រៀនទៀត រៀនឥតឈប់ឈរ មិនខុសទេ។ រៀនគ្រប់ពេលទីកន្លែង ពីគ្រប់គ្នា មិនរៀនតែពីជំនាញយើងទេ តែជំនាញរស់នៅ ការសម្របសម្រួលធ្វើការជាមួយគ្នា។ ពាក្យខ្មែរថា រៀនរហូតរៀនមួយជីវិត។ នៅលីវរៀនរហូត មានកូនរៀនធ្វើម៉ែ/ឪគេ រៀនថែមទៀត កូនកើតមកភ្លាម រៀនធ្វើជាអ្នកទទួលខុសត្រូវចិញ្ចឹម និងទទួលខុស រៀនចប់ចូលធ្វើការងារ ក្លាយទៅជាអ្នកទទួលខុសត្រូវបំពេញភារកិច្ចជាផ្នែកមួយនៃស្ថាប័នមួយ ជាកោសិកាមួយរបស់សង្គមជាតិ។ ការវិវឌ្ឍគឺមិនឈប់ឈរទេ។ មិនមែនតែបច្ចេកវិទ្យាទេ សូម្បីតែសង្គមរស់នៅរបស់យើងក៏ខុសគ្នាដែរ។ ម្សិលមិញ ខ្ញុំជួបជាមួយឯកឧត្តម ឃួង ស្រេង និយាយគ្នាពីផ្លូវបិទចុងសប្ដាហ៍នៅមុខវាំង ជាការសាកល្បង។ គាត់ប្រាប់ខ្ញុំថា បិទថ្ងៃដំបូងមិនទាន់មានមនុស្សច្រើនទេ។ ប៉ុន្តែ ឥឡូវណែនផ្លូវ។ កត្តាមួយសំខាន់ គឺរស់នៅរបស់ប្រជាពលរដ្ឋមានការប្រែប្រួលទៅរបៀបរស់នៅដែលស៊ីវីល័យ ដែលប្រហែលជា ២០ឆ្នាំមុន បើបិទដូចគ្នា ប្រហែលជាមិនទាន់មានការដើរលេងដូចនេះទេ។ នេះជាការប្រែប្រួល។
(២) ការប្រែប្រួលនៃសង្គមជាតិទាមទារឱ្យមានការរៀនសូត្រពីការរស់នៅ
ឆ្នាំ ៩០ជាងនោះ ខ្ញុំនៅរៀន មានការយកខនសឺតពីក្រៅប្រទេសមករាំនៅស្ដាត។ អ្នកឈរមើល អត់មានអ្នកណាញាក់បន្តិចទេ។ កាលពីរៀននៅអាមេរិកឆ្នាំ១៩៩៧ មានម្នាក់ចង់ធ្វើពិធីនៅស្រុកខ្មែរ ក៏យក Hip Hop, Rap មកស្រុកខ្មែរ។ ពេលនោះ ខ្ញុំថាទៅមិនរួចទេ។ តែការប្រែប្រួលពេលនេះគឺខុសគ្នា។ ពីមុនអត់គិតរឿងកាហ្វេមានអ៊ីនធើណិត ម៉ាស៊ីនត្រជាក់ទេ។ បើកភ្លាមលក់មិនសូវដាច់ ព្រោះគេគិតពីតម្លៃ។ឥឡូវ ដោយសារកត្តាជីវភាពរស់នៅ និងការប្រែប្រួលនៃផ្នត់គំនិតប្រជាពលរដ្ឋ កាហ្វេដែលអត់មានអ៊ីនធើណិត អត់ម៉ាស៊ីនត្រជាក់ ប្រហែលជាលក់មិនដាច់ទេ។ នេះជាការប្រែប្រួលនៃសង្គមជាតិដែលទាមទារឱ្យមានការរៀនសូត្រក្នុងការរស់នៅ។ ប្រជាពលរដ្ឋយើងស៊ីវិល័យ និងទទួលមិនត្រឹមតែបច្ចេកវិទ្យាបានលឿនទេ តែក៏អាចប្រើប្រាស់និងមានផ្នត់គំនិតទំនើបកម្ម។ ខ្ញុំនិយាយជាមួយឯកឧត្តម ឃួង ស្រេង ថា ភាពជោគជ័យមួយនៃការរៀបចំផ្លូវដើរនេះ គ្រាន់តែរឿងតូច។ប៉ុណ្ណឹងក៏យើងអាចដឹង អ្នកដែលរស់នៅក្នុងភ្នំពេញក៏អាចដឹង។ ចំពោះប្រទេសជាតិក៏ដូចគ្នា។ ដើម្បីធានានូវភាពប្រកួតប្រជែង ទាល់តែយើង update ជាប់ជាប្រចាំ។ បើមិនអញ្ចឹង យើងនឹងក្លាយទៅជារបស់ហួសដឺឡេ។
(៣) មនុស្សត្រូវវិវឌ្ឍឱ្យទាន់បច្ចេកទេស ដើម្បីប្រកួតប្រជែងនឹងគេ
គេធ្លាប់និយាយថា IBM គឺជាកុំព្យូរទ័រធំជាងគេបំផុតនៅឆ្នាំ១៩៨០។ ប្រហែលជាក្មួយៗ ប្អូនមួយចំនួនកើតអត់ទាន់ទេ។ ឆ្នាំ១៩៨០, ១៩៩០ IBM ធំណាស់។ Microsoft មិនទាន់ចេញប៉ុន្មានទេ។ ដល់ឥឡូវ IBM បាត់មុខហើយ។ សួរថា IBM បាត់មុខដោយសារ IBM ជាក្រុមហ៊ុនអាក្រក់ឬអី? ថាមិនដូច្នោះទេ។ ប្រសិទ្ធភាពនៅតែដើរលឿនដដែល ប៉ុន្តែមានគេដើរលឿនជាង និងវិវឌ្ឍបានលឿនជាង។ កាលពីឆ្នាំ១៩៩០ ក្រុមហ៊ុន Nokia ល្បី តែ Nokia ឡុងចុងដោយសារបច្ចេកវិទ្យាដើរអត់ទាន់គេ។ Motorola សឹងតែបាត់ហើយ។ ឯ Samsung(ល្បីខ្លាំង)។ ដូចនេះ មនុស្សត្រូវវិវឌ្ឍឱ្យទាន់បច្ចេកទេស បើមិនអញ្ចឹងមិនអាចប្រើប្រាស់បច្ចេកទេសទំនើបប្រកួតប្រជែងជាមួយគេទេ។ ម្សិលមិញខ្ញុំទទួលជួបភ្ញៀវមួយ ដែលចង់មកវិនិយោគខាងផលិតរថយន្តអគ្គសនី។ គាត់ត្រូវការអ្នកធ្វើការ។ ឥឡូវការងារដែលយើងបង្កើតថ្មី មិនមែនការងារដែលមានជំនាញទាបទាំងស្រុងទេ។ យើងជំរុញបង្កើនប្រសិទ្ធភាពនិងប្រភេទនៃការងារ។ ការងារផលិតបង្គុំអគ្គិសនី ខុសពីកាត់ដេរ ការងារជា robot ផលិតដំឡើងរថយន្តខុសពីបង្គុំអគ្គសនី។ សប្ដាហ៍មុនខ្ញុំទៅមើលក្រុមហ៊ុន ហុងដា ដែលឃើញថាសកម្មភាពមនុស្សនិង robot មានភាពប្រទាក់ក្រឡាគ្នា … នេះជាតម្រូវការបណ្ដុះបណ្ដាលជាប្រចាំ។
(៤) ទម្លាក់ថវិកា ២០លានដុល្លារ ធ្វើទំនើបកម្មបំពាក់សម្ភារៈវះកាត់នៅពេទ្យបង្អែក ៦១ស្រុក
ថ្ងៃមុន ខ្ញុំបានស៊ីញ៉េឯកភាពទម្លាក់(ថវិកា)ជិត ២០លាន(ដុល្លារ) ដើម្បីធ្វើទំនើបកម្មនិងបំពាក់សម្ភារៈមួយចំនួនសំរាប់វះកាត់ ICU ទៅតាមពេទ្យបង្អែកស្រុកកម្រិតពីរ (ចំនួន) ៦១ស្រុក … កន្លងទៅ មានពេទ្យនៅមូលដ្ឋាន ប៉ុន្តែអត់មានសម្ភារៈ អត់មានអគារដែលអាចធានាការវះកាត់មិនឱ្យគ្រោះថ្នាក់ ដូចនេះត្រូវបញ្ជូនមកខេត្ត។ ពេលខ្លះសូម្បីតែពោះវៀនដុះខ្នែងក៏ដឹកមក។ អញ្ចឹងយើងត្រូវបង្កើនសមត្ថភាពសម្ភារៈនិងអគារ។ ខ្ញុំស៊ីញ៉េផ្តល់ថវិកា ២០លាន(ដុល្លារ)។ ពីមួយឆ្នាំទៅមួយឆ្នាំ យើងធ្វើហេដ្ឋារចនាសម្ព័ន្ធបាន យើងបំពាក់ម៉ាស៊ីន Echography ម៉ាស៊ីនស្កេនគីមី។ ប៉ុន្តែបើយើងអត់មានពេទ្យដែលយើងបណ្ដុះបណ្ដាលគ្រប់គ្រាន់ហើយបញ្ចូនទៅស្រុក ដែលអាចប្រើម៉ាស៊ីនទាំងនោះៗ នឹងក្លាយទៅជាឧបករណ៍ដាក់តាំង ហើយក្នុងរង្វង់តែ ២ឆ្នាំ ក៏ខូច។ រីឯប្រជាជននៅតែអត់ទទួលបានសេវាដដែល។ ម៉ាស៊ីនដែលយើងបំពាក់ មិនមែនម៉ាស៊ីនដែលផលិត ២០ឆ្នាំមុនទេ គឺម៉ាស៊ីនទំនើបនិងថ្មីដែលអាចប្រើប្រាស់បាន។
(៥) ផលនៃការបណ្តុះបណ្តាល/រៀនសូត្រ គឺការយកចំណេះដឹង/ធ្វើទៅបង្កើតផលិតភាពនៅកន្លែងការងារ
ការបណ្ដុះបណ្តាលនៅទីនេះនេះ មិនសម្រាប់តែបងប្អូនដែលរៀនទេ ប៉ុន្តែផលជាក់ស្ដែងគឺការដែលបងប្អូននឹងយក(ចំណេះដឹងចំណេះធ្វើ)ទៅបង្កើតផលិតភាពនៅកន្លែងការងារគ្រប់វិស័យទាំងអស់។ (ដូចជាមុខវិជ្ជាគណនេយ្យ) យើងមិនមែនរៀនតែបូកដក ប្រើក្រដាសទៀតទេ។ បន្តិចទៀតត្រូវប្រើឌីជីថលទាំងអស់។ ថ្ងៃមុន ខ្ញុំបានជួបប្រធានាធិបតីហ្វីលីពីន និងនិយាយពីការចាំបាច់ដូចគ្នាថា “កំពុងតែធ្វើទំនើបកម្មឌីជីថល ធ្វើបច្ចេកវិទ្យាបញ្ចូលទិន្នន័យក្នុងដៃ”។ ហ្វីលីពីនមានចំនួនប្រជាជនច្រើន គឺជាង ១០០លាននាក់។ ឯកសារមួយចំនួននៅសរសេរដៃដូចយើងដែរ … ឯសាកលវិទ្យាល័យក៏ដូចគ្នា។ ខ្ញុំមិនជឿថាម៉ោងនេះ គណនេយ្យ ឬមួយរដ្ឋបាលរបស់សាកលវិទ្យាល័យអត់ប្រើកុំព្យូទ័រទេ។ បើសិនអត់ប្រើមែន រត់មិនទាន់សភាពការទេ …។
សូម្បីតែព្រះតេជគុណព្រះសង្ឃក៏ត្រូវចេះអ៊ីនធើណិតដែរ។ ខ្ញុំព្រះករុណា ខ្ញុំសូមសួរព្រះអង្គប៉ុន្មានអង្គនេះថាមានគណនីហ្វេប៊ុកឬទេ? សឹងតែទាំងអស់ហើយព្រះអង្គ។ ឥឡូវការទំនាក់ទំនងជាមួយពុទ្ធបរិស័ទធ្វើតាមមធ្យោបាយហ្នឹងច្រើន។ គ្រួសារខ្ញុំគាត់អ្នកធម៌អាថ៌ យប់ៗឡើង ពេលសម្រាន្ត គាត់ដាក់(សម្លេងស្តាប់)។ ពេលខ្លះ ព្រះអង្គ យ៉ន សេងយៀត, គ្រូ គូ សុភាព … ជាទម្លាប់របស់ខ្ញុំ ពេលចូលគេងលឺអីបន្តិចអត់បានទេ។ តែគាត់លឺធម៌អាថ៌បាន គេងលក់។ សំណាងដែលគាត់ចូលសម្រាន្តមុនខ្ញុំ។ ខ្ញុំអាចទៅលួចបិទរបស់គាត់បាន។ ទាមទារឱ្យមានទំនើបកម្មនេះនៅក្នុងការងារ។ សូម្បីតែ Management មិនមែនគ្រាន់តែបច្ចេកវិទ្យាទេ របៀបរបបការងារធ្វើ ការគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព ជាវិធីសាស្ត្រដែលជាការត្រូវសិក្សារៀនសូត្របន្ថែម។
[ចប់សេចក្ដីអធិប្បាយ២]
ក្នុងន័យនេះដែលរាជរដ្ឋាភិបាលតែងតែផ្ដល់អាទិភាពដល់ការពង្រឹងវិស័យអប់រំតាមរយៈការកែទម្រង់ និងការអភិវឌ្ឍវិស័យអប់រំតាមរយៈ ការពង្រឹងមូលដ្ឋានអប់រំ និងគុណភាពសិក្សា ដែលមានលក្ខណៈ ជាប្រព័ន្ធគ្រប់ជ្រុងជ្រោយ ព្រមទាំងបានខិតខំកៀរគរធនធានមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីវិនិយោគលើវិស័យនេះ ។ ជាមួយនេះ ដើម្បីបន្តរួមចំណែកដល់ការលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា ជាពិសេសចូលរួមអនុវត្តឱ្យបានជោគជ័យនូវ យុទ្ធ-សាស្ត្របញ្ចកោណ-ដំណាក់កាលទី ១, ខ្ញុំបានផ្តល់អនុសាសន៍ ដល់ ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តពង្រឹងកម្មវិធីសិក្សា និងបំផុសឱ្យសិស្សានុសិស្ស និងនិស្សិត, អភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំ តាមរយៈការស្វ័យសិក្សា, ការសិក្សាស្រាវជ្រាវ និងការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ ធនធានមនុស្ស ប្រកបដោយសក្តានុពល និងផលិតភាព និងការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ទាញយកផលប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថល ក៏ដូចជារួមចំណែកដល់ការកសាងម៉ូដែលកំណើនថ្មីកម្ពុជា ដែលផ្អែកលើជំនាញបចេ្ចកវិទ្យា និងនវានុវត្តន៍ ។
ទន្ទឹមនេះ ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តធ្វើការសហការជាមួយ វិស័យឯកជន ធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ, អភិវឌ្ឍ និង ធ្វើបច្ចុប្បន្ន កម្មនៃកម្មវិធីសិក្សា ដោយផ្តោតការយកចិត្តទុកដាក់បន្ថែម ទាំងជំនាញបច្ចេកទេស, ជំនាញរឹង និងជំនាញទន់, ជាពិសេស ការធ្វើការងារជាក្រុម, ការគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងកន្លែងការងារ តាមរយៈការពង្រឹងក្របខ័ណ្ឌគុណវុឌ្ឍិជាតិ, ការបង្កើតស្ដង់ដារជាតិលើការអភិវឌ្ឍមុខជំនាញ សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការទីផ្សារពលកម្ម, ការបង្កើតឱកាសទទួលបានការងារ និងប្រើប្រាស់ឱ្យអស់សក្ដានុពលប្រជាសាស្ត្ររបស់កម្ពុជា ក៏ដូចជា ដើម្បីបង្កើតលក្ខខណ្ឌ សមស្របសម្រាប់ពលករកម្ពុជា ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(៦) ក្រសួងការងារនិងក្រសួងអប់រំ គិតពីប្រព័ន្ធវាយតម្លៃនិងផ្ដល់វិញ្ញាបនបត្រដល់អ្នកស្វ័យសិក្សាជំនាញ
ខ្ញុំគិតថា កន្លងទៅ ក្រសួងការងារបានគិតគូរអំពីប្រព័ន្ធវាយតម្លៃ និងផ្ដល់វិញ្ញាបនបត្រជំនាញ។ មិនដឹងថា ក្រសួងអប់រំបានគិតឬទេ … ជាពិសេសរឿងជំនាញ។ បងប្អូនខ្លះមិនឆ្លងសាលា ឆ្លងសាលា TVET អីទេ ប៉ុន្តែគាត់រៀនជំនាញដោយខ្លួនឯង។ គាត់សិក្សាស្រាវជ្រាវខ្លួនឯង។ ខ្ញុំស្គាល់ប្អូនម្នាក់នៅស្វាយរៀង ឈ្មោះ ចារាន់។ ខ្ញុំមើលទឹកដៃឆ្លាក់របស់គាត់ល្អណាស់។ គាត់ស្មូនរូបពីក្រមួន បានដូចមែនទែន។ គេជាវ(របស់)គាត់ច្រើន។ ទឹកដៃគាត់ល្អ ប៉ុន្តែគាត់មិនមានសញ្ញាបត្រទេ។ ខ្ញុំសួរគាត់ថា ប្អូនឯងរៀនមកពីណា? (គាត់ឆ្លើយថា) បង! ខ្ញុំស្រលាញ់ ហើយខ្ញុំចាប់អារម្មណ៍ ខ្ញុំរៀន។ (គាត់)មិនមែនរៀនពីក្មេងទេ គឺទើបតែរៀនប្រហែលជាមិនដល់ ១០ឆ្នាំផង ប៉ុន្តែមនុស្សមានទេព្យកោសល។ គាត់មាន(ជំនាញ)ហ្នឹងហើយ តែខ្វះអីមួយ គឺខ្វះការទទួលស្គាល់ជាផ្លូវការដែលអាចយកទៅធ្វើការបាន។ អញ្ចឹង អាណត្តិនេះ ក្រសួងការងារមានគណៈកម្មការវាយតម្លៃ ដើម្បីឱ្យអ្នកទាំងអស់ហ្នឹងមានវិញ្ញាបនបត្រ។ គាត់ធ្លាប់ជាចុងភៅពូកែ ប៉ុន្តែមិនមានសញ្ញាបត្រ ដូចនេះទៅធ្វើការនៅអូតែល ឬមួយកន្លែងធំៗ គេមិនទទួល ដោយសំអាងថាមិនមានការបណ្ដុះបណ្ដាល មិនដឹងគុណភាព។ អញ្ចឹងយកអ្នកហ្នឹងមកវាយតម្លៃ កុំឱ្យខាត(ធនធានមនុស្ស)។
(៧) ផ្ដល់វិញ្ញាបនបត្រដល់អ្នកសិក្សាជំនាញមិនឆ្លងកាត់សាលា ជាការពង្រីកសក្ដានុពលការងារ
ខ្ញុំបានឱ្យធ្វើ(កិច្ចការនេះ)។ តាមស្តង់ដារអប់រំ យើងមាន(បេក្ខជន)ស្វៃរិន … ហើយកំពុងគិតនៅក្នុងក្រសួងជាក្របខ័ណ្ឌបន្ថែមទៀតដើម្បីប្រមូលធនធានមនុស្ស … ថ្ងៃមុន តាមហ្វេសប៊ុក ក្មេងម្នាក់ជនជាតិឥណ្ឌា អាយុប្រហែល ១០ឆ្នាំជាង បានក្លាយទៅជា professor នៅសាលាល្បីនៅអាមេរិក។ បើសិនជាតាមស្តង់ដារសាលា គាត់មិនទាន់គ្រប់អាយុ(ធ្វើគ្រូ)បានទេ ប៉ុន្តែដោយសារគាត់ពូកែ ម៉ែបង្រៀនបានពាក់កណ្ដាល គាត់ក៏ចូលទៅធ្វើតេស្ដ ហើយអាចធ្វើបានកម្រិតណាមួយ ក៏គេឱ្យចូល។ នេះហើយជាការបើកច្រក ជាការគិតគូរ។ យើងមានធនធានច្រើន។ ទៅសៀមរាប ខ្ញុំឃើញអ្នកដែលមានទឹកដៃឆ្លាក់រូប ធ្វើអីផ្សេងៗ ហើយមិនដែលបានឆ្លងកាត់(ការបណ្តុះបណ្តាលនៅ)សាលា។ ដោយសារជីវភាព ឬមួយខ្លះកន្លែងរៀនសូត្រ គាត់អត់ចង់ទៅរៀន។ រៀនចប់វិទ្យាល័យ គាត់ទៅ(រករៀនជំនាញដោយមិនឆ្លងកាត់សាលាបង្រៀន)។ នេះជាការខិតខំពង្រីកសក្ដានុពលការងារជូនប្រជាពលរដ្ឋ។ បានន័យថា (បើក)ឱកាសដើម្បីឱ្យគាត់ចាប់ការងារល្អ ព្រោះទៅថ្ងៃក្រោយ សំរាប់ការងារមួយចំនួនគេចាប់ផ្ដើមសួររកសញ្ញាបត្រ។ អញ្ចឹង ដើម្បីបង្កើតឱកាសការងារឱ្យគាត់និងភ្ជាប់ជាមួយនឹងយើង ត្រវចេញគោលការណ៍ ដើម្បីផ្ដល់ឱកាសឱ្យគាត់យកវិញ្ញាបនបត្រនេះ។
(៨) ជូនវិញ្ញាបនបត្រ/សញ្ញាបត្រចំណេះ/ជំនាញជាផ្លូវការ ទោះមិនបានចូលប្រព័ន្ធអប់រំ ឬ TVET
កន្លងទៅ នៅក្រសួងឧស្សាហកម្ម យើងធ្វើតែក្រុមហ៊ុនក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ តែជំនាញមនុស្សដូចគ្នាដែរ គឺយកពីក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ។ គាត់ចេះខ្លួនគាត់ គាត់ខំប្រឹង គាត់មានដុង គាត់មានធនធានពីកំណើតរបស់គាត់ផ្ទាល់ទេពកោសល្យ។ គាត់បង្រៀនខ្លួនឯង។ ឥឡូវខ្វះតែវិញ្ញាបនបត្រ/សញ្ញាបត្រហ្នឹងមួយ គេមិនទទួលគាត់ឱ្យធ្វើការ។ ឥឡូវយើងឱ្យវិញ្ញាបនបត្រ/សញ្ញាបត្រហ្នឹង។ កន្លែងខ្លះត្រូវការមានវិញ្ញាបនបត្រពីក្រសួងការងារ ឬក្រសួងអប់រំ។ នេះជាការពង្រីកឱកាសការងារ ពង្រីកសក្ដានុពលប្រើប្រាស់ធនធានមនុស្សឱ្យអស់លទ្ធភាព ហើយបើកច្រកបត់បែន។ ប៉ុន្តែ មិនមែនថា ចេះតែឱ្យមិនគិតទេ។ ត្រូវមានគណៈកម្មការវាយតម្លៃច្រកស្រួលបួល។ កុំឱ្យអត់មានឱកាសចូលរៀនសាលា អត់បានទទួលសញ្ញាបត្រ អត់បានទទួលវិញ្ញាបនបត្រនៅក្រៅ(ប្រព័ន្ធ)រហូត គឺឱ្យគាត់ចូលក្នុង(ប្រព័ន្ធ) ដើម្បីទាញយកផល ហើយមួយទៀត មានធនធានមនុស្សដែលចេះស្រាប់ជាការល្អ។
កាលពីថ្ងៃច័ន្ទ ខ្ញុំដង្ហែព្រះករុណាទៅសម្ពោធ(សមិទ្ធផល)នៅវត្តឧណ្ណាលោម។ មានខ្មែរយើងម្នាក់មានជំនាញរៀបចំសាស្រ្តាស្លឹករឹតនៅវត្តឧណ្ណាលោម ។ គាត់ថាសូម្បីតែនៅថៃ ក៏យកគាត់ទៅរៀបដែរ។ រៀនអានបាន ប៉ុន្តែដល់ការរៀបចំជារឿងមួយទៀត។ ខ្ញុំសួរថា បានរៀនពីណា។ គាត់ថា ពីមុនគាត់ជាអ្នកធាក់ស៊ីក្លូនៅមុខវត្ត។ មានជនជាតិបារាំងម្នាក់ជាអ្នកស្រាវជ្រាវសាស្រ្តាស្លឹករឹត អង្គុយអាននៅក្រោមដើមឈើ។ អ្នកធាក់ស៊ីក្លូហ្នឹង បានទៅសួរគាត់ថា “អ្នកឯងអានអី ខ្ញុំចង់ចេះ?”។ បារាំងនោះបានបង្រៀនគាត់។ គាត់ចេះ តែអត់បានឆ្លងកាត់សាលាទេ។ អត់មានចេញពីក្រសួងវប្បធម៌ ឬក្រសួងអប់រំទេ។ តែគាត់មានជំនាញនេះ។ នេះជាឧទាហរណ៍នៅក្នុងការកសាងធនធានមនុស្ស។ មិនចាំបាច់ចូលក្នុងសាលា ប្រព័ន្ធអប់រំ មិនចាំបាច់ចូលក្នុងប្រព័ន្ធ TVET តែទទួលបានចំណេះ/ជំនាញពីកន្លែងដែលមានឱកាសផ្សេងទៀត ក៏យើងត្រូវបង្កលក្ខណៈ និងរៀបចំជាផ្លូវការផ្ដល់ជូន(វិញ្ញាបនបត្រ)។
(៩) ទាញធនធានមនុស្សបណ្ដុះបណ្ដាលក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ ដើម្បីពង្រឹងឱកាសការងារ
និយាយដូចនេះ មិនមែនលើកទឹកចិត្តឱ្យក្មួយៗ ឈប់រៀននៅក្នុងសាលានោះទេ។ យើងត្រូវបើកច្រកឱ្យបានច្រើន។ មួយឆ្នាំយើងមានក្មេង ២០ ទៅ ៣០ម៉ឺននាក់។ (មិនមែន)គាត់អាចរៀនតាមយកបាក់ឌុបទាំងអស់គ្នាទេ។ អ្នកខ្លះត្រូវរៀន TVET អ្នកខ្លះទៅធ្វើអីផ្សេង (រៀនវគ្គ)បណ្ដុះបណ្ដាលអីផ្សេង។ អញ្ចឹង អាចថាជាសំណាញ់សុវត្ថិភាពរបស់គាត់ មិនមែនលើផ្នែកថវិកានោះទេ ប៉ុន្តែសម្រាប់ជួយជំនាញគាត់ ជួយភ្ជាប់គាត់(ទៅក្នុងប្រព័ន្ធ)។ ក្រសួងអប់រំ ក្រសួងពាក់ព័ន្ធទាំងអស់ សូម្បីតែក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍,ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ … ព្រោះជួនកាល ក្មេងខ្លះចេះ hacking តាំងពីអាយុ ១៣ឆ្នាំ។ សួរគាត់ថារៀននៅណា? គាត់ថា អត់រៀននៅណាទេ គាត់រៀនខ្លួនឯង។ តើអ្នកទាំងអស់នេះ មានឱកាសដោយផ្អែកទៅលើអ្វីដែលគាត់ចេះហើយ ក្នុងកម្រិតមួយដោយមិនបានឆ្លងកាត់ពី(ការរៀនពីថ្នាក់មូលដ្ឋាន) ក, ខ មក? …
ដូចអប់រំ យើងមានបេក្ខជនស្វៃរិន ឱ្យបន្ត(ចាប់យកឱកាស)។ ការគិតគូរនេះនឹងជួយយើងទាញយកធនធានមនុស្ស ដែលបណ្ដុះបណ្ដាលក្រៅប្រព័ន្ធ ឱ្យមកចូលក្នុងប្រព័ន្ធ។ ការបណ្ដុះបណ្ដាលមានពីរ គឺមួយក្នុងប្រព័ន្ធ និងមួយក្រៅប្រព័ន្ធ។ ក្នុងប្រព័ន្ធ ក្នុងសាលា កន្លែងផ្លូវការ មួយទៀតក្រៅប្រព័ន្ធ (ក្រៅសាលា រៀនកន្លែងដែលមិនផ្លូវការ)។ ក្រៅប្រព័ន្ធមានច្រើន។ ធ្វើម៉េចឱ្យគាត់ចូលក្នុងប្រព័ន្ធ មិនមែនតែអាជីពទេ ប៉ុន្តែទាំងការងារ។ យើងអាចធ្វើបាន។ នេះហើយជាការពង្រឹងឱកាសការងារឱ្យគាត់ គឺជួយឱ្យគាត់អាចចាប់យកការងារល្អ។ ពីមុន ដោយមិនមានវិញ្ញាបនបត្រ សូម្បីគាត់ចេះធ្វើម្ហូបល្អ ក៏គេមិនទទួលឱ្យធ្វើចុងភៅនៅហាងផ្កាយ៣ ផ្កាយ៤ ទេ។ ឥឡូវ មានវិញ្ញានបនបត្រចេញពីក្រសួងច្បាស់លាស់ គាត់នឹងមានឱកាស។
[ចប់សេចក្ដីអធិប្បាយ៣]
ឆ្លៀតក្នុងឱកាសនេះ មុននឹងបញ្ចប់, ខ្ញុំសូមផ្តល់អនុសាសន៍ ដូចខាងក្រោម ៖
ទី១. ថ្នាក់ដឹកនាំសាកលវិទ្យាល័យ និង សាស្រ្តាចារ្យ ត្រូវបន្តដើរតួនាទីនាំមុខ, ជាមគ្គុទ្ទេសក៍, ជាទីប្រឹក្សា ជាអ្នកស្រាវជ្រាវ និងជាអ្នកនវានុវត្តន៍ ដែលត្រូវខិតខំអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ, ទាំងផ្នែកចំណេះដឹង វិធីសាស្ត្របង្រៀន និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីផ្ទេរបន្តចំណេះដឹងជាក់ស្តែង ដល់និស្សិត និង រួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សសម្រាប់កម្ពុជា ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
(១០) គ្រូជាប្រទីបនាំផ្លូវ ជាឪពុកម្ដាយទី២ ចូលរួមពង្រឹងធនធានបញ្ញាញាណសម្រាប់ជាតិ
គ្រូដើរមុន។ គ្រូអ្នកដឹកនាំ ដោយឧទាហរណ៍ជាក់ស្ដែង។ កុំឱ្យគេថា ធ្វើតាមគ្រូប្រាប់ កុំត្រាប់ស្អីដែលគ្រូធ្វើ។ កាលនៅជាទាហាន កាលហ្នឹងអង្គការមួយចូលទៅបណ្ដុះបណ្ដាលរឿងកុំឱ្យជក់បារី។ ក្នុងការបណ្ដុះបណ្ដាល គាត់និយាយបានពិរោះ តែចេញមកមិនទាន់បាន ១០នាទី គាត់ជក់បារីមួយ។ សិស្សឃើញ។ គាត់ថា ធ្វើម៉េចបើគេឱ្យគាត់ចូលបង្រៀន។ សិស្សចំអកថា គ្រូឯងប្រាប់ខ្ញុំកុំឱ្យជក់ ម៉េចគ្រូ(ជក់)។ គ្រូ(សាស្រ្តាចារ្យ)នាំមុខ ដឹកនាំធ្វើ ជាឧទាហរណ៍ បានន័យថា ជា example។ ដឹកនាំដោយឧទាហរណ៍ជាក់ស្ដែង។ ជាគំរូ។ ទាំងក្រមសីលធម៌ ទាំងការប្រតិបត្តិ … ជួនកាល ឪពុកម្ដាយឱ្យធ្វើអី្វមួយ បង្រៀនមួយ បង្រៀន(ផ្ទាល់)មាត់ ប្រើវិធីក្ដៅត្រជាក់ ប៉ុន្តែក្មេងខ្លះ copy អ្វីដែលឪពុកម្ដាយធ្វើ។ ឆ្ងល់កូនម៉េចចេះជេរ? មិនចេះម្តេច បើ(គាត់)ឃើញឪពុកម្ដាយជេរគ្នា … ខ្ញុំសូមទោស មិនមែនថា ប្រៀបធៀបនិស្សិត បញ្ញវន្តជាក្មេងទេ ប៉ុន្តែជាអ្នកដែលកំពុងទាញយកចំណេះដឹង។
អញ្ចឹងការដឹកនាំធ្វើការស្រាវជ្រាវ គ្រូត្រូវដឹកនាំផ្ទាល់។ កាលដែលសម្ដេចតេជោ លោកឱ្យគោលការណ៍ មន្រ្តី(ត្រូវ)រៀនប្រើប្រាស់ WhatsApp Telegram កាលហ្នឹង គឺលោកដាក់គោលការណ៍ធំជាងគេបំផុតរដ្ឋមន្រ្តីទាំងអស់ត្រូវចេះប្រើ WhatsApp? បើសិនជារដ្ឋមន្រ្តីមិនយល់ពី WhatsApp ផង តើគាត់ជំរុញឱ្យគេប្រើ WhatsApp យ៉ាងម៉េច។ ទាល់តែរដ្ឋមន្រ្តីប្រើ WhatsApp បានតម្រូវឱ្យមន្រ្តីរាយការណ៍មកគាត់តាម WhatsApp បាន។ គេត្រូវប្រើ។ គ្រូជាប្រទីប ជាអ្នកនាំផ្លូវ។ ខ្ញុំសូមអរគុណសាជាថ្មី ចំពោះការខិតខំចែករំលែករបស់សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូនៅសាកលវិទ្យាល័យ ក៏ដូចនៅទូទាំងប្រទេស ព្រោះជាអ្នកដើរតួធំណាស់ ជាឪពុកម្ដាយទី២ ជាអ្នកចូលរួមក្នុងការពង្រឹងធនធានបញ្ញាញាណនៅក្នុងធនធានមនុស្សសម្រាប់ជាតិ។
[ចប់សេចក្ដីអធិប្បាយ៤]
ទី២. ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់សាស្ត្រាចារ្យ និងបុគ្គលិកសិក្សា បន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវ តាមជំនាញឯកដូចខ្ញុំបានលើកឡើងអម្បាញ់មិញ។
ទី៣. ប្អូនៗនិស្សិតជ័យលាភី ត្រូវបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ តាមរយៈ ការសិក្សាស្រាវជ្រាវ និងការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និងផលិតភាពខ្ពស់ និងការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ទាញយកផលប្រយោជន៍ ជាអតិបរមាពីបរិវត្តកម្មឌីជីថល ក៏ដូចជាជំនាញផ្សេងៗទៀតដែលត្រូវបន្ត។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]
(១១) ចំណាយរាប់រយលានដុល្លារមួយឆ្នាំៗ ធ្វើផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំជនបទ តែសេចក្តីត្រូវការផ្លូវរីកលឿន
ខ្ញុំបាននិយាយអម្បាញ់មិញហើយ ការរៀនគឺរៀនមិនឈប់ទេ។ ឱកាសនេះ ខ្ញុំសូមបើកវង់ក្រចកពាក់ព័ន្ធទៅនឹងការងារមួយចំនួន។ ប្រធានបទប្លែកៗ។ ដោយសារយើងធ្វើឱ្យប្លែកៗ ដោយសារការចាប់អារម្មណ៍របស់យើងទៅលើរឿងច្រើន ជាពិសេសសម័យបច្ចេកវិទ្យានេះ ជួនកាលរឿងតូចទេ អាចទៅជារឿងធំ។ ពេលខ្លះ ដោយសារការពន្យល់មិនច្បាស់លាស់។ រឿងប៉ូលីសនិងឯកឧត្តម សុខ ទូច ទុកឱ្យប៉ូលីសបកស្រាយចុះ។ រឿងលូមួយកង់ ៤០ដុល្លារនោះ ខ្ញុំគិតថា អាជ្ញាធរខេត្តបានពន្យល់ហើយ មិនមែនជារឿងថ្មីទេ ប៉ុន្តែជារឿងតូចមួយដែលបានកើតឡើ្ ហើយពន្យល់រួចហើយ។ ខ្ញុំសុំមិនពន្យល់ទេ។តាមពិត បើយើងយល់រឿង អត់ច្រឡំ អត់ពិបាក អត់ទៅជារឿងធំទេ។ មួយឆ្នាំៗ រាជរដ្ឋាភិបាលចំណាយរាប់រយលានដុល្លារនៅក្នុងការធ្វើផ្លូវ ទាំងផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំជនបទ។ ឥឡូវយើង(ធ្វើបាន)រាប់ម៉ឺនគីឡូម៉ែត្រហើយក្នុងប្រទេស តែយើងមិនអាចធ្វើទាំងអស់(បានភ្លាម)ទេ …(សេចក្តីត្រូវការ)ផ្លូវចេះតែរីក មានតម្រូវការបន្ថែម។ អញ្ចឹងមិនអាចរីកទាំងអស់ពេលជាមួយគ្នា។
(១២) នៅប៉ោយប៉ែត លំនៅដ្ឋានប្រជាពលរដ្ឋរីកលឿនជាងផ្លូបនិងប្រព័ន្ធលូ
ដូចនៅប៉ោយប៉ែតនេះ ខ្ញុំសូមពន្យល់បន្តិច។ ខ្ញុំសួរអភិបាលខេត្ត រឿងអីបានជាអញ្ចឹង? គាត់ថា “សម្ដេច! រឿងនេះ គេបានធ្វើយូរមកហើយ”។ នៅក្នុងផែនការរដ្ឋ ឧទាហរណ៍ថា ផ្លូវបេតុងក្នុងក្រុងប៉ោយប៉ែត មួយឆ្នាំហ្នឹងបាន ១០គីឡូ។ អញ្ចឹងគេចែក សង្កាត់នេះប៉ុន្មានគីឡូៗ។ ឆ្នាំក្រោយធ្វើបន្តទៀត។ ប៉ុន្តែ នៅប៉ោយប៉ែត កន្លែងខ្លះ លំនៅដ្ឋានប្រជាពលរដ្ឋរីកលឿនជាងប្រព័ន្ធលូ ប្រព័ន្ធផ្លូវ។ គ្រាន់តែបុរីហ្នឹងធ្វើតៗគ្នាច្រើន។ ដល់អញ្ចឹង ផ្ទះធ្វើមុនកន្លែង(ដាក់លូ)ហ្នឹងទៅដល់។ កន្លែងខ្លះ ប្រជាពលរដ្ឋសហការគ្នា មិនចាំ(រដ្ឋដាក់លូឱ្យ)ទេដូចជាថាគាត់ចេញថវិកាបដិភាគ។ ហ្នឹងគេធ្វើអញ្ចឹង។ កន្លែងហ្នឹងក៏អញ្ចឹងដែរ។ គេធ្វើច្រើនកន្លែងរួចទៅហើយ។ ឥឡូវ(ពួកគាត់) ផ្ទះប៉ុន្មានរយម៉ែត្រ ប៉ុន្មានពាន់ម៉ែត្រហ្នឹង (ដែល)គម្រោងទាល់តែឆ្នាំក្រោយបានផ្លូវហ្នឹងមកដល់ អញ្ចឹងគាត់មិនចាំទេ។ ខ្ញុំសុំឯកភាពគ្នាជួយបដិភាគធ្វើទៅ។ គ្រាន់តែនីតិវិធីធ្វើវាខុសគ្នា។ កន្លែងនោះ សង្កាត់អីគេធ្វើជាមួយនឹងវិស័យឯកជន ជាមួយនឹងប្រជាជនក្នុងហ្នឹងចរចាគ្នាទៅ។
ឯ(លូ) ៤០ដុល្លារហ្នឹង ខ្ញុំសួរថា ម៉េចទៅរឿងហ្នឹង? គេថាហ្នឹងជាតម្លៃរាប់ចូលទាំងសេវាបង្កប់ទាំងកាយស្អីៗ … តែខ្ញុំប្រាប់អញ្ចេះ រឿងវាអាចជួសជុលបាន អាចការពារបាន។ យករឿងនេះសម្រាប់ទៅការពារថ្ងៃក្រោយទៅ។ បើប្រជាពលរដ្ឋចង់បានមុនផែនការរដ្ឋ យើងមិនហាមទេ ប៉ុន្តែត្រូវមានការឯកភាពគ្នាមុន ជជែកគ្នាមុន។ អាជ្ញាធរមូលដ្ឋាននិងក្រុមហ៊ុន ហៅប្រជាពលរដ្ឋមក។ ផ្ទះប៉ុន្មានជជែកគ្នាឱ្យច្បាស់ថា បដិភាគយ៉ាងម៉េច តម្លៃយ៉ាងម៉េចអីយ៉ាងម៉េចឱ្យច្បាស់។ រឿងតែប៉ុណ្ណឹងយល់គ្នាហើយ។ មានអ្នកថា សម្ដេចនាយករដ្ឋមន្រ្តីមិនចេញបកស្រាយរឿងលូមួយកង់ ៤០ដុល្លារ។ គេវាយ(កាន់តែខ្លាំង) (ចេញមក)ពន្យល់ឱ្យឃើញ។ ខ្ញុំថាឱ្យគេបកស្រាយទៅ។ តែនេះ ខ្ញុំឆ្លៀតពន្យល់បន្តិចតែប៉ុណ្ណឹង។ រឿងច្រើនកន្លែង ព្រោះភូមិឃុំយើងរីកច្រើន ហើយតម្រូវការប្រជាពលរដ្ឋត្រូវការផ្លូវបេតុង ផ្លូវអីនេះ ចង់បានលឿន។ ថវិកាជាតិរបស់យើង មួយឆ្នាំប៉ុន្មានរយលាន(ដុល្លារ)ហ្នឹង វាត្រូវនឹងជួសជុល ថែទាំ បូកជាមួយកសាងថ្មី។ អញ្ចឹងវាធ្វើឱ្យកន្លែងខ្លះប្រជាពលរដ្ឋគាត់សុំធ្វើមុន ដោយសហការគ្នា។ គ្រាន់តែមិនយល់គ្នាពីនីតិវិធីខ្លះ។ ខ្ញុំសូមឱ្យជជែកគ្នាទៅ។
(១៣) អាជ្ញាធរត្រូវរៀបចំឱ្យប្រជាពលរដ្ឋជួបក្រុមហ៊ុន និយាយគ្នាជាមុនពីក្របខ័ណ្ឌនិងលក្ខខណ្ឌនៃគំរោង
កាត់លូ ពេលកាត់ហើយ ខ្ញុំសូមឱ្យក្រុមហ៊ុនកុំទៅកាយ(ហើយទុកចោល)។ សុំឱ្យគោលការណ៍ទៅទាំងវិស្វកម្មទាំងអីផង គ្រប់ក្រសួងស្ថាប័នទាំងអស់ ពេលចុះទៅធ្វើផ្លូវឱ្យប្រជាជន ដែលពេលខ្លះត្រូវកាយលូ … ហើយពេលដែលកាយនេះ ត្រូវកុំទុកចំហចោល ត្រូវជួសជុលដាក់ឈើ ដាក់អីឱ្យគាត់ភ្លាមផង កុំឱ្យមានបញ្ហា(ចេញចូលផ្ទះមិនបាន)។ កុំថា ខ្ញុំកាយសិន ហើយមួយអាទិត្យក្រោយគង់តែដាក់។ កាយភ្លាមដាក់ភ្លាម ឱ្យគាត់ចេញទៅណា(មកណាបាន)។ វាមិនអស់ច្រើនទេបន្ទះក្ដារប៉ុណ្ណឹងនោះ។ វាមិនមែនរឿងដែលយើងធ្វើតែមួយមុខទេ ត្រូវគិតពីវិធីសាស្រ្តធ្វើផង ដើម្បីកាត់បន្ថយផងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បើយើងទៅដល់ដាក់អេស្កាវាទ័រមុខផ្ទះគាត់ ហើយទុកចោលអញ្ចឹង គាត់ចេញទៅណារួច។ កន្លែងច្រើនបានធ្វើនិងយល់គ្នាហើយ។ សូមបង្កើននីតិវិធី ជាពិសេសអ្នកកុងត្រាជាមួយក្រសួង-ស្ថាប័នរដ្ឋ ត្រូវដាក់លក្ខខណ្ឌហ្នឹង។ កុំកាយហើយ ទុកចោល។
មិនបានកាយហើយលុបភ្លាមទេ ព្រោះកាយលូហើយបានគេដាក់ ប៉ុន្តែយ៉ាងហោចនៅមុខផ្ទះគាត់ត្រូវដាក់ស្ពាន មិនមែនស្ពានបេតុងទេ ដាក់ត្រឹមតែឈើ(ក៏បាន)។ បើសិនជាគាត់មានឡានយើងរកដែកអីឲ្យទ្រធ្ងន់បាន ក្រែងដាក់ឈើទៅឡានបរទៅបាក់ធ្លាក់ពិបាកទៀត។ គិតគូរវិធីសាស្រ្ត ហើយយកល្អមុននឹងធ្វើ ខ្ញុំសុំឲ្យអាជ្ញាធរមូលដ្ឋានអញ្ជើញប្រជាពលរដ្ឋដែលរស់តាមផ្លូវនោះ មកជួបនឹងក្រុមហ៊ុន និយាយគ្នាពីក្របខ័ណ្ឌ និងលក្ខខណ្ឌនៃការធ្វើដើម្បីកុំឲ្យមានបញ្ហា។ ការមិននិយាយគ្នាច្បាស់លាស់ ដល់គេជេរៗនរណា ជេរតែរាជរដ្ឋាភិបាលដែលអត់ដឹងអីផង។ សួរទៅអភិបាលខេត្ត ថាអត់ដឹងផង ហ្នឹងខាងក្រុង និងសង្កាត់គេម្ចាស់ការធ្វើជាមួយប្រជាជន។ សូមឲ្យធ្វើនីតិវិធីបែបហ្នឹងទៅ។ និយាយគ្នាមុនយល់គ្នាមុន ហើយឯកភាពគ្នាធ្វើ។ រឿងតែប៉ុណ្ណឹង វាអត់លំបាកសោះ កុំឲ្យបង្កើតជារឿងមានបញ្ហា។
(១៤) សៀវភៅប្រវត្តិវិទ្យាថ្មី បំពេញបន្ថែមលើសៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៤ ទី៥ និងទី៦ ពីមុន
ចូលប្រធានបទដែលខ្ញុំត្រូវនិយាយ។ សុំអនុញ្ញាតពីព្រះអង្គបន្តិច អាចនឹងចប់មុនចង្ហាន់ថ្ងៃត្រង់។ ពេលម៉ោងព្រះសង្ឃឆាន់ថ្ងៃត្រង់សំខាន់។ ខ្ញុំព្រះករុណាខ្ញុំធ្លាប់បួសមួយសប្ដាហ៍ដែរ។ ឆាន់ថ្ងៃត្រង់។ ប៉ុន្តែល្ងាច យ៉ាប់ត្រង់កូនសិស្សលោកតែម្ដង យកតែម្ហូបឈ្ងុយៗ មកក្បែរកុដិ។ យើងឆាន់មិនបានទេរបស់ដែលមានកាក។ អញ្ចឹងមានអ្វីដែលទៅបានគឺទឹកផ្អែមៗ។ អញ្ចឹងហើយបានឡើងគីឡូ។ ឡើងជាតិស្ករតែម្ដង … កាលខ្ញុំព្រះករុណាខ្ញុំបួស កូនសិស្ស ២នាក់ហ្នឹង ឲ្យតែល្ងាចឡើងយកបបរមាន់មកក្បែរ។ តែឆាន់(ថ្ងៃ)ត្រង់សំខាន់។ខ្ញុំសូមនិយាយទាក់ទងនឹងរឿងទី១ ពាក់ព័ន្ធនឹងក្រសួងអប់រំ ទាក់ទងការយល់ច្រឡំស្រដៀងគ្នារឿងហ្វេសប៊ុក។ ប៉ុន្តែ រឿងនេះមិនមែនរឿង លូ ១កង់ ៤០ដុល្លារ ដែលជារឿងតូច។ រឿងនេះវាពាក់ព័ន្ធគោលយោបាយរបស់រាជរដ្ឋាភិបាល និងជំនឿទុកចិត្តរបស់ប្រជាជនទៅលើក្រសួងអប់រំ។
ដោយសារសារសំខាន់របស់វា ទើបបានជាខ្ញុំព្រះករុណាខ្ញុំលើកមកព្រឹកនេះ។ ហើយកន្លងទៅ ឯកឧត្ដម ហង់ជួន ណារ៉ុន បានចេញពន្យល់ហើយ ប៉ុន្តែហាក់ដូចជាមិនស្ងប់សោះ។ រឿងយើងចេញសៀវភៅ(រៀនប្រវត្តិវិទ្យា)។ ខ្ញុំស្ពាយទាំងសៀវភៅមកដើម្បីបង្ហាញថាយើងនិយាយពីអី? តើបងប្អូនប៉ុន្មាននាក់ធ្លាប់បានឃើញក្នុង Tik Tok ការបង្ហោះរឿងចម្រូងចម្រាសពីសៀវភៅថ្មីនេះ … គេថា ក្រសួងអប់រំកំពុងតែព្យាយាមកែប្រវត្តិសាស្រ្តតាមរយៈការរៀបចំសៀវភៅ(រៀនប្រវត្តិវិទ្យា)ថ្មី ដែលឲ្យកម្ពុជាដឹងគុណប្រទេសជិតខាង ហើយក្បត់ប្រវត្តិសាស្រ្តឯង។
តាមពិត សៀវភៅនេះជាការបំពេញបន្ថែមរបស់ក្រសួងអប់រំ ទៅលើសៀវភៅប្រវត្តិវិទ្យាដែលមានពីមុនមកសំរាប់ថ្នាក់ទី៤, ទី៥, និងទី៦ កម្រិតបឋមសិក្សា។ វាមាន ៣ច្បាប់និយាយអំពីប្រវត្តិសាស្រ្តខ្មែរតាមដំណាក់កាលនៃប្រវត្តិដែលបានកើត។
សៀវភៅ(ទី១ សំរាប់)ថ្នាក់ទី៤ និយាយពីដំណាក់កាលសម័យបុរេ(ប្រវត្តិ) ដែលនិយាយពីសម័យអង្គររបស់យើង រហូតទៅដល់សម័យព្រះបាទជ័យវរ្ម័ន ចក្រភពអង្គរ និងគំនិតច្នៃប្រឌិត បុរេប្រវត្តិសាស្រ្តកម្ពុជា ដែលមានរូបប្រាសាទអង្គរវត្ត។
(សៀវភៅ)ទី២ និយាយចាប់ពីនោះមក ដំណើរខ្មែរឆ្ពោះទៅក្រោមអាណានិគមនិយមបារាំង រៀបរាប់ពីសម័យចតុមុខរហូតដល់អាណាព្យាបាលបារាំង និងបម្រែបម្រួលនៃកម្ពុជា។ សៀវភៅទី៣ ដែលចម្រូងចម្រាស់ជាងគេ និងដែលខ្ញុំសូមពន្យល់នៅថ្ងៃនេះ គឺនិយាយពីសម័យសង្គមរាស្រ្តនិយម រហូតមកដល់ព្រះរាជាណាចក្រទីពីរ និងដល់បច្ចុប្បន្ន។
ក្រសួងបានបកស្រាយរឿងនេះរួចហើយ ហេតុអីបានជាត្រូវបញ្ចេញ(ការរៀបរៀប)បន្ថែម? ថាមិនមែនមកជំនួសប្រវត្តិសាស្រ្តចាស់ទេ។ អត់មានកែទេ។ គ្រាន់តែមានរបៀបធ្វើថ្មី គូររូបអីឲ្យក្មេងងាយយល់។ ហៅថា ទំនើបកម្មរបៀបបង្រៀន។ មើលសៀវភៅនេះ និងមើលសៀវភៅមួយទៀត មានភាពខុសគ្នា។ មួយនេះមានពណ៌ ហើយខ្លីៗ ងាយស្រួល។ ជាវិធីសាស្រ្តឲ្យមនុស្សឆាប់ចាំ។ រឿងនេះមិនមែនតែនៅកម្ពុជាទេ នៅប្រទេសច្រើនណាស់ដែលធ្វើ។ នៅសិង្ហបុរី គេធ្វើពិព័រណ៍ប្រវត្តិសាស្រ្តរបស់គេមួយ។ គេថា មនុស្សភាគច្រើនចាំតែប្រវត្តិសាស្រ្តក្រោយឯករាជ្យរបស់សិង្ហបុរី តែពីមុនមកមិនចាំ។ អញ្ចឹងគេបើកសារមន្ទីរមួយ។ គេអត់សរសេរអីច្រើនទេ គេដាក់រូប។ មនុស្សមកដំបូងជិះទូកយ៉ាងម៉េច អាណានិគមយ៉ាងម៉េច មនុស្សមើលមួយភ្លែតដឹងទាំងអស់ យល់ សង្ខេបៗ ថារឿងនេះវាអញ្ចឹង។
(១៥) រៀនឱ្យមានចំណេះខ្ពស់ដើម្បីឯករាជភាពក្នុងការគិតគូរ ពិចារណា និងធ្វើការសម្រេចចិត្ត
សារថ្ងៃនេះ មិនមែនសម្រាប់តែព្រះតេជព្រះគុណទេ គឺសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែមើលតាម live នេះ ហើយយល់ខុសអំពីសៀវភៅ។ មូលហេតុអីបានជាខ្ញុំលើកនៅទីនេះ … ភាគច្រើនគឺយើងតាមគ្នា។ ខ្ញុំសុំទាំងសាស្រ្តាចារ្យ និស្សិត បញ្ញវន្ត ដែលបានរៀនមានចំណេះប៉ុណ្ណេះ មានភាពឯករាជ្យក្នុងការពិចារណារបស់ខ្លួនមុននឹងធ្វើការសម្រេចចិត្ត។ កុំជឿតែលើការនិយាយរបស់នរណាម្នាក់។ សូមស្រាវជ្រាវឲ្យបានច្បាស់លាស់ ទើបយើងធ្វើការសម្រេចចិត្តត្រូវ។ មូលហេតុដែលយើងត្រូវរៀនឲ្យកាន់តែខ្ពស់ គឺដើម្បីឯករាជ្យក្នុងការគិតគូរ។ សួរថា តើរាជរដ្ឋាភិបាល តាមរយៈសៀវភៅ(រៀនប្រវត្តិសាស្ត្រថ្នាក់)ទី៦ហ្នឹង ដែលក្រសួងអប់រំ និងអនុគណៈកម្មការរៀបចំចងក្រង មានគំនិតទុច្ចរិតចង់បំប្លែងប្រវត្តិសាស្រ្តខ្មែរ ឲ្យទៅដឹងគុណអ្នកណា? សំណួរភាគច្រើនអញ្ចេះ។ រឿងជាតិនិយម ការស្រឡាញ់ជាតិ ការថែរក្សាវប្បធម៌ អត្តសញ្ញាណជាតិ ត្រូវតែមានគ្រប់គ្នា។ បងប្អូនដែលបញ្ចេញមតិថាបារម្ភពីរឿងនេះ មិនខុសទេ។ តែ អ្វីដែលសំខាន់ អ្នកដែលបង្ហាញការបារម្ភ បញ្ចេញ comments តាម online ភាគច្រើន មិនបានកាន់ ឬបើកមើលសៀវភៅនេះទេ។ ឧទាហរណ៍ បើកឆាករឿងលូ ៤០ដុល្លារ កើតដោយសារអី? រឿងនេះធ្វើច្រើនហើយ តែយើងអត់ទាន់យល់ ដឹងតែ៤០ដុល្លារ ចាក់កយកលុយ អត់មានដឹងថាគេបានឯកភាពគ្នាមុនធ្វើកម្រិតណាមួយ ហើយវិធីសាស្រ្តបែបណា។
(១៦) ការបកស្រាយបំភ្លៃអាចធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ នាំដល់ខ្មែរនិងខ្មែរឈ្លោះគ្នា និងខ្មែរខ្សោយ
មានរឿងរសើបពីរ។ ទីមួយ រឿងប្រវត្តិសាស្រ្ត។ ទីពីរ រឿងក្របសៀវភៅ។ ឲ្យតែមានរូបវិមានឈ្នះឈ្នះ គឺនាំគ្នាថាហ្នឹងជាស្តូបវៀតណាម។ ហេតុនេះហើយបានជាគេនាំគ្នាថា ធ្វើសៀវភៅហ្នឹងដើម្បីដឹងគុណវៀតណាម ព្រោះគ្រាន់តែក្របហ្នឹងក៏ដាក់ស្តូបវៀតណាមដែរ។ រឿងនេះ បើគិតថារឿងតូច មិនដូច្នោះទេ។ រឿងនេះខុសពីរឿងម្ដងម្កាល រឿងដាច់ដោយឡែករបស់បណ្ឌិត សុខ ទូច និងប៉ូលីស ចរាចរណ៍, រឿងលូមួយកង់ ៤០ដុល្លារ ឬមួយរឿងតូចមួយចំនួន។ រឿងនេះគឺជារឿងដែលអាចធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ។ ទីបំផុត ខ្មែរនិងខ្មែរឈ្លោះតែគ្នាឯងហ្នឹង ដូចប្រវត្តិសាស្រ្តធ្លាប់បានបង្ហាញថាយកប្រទេសផ្សេងជាកត្តាហានិភ័យ ដល់ទីបំផុតខ្មែរវាយតែគ្នាឯង ធ្វើឲ្យខ្សោយខ្លួនឯង។ សំខាន់ដោយសារការយល់ច្រឡំនោះហើយ ដែលខ្មែរយើងមិនមានសាមគ្គីភាព ខណៈប្រទេសជិតខាងគេមិនទាំងដឹងអីផង។ ខ្ញុំសូមពន្យល់និងសូមបញ្ជាក់តែម្ដង។ បើសិនខ្ញុំពន្យល់តែខាងក្រៅ ប្រហែលជាមិនយល់។ ឥឡូវទាក់ទងនឹងចំណុចទី១ ដែលថាខ្លឹមសារនេះបង្ហាញពីការដឹងគុណវៀតណាម … សូមក្រសួងអប់រំបង្ហោះ digital copy លើ internet ដើម្បីឲ្យបងប្អូននៅក្រៅប្រទេសអាច download យកទៅមើលថា តើវាខុសអីត្រង់ណា។ អត់មានអីត្រូវលាក់លៀមទេ។ ឲ្យគាត់មើលតែម្ដងថា តើដូចគេនិយាយឬអត់? តើខ្លឹមសារទាំងអស់នេះ មានជំពាក់អីជាមួយការដែលឲ្យកម្ពុជាដឹងគុណអ្នកណាទេ?
(១៧) ពីជំពូក១ ដល់៣ ជាការរៀបចំឲ្យកូនខ្មែរដឹងប្រវត្តិសាស្រ្តរបស់ជាតិខ្លួន
ឥឡូវ ជំពូក១ និយាយពីសង្គមរាស្រ្តនិយម និងកោះសន្តិភាព ឆ្នាំ១៩៥៥-១៩៧០ រៀបរាប់ពីស្នាដៃរបស់ព្រះបាទ នរោត្ដម សីហនុ ទាមទារឯករាជ្យ ការរក្សាសន្តិភាព ការបំពេញតម្រូវការមូលដ្ឋាន និងកសាងអត្តសញ្ញាណជាតិ និងស្នាដៃអតីតកាលពីជំនាន់សង្គមរាស្រ្តនិយម។ តើនេះជាអ្វីដែលបញ្ជាក់ពីការដឹងគុណរបស់ប្រទេសផ្សេងឬទេ? គឺដឹងគុណសម្ដេចតា ដែលជាអ្នកកសាងក្នុងជំនាន់សង្គមរាស្រ្តនិយមគឺខ្មែរ។
ជំពូក២ ជំនាន់សាធារណរដ្ឋខ្មែរ ពីឆ្នាំ១៩៧០-១៩៧៥ បង្រៀនពីស្ថានភាពរស់នៅ ពីមូលហេតុនៃការបែកបាក់ ការផ្លាស់ប្ដូរ ការធ្វើរដ្ឋប្រហារ ដំណាក់កាលចុងក្រោយនៃរបបសាធារណរដ្ឋខ្មែរ និយាយពីប្រវត្តិសាស្រ្តឲ្យកូនខ្មែរចាំ អត់មាននិយាយពីគុណអ្នកណាទេនៅទីនេះ។
ជំពូក៣ និយាយពីកម្ពុជាប្រជាធិបតេយ្យ និងវាលពិឃាដ ពីឆ្នាំ១៩៧៥-១៩៧៩ និយាយពីរបប និងការដឹកនាំជ្រុលនិយម ពីរដ្ឋធានីភ្នំពេញក្នុងរបបខ្មែរក្រហម ស្ថានភាពយ៉ាងម៉េច អត់មនុស្សយ៉ាងម៉េច ពីជីវភាពរស់នៅរបស់ប្រជាជននិងប្រជាជន និងអត្តសញ្ញាណថ្មី។ តើនេះឬនិយាយអំពីគុណបំណាច់របស់ប្រទេសជិតខាង ហើយបំភ្លៃប្រវត្តិសាស្រ្ត? ការរៀបចំប្រវត្តិសាស្រ្តត្រូវឲ្យយល់ ឲ្យកូនខ្មែរដឹងប្រវត្តិសាស្រ្តរបស់ខ្លួន។
(១៨) ត្រឹមតែមួយជំនាន់ក្រោយផង ក៏មានកូនចៅមិនដឹងនិង/ឬភ្លេចប្រវត្តិសាស្រ្តទៅហើយ
ប៉ុន្មានថ្ងៃមុន មានអ្នកនិយាយថា ប៉ុល ពត មិនបានសម្លាប់មនុស្សទៅហើយ។ តើនេះឬការចាំប្រវត្តិសាស្រ្តខ្មែរ? ខ្ញុំចាំថា ពីឆ្នាំទៅ ខ្ញុំឃើញវីដេអូឃ្លីបមួយ ថាមានអ្នកទៅចាប់លោកអ៊ំម្នាក់កំពុងសម្រាន្តគ្រុននៅក្នុងពំនូកចំបើង យកមកទឹមធ្វើគោសម្រាប់ភ្ជួរ ហើយបង្ហោះ។ មើលរឿងនេះ ខ្ញុំដឹងហើយ លោកតា លោកយាយ … ប៉ុន្តែដែលសំខាន់ មើលក្នុង comment អ្នកដែលចាស់ៗ ចូល comment ថាមិនភ្លេចទេអ្វីដែលគាត់បានឆ្លងកាត់ តែក្មេងៗ អាយ១៨ ១៩ ឬ២០ឆ្នាំ ចូលទៅ comment ថា គាត់មិនជឿទេ ដែលថាខ្មែរក្រហមធ្វើអំពើដល់ថ្នាក់ហ្នឹង កុំភូតដល់ថ្នាក់ហ្នឹងពេក។ ខ្មែរក្រហមមិនដែលយកមនុស្សទៅទឹមគោទេ។ ម្សិលមិញ ក្នុងសភា ដែលយើងឆ្លងច្បាប់មួយ … ឯកឧត្ដម ប៊ិន ឈិន ឡើងនិយាយថា គាត់ក៏ជួបរឿងស្រដៀងគ្នាដែរ។ គាត់ប្រាប់ក្មេងៗថា ជំនាន់អាពត គាត់ហូបបបរ “ប៊ិះទឹក”។
ក្មេងៗថា លោកតាមានពិបាកអី បបរឆ្ងាញ់តើ។ គាត់ថា “ត្រូវហើយ ចៅៗ បបរឆ្ងាញ់តើជំនាន់ចៅៗ បបរឡើងខាប់ ហើយសុទ្ធតែជាមួយត្រីរំងាស់ ជាមួយខួរជ្រូក ជាមួយត្រីងៀត ពងទាប្រៃ។ កាលជំនាន់អាពត អ៊ំហូប(បបរអង្ករ)មួយកំប៉ុង ១០០នាក់ ហើយមានគល់ចេក ជាមួយប៊ិះទឹក”។ ក្មេងៗគេស្មានថា Beef Steak ក៏សួរបញ្ជាក់ ប៊ិះទឹក ហ្នឹងអី? គាត់ថា ប៊ិះទឹក ដោយសារមួយកំប៉ុងសម្រាប់១០០នាក់ វាសឹងតែអត់អីទាំងអស់។ កុំតែបានគល់ចេក កុំអីទឹកសុទ្ធ។ ហ្នឹងហើយបបរប៊ិះទឹកនោះ។ សួរថាក្មេងៗមួយចំនួនជឿទេ? តើនេះជាទិដ្ឋភាពប្រវត្តិសាស្រ្តទេ? មួយចំនួនបានបញ្ជាក់ថាមិនជឿទេ។ ជាប្រវត្តិសាស្រ្តខ្មែរ អ្នកដែលនៅរស់ ឆ្លងកាត់សម័យសង្រ្គាម និងសម័យប៉ុល ពត ហើយកូនចៅត្រឹមតែមួយជំនាន់ក្រោយផង ក៏ភ្លេចប្រវត្តិសាស្រ្តទៅហើយ។ យើងត្រូវតែចងក្រងប្រវត្តិសាស្ត្រទុក។
(១៩) ពីជំពូក៤ ដល់៥ រៀបរាប់ពីការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងការស្ដារប្រទេសឡើងវិញនិងការចរចាឆ្ពោះទៅបោះឆ្នោតសកល នយោបាយឈ្នះឈ្នះកសាងសន្តិភាព យុទ្ធសាស្រ្តត្រីកោណ និងចតុកោណ
នៅអាមេរិក មិនមែនអាល្លឺម៉ង់ទេ មានសារមន្ទីរធំមួយគឺសារមន្ទីរប្រល័យពូជសាសន៍ជំនាន់ Nazis។ គេសម្លាប់នៅអឺរ៉ុបទេ តែនៅ Holocaust Museum … គេថែរក្សាទុកជាប្រវត្តិសាស្រ្ត។ យើងទៅណាននីង ប្រទេសចិន ឃើញគេធ្វើកន្លែងដែលជំនាន់នេះកាន់កាប់ កន្លែងកាត់ក្បាលមនុស្សអី។ គេធ្វើនៅហ្នឹង។ កន្លែងខ្លះគេមិនយក(ចេញ)ទេ គេកែ ធ្វើឆ្អឹង គេទុកនៅហ្នឹង ធ្វើសារមន្ទីរពីលើតែម្ដង។ សួរថាតើគេដាក់ដើម្បីគុំគួនឬទេ? អត់ទេ គឺដាក់ដើម្បីចាំប្រវត្តិសាស្រ្ត។
អញ្ចឹង ខ្លឹមសារនៃប្រវត្តិសាស្រ្ត ក្នុងជំពូក៤ អំពីសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ពីឆ្នាំ១៩៧៩-១៩៩៣ និយាយពីការបង្កើតរបបថ្មីក្រោយពីការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងការស្ដារប្រទេសឡើងវិញដែលពេលនោះវាក៏ជាតថភាពប្រវត្តិសាស្រ្តដែរ។ ជំពូក៥ គឺព្រះរាជាណាចក្រកម្ពុជាទី២ ពី១៩៩៣ ដល់បច្ចុប្បន្ន គឺនិយាយពីការចរចា ដំណើរឆ្ពោះទៅការបោះឆ្នោតសកល នយោបាយឈ្នះឈ្នះនៃការកសាងសន្តិភាព យុទ្ធសាស្រ្តត្រីកោណការអភិវឌ្ឍ យុទ្ធសាស្រ្តចតុកោណ និងវិបុលភាព ហើយទៅមុខទៀត (អាចមាន)បញ្ចកោណ តែឥឡូវបញ្ចកោណទើបចាប់ផ្ដើមមិនទាន់ជាប្រវត្តិសាស្ត្រទេ។
(២០) និយាយពី រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា សហការនឹងកងទ័ពស្ម័គ្រចិត្តវៀតណាមរំលំរបបប្រល័យពូជសាសន៍ នៅទំព័រ ៤១ និង ៤២ ម្នាក់មួយបន្ទាត់
សូមបញ្ជាក់ជូនអ៊ំ ពូមីង បងប្អូនទាំងអស់ ព្រះតេជព្រះគុណ គ្រប់ព្រះអង្គ ដែលចោទថាយើងសរសេរសៀវភៅនេះដើម្បីដឹងគុណវៀតណាម គឺក្នុងសៀវភៅនេះមិនមាននិយាយច្រើនពីវៀតណាមទេ ក្រៅពីទំព័រ៤១ មួយបន្ទាត់ និងទំព័រ៤២ មួយបន្ទាត់ ដែលនិយាយពីរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ការការពារ ការស្ដារឡើងវិញ … ក្រៅពីនោះទៀត គឺនិយាយពីខ្មែរ ស្នាដៃបុព្វបុរសខ្មែរជំនាន់់សម្ដេចតា ក្រោយមកខ្មែររួមគ្នារកសន្តិភាព បូកជាមួយនឹងខ្មែរទិដ្ឋភាពឈឺចាប់មួយចំនួនដែលធ្លាប់ឆ្លងកាត់ កុំឲ្យត្រឡប់មកវិញ និយាយពីខ្មែរទាំងអស់។
សៀវភៅមួយនេះ ក្រសួងអប់រំអត់មានព្យាយាមនិយាយពីប្រវត្តិសាស្រ្តជាមួយប្រទេសណាទេ ប៉ុន្តែនិយាយពី តថភាពជាក់ស្ដែងនៃកម្ពុជា ដើម្បីខ្មែរទាំងអស់បានចងចាំ និងងាយយល់។ នេះគឺជាការពិត។ ខ្ញុំសូមបញ្ជាក់ ហើយក្រសួងអប់រំនឹងបង្ហោះសារនេះគ្មានអីលាក់ទេ។ មិនបានសរសេរសៀវភៅមួយហ្នឹងដឹងគុណអ្នកណា ក្រៅពីការតស៊ូរបស់យើង និងការចូលរួមរបស់វៀតណាម(មានត្រឹម)២បន្ទាត់ហ្នឹង។ ខ្លឹមសារទាំងអស់និយាយពីខ្មែរ ប្រជាជនខ្មែរ ថ្នាក់ដឹកនាំខ្មែរ ធ្វើអ្វីៗ សម្រាប់កូនចៅទៅថ្ងៃក្រោយ ឱ្យមានយល់ប្រវត្តិសាស្រ្ត។ ត្រូវយល់ពីប្រវត្តិខ្លួនឯងឲ្យច្បាស់។
តាំងពីថ្នាក់ទី៤ ទី៥ និងទី៦ ចាប់ពីបុរេប្រវត្តិមកដល់សម័យទំនើបនេះ គឺសរសេរ៤ ជំនាន់នេះ។ ឯកឧត្ដម ហង់ជួន ណារ៉ុន បានពន្យល់ហើយ តែហាក់ដូចជាមិនទាន់យល់។ ឥឡូវ ខ្ញុំពន្យល់មូលហេតុ ដោយសារភាគច្រើនយើងអត់ទាន់បានពិនិត្យដឹងរឿង។ យើងចូលចិត្តគិតតាមគេប្រាប់ ហើយយើងជឿតាមគេ។ ក្នុងន័យនេះ ខ្ញុំសូមឲ្យនិស្សិត បញ្ញវន្ត សាស្រ្តាចារ្យ ស្រាវជ្រាវឱ្យបានច្បាស់មុននឹងធ្វើការសម្រេចចិត្ត មុននឹង Share បន្ត ឬមុននឹងយកមកផ្សាយបន្ត។ នេះជាឯករាជភាពក្នុងការសម្រេចចិត្តផ្អែកទៅដោយបញ្ញាញាណ និងសមត្ថភាពរបស់យើង ហើយសូមស្រាវជ្រាវឱ្យបានច្បាស់។ នេះគឺជាឧទាហរណ៍ជាក់ស្តែង ពីហានីភ័យដែលថាយើងគ្រាន់តែលឺ យើងឆាប់តែជឿ។ សូមឱ្យស្រាវជ្រាវខ្លឹមសារឱ្យច្បាស់។
(២១) វិមានឈ្នះឈ្នះ – អត្ថន័យតួវិមានធំ ៧ជ្រុង តួវិមានទីពីរ ៥ជ្រុង និងកំពូល៣
ទី២ អំពីរូបនៅលើក្រប។ គេថា រូបដែលនៅខាងស្តាំវិមានឈ្នះឈ្នះយើង រូបខាងឆ្វេងជារូបស្តូបអនុស្សាវរីយន៍វៀតណាម មើលមួយភ្លែតស្រដៀងគ្នា។ តែបើមើលឱ្យច្បាស់អត់ដូចគ្នាទេ ខុសគ្នាដាច់ស្រឡះ។ បើមើលរូបអគារដែលស្រដៀងគ្នា ខ្ញុំគ្រាន់តែវាយ Google ល្ងាចមិញ វៀតណាម, ចិន, ហ្វីលីពីន ស្រដៀងៗគ្នា ហើយវាយចេញមួយគរគោក ប៉ុន្តែរូបនីមួយៗ គេធ្វើខុសគ្នា អត្ថន័យខុសៗគ្នា។ មិនបាច់ចាំតែអគារស្រដៀងៗ គ្នាទេ។ ជឿទេថា មានផ្ទះ ២ខ្នង នៅក្នុងប្រទេសកម្ពុជាដែលទាំងម្ចាស់ផ្ទះ ទាំងស្ថាបត្យករដែលគូរប្លង់មិនដែលជួបគ្នា តែចេញប្លង់មកស្រដៀងគ្នា។ ចំណង់ចំណូលចិត្តប្រហែលស្រដៀងគ្នា។ សូម្បីតែមនុស្សហ្នឹង អត់ជាប់សាច់ឈាមគ្នា ក៏មុខស្រដៀងគ្នាដែរ។ ជឿទេ?
បងប្អូនប៉ុន្មាននាក់ស្គាល់ ហើយធ្លាប់ឃើញតាម TikTok ឈិន ឡុង កម្ពុជា និង Messi កម្ពុជា។ ប៉ុន្មាននាក់ធ្លាប់ឃើញ? ឃើញច្រើន។ មើលដូច Messi និងដូច ឈិន ឡុង អញ្ចឹង។ ខ្ញុំថា សង្ស័យគេបញ្ចូលសំឡេងហើយ។ តាមពិតខ្មែរយើងសោះ។ មុខដូច ឈិន ឡុង ប៉ុន្តែសួរជាប់អីជាមួយ ឈិន ឡុង ហុងកុង អត់ជាប់អីបន្តិច។ ម្នាក់ដាក់ឈ្មោះ Messi ប៉ុន្តែឈ្មោះជាក់ស្តែងមិនដឹងអីទេ មុខដូច Messi របស់ Argentina អញ្ចឹង។ ឥឡូវសូម្បីតែមនុស្សដែលមុខស្រដៀងគ្នាក៏មិនអាចជាប់គ្នា អគារដែលរៀបចំរចនាបទមួយចំនួនវាមើលស្រដៀងគ្នា តែមិនមែនកូពីទេ។
តើវាមានទំនាក់ទំនងយ៉ាងម៉េច? វិមានឈ្នះឈ្នះរបស់យើងមានន័យយ៉ាងម៉េច? ខ្ញុំសួរប៉ុន្មាននាក់ធ្លាប់ឃើញវិមានឈ្នះឈ្នះ សុំលើកដៃឱ្យខ្ញុំបន្តិច? សឹងតែទាំងអស់គ្នា។ ឥឡូវប៉ុន្មាននាក់ដែលទៅមើលអត្ថន័យនៅលើវិមានឈ្នះឈ្នះ? អត់ទេ។ ប៉ុន្មាននាក់ដែលមើល ទោះបីជាមិនបានទៅ ឃើញរូបនេះយល់អំពីអត្ថន័យនៃរចនាបទស្ថាបត្យកម្មហ្នឹង។ មាន ២, ៣នាក់។ កាន់តែតិចទៅ។ តែប៉ុន្មាននាក់ដែលធ្លាប់ឃើញគេវាយប្រហាររឿងហ្នឹង ប្រហែលជាច្រើន។ ទៅមើលទៅ។ គ្មានស្អីដែលជារបស់ប្រទេសផ្សេងទេ។ សម័យអង្គរមានរូប យក្សទាញព្រ័ត្រ មានរាជសីហ៍ មានរចនាបទទ្វារជ័យទាំង ៣ហ្នឹង គឺមានតំណាងរជ្ជកាលនីមួយៗ។ នៅក្នុងរចនាបទនេះមានអនុស្សាវរីយ៍របស់វៀតណាម តែផ្នែកខាងក្រោម។ កម្ពុជាមាន ៣ថ្នាក់។ ៣ ថ្នាក់ នេះមិនមែនដោយចៃដន្យ មិនមែនកូពីទេ គឺជានិមត្តិរូបច្បាស់លាស់។
ថ្នាក់ទី១៖ តួវិមានទី១ ធំមាន ៧ជ្រុង, តួវិមានទី២ មាន ៥ជ្រុង, កំពូលមាន៣។ គេអត់ដឹងថា អត្ថន័យអីទេ គ្រាន់តែឃើញកំពូល ៣ ថាហ្នឹងកូពីពីគេ។ អម្បាញ់មិញខ្ញុំសួរប៉ុន្មាននាក់យល់ ៧, ៥, ៣ ហ្នឹង? សាស្ត្រាចារ្យអម្បាញ់មិញ យល់យ៉ាងម៉េចដែរ? អ្នកណាលើកដៃអម្បាញ់មិញ?
តួនៅខាងក្រោមគេ ៧ជ្រុង តំណាងឱ្យលក្ខខណ្ឌ/កត្តាជ័យជម្នះទាំង៧ នៃការអនុវត្តនយោបាយឈ្នះឈ្នះ ដែលក្នុងនោះមានកត្តាអ្នកដឹកនាំ តួនាទីរដ្ឋបាលកណ្តាល ប្រតិបត្តិករ ការកសាងទំនុកចិត្តរវាងភាគីពាក់ព័ន្ធ មនោគមវិជ្ជា និងពាណិជ្ជកម្ម ការបរទេស និងការបែកបាក់របស់ខ្មែរក្រហម ដែលជាកត្តា៧ ដែលនាំឱ្យនយោបាយឈ្នះឈ្នះជោគជ័យ។ ប៉ុន្មាននាក់ដឹងរឿងនេះ? អត់ទេ។ មិនច្រើនប៉ុន្មានទេ។ ក្រែងលោបងប្អូនដឹងតែអៀន មិនហ៊ានលើកដៃ។
តួវិមានទី២ ដែលមាន ៥ជ្រុង តំណាងអី? តំណាងនយោបាយ វិធីសាស្ត្រ យុទ្ធសាស្ត្រ DIFID បំបែកខ្មែរក្រហម divide isolated finish integrate develop បើជាភាសាអង់គ្លេស។ បើជាខ្មែរ divide គឺញែករវាងតួអង្គប្រតិបត្តិករខ្មែរក្រហម ជាមួយមេដឹកនាំខ្មែរក្រហមទើបអាចធ្វើការបាន។ ទី ២ isolated បានន័យថា ញែកតួអង្គខាងក្រោម។ អញ្ចឹងបានយើងសមាហរណកម្មកងពលជើងក្រោមមក ទុកមេដឹកនាំនយោបាយខ្មែរក្រហមនៅខាងលើ ឱ្យគាត់ឯករាជ្យ។ finish គឺបញ្ចប់ខ្មែរក្រហម តែបញ្ចប់ហើយដើម្បីឱ្យនៅជាមួយយើង ជាជាងទៅវិញវាយគ្នាទៀត គឺយើង integrate បានន័យថាគាត់សមាហរណកម្ម គាត់ចូលមក។
បន្តិចទៀតខ្ញុំនិយាយពីរឿងប្រាសាទតាមាន់ ដែល ម្សិលម្ង៉ៃនេះ (ការគាំទ្រឯកឧត្តម នាក់ វង្ស)ផ្ទុះពេញ ហ្វេកប៊ុក ដែលគាត់ក៏ជាលទ្ធផលនៃនយោបាយឈ្នះឈ្នះនេះដែរ។ ចុងក្រោយពី integrate បានន័យថាទាហាននៅឯណាបញ្ចូលមក ទាហានខ្មែរក្រហមចូលមកទាហានរដ្ឋាភិបាលមក។ ដែនដីមានរដ្ឋបាលនៅខ្មែរក្រហមគឺឱ្យចូលជាមួយរដ្ឋបាលកណ្តលមក ធ្វើការជាមួយគ្នា ហើយ Develop/អភិវឌ្ឍឱ្យគាត់។
ទី៣ កំពូល ៣ចុងក្រោយ តំណាងអី? គឺការធានា ៣យ៉ាង ធានាអាយុជីវិត រូបរាងកាយ ធានាតួនាទី និងធានាទ្រព្យសម្បត្តិ។ នេះហើយអត្ថន័យនៃ វិមានឈ្នះឈ្នះរបស់យើង។ អត្ថន័យនៃការអនុវត្តគោលនយោបាយ ដោយខ្មែរ ដោយថ្នាក់ដឹកនាំខ្មែរ សុទ្ធតែខ្មែរទាំងអស់ ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ៥០០ឆ្នាំ នៅកម្ពុជា …។
(២២) វិមានឈ្នះឈ្នះជានិមត្តិរូបនៃដំណាក់កាលបង្រួបបង្រួមជាតិផង និងការអភិវឌ្ឍក្រោយបង្រួបបង្រួមជាតិ និងសន្តិភាពផង
គ្រាន់តែឃើញរូបស្រដៀងគ្នាក៏ថាអញ្ចេះអញ្ចុះ ជារឿងស្រួលទេ។ ប៉ុន្តែសូមស្រាវជ្រាវឱ្យច្បាស់។ ខ្ញុំចែករំលែកបន្តអត្ថន័យនេះជូនបងប្អូនជាបញ្ញាវន្ត ជានិស្សិត។ ទៅមើលនៅលើជញ្ជាំង អត់មាននិយាយអ្វីក្រៅពីដំណាក់កាលចរចារកសន្តិភាព។ សូម្បីតែយើងធ្វើបាន Guinness World Record អន្សមយក្សហ្នឹង ក៏មានលើហ្នឹងដែរតាមខ្ញុំចាំ។ ជាសមិទ្ធផលថ្មីៗ ដែលយើងយកទៅដាក់។ ខ្មែរធ្វើ។ វិមានឈ្នះឈ្នះ មិនត្រឹមតែរៀបចំជានិមត្តិរូបនៃដំណាក់កាលបង្រួបបង្រួមជាតិទេ តែក៏ទាំងការអភិវឌ្ឍក្រោយការបង្រួបបង្រួមជាតិ និងសន្តិភាពនេះផងដែរ។ ដូចនេះ សូមយល់ថា មិនមែនជារបស់រៀតណាម ឬរបស់ប្រទេសណាទេ។ មិនមែនធ្វើដើម្បីដឹងគុណអ្នកណាទេ គឺដើម្បីដឹងគុណប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដែលរួមគ្នាបញ្ចប់សង្គ្រាម ៥០០ឆ្នាំនេះ។ បើគេនៅតែ(មានះ)អញ្ចឹង ជាសិទ្ធរបស់យើងត្រូវការពន្យល់។
ឥឡូវលទ្ធផលនៃវិមានឈ្នះឈ្នះយ៉ាងម៉េច? … ឥឡូវលទ្ធផលនៃវិមានឈ្នះឈ្នះ ជាកត្តាគួបផ្សំដែលយើងមានថ្ងៃនេះ ដែលយុវជនជាច្រើន នៅក្នុងនេះ មិនកំពុងច្បាំងគ្នា ឬស្លាប់ក្នុងសមរភូមិ ហើយមានឱកាសមករៀន។ បើយើងនៅបន្តវាយគ្នា ប្រហែលជាចាប់(បញ្ចូល)ទ័ពទាំងសងខាងហើយ។ ក្មេងៗ មិនបានឱកាសទៅធ្វើការ រៀនសូត្របែបនេះទេ។ ជាការអភិវឌ្ឍប្រទេសបញ្ចប់សង្គ្រាម យើងប្រមូលទុនវិនិយោគទៅលើវិស័យអប់រំ ជាជាងទិញអាវុធគ្រាប់បាញ់គ្នា។ កាលវាយគ្នា យើងចំណាយច្រើនណាស់លើការទិញអាវុធគ្រាប់។ សូម្បីតែនៅអ៊ុយក្រែនវាយគ្នានេះ ធនធាន អ៊ុយក្រែន វាយតែមួយប៉ប្រិចភ្នែក ពឹងអឺរ៉ុប ពឹងអាមេរិក ជួយលុយរាប់ពាន់លាន ចាក់មកតែ ៣ខែ យកមកសម្លាប់គ្នា អស់ទាំងមនុស្ស អស់ទាំងលុយ។
(២៣) ដោយសារកត្តានយោបាយឈ្នះឈ្នះនិងបញ្ចប់សង្គ្រាម ខ្មែររួមគ្នាតែមួយ កងទ័ពតែមួយ ការពារទឹកដី
បងប្អូនប្រហែលជាឃើញរឿងនៅ ប្រាសាទតាមាន់ ហើយប៉ុន្មានថ្ងៃនេះ។ តួអង្គមួយដែលលេចធ្លោ គឺឯកឧត្តម នាក់ វង្ស មេបញ្ជាការកងពល៤២ បច្ចុប្បន្ន។ បងប្អូនដឹងទេ? ដែលឈានទៅដល់នេះ តើការរួមផ្សំនៃនយោបាយឈ្នះឈ្នះ ដែលគេកំពុងចោទថា វិមានឈ្នះឈ្នះ អញ្ចេះអញ្ចុះ គឺបានដោយសាររឿងហ្នឹង។ ហេតុអី? បងប្អូនទាំងអស់ត្រូវយល់ថា កាលពីយើងវាយគ្នា តំបន់ប្រសាទ តាមាន់ តាក្របី គ្រប់គ្រងដោយភាគីខ្មែរក្រហម។ ទីក្រុងសំរោង គ្រប់គ្រងដោយទាហានរដ្ឋាភិបាល។ យើងវាយគ្នាសាហាវណាស់។ ទីបញ្ជាការនៅសំរោងហ្នឹងពីឆ្នាំ ១៩៨៦ វាយគ្នាស្លាប់ច្រើនទាំងសងខាង។ ឯកឧត្តម នាក់ វង្ស ជាមេបញ្ជាការខ្មែរក្រហមកាលពីពេលនោះ។ បើសិនជាគ្មាននយោបាយឈ្នះឈ្នះបញ្ចប់ទេ មិនមែន ឯកឧត្តម នាក់ វង្ស ជាមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទទេ។ ប្រហែលខ្មែរយើងកំពុងតែវាយគ្នានៅទីនោះ ហើយម៉ោងថ្មើរនេះ មិនមែនខ្មែរយើងរួមគ្នាជាទ័ពតែមួយទេ។ នេះហើយគឺជាសមិទ្ធផលជាក់ស្តែង។
ខ្ញុំលើកតែជ្រុងមួយទេ ប៉ុន្តែជ្រុងមួយនៃនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាម ៥០០ឆ្នាំនេះ គឺយើងឃើញជាក់ស្តែងនៅក្នុងប៉ុន្មានថ្ងៃនេះ។ ពីមុន ឯកឧត្តម នាក់ វង្ស មិនទាន់ជាមេបញ្ជាការទេ។ អតីតមេបញ្ជាការ គឺឯកឧត្តម ប៉ែន វ៉ូយ កាលពីយើងវាយគ្នាឆ្នាំ២០០៨។ ពីមុននៅកន្លែងនេះ ៣កងពល របស់ខ្មែរក្រហមចូលគ្នា បង្កើតកងពលធំលេខ១៥ ហើយក្រោយមកបានកែសម្រួលចូលជាកងពល៤២។ ខ្ញុំក៏ធ្លាប់ទៅកន្លែងហ្នឹងច្រើន។ ខ្ញុំឃើញគេលើកឡើងថា រដ្ឋាភិបាលក្បត់ជាតិស្អីៗ មិនគិតគូរទៅមើល តាមាន់ តាក្របី។ តាមពិតយើងមានផ្លូវចល័ត បេតុងគ្រប់ទីកន្លែង រៀបចំលេណដ្ឋានការពារ។ យើងប៉ះគ្នាឆ្នាំ២០០៨ និង ឆ្នាំ២០១១ នៅព្រះវិហារ។ បន្តិចទៀតខ្ញុំនិយាយអ្នកស្នេហាជាតិពីក្រៅប្រទេសកំពុងជេរ ត្រកូល ហ៊ុន ក្បត់ជាតិ។ ចង់ប្រៀបធៀបមើលអ្នកណាធ្វើអីខ្លះជាក់ស្តែង? ព្រោះវាពាក់ព័ន្ធរឿងជាតិ រឿងទឹកដីតែម្តង។
បើសិនជាគ្មាននយោបាយឈ្នះឈ្នះ ម៉ោងថ្មើរនេះមិនដឹងថា ឯកឧត្តម នាក់ វង្ស ដែលជាមេបញ្ជាការអតីតខ្មែរក្រហម នៅឬអត់ផង? មិនមែនទាហានស្លៀកខោអាវខេមរភូមិន្ទនៅលើហ្នឹង(ភ្នំ)ទេ។ កុំនិយាយអ្នកធ្វើបុណ្យអីនៅខាងក្នុង អ្នកដែលឡើងទៅច្រៀងនៅលើហ្នឹង ដែលមានរឿងហ្នឹងគឺសុទ្ធតែអ្នកពីភ្នំពេញ កុំថាអ្នកនៅភ្នំពេញមានឱកាសឡើងទៅ ប្រាសាទតាមាន់ ពេលហ្នឹងនោះ។ យើងនៅញែកគ្នា។ ហ្នឹងហើយដែលថា កត្តាជាក់ស្តែងដែលយើងឱ្យរួមគ្នាជាខ្មែរតែមួយ កងទ័ពតែមួយ រួមគ្នាការពារទឹកដី គឺដោយសារកត្តានយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាម ខ្មែរទាំងអស់ចូលជាមួយគ្នា ហើយត្រូវរក្សាតួនាទីមេដឹកនាំកងទ័ពជូនតាមការសន្យារបស់ សម្តេច តេជោ ដែលឯកឧត្តម នាក់ វង្ស … ពីមុនជាសេនាធិការ ឥឡូវជាមេបញ្ជាការបាន ដោយមិនមានការរើសអើង។ នេះហើយនយោបាយឈ្នះឈ្នះ ដែលយើងទាំងអស់គ្នាខំធ្វើ។
(២៤) ដែលមិនទុកចិត្តគ្នា ជាការឈានទៅឈ្លោះគ្នា បែកបាក់សាមគ្គី ហើយសង្គ្រាមនឹងវិលត្រឡប់
គេខំប្រឹងបំភ្លៃថា ហ្នឹងជានយោបាយ ជាវិមានដែលដឹងគុណអ្នកផ្សេង។ មិនមែនទេ គឺជារបស់កម្ពុជា ដើម្បីអរគុណប្រតិបត្តិករ ហើយជាការរំលឹកថា សង្គ្រាម ៥០០ឆ្នាំ វេទនាប៉ុណ្ណា កុំឱ្យបាត់សន្តិភាព ហើយការពារទឹកដី ឯករាជ្យភាព កុំឱ្យបែកបាក់ផ្ទៃក្នុង។ បើបែកបាក់ហើយមិនបាច់ចាំវាយគ្នាទេ គឺគេចូលមកយកតែម្តង។ នេះហើយគឺជាកត្តាជាក់ស្តែង។ វាជាកត្តារំលឹកថា ការស្វែងរកសន្តិភាពលំបាកណាស់ ប៉ុន្តែការថែរក្សាសន្តិភាពកាន់តែលំបាកជាងនេះទៅទៀត ទាមទារឱ្យកូនខ្មែរត្រូវយល់គ្នា ត្រូវយល់ពីកត្តាប្រវត្តិសាស្ត្រដែលថា ខ្មែរចុះខ្សោយមិនមែនមកពីគេវាយលុកទេ ប៉ុន្តែកត្តាធំបំផុតទី១ គឺដោយសារយើងបែកបាក់គ្នាផ្ទៃក្នុង សង្គ្រាមតាំងពីជំនាន់ក្រោយអង្គរហ្នឹងហើយ ដែលទុកឱកាសឱ្យយើងកាន់តែខ្សោយទៅៗ។
ការថែរក្សាសាមគ្គីភាព ការរក្សាសន្តិភាពនៅក្នុងប្រទេស គឺជាកិច្ចការសំខាន់។ ឈានពីការយល់នៅគ្រប់កន្លែងជាពិសេសដូចជាការព្យាយាមយល់រឿង(សៀវភៅប្រវត្តិវិទ្យាចេញដោយ)ក្រសួងអប់រំ ធម្មតាចេញមេរៀនឱ្យបងប្អូន កូនចៅ យើងដឹងតាំងពីជំនាន់មុនសោះ ស្រាប់តែមានអ្នកទៅបំផុសឱ្យខ្មែរលែងទុកចិត្តគ្នាឯង។ នេះហើយជាជំងឺធំណាស់។ ដែលយើងនៅតែមិនទុកចិត្តគ្នាឯង ឈានទៅដល់ការឈ្លោះគ្នាឯងហ្នឹងហើយ ដែលសង្គ្រាមនឹងវិលត្រឡប់ សង្គ្រាមអារម្មណ៍ សង្គ្រាមការបែកបាក់សាមគ្គី ដែលមិនបាច់ទៅប្រកួតជាមួយអ្នកណាទេ។ នេះជាអ្វីដែលយើងត្រូវយល់ឱ្យច្បាស់ពីអត្ថន័យវិមានឈ្នះឈ្នះ អត្ថន័យទិវាសន្តិភាព អត្ថន័យសៀវភៅ និងគោលគំនិតដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ សូមស្វែងរកយល់។
(២៥) ល្គឹកណាមានសមត្ថភាពវិនិច្ឆ័យគ្រប់ជ្រុងជ្រោយ ប្រជាពលរដ្ឋនឹងក្លាយជាមូលដ្ឋានរឹងមាំនៃការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងសិទ្ធសេរីភាព ក្នុងរបបប្រជាធិបតេយ្យ
សូមយកឱកាសបញ្ជាក់ឱ្យយល់ប៉ុណ្ណេះពីសៀវភៅ ដែលជាកត្តាប្រវត្តិសាស្ត្រ ជាកត្តាដែលពាក់ព័ន្ធជាមួយយើងរាល់ថ្ងៃ ពាក់ព័ន្ធទៅនឹងកត្តាដែលអាចបង្កលក្ខណៈឱ្យយើងរួមគ្នាការពារទឹកដី … ចេញទៅវិញទិញអានទៅ បើអត់ជឿខ្ញុំនិយាយ។ បន្តិចទៀតចាំក្រសួងអប់រំបង្ហោះ … ឥឡូវបើមានហើយ ឱ្យបង្ហោះឥឡូវតែម្តង ឱ្យបងប្អូនដោនឡូតអង្គុយអានថាតើខ្ញុំដែលនិយាយនេះ តើអ្នកចងក្រងសៀវភៅ ក្រុមការងារ អនុគណកម្មការចងក្រងសៀវភៅប្រវត្តិសាស្ត្រនៅក្រសួងអប់រំ មានចេតនាខុសអញ្ចឹងទេ? សំខាន់បំផុតសួរថាប៉ុន្មាននាក់បានស្តាប់ការជជែកវែកញែក ដែលអត់មានមូលដ្ឋានច្បាស់លាស់ ហើយប៉ុន្មាននាក់បានអានសៀវភៅហ្នឹងពិតប្រាកដ។
ប៉ុន្មាននាក់ដែលឃើញគេជេរ គេចោទ រិះគន់ វាយប្រហារថាសៀវភៅហ្នឹងយ៉ាងណាៗ? ហើយប៉ុន្មាននាក់ដែលយល់អំពី អត្ថន័យនៃវិមាន និងរចនាបទ(វិមានឈ្នះឈ្នះ)ហ្នឹង? ប៉ុន្មាននាក់ដែលបានទៅមើលជាក់ស្តែង? នេះទាមទារឱ្យយើងពន្យល់ នឹងសូមឱ្យជាពិសេសនិស្សិតបញ្ញវន្តទាំងអស់ ស្វែងយល់ឱ្យបានច្បាស់មុនធ្វើការសម្រេចអ្វីមួយ ធ្វើការសន្និដ្ឋានអ្វីមួយ។ ពាក្យថា បញ្ញវន្ត គឺមុននឹងធ្វើអីត្រូវគិតគូរឱ្យបានច្បាស់លាស់ សិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់។ កុំឱ្យគេគិតជំនួសយើង។ បើឱ្យគេគិតជំនួសយើង ហើយយើងចាំតែស្អីក៏សួរគេៗ យើងអត់មានសមត្ថភាពគិតខ្លួនឯង គេមិនមែនហៅថាបញ្ញវន្តដែលមានសញ្ញាបត្រនោះទេ។
សូមគិតគូរ ហើយចូលរួម។ ល្គឹកណាដែលប្រជាពលរដ្ឋកាន់តែច្រើនមានសមត្ថភាពគិតគូរវិនិច្ឆ័យបានគ្រប់ជ្រុងជ្រោយ ពេលនោះហើយយើងនឹងក្លាយជាមូលដ្ឋានរឹងមាំនៃការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព និងសិទ្ធសេរីភាព ក្នុងរបបប្រជាធិបតេយ្យ ដែលប្រជាជនយល់សិទ្ធច្បាស់ មិនងាយស្រួលនៅក្នុងការអូសទាញ ទៅធ្វើអីដែលប៉ះពាល់(ដល់អាយុជីវិតជាតិ)។ ការមិនយល់នេះហើយជាមូលដ្ឋានធំ។ មូលដ្ឋានកសាងមូលដ្ឋានធនធានមនុស្ស ការបណ្តុះបណ្តាលអប់រំនេះឯងគឺដើម្បីឱ្យប្រទេសយើងរឹងមាំ មានសមត្ថភាពគិតគូររួមគ្នា ដើម្បីថែរក្សាការអភិវឌ្ឍប្រទេសជាតិ …។
ក្រសួងចេញពន្យល់ហើយ ឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏ចេញបកស្រាយរួចហើយ។ ខ្ញុំគ្រាន់តែបន្ថែមអោយកាន់តែច្បាស់ ព្រោះនេះជារឿងរួម រឿងប្រវត្តិសាស្ត្រ និងរឿងធ្វើឱ្យខ្មែរយើងទុកចិត្ត/ឬមិនទុកចិត្តគ្នា។ រឿងឱ្យប្រជាពលរដ្ឋទុកចិត្តឱ្យកូនទៅរៀន ជឿថាបានរៀនប្រវត្តិសាស្ត្រ កុំឱ្យថាកូនយើងទៅរៀន សង្ស័យគេពង្វក់។ គ្មានចេតនានេះទេ។ វិមានដែលយើងបាន Design ក៏ក្នុងអត្ថន័យខ្មែរ ដើម្បីខ្មែរ មិនមែនសំរាប់ដឹងគុណអ្នកណាទេ។ តែបើអ្នកថាដូច ហើយយើងអត់ដឹង ក៏តែជឿថាដូចហើយ។ ស៊ីសងការគិត។ កូនរៀន Pharmacy ដឹងពីថ្នាំ។ ម្តាយឈឺ យកថ្នាំឱ្យម្តាយលេប។ ម្តាយអត់ទុកចិត្តកូន។ គាត់លេបអត់ជា។ ស្អែកឡើងហៅមិត្តភក្តិទៅយកថ្នាំដដែលទៅលេបក៏ជា។ ដោយសារការគិតតែប៉ុណ្ណឹង។
ថ្ងៃមុនមិត្តភក្តិរបស់គ្រួសារខ្ញុំមួយទៅវត្ត។ ម្តាយថាវត្តហ្នឹងសក្តិស័ទ្ធ ទៅកុំភ្លេចយកទឹកមកផងដើម្បីគាត់ផឹកឱ្យបានធូរ។ កូនចេញពីវត្តភ្លេចយកទឹកមក។ មិនដឹងធ្វើម៉េច ទៅយកទឹកផ្សេងមក ប្រាប់ថាទឹកពីលោក។ ម្តាយគាត់ផឹកទៅ ក៏ថា ដូចជាធូរមែនសក្តិស័ទ្ធមែន។ រឿងចិត្តសាស្ត្រនេះទាមទារការយល់។ អញ្ចឹងសូមកុំឲ្យមានការយល់ច្រឡំទៅលើរដ្ឋាភិបាល ទៅលើក្រសួងអប់រំក្នុងការរៀបចំសៀវភៅនេះ ហើយកុំឲ្យមានការយល់ខុសលើការរៀបចំកសាងវិមានឈ្នះឈ្នះ …។
(២៦) រដ្ឋាភិបាល និងមន្ត្រីកិច្ចការព្រំដែន ក៏ជាអ្នកជាតិនិយម ហើយទទួលខុសត្រូវក្នុងប្រវត្តិសាស្ត្រទៀតផង
ពាក់ព័ន្ធនឹងរឿងព្រំដែន រឿងប្រាសាទតាមាន់ រឿងកោះគុត អស់ពីបង្កការយល់ច្រឡំអំពី CLV-DTAនេះ។ បងប្អូនឃើញហើយថា ថ្មីៗនេះ ចលនាជាតិនិយម ឬមួយក៏ចលនាអ្នកនយោបាយជំរុញស្មារតីជាតិនិយមទាំងនៅថៃ ទាំងនៅកម្ពុជា បាននិងកំពុងរុញស្ថានភាពនេះខ្លាំង។ រឿងនេះខ្ញុំសូមឲ្យមានការគិតគូរឲ្យបានច្បាស់លាស់។ រឿងព្រំដែន អ្នកណាក៏គិតដែរ មិនមែនតែអ្នកជាតិនិយមនោះទេ។ រដ្ឋាភិបាល មន្ត្រីកិច្ចការព្រំដែន ក៏ជាអ្នកជាតិនិយមដែរ។ អ្នកជាតិនិយមឆ្អិនឆ្អៅផង ចរចាអត់បាយទឹកដើម្បីការពារមួយចំអាមៗ។ ប៉ុន្តែរឿងព្រំដែននេះវាមិនមែនជាងាយស្រួល ដោះមួយថ្ងៃចប់ទេ។ ម្សិលម្ង៉ៃ ខ្ញុំជួបប្រជាពលរដ្ឋនៅទំនប់ក៥ ដែលមានទំនាស់ ២៥ឆ្នាំជាង ប្រមាណ ១០០០គ្រួសារ។ នេះដីនៅក្នុងប្រទេសផង។ ទម្រាំដោះចប់ វាស្មុគស្មាញ។ ពីដើមចូលទៅអត់មានកន្លែងស្អីស្រួលបួល។ យើងជាមួយថៃ មានព្រំដែន ២កង់។ មួយកង់បោះពី ជាំ រហូតដល់ចាំយាម ៧៤បង្គោល។ តែពី មុំ៣ មកដល់ចាំយាម អត់មានបង្គោលទេ តែមានផែនទីឆ្នាំ ១៩០៨ ដែលធ្វើដោយក្រុមគណៈកម្មការកំណត់ព្រំដែនរបស់ឥណ្ឌូចិន និងសៀម។
តាំងពី១៩៩៨ មក យើងបានបន្តធ្វើកិច្ចការនេះ។ យើងរកបានបង្គោលហើយ នៅកន្លែងខ្លះនៅបាត់ … ដូចជាបង្គោល៧៣ យើងមិនទាន់ត្រូវគ្នាផង។ បង្គោលតាមផែនទី តាមកិច្ចព្រមព្រៀងឆ្នាំ ១៩០៧ នៅកន្លែងនេះ។ ឥឡូវមកដល់នេះ យើងអត់ឯកភាពទទួល។ ចរចាគ្នាទៀត។ សួរថា តើហ្នឹងឬជាការមិនទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ឬបងប្អូនខាងព្រំដែន? ម្នាក់ៗ ជាខ្មែរដែរ។ បញ្ហាព្រំដែនជាបញ្ហារសើប។ ប្រទេសច្រើនណាស់ដែលមិនទាន់ដោះស្រាយចេញ។ ថៃនិងម៉ាឡេស៊ីនៅដោះព្រំដែនទឹកមិនទាន់ចប់ផង។ ចិននិងឥណ្ឌាវាយគ្នាពីមុនមិនទាន់ចប់ផង មហាអំណាចមានលុយមួយគគោក មានអ្នកបច្ចេកទេស ដោះមិនទាន់ចប់ផង។ កន្លែង Ladakh ស្អីគេហ្នឹង វាយគ្នានៅចំណុចខ្ពស់។ ជប៉ុននិងរុស្ស៊ី។ រឿងវាយូរអង្វែង។ យើងឃើញរឿងក្តៅនៅសមុទ្រចិនខាងត្បូងទេ។ រឿងព្រំដែនទឹករវាងប្រទេសប៉ុន្មានជាមួយចិន វាត្រូវការការដោះស្រាយ។ ផ្អែកទៅលើអ្វី?
បើផ្អែកទៅលើការស្រែកពីជាតិនិយមរៀងៗខ្លួន ក៏នឹងវាយគ្នាប្រាវ។ យើងស្រឡាញ់ជាតិដូចគ្នា តែរាជរដ្ឋាភិបាលមានការទទួលខុសត្រូវមួយជាងបងប្អូនដែលនៅក្រៅ ឬមួយអ្នកដែលវាយប្រហារនោះ គឺយើងធ្វើការទទួលខុសត្រូវនៅក្នុងប្រវត្តិសាស្ត្រ។ អ្នកស្រែកៗបានតែស្រែកទេ ប៉ុន្តែយើងដោះដោយទទួលខុសត្រូវ។ សួរថា តើបញ្ហាព្រំដែនត្រូវដោះបែបណា? វិធីសាស្ត្រខុសគ្នាក្នុងការដោះស្រាយ។ អ្នកខ្លះតាំងខ្លួនជាអ្នកស្នេហាជាតិបបួលទៅប្តឹង រឿងកោះគុត។ គេថាបើអ្នកឯងមិនប្តឹង គឺក្បត់ជាតិ ទាល់តែធ្វើតាមខ្ញុំបានស្នេហាជាតិ។ អត់ទេ។ យើងមានលទ្ធភាពដោះស្រាយតាមវិធីសាស្ត្រច្បាស់លាស់។ អត់លេងសើចទេ។ អ្នកនយោបាយនៅថៃ ដែលកំពុងប្រឆាំងរដ្ឋាភិបាលថៃ ក៏កំពុងជំរុញរឿងប្តឹងរឿងស្អីៗដូចគ្នា តែរដ្ឋាភិបាលក៏មានយន្តការធ្វើការដែរ។
(២៧) ចចារព្រំដែនជាមួយថៃដោយយកព្រំដែនជំនាន់បារាំង១៩០៨ លិខិតតុបករណ៍ MOU២០០០ ជាគោល
យើងដោះស្រាយដោយផ្អែកលើមូលដ្ឋានបច្ចេកទេស ដែលមានផែនទី មានក្រុមការងារបច្ចេកទេស មានលិខិតតុបករណ៍ច្បាស់លាស់។ សូម្បីតែចរចាព្រំដីជាប់គ្នាហ្នឹង ក៏មិនអាចចេះតែកាន់ផ្គាក់ទៅកាប់គ្នា ហើយទាមទារដែរ ទាល់តែមានអំណះអំណាង ប័ណ្ណស្លាបមាន់ស្អីៗ យកទៅ មានកុងត្រាទិញលក់អីផ្សេងៗ ច្បាស់លាស់។ ប្រទេសជាតិអត់មានកុងត្រាទិញលក់ទេ។ នៅអាមេរិក ពីដើមធ្លាប់ទិញពីបារាំង ដូច Louisiana ទិញតែ ១ដុល្លារទេ ឥឡូវបំរុងចរចាទិញឯណាទៀត។ ខ្ញុំមិនដឹងទេ។ គ្មានអ្នកណាលក់ greenland ទេ។ ប៉ុន្តែព្រំដែនប្រទេសអត់ទិញលក់ទេ។ កាលជំនាន់បារាំងមានការដោះដូរដោយសារគ្រប់គ្រងឥណ្ឌូចិនកន្លែងណា ហ្នឹងរឿងជំនាន់បារាំង។ ទម្រាំតែយើងមានសន្ធិសញ្ញា ១៩០៧ ក៏ដោយសារកើតឡើងពីការដោះដូរ ៣ខេត្តយើងជាមួយនឹងប៉ុន្មានខេត្ត។ ហ្នឹងរឿងពីមុន។ យើងមិនរើកកាយពីនោះទេ តែយើងត្រូវផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ដែលបន្សល់ទុក ជាមួយព្រំដែនថៃនេះ គឺមានសន្ធិសញ្ញា១៩០៧ …។
យើងឯកភាពគ្នាតាម MOU២០០០ យកព្រំដែនឆ្នាំ១៩០៨ មកធ្វើជាគោល មិនមែនព្រំដែន google ទេ។ ខ្ញុំឃើញអ្នកណាយក google ថាមួយនេះមួយនោះ។ ឯកឧត្តម វ៉ា គឹមហុង ប្រាប់ខ្ញុំល្ងាចមិញថា ពីប៉ុន្មានឆ្នាំមុន ខាងថៃធ្លាប់យកព្រំដែន google ថាតំបន់អីនៅក្នុងហ្នឹង។ អញ្ចឹងបើយើងយក google ចុះឡើងនេះ វាអត់ជាគោលទេ។ google ហ្នឹងអ្នកណាក៏កែសម្រួលបាន។ ប៉ុន្តែព្រំដែនដែលយើងឯកភាពជាផ្លូវការគឺព្រំដែនពីជំនាន់បារាំង១៩០៨ ដើម្បីជាគោលក្នុងការចរចា និងលិខិតតុបករណ៍ផ្សេងៗ MOU២០០០ ឬមួយកិច្ចព្រមព្រៀងផ្សេងៗដែលយើងយកជាគោល។ គ្រាន់តែប្រាប់ថាយើងធ្វើកិច្ចការតាមវិធីចាស់ទុំ ដើម្បីធ្វើការចរចា មានអ្នកឌឺថាចាំទាល់តែចាស់ទុំបាត់អស់។ បើចឹងមានអី ចង់លេងអ្នកនយោបាយលឿន ធ្លាប់ហើយតើ ២០០៨ និង ២០១១។
(២៨) កម្ពុជាចង់ដោះស្រាយដោយសន្តិវិធី ប៉ុន្តែរក្សាសិទ្ធការពារខ្លួនតាមគ្រប់មធ្យោបាយ
ខ្ញុំសូមយកឱកាសនេះ បញ្ជូនសារទៅអ្នកនយោបាយទាំងខ្មែរទាំងថៃ សូមកុំយករឿងនយោបាយមកឡូកឡំក្នុងកិច្ចការបច្ចេកទេស ព្រោះអ្នកនយោបាយអត់ដឹងកិច្ចការបច្ចេកទេសជាងអ្នកភូមិសាស្ត្រទេ។ សូមទុកឲ្យអ្នកបច្ចេកទេសគេធ្វើការតាមការងារបច្ចេកទេស។ រឿងព្រំដែនទាក់ទងទៅនឹងបច្ចេកទេស និងច្បាប់អន្តរជាតិ។ ឲ្យគេប្រើមូលដ្ឋានហ្នឹងដើម្បីដោះស្រាយ។ យើងកុំទៅនាំឲ្យវាយគ្នា។ សំរាប់អ្នកនយោបាយថៃ ខ្ញុំសូមបញ្ជូនសារថាកុំជំរុញរឿងនេះយកចំណេញនយោបាយ ហើយមកយកហេតុផលនេះឬនោះ ត្បិតគេមិនទាន់ឯកភាពគ្នា មិនមានអ្វីយកជាការបានទេ។ កម្ពុជា សូមផ្អែកលើមូលដ្ឋានថែរក្សាអធិបតេយ្យភាពរបស់ខ្លួន។ យើងរកវិធីដោះស្រាយបញ្ហាដែលបន្សល់ទុកពីមុន តាមរយៈយន្តការដែលយើងឯកភាពគ្នាជាផ្លូវការ ដែលមានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ។ ធ្វើការផ្អែកទៅលើមូលដ្ឋានច្បាប់អន្តរជាតិ ផ្អែកទៅលើផែនទីដែលតំកល់ទុកនៅបារាំង ដែលយើងឯកភាពគ្នាទៅលើលិខិតតុបករណ៍ផ្សេងៗ ទៅលើក្រុមបច្ចេកទេស។
កម្ពុជាចង់ដោះស្រាយដោយសន្តិវិធី ប៉ុន្តែរក្សាសិទ្ធការពារខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាប្រទេសណាមួយហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធឈ្លានពានកម្ពុជា។ កាលពី២០០៨, ២០១១ អ្នកខ្លះយករឿង(ព្រដែន)នេះ(បង្កជម្លោះ)។ យើងមិនចង់ធ្វើការវាយគ្នាទេកាលពីឆ្នាំ២០០៨ ហ្នឹង គឺយកនយោបាយមកដើរមុខ។ ឆ្នាំ១៩៩៨ យើងចរចាគ្នាជាមួយនឹងថៃ។ គណៈកម្មការព្រំដែនបច្ចេកទេសធ្វើការស្រួលនឹងគ្នា មិនមែនត្រូវគ្នានោះទេ ចរចាតឹងសរសៃកដាក់គ្នា ប៉ុន្តែមិនវាយគ្នា។ វាចង្រៃអីឆ្នាំ២០០៨ នេះមានអ្នកជ្រុលនិយមមួយចំនួនចូលមកនៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ បញ្ជូនទ័ពចុះឡើង ក៏វាយគ្នា ៣ឆ្នាំ ស្លាប់ប៉ុន្មាន របួសប៉ុន្មាន ធ្វើឲ្យយើងខាតបង់ប៉ុន្មាន ទំនាក់ទំនងកម្ពុជាជាមួយថៃ ប្រជាជនមើលមុខគ្នាមិនត្រូវ។ សូមឱ្យចាំប្រវត្តិសាស្ត្រថ្មីៗនេះ។ បើមិនចាំប្រវត្តិសាស្ត្រចាស់ ឆ្នាំ២០០៨ ទើបតែ១០ ឆ្នាំជាងមុនទេ។ ដោយសារយកនយោបាយមកឡូកឡំហ្នឹងហើយ បានជាវាយគ្នាប្រាវនោះ។
(២៩) គឺត្រកូលហ៊ុន ដែលការពារព្រំដែន និងការពារប្រជាពលរដ្ឋពីកូវីដ១៩
ឥឡូវសូមអ្នកជាតិនិយមមួយចំនួន កុំយកនយោបាយមកដឹកមុខ ដើម្បីឲ្យមានបញ្ហា ហើយកុំថាអ្នកឯងស្នេហាជាតិនោះ។ នាំទាហានវាយគ្នាស្លាប់ នាំប្រទេសមើលមុខគ្នាមិនត្រង់ មិនមែនស្នេហាជាតិទេ។ ស្រឡាញ់ជាតិដូចគ្នា រដ្ឋាភិបាល មន្ត្រីរដ្ឋាភិបាល ខ្ញុំ ឪពុកខ្ញុំ គ្រួសារខ្ញុំ ក៏ស្នេហាជាតិដូចគ្នាដែរ ហើយយើងបានធ្វើការច្រើន បំរើជាតិនេះផងដែរ។ អ្នកដែលស្រែកស្នេហាជាតិពីក្រៅប្រទេស មេដឹកនាំអតីតបក្សប្រឆាំងជាតិ ដែលកំពុងទាមទារប្តឹងអី … កាលមុនវាយឪ ឥឡូវវាយទាំងត្រកូល ថាយើងធ្វើឲ្យបាត់នេះបាត់នោះ។ ខ្ញុំសូមរំលឹកបន្តិច តាំងពី ២០០៨ មក ពេលដែលមានសភាពការណ៍រឿងព្រំដែន មុខអស់លោកដែលថាស្នេហាជាតិ មិនដឹងនៅឯណាទេ។ ផ្ទុយទៅវិញ ឃើញតែមុខត្រកូលហ៊ុនហ្នឹងឯងដែលដឹកនាំសម្របសម្រួល។ កាលមុន គឺសម្តេចតេជោដែលដឹកនាំការពារទឹកដីនោះ និយាយឲ្យច្បាស់ចឹងទៅ។ ឆ្នាំ២០០៨ ដែលយើងប៉ះគ្នានៅព្រះវិហារឈានទៅដល់ ២០១១ ប្រជាពលរដ្ឋចូលរួមជាមួយរដ្ឋាភិបាល សម្តេចតេជោបញ្ជាផ្ទាល់នៅក្នុងនោះ។ ខ្ញុំក៏បានចូលរួមក្នុងកម្រិតមួយដែរ មិនមែនជាមេបញ្ជាការសមរភូមិ តែមានមុខពី២០០៨ មក។ សួរអ្នកព្រំដែន។
មេទ័ពនៅព្រំដែនមួយចំនួន ថា នឹកមេណាស់។ មេឯងទាល់តែផ្ទុះអាវុធបានឃើញមុខ។ អត់ផ្ទុះអាវុធខ្ញុំដើរតាមសាលា សម្ពោធវត្តអីកាលមុន ទៅទទួលស្នាមស្លាជាប់ថ្ពាល់អីចឹងទៅ។ ២០០៨ ផ្ទុះអាវុធ ពេលនោះរដ្ឋាភិបាលសម្តេចតេជោដឹកនាំបញ្ជូនកម្លាំងទៅ រួមនឹងកងពល៤២ ដែលមានឯកឧត្តម ប៉ែន វ៉ូយ ពេលនោះឯកឧត្តម នាក់ វង្ស ជាសេនាធិការ។ ខ្ញុំឡើងទៅដល់នោះ។ ខ្ញុំឡើងពេលដែលគ្រាប់កំពុងតែរង្គើ។ ខ្ញុំបញ្ជូនកម្លាំងពីអង្គភាពរបស់ខ្ញុំ ខាងទ័ពពិសេសទៅ។ ខ្ញុំទៅផ្ទាល់ជាមួយទីបញ្ជាការជួរមុខ នៅសំរោង ជាមួយឯកឧត្តម ជា តារា ជាមួយឯកឧត្តម ឈិន ចាន់ពណ៌ ។ ទៅដល់តែប៉ុន្មានគីឡូពីភ្នំហ្នឹងទេ។ ដំបូងគឺកាំភ្លើងធំថៃបាញ់មក។ បន្ទាប់មកបេអឹម យើងចេញទៅឡើងរង្គើដី។
ខ្ញុំបានឃើញទាហានដែលរបួស/ស្លាប់នៅសមរភូមិ។ ខ្ញុំឃើញជនភៀសខ្លួនដែលវេទនាជម្លៀសចេញទៅនៅក្នុងជំរុំតាមផ្លូវ ប៉ុន្មានគីឡូដីទៅពីសៀមរាប។ វេទនាណាស់។ អ្នកទាំងអស់គ្នាដែលថាស្នេហាជាតិនៅណាពេលនោះ។ មិនត្រឹមតែមិនជួយទេ កាលនោះ ពេលដែលយើងទូទាំងប្រទេសអបអរសាទរដាក់ប្រាសាទព្រះវិហារក្នុងបេតិកភណ្ឌ អតីតគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ចេញទៅសម្ភាសថាគាត់មិនអបអរទេ ថារឿងហ្នឹងជាល្បិចស្មោគគ្រោករបស់គណបក្សប្រជាជនចរចាជាមួយថៃ រឿងផលប្រយោជន៍សេដ្ឋកិច្ចទៅវិញ។ ប្រជាជនខ្មែរអបអរសាទរ យើងចរចារាប់សិបឆ្នាំទម្រាំតែបានប្រាសាទព្រះវិហារដាក់ក្នុងបេតិកភណ្ឌឆ្នាំសម្តេច សុខ អាន ដឹកនាំចរចា។ គេអត់អបអរ។ ពេលដែលយើងវាយគ្នា សួរថាអស់លោកស្នេហាជាតិនោះមានចេញមកអំពាវនាវឲ្យជួយកងទ័ពទេ? ស្ងាត់ជ្រៀប ហើយឡើងទៅអង្គុយជាមួយ(នាយករដ្ឋមន្ត្រីថៃពេលនោះ) អាភីស៊ីត។
ខ្ញុំនៅតែប្រាសាទព្រះវិហារ។ ខ្ញុំមិនមែនមេបញ្ជាការសមរភូមិទេ។ មានឯកឧត្តម គន់ គីម ឯកឧត្តមនាយឧត្តមសេនីយ៍ផ្សេងៗច្រើន តែខ្ញុំសម្របសម្រួលរឿងគ្រាប់រឿងអីមួយចំនួន។ មានមុខនៅនោះ ដឹកនាំប្រជុំជាមួយនឹងមេសេនាធិការជើងគោកថៃនៅជាំដើម្បីផ្អាកការវាយគ្នា។ ក្នុងនាមជាមេបញ្ជាការរងកងទ័ពជើងគោកពេលនោះ ខ្ញុំជាមួយឯកឧត្តម ស្រី ឌឹក បានចរចាដើម្បីផ្អាកការប្រយុទ្ធមួយរយៈ។ ខ្ញុំក៏បានចូលរួមមួយផ្អែកតូចដែរ។ អស់លោកដែលជេរខ្ញុំថាក្បត់ជាតិហ្នឹងនៅឯណាពេលនោះ។ វាយគ្នានៅសំរោង ខ្ញុំនិយាយ ខ្ញុំនៅមិនឆ្ងាយពីរង្វង់ទីបញ្ជាការសំរោងដែលកាំភ្លើងធំរបស់ថៃវាយចូលទេ។ ខ្ញុំនៅទីនោះ ខ្ញុំមិនបានរត់ទៅណាទេ។ កូននាយករដ្ឋមន្ត្រីទៅឈរជើងនៅកន្លែងហ្នឹងជាមួយទីបញ្ជាការ។ ខ្ញុំមិនរត់ទេ។ ពេលដែលមានរឿងអូរអាឡៃ អូរតាង៉ាវ ត្រកូលហ៊ុននេះឯងជាអ្នកដែលចាត់ចែងការពារតំបន់អូរអាឡៃ អូរតាង៉ាវ។ ខ្ញុំឡើងទៅដល់ជួរមុខតាំងពីអត់ទាន់មានអី កាត់កន្លែងគ្រោះថ្នាក់ រៀបចំកម្លាំង ពង្រាយទ័ព កងពល ១២៨ ដែលសម្តេចតេជោបញ្ជាបង្កើត។ ខ្ញុំជាសេនាធិការដឹកនាំក្នុងការសម្របសម្រួលបំពាក់អាវុធ។ សភាពការណ៍នៅមុំ៣ ក្នុងនាមមេជើងគោក ទៅអង្គុយធ្វើផែនការការពារនៅទីនោះ ពេលដែលកាំភ្លើងធំអាចវាយគ្រប់ពេលចូលទីតាំង។ អ្នកដែលថាស្នេហាជាតិទាំងអស់នោះនៅទីណា។
សូម្បីតែខ្ញុំនេះអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមធ្វើផ្លូវតាមក្រវ៉ាត់ព្រំដែនការពារអធិបតេយ្យជាតិរបស់យើង តើអ្នកទាំងអស់នោះបានជួយអត់? អត់មានជួយទេ ថែមទាំងជេរប្រទេចបណ្តាសា ឌឺដងទៀត។ ធ្វើឯងស្នេហាជាតិ ស្នេហាតែមាត់។ ខ្ញុំសូមអរគុណប្រជាពលរដ្ឋខ្មែរយើង ៧០ម៉ឺននាក់ជាង រៃអង្គាសបាន ២៧លានដុល្លារ។ ឥឡូវកំពុងតែធ្វើបន្តបន្ទាប់។ ខ្ញុំកំពុងតែបើក(អោយទៅមើល)។ ខាងសិល្បករសុំនាំគ្នាទៅមើល (ការកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន)។ ធ្វើហើយយើងដាក់ប៉ាណូដើម្បីជាតឹកតាងប្រវត្តិសាស្ត្រថា ទីនេះ ផ្លូវកំណាត់ផ្លូវក្រវ៉ាត់ព្រំដែននេះឯងនេះ ជាផ្លូវដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងទូទាំងសកលលោក បានរួមគ្នាកសាង ដើម្បីការពារទឹកដីរបស់យើង។ ឥឡូវយើងចាប់ផ្តើមធ្វើផ្លូវឱ្យទៅដល់កន្ទុយនាគ កន្លែងដែលយើងមិនដែលទៅសោះ នៅពេលខាងមុខ។ នេះហើយជាការការពារទឹកដី។ មិនចាំបាច់វាយលើសមរភូមិទេ។
ជំនាន់កូវីដ១៩ ក៏ត្រកូលហ៊ុនចូលរួមដែរ។ ខ្ញុំក៏ទៅមុខដែរ។ អ្នកដែលស្រែកជេរពីក្រៅប្រទេស ប្រាប់(ប្រជាពលរដ្ឋ)កុំឲ្យចាក់វាក់សាំង។ សុទ្ធតែអ្នកស្នេហាជាតិ ស្នេហាប្រជាជន។ សូមជូនសារទៅ មិនមែនស្នេហាជាតិតែអស់លោកឯងទេ។ ខ្ញុំក៏ស្នេហាជាតិ ត្រកូលខ្ញុំ គ្រួសារខ្ញុំ ឪខ្ញុំក៏ស្នេហាជាតិដែរ។ ដាក់ចេញនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាម ៥០០ឆ្នាំដែលរ៉ាំរៃជីវិតប្រជាពលរដ្ឋ ហ្នឹងហើយបើមិនស្នេហាជាតិ តើជាស្អីទៀត។ សម្តេចតេជោ ជាមួយប្រតិបត្តិករថ្នាក់ដឹកនាំទាំងអស់ រាជរដ្ឋាភិបាលកសាងពង្រឹងគ្រប់វិស័យ រួមទាំងវិស័យអប់រំដែលមានវត្តមាននេះ បើមិនស្នេហាជាតិ ចាំបាច់ឲ្យកូនខ្មែររៀនចេះដឹងធ្វើអី? គឺឲ្យកូនខ្មែរចេះដឹង ដើម្បីខ្មែរអាចម្ចាស់ការ(គ្រប់គ្រងនិងការពារ)ប្រទេស។ ហ្នឹងហើយគឺស្នេហាជាតិនោះ។
អស់លោកខ្លះមិនដែលអបអរសាទរ និងលើកសរសើរវិស័យអប់រំទេ ឃើញតែជេរវិស័យអប់រំ។ វាមិនទាន់ល្អទេ តែបងប្អូនកសាងតាំងពីកវែកកឆ្នាំង។ ក្រសួងយើងប៉ុន្មានជំនាន់ វិស័យឯកជន កសាងបានប៉ុណ្ណេះហើយត្រូវអបអរសាទរ។ អ្នកដែលថាស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន មើលងាយតែវិស័យអប់រំខ្លួនឯងហ្នឹងឯង … ខ្ញុំមិនចង់និយាយទេ តែឥឡូវវាជ្រុលជានិយាយ រឿងមើលងាយពូកែណាស់។ ថ្ងៃមុន ខ្ញុំនិយាយពីគោលនយោបាយកសិកម្ម ដែលមានការងារមួយចំនួនយើងបានធ្វើ។ ស្រាប់តែចេញមកថានេះជាគោលនយោបាយល្អ។ គាត់សរសេរមួយអត្ថបទដាក់ក្នុងកាសែតមួយអនឡាញ។ ដល់គេឆែកមើលទៅ អត្ថបទដែលសរសេរហ្នឹង ៧៩ភាគរយ AI generated គឺ AI សរសេរឲ្យ។ ក្រសួងកសិកម្មបាញ់ឲ្យខ្ញុំ។
គាត់ដាក់នៅ Facebook បង្ហោះ … មានសាស្រ្តាចារ្យណាប្រើ AI ហ្នឹងទេ? ដើម្បីដេញជើងសិស្ស។ សិស្សសរសេរជាភាសាអង់គ្លេស copy ហើយ computer ហ្នឹង program ហ្នឹងប្រាប់ថាហ្នឹងគឺ computer សរសេរឲ្យ។ ឥឡូវមាន AI មាន chat gpt មាន deepseek មានអីហ្នឹង។ ចង់សរសេររឿងប្រធានបទកសិកម្មគ្រាន់តែ chat gpt ជួយសរសេរខ្ញុំ please help me write article on agriculture វាក៏ចេញមក។ ហើយយកមកថារបស់គាត់ យកមកវាយគេ។ ខ្មាសក្មេងៗ ព្រោះអ្នកដែលរកហ្នឹងគឺក្មេងៗ IT នៅក្រសួងកសិកម្ម។ គ្នា copy យកមកដាក់មើល ៧៩ភាគរយ AI generated។ ឯកឧត្តម ឌិត ទីណា មកទេ? ជួយបង្ហោះក្រែងលោគាត់ថាយើងភូត។
(៣០) សូមអ្នកនយោបាយថៃពិនិត្យប្រវត្តិសាស្រ្ត មើលទឡ្ហីករណ៍ បកស្រាយដោយបច្ចេកទេសនិងទទួលខុសត្រូវ
និយាយរឿងព្រំដែនវិញ … កុំឲ្យតែយើងធ្វើអីឲ្យទ័ពយើងខ្លាំង ក៏តាំងជេរ។ ជំនាន់នោះខ្ញុំទិញឡាន ២៩០គ្រឿង បំពាក់ឲ្យកងទ័ពរបស់យើង គេជេរ គេធ្វើសន្និសិទ្ធិតុមូលស្អីណានោះ។ លោកស្រី មួរ សុខហួរ និងគ្នាគាត់ប៉ុន្មាននាក់ជេរ។ គេថាទី១ អត់ចាំបាច់, ទី២ ខាតលុយជាតិ, ទី៣ ស្អីៗ … ពេលហ្នឹងខ្ញុំពន្យល់ ទី១ អត់មានប្រើលុយជាតិមួយរៀលទេ គឺការចូលរួមពីការរៃអង្គាសប្រភពច្បាស់លាស់ សប្បុរសជនជួយ ២៧លានដុល្លារ ខ្ញុំរៃអង្គាសធ្វើផ្លូវនេះ អត់យកលុយជាតិមួយរៀលទេ។ ប្រជាពលរដ្ឋចូល។ ទី២៖ គេថាអត់ចាំបាច់។ អ្នកដែលប្រាប់ខ្ញុំថាអត់ចាំបាច់បំពាក់ឡានទំនើបឲ្យកងទ័ព មិនដែលស្គាល់កងទ័ពមួយថ្ងៃផង។ មធ្យាបាយដឹកជញ្ជូនសំខាន់ណាស់សម្រាប់ចល័តទ័ព។ ពេលដែលទ័ពប្រទេសគេទំនើបសរសើរគេ ហើយបង្អាប់ទ័ពឯង។ គ្រាន់តែបំពាក់ឡានថ្មីដល់ទ័ពឯងក៏វាយដែរ។ នេះឬស្មារតីស្នេហាជាតិរបស់អស់លោក។ លោកជំទាវដែលថាជាអ្នកប្រឆាំងនោះ ស្នេហាជាតិត្រូវយល់ ស្អីដែលគួរប្រឆាំង ស្អីដែលគួរអបអរសាទររួមគ្នាទៅ។
បើកងកម្លាំងរបស់យើងចេញទៅបំពេញភារកិច្ចល្អនៅខាងក្រៅ ជួយអបអរសាទរទៅ។ បើនិសិត្សរបស់យើង កីឡារបស់យើងចេញទៅប្រកួតឈ្នះមេដាយមាសចូលរួមអបអរសាទរទៅ កុំបង្អាប់វិស័យអប់រំរបស់យើង វិស័យកីឡារបស់យើង។ ហ្នឹងហើយស្នេហាជាតិ គឺសាមគ្គីជាតិលើកតម្កើងចំណុចវិជ្ជមានរបស់ជាតិ ប្រទេសមិនមែនល្អឥតខ្ចោះទេ ប៉ុន្តែរួមគ្នាការពារនូវអ្វីដែលអវិជ្ជមាន រួមគ្នាកែលម្អនូវចំណុចអវិជ្ជមាន។
ខ្ញុំថាសៀវភៅក្រាស់មានប្រធានបទច្រើន ប៉ុន្តែរឿងនេះវាពាក់ព័ន្ធជាមួយរឿងព្រំដែន។ ថាអត់ចាំបាច់ អត់បានប្រយោជន៍ទិញមកខ្ជះខ្ជាយលុយ។ ជេរខ្ញុំអញ្ចឹង ដល់ពេលជំនាន់កូវីដ-១៩ យកឡានហ្នឹងទៅដឹកពលករដែលមកពីថៃ។ បានឡានហ្នឹងហើយដឹកស្បៀងទៅកន្លែងបិទខ្ទប់ ទឹកជំនន់បានឡានហ្នឹងហើយជួយជម្លៀសប្រជាពលរដ្ឋ។ ដល់អញ្ចឹងអត់មានមាត់មួយម៉ាត់។ ជេរថាអត់ប្រយោជន៍។ នេះគឺជារឿងដែលខ្ញុំសុំបញ្ជាក់ អ្នកដែលថាស្ម័គ្រចិត្តស្នេហាជាតិស្អីនោះ ហើយបបួលគ្នាទៅ។ បើថារដ្ឋាភិបាលមិនប្តឹងទេ ថៃក៏គេបបួលរដ្ឋាភិបាលគេប្តឹង។ យើងក៏ប្តឹង។ ឥឡូវយកល្បែងនយោបាយមក។ ចុះអ្នកជំនាញបច្ចេកទេសដែលខំកកើតរាល់ថ្ងៃទៅណា? ២០០៨ ម្តងទៀត វាយគ្នាម្តងទៀតអី?
សូម្បីតែថ្នាក់ដឹកនាំនយោបាយរបស់ថៃក៏ចេញមកនិយាយអត់ត្រូវដែរ។ អញ្ចឹងខ្ញុំសុំឲ្យអ្នកនយោបាយនៅថៃពិនិត្យប្រវត្តិសាស្រ្តឲ្យបានច្បាស់ មើលទឡ្ហីករណ៍ឲ្យបានច្បាស់ យល់ឲ្យបានច្បាស់ពីតម្រូវការក្នុងការបកស្រាយបញ្ហា ប្រកបដោយបច្ចេកទេស ប្រកបដោយភាពទទួលខុសត្រូវ។ កុំយកការជំរុញមួយឆាវៗ ដោយសារគេស្រែកខ្លាំងតាម Facebook តាម telegram ឈានទៅដល់ការវាយគ្នា វាខាតប្រយោជន៍។ វាយគ្នាហើយមិនដែលចំណេញទេ។ វាយគ្នាហើយយ៉ាងច្រើនចូលមកយកស្ថានភាពដើម។ ក្រោយពីស្លាប់ ឬរបួសអស់គគោក រឿងតែប៉ុណ្ណឹង។ ខ្ទេចអស់រលីងទំនុកទុកចិត្តនៅប្រទេសទាំង២។ អញ្ចឹងសុំឲ្យអ្នកនយោបាយខ្មែរកុំជ្រុលនិយម កុំរុញជ្រុលពេក។ អ្នកនយោបាយថៃដូចគ្នា សូមទុកឱកាសឲ្យជំនាញរបស់ប្រទេសយើងទាំង២ ធ្វើការតាមជំនាញ តាមក្របខ័ណ្ឌស្តង់ដារអន្តរជាតិ ដូចគេដូចឯង ដើម្បីបញ្ចប់បញ្ហាប្រវត្តិសាស្រ្តរាប់រយឆ្នាំនេះដោយសន្តិវិធីដោះស្រាយជាដំណើរ។
(៣១) កងទ័ពគាំទ្ររដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែន តាមយន្តការបច្ចេកទេស មិនប្រើកម្លាំងទេ
ទុកឱកាសឲ្យខ្មែរយើងសហការគ្នាជាមួយថៃនៅផ្នែកផ្សេងៗទៀត កុំបង្កើតជាសត្រូវ។ អញ្ចឹងសូមកុំយកនយោបាយមកលូកលាន់នៅក្នុងរឿងបច្ចេកទេស ទុកឲ្យជំនឿលើកទឹកចិត្តឲ្យមន្រ្តីរបស់យើងទាំងសងខាងជឿទុកចិត្តគ្នា ស្នេហាជាតិពួកគាត់មានខ្លាំង មន្រ្តីខាងព្រំដែនរបស់យើង។ ប្រទេសគាត់ដែរ ទឹកដីគាត់ដែរ តាំងពីជំនាន់ឯកឧត្តម វ៉ា គឹមហុង លោកជំទាវ កុយ ពិសី។ ឥឡូវមកឯកឧត្តម ឡាំ ជា គណកម្មការបូកជាមួយនឹងមូលដ្ឋានរបស់យើង កងទ័ពយើងព្រំដែន។ ខ្ញុំសូមបញ្ជាក់ទៅកងទ័ពភាគីទាំងសងខាងនៅក្នុងដំណាក់កាល ដែលព្រំដែនមិនទាន់ដោះស្រាយដោយគណកម្មការព្រំដែនថា កងទ័ពគ្មានភារកិច្ចដោះស្រាយព្រំដែនទេ។ កងទ័ពគាំទ្រទៅដល់រដ្ឋាភិបាលក្នុងការដោះស្រាយព្រំដែន តាមយន្តការបច្ចេកទេសដែលរដ្ឋាភិបាលទាំង២ មិនមែនប្រើប្រាស់កងទ័ព ប្រើកម្លាំងដើម្បីដោះស្រាយ។ អញ្ចឹងស្ថានភាពឈរជើងកន្លែងណា ឈរជើងកន្លែងហ្នឹងសិនទៅ ល្បាតកន្លែងណា ល្បាតកន្លែងហ្នឹងសិនទៅ កុំឲ្យមានប្រែប្រួល ទុកឲ្យគណកម្មការយើងធ្វើការ បើមិនអញ្ចឹងវាយគ្នាឈ្លោះគ្នាពេញហ្នឹង។
សូមឲ្យភាគីថៃ និងកងទ័ពខ្មែរបន្តទំនាក់ទំនងប្រចាំថ្ងៃ មានអីដោះស្រាយបញ្ហាជាមួយគ្នា ប៉ុន្តែសុំឲ្យរក្សាស្ថានភាពដែលមានពីមុនមកកុំឲ្យមានបញ្ហា។ មិនមែនជាតួនាទីរបស់កងទ័ព ឬអ្នកនយោបាយដោះស្រាយរឿងបច្ចេកទេសព្រំដែនទេ គឺជាកាតព្វកិច្ចរបស់យន្តការថ្នាក់ជាតិទាំង២ តាមជំនាញព្រំដែន និងយន្តការច្បាប់ដែលយើងមានដើម្បីធ្វើការដោះស្រាយតាមវិធីសាស្រ្ត កុំចេះតែស្រែកឡូឡា វាយគ្នាផ្ទុះទៀតឥឡូវហើយ។ សម្រាប់អ្នកស្នេហាជាតិ អស់លោកដែលជេរ ខ្ញុំគ្រាន់តែលើកឧទាហរណ៍ខ្លីៗ ថា អស់លោកមិនបានចូលរួមធ្វើបែបនេះទេ ហើយពេលដែលខ្ញុំឡើងមេជើងគោក លោកអ្នកនយោបាយចាស់វស្សាមួយថ្ងៃៗ អង្គុយតែជេរថាក្មេងមិនទាន់ជ្រុះពន្លៃពីក្បាល នៅពេលដែលក្មេងមិនទាន់ជ្រុះពន្លៃពីក្បាលចុះទៅតាមព្រំដែនដើម្បីពង្រឹងភាពការពារជាតិក្នុងរយៈពេល ៣ឆ្នាំនេះ ខ្ញុំចុះទៅដល់ព្រំដែនខាងមុខទាំងអស់ ពង្រឹងលេណដ្ឋាន ពង្រឹងអាវុធគាំទ្រ ហ្វឹកហ្វឺនកងទ័ព កសាងផ្លូវចល័ត។ ឥឡូវទៅមើលព្រំដែន តាមាន់ តាក្របីសុទ្ធតែផ្លូវបេតុង។ ទៅមើលនៅព្រះវិហារ ចាក់ច្រែង តាសុត … ចុះទៅដល់ភូមិភាគ៥ ចុះទៅដល់កន្លែងដែលទាហានឈរជើងជួរមុខ។
សួរថាអ្នកដែលនៅស្រុកបារាំងអង្គុយជេររាល់ថ្ងៃ (គិតទេ)ពេលដែលមេជើងគោកត្រហូល ហ៊ុន ម្នាក់នេះ ដែលគេចោទថាក្បត់ជាតិ ចុះពង្រឹងកងទ័ព និងជួយដល់កងទ័ពដើម្បីការពារជាតិរបស់យើង។ នេះហើយជាអ្វីដែលខ្ញុំចូលរួម ហើយគ្រួសារខ្ញុំក៏បានចូលរួម កុំចេះតែចោទ ហើយថាខ្លួនស្នេហាជាតិតែម្នាក់ឯង ថាគេក្បត់ជាតិដោយសារវិធីសាស្រ្តគេដោះស្រាយខុសពីអ្វីដែលខ្លួនឯងទាមទារនោះ។ សូមនិយាយរឿងហ្នឹងបន្តិចចុះ។ រឿងនេះជារឿងដែលត្រូវ ជារឿងទំនុកទុកចិត្តថារដ្ឋាភិបាលមិនបាននៅស្ងៀមដោយយើងចាញ់គេ ដោយយើងមិនហ៊ានជេរត្រឡប់ទៅវិញ នៅពេលដែលខាងថៃគេថាអីថាទៅនោះទេ។ (តើ)វាចំណេញទេ ២០០៨ ដែលបញ្ជូនមនុស្សចូលទៅវាយគ្នាប្រាវ វាអត់ចំណេញអ្វីទាំងអស់។ ដោះស្រាយបន្ត ព្រំដែនទឹកអីដូចគ្នា។ រឿងព្រំដែនគេដោះរាប់សិបឆ្នាំ ១ mm ៗ អាបង្គោល ៧៣ រកឃើញប៉ុន្មាននៅសល់ប៉ុន្មានទៀត មិនទាន់ឯកភាពគ្នាផង …។
(៣២) ការ boost ហ្វេសប៊ុកផ្ទាល់ខ្លួនជារឿងឯកជន និងមិនបានប្រើថវិកាជាតិឡើយ
ខ្ញុំសុំថែមមួយរឿងទៀតចុះ ផ្ទាល់ខ្លួនបន្តិច វាពាក់ព័ន្ធនឹងរឿងនេះដែរ។ មិនខុសពីរឿងខ្ញុំទិញឡាន ២៥០គ្រឿង ឲ្យកងទ័ពឆ្នាំ២០២០ ក្រោយមកឆ្នាំ២០២៣ ថែមប៉ុន្មានរយគ្រឿងទៀត។ ឥឡូវទៅមើលតាមបណ្តាភូមិភាគកងពលតូច កងពលធំ មានរថយន្តធានាដឹកជញ្ជូន ពេលមានគ្រោះមហន្តរាយ ឬដឹកទ័ពស្អីៗ ជួយប្រជាពលរដ្ឋកូវីដ-១៩ ដឹកបានដែរ។ គេថាអត់ចាំបាច់ តែទៅសួរកងទ័ពមើល ចាំបាច់ឬទេ? ឥឡូវរឿងមួយទៀត។ រឿងវាទើសពេកទៅ សូម្បីតែ Facebook យើង boost ហ្នឹងក៏ទើសដែរ។ ខ្ញុំថាមិនចង់និយាយ ទុកឲ្យអ្នកនាំពាក្យរបស់ខ្ញុំចេញទៅពន្យល់ៗ ហើយនៅតែជេរទៀត។ ល្ងាចមិញឃើញអ្នកវិភាគសង្គមចេញមកវាយរឿងហ្នឹងទៀត។ អ្នកទាំងអស់គ្នា ខ្ញុំគិតថានោះមិនមែនមិនយល់ទេ ប៉ុន្តែធ្វើមិនយល់។ ខ្ញុំសុំសិទ្ធិការពារខ្លួន។ ទី១ គេថារឿង boost នេះអត់ចាំបាច់ រឿងចាំបាច់មិនចាំបាច់មិនមែនជារឿងរបស់លោកឯងទេ។ ហ្វេសប៊ុកជាហ្វេសប៊ុកឯកជនរបស់ខ្ញុំទេ មិនមែន ទទក ទេ។ ទទក របស់រដ្ឋ។ ហ្នឹងខ្ញុំមិនពាក់ព័ន្ធទេ។ ហ្វេសប៊ុករបស់ខ្ញុំ ទោះដាក់ឈ្មោះជាសម្តេចធិបតី boost អីហ្នឹងជា Facebook ឯកជនរបស់ខ្ញុំ។ អញ្ចឹងខ្ញុំមានសិទ្ធិបង្ហោះអីក៏បង្ហោះ។
កូនគ្នាខំប្រឹងរៀនប្រឡងបានមេដាយមាស ហើយសម្តេចតេជោគាត់សប្បាយចិត្តឃើញចៅប្រឡងជាប់ក៏ post ទៅ។ មានគេធ្វើភ្លេងឲ្យគាត់ដាក់បង្ហោះ។ ជេរដោយទាំងក្មេងអាយុ ៨ឆ្នាំ គេថាយក Facebook ហ្នឹងទៅបង្ហោះរឿងមិនបានការ។ រឿងឯកជនរបស់ខ្ញុំតើ។ ត្រង់លោកឯងខ្លះទៅច្រៀងរឡេរឡូលើ page ខ្លួនឯង មកជេរគេ។ ចាំបាច់មិនចាំបាច់ជារឿងរបស់ខ្ញុំ។ ក្នុងនាមជាមេដឹកនាំនយោបាយខ្ញុំត្រូវការនិយាយជាមួយប្រជាពលរដ្ឋខ្ញុំ ហើយប្រជាពលរដ្ឋខ្ញុំក៏ចង់ដឹងពីខ្ញុំដែរ។ មិនមែនចាំតែខ្ញុំកាន់មេក្រូឡាហ្វយ៍ទេ។ នៅចន្លោះកម្មវិធី ខ្ញុំនិយាយតាម Facebook របស់ខ្ញុំ ហើយធ្វើតាំងពីមុនឡើងនាយករដ្ឋមន្រ្តី តាំងពីនៅ(មេទ័ពជើង)ជើងគោក។ ជាសិទ្ធិរបស់ខ្ញុំ។ បញ្ហាត្រង់អញ្ចេះបងប្អូនព្រះតេជគុណ ក៏ដឹងដែរ។ ពីដើមឡើយ Facebook friend ៤០០០ នាក់ post ទៅ ៤០០០ ឃើញ។ ឥឡូវ ៤០០០ នាក់ post ទៅបាន ១០ ភាគរយឃើញ ចង់ឲ្យ friend ឃើញច្រើន ទាល់តែបង់លុយ។ មើលប៉ុន្មាននាក់មានអាជីវកម្មផ្ទាល់ខ្លួន boost តាម Facebook សូម្បីតែបងប្អូនលក់ឥវ៉ាន់ online ក៏ត្រូវ boost ដែរដើម្បីឲ្យអតិថិជនឃើញ។ អតិថិជនរបស់មេដឹកនាំរបស់នយោបាយគឺប្រជាពលរដ្ឋ បើ Facebook ឲ្យឃើញដោយខ្ញុំមិនចាំបាច់ boost ខ្ញុំមិនចាំបាច់ boost ទេ។
ខ្ញុំព្រះករុណាខ្ញុំបង្កើត page ចុងក្រោយនេះ ប៉ុន្មានឆ្នាំមុន ដើម្បីបានគេឃើញលឿនត្រូវ boost ដើម្បីជាមធ្យោបាយនិយាយជាមួយប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋបានឮពីខ្ញុំ។ មិនមែនតែខ្ញុំទេ បងប្អូន មេដឹកនាំនយោបាយនៅលើពិភពលោកគេ boost ច្រើនណាស់។ មេដឹកនាំផ្សេងៗគេ boost ច្រើនជាងខ្ញុំផង។ គេយកហេតុផលថាខ្ជះខ្ជាយលុយ។ គេថាខ្ញុំចាយ ១លានកន្លះច្រើនណាស់។ ខ្ញុំមិនដឹងថាអាហ្នឹងប៉ុន្មានទេ ព្រោះក្រុមការងារគេ boost ៣ទៅ ៤ឆ្នាំហើយ មិនមែនមួយឆ្នាំ ១លានកន្លះ ឬមួយស្អីនោះទេ។ មានមួយដង ១ពាន់(ដុល្លារ), មួយដង ២ពាន់(ដុល្លារ), មួយដង ៥ពាន់(ដុល្លារ)។ ពេលបើកដំបូងច្រើនបន្តិចទៅ។ សួរថាតើបែបនេះវាច្រើនប៉ុណ្ណា។ ឥឡូវខ្ញុំឲ្យគេស្រាវជ្រាវមើលប្រធានាធិបតី Donald Trump នៅអាមេរិក ឆ្នាំ ២០១៨ ដល់ ឆ្នាំ ២០២៤គាត់ចំណាយ ១៤៤ លានដុល្លារគ្រាន់តែ boost ទិញនៅលើ Facebook Kamala Harris គ្រាន់តែឆ្នាំ ២០២៤ បោះឆ្នោតមួយរយៈខ្លីនេះចំណាយ ១៨២ លានដុល្លារ ដើម្បី boost Facebook របស់គាត់។ នៅប្រធានាធិបតី Marcos នៅហ្វីលីពីនក្នុងរយៈពេលបោះឆ្នោតឆ្នាំ២០២០ គាត់ចំណាយ ២០លានដុល្លារ ដើម្បី boost Facebook។ មេដឹកនាំប្រទេសផ្សេងៗនៅអាស៊ានតាម TikTok សុទ្ធតែ boost ទាំងអស់ ដើម្បីឲ្យប្រជាជនបានឃើញ។ តើនេះចាំបាច់ទេ? រឿងអ្នកឯងថាមិនចាំបាច់ មិនបាច់ boost ទៅ ប៉ុន្តែអ្នកដែលជេរថាមិនចាំបាច់ហ្នឹងណា Facebook ខ្លួនឯងអត់ boost ទេ ប៉ុន្តែតែងតែទៅសម្ភាសន៍ជាមួយវិទ្យុមួយចំនួនដែល boost ខ្លួនឯង។ វិទ្យុខ្លះដូច RFI អីហ្នឹងជេរថាខ្ញុំ boost អត់បានការ ប៉ុន្តែខ្លួនឯងកំពុងតែ sponsor។ បើជ្រុលតែប្រាប់គេស្លៀកខោកុំឲ្យគេឃើញលីអូនៅកណ្តាលវាលមកជេរថាយើង boost។ បើប្រមុខរដ្ឋាភិបាលមួយ boost ហ្នឹងខុស មិនចាំបាច់ផ្សាយព័ត៌មាននៅពេលដែលខ្លួនឯង boost តាមវិទ្យុ …
ទី២ គេថា boost មិនអីទេ តែប្រើថវិកាជាតិ។ ខ្ញុំសូមប្រាប់ថាមិនបានប្រើថវិកាជាតិមួយរៀលក្នុងការ boost រាប់សិបឆ្នាំរបស់ខ្ញុំមកនេះ។ អញ្ចឹងគេសួរថាបានលុយមកពីណា បើប្រាក់ខែមួយខែ ២០០០ដុល្លារ។ ខ្ញុំសួរវិញថាចុះអ្នកជេរខ្ញុំ ដូចអ្នកខ្លះ លោកប្រធាន អនុប្រធានគាត់អី អត់ទាំងធ្វើការ អត់មានប្រាក់ខែផង ឃើញតែជិះយន្តហោះទៅអាមេរិក ទៅអឺរ៉ុប ទៅអូស្រ្តាលី ដើរជេរខ្ញុំរហូត ចំណាយបើគិតលើសំបុត្រយន្តហោះ កន្លែងស្នាក់នៅហ្នឹងបូកចូលមួយឆ្នាំចូលរាប់សិបម៉ឺនដុល្លារ ៤ ទៅ ៥ ឆ្នាំ រាប់សែនដុល្លារ បានលុយពីណាដែរ? អ្នកនយោបាយនៅប្រទេសគគោកនៅអាមេរិកបោះឆ្នោតម្តងៗចំណាយរាប់ពាន់លាន ប្រាក់ខែគាត់ប៉ុន្មានបានមានលុយរាប់ពាន់លានឃោសនា? បានលុយមកពីណា? មិនមែន boost តែខ្ញុំទេ ហើយថាបានលុយមកពីណា ហើយយកលុយចាយខ្ជះខ្ជាយមិនជួយប្រជាជន។
(៣៣) បានជួយ កំពុងជួយ និងបន្ដជួយតាមគោលដៅមនុស្សធម៌បន្តទៀត
ខ្ញុំប្រាប់ណារឿងប្រជាពលរដ្ឋខ្ញុំជួយ នេះជាផ្នែកមួយនៃការចំណាយ … មួយឆ្នាំអាហារូបករណ៍ក្នុងប្រទេសប្រហែលខ្ទង់ ២០០០នាក់ គិតជាលុយប្រហែលមួយលានដុល្លារ, ក្រៅប្រទេសខ្ទង់ ៦០ នាក់ ម្នាក់ចំណាយអស់ប្រហែល ៨ ទៅ ៩ពាន់ដុល្លារប្រហែលជា ៥០ម៉ឺនដុល្លារ។ គ្រាន់តែអាហារូបករណ៍ជួយនិស្សិតទាំងក្នុងនិងក្រៅប្រទេស ១.៥លានដុល្លារ អង្ករគ្រឿងឧបភោគ បរិភោគ ថវិកា ប្រេង ជួយទៅដល់សាលាទាហាន ជួយទៅដល់មណ្ឌលកុមារកំព្រា ក្រុមការងារចុះជួយប្រជាពលរដ្ឋក្រីក្រ ទៅមើលតាមយោធាខេត្តចុះអតីតយុទ្ធជនស្អី គឺអង្ករឈ្មោះខ្ញុំទាំងអស់។ ប្រពន្ធខ្ញុំជួយថវិកាមណ្ឌលអប់រំកែប្រែ ទៅកងពល៣១ ដែលទៅខ្វះអង្ករ ខ្ញុំជួយមួយខែប៉ុន្មានតោន។ មណ្ឌលកុមារកំព្រា មណ្ឌលពិការអីផ្សេងៗ សូម្បីតែសាលាអាស៊ីអឺរ៉ុបនេះឥឡូវបន្តពីសម្តេចតេជោ ឆ្នាំ ២០០៥-២០២៣ សម្តេចតេជោ ជួយមួយខែ ២លាន អង្ករមួយតោន ហើយ២០០៥ ដល់ បច្ចុប្បន្ន ថវិកា ៥លាន និងអង្ករ២តោន ជួយដល់និស្សិតលំបាក។ ឥឡូវខ្ញុំទទួលជួយបន្ដពីសម្ដេចតេជោ យើងបន្ដជួយតទៅទៀត។
អ្នកជំងឺTYDA យើងចុះទៅជួយមួយឆ្នាំចំណាយរាប់លានដុល្លារ។ ចុះជួយខ្លះជូនមកវះបេះដូង មហារីក។ មួយខែមុនខ្ញុំចាយអស់ ១០ ម៉ឺនដុល្លារ ជួយអាយុជីវិត ២នាក់។ ម្នាក់ក្មេងស្រីជាគិលានុបដ្ឋាកអាយុ ២០ ឆ្នាំ ដំណាក់កាលចុងក្រោយ បើមិនមានការវះកាត់ទេគឺស្លាប់។ ម្ដាយរកស៊ីលាងចានឲ្យគេដើម្បីចិញ្ចឹមកូន។ ឥឡូវបានរស់។ តារាសិល្បៈជើងយូរម្នាក់ ដំណាក់កាលចុងក្រោយដូចគ្នា ខ្ញុំមិនបញ្ចេញឈ្មោះទេ។ ខ្ញុំជួយ(អោយ)ធ្វើការវះកាត់ពីរនាក់នឹងអស់ជាង ១០ម៉ឺនដុល្លារដើម្បីជួយជីវិតគាត់ ហើយមកបន្ទោសឯងគ្រាន់តែចាយ ៣ទៅ៥ ឆ្នំា មួយឆ្នាំអស់ប៉ុន្មានម៉ឺន គ្រាន់តែ boost អោយប្រជាជនមើលថាខុស! ខ្ជះខ្ជាយ .. ហ្នឹងមិនទាន់គិតជួយករណីផ្សេងៗផង។
(មន្ទីរពេទ្យ) គន្ធបុប្ជា កាកបាទក្រហម អង្គការកុមារកំព្រាផ្សេងៗ យើងជួយច្រើន។ មិនមែននិយាយអួតខ្លួនឯងទេ ប៉ុន្ដែជ្រុលជាគេជេរ ខ្ញុំសូមបង្ហាញតែម្ដងទៅ។
មិនមែនថាខ្ញុំនឹងជួយទេ (ប៉ុន្ដែ) ខ្ញុំបានជួយ កំពុងជួយ និងបន្ដជួយបន្ដទៅទៀតនូវគោលដៅទាំងអស់នេះ។ បន្ទោសថាខ្ជះខ្ជាយ! សួរថាលុយបានពីណា? បានពីការជួយរបស់សប្បុរសជនមួយផ្នែក មួយផ្នែកជាលុយរបស់ខ្ញុំនិងគ្រួសារ។ ភាគច្រើនជាការចូលរួមដូចជាមូលនិធិTYDA អញ្ចឹង។ ពេលដែលគេចូលរួមយើងធ្វើពិធីទទួល។ អ្នកខ្លះជួយ ១០ ទៅ២០ម៉ឺន(ដុល្លារ)មួយឆ្នាំ … អង្ករជួយអតីតយុទ្ធជនមួយខែចាយអស់សរុបប្រហែលជា ៣០តោនជាមធ្យម ទៅសាលាទៅអីហ្នឹង។ គិតជាលុយក៏ធ្ងន់ដែរ បានមកពីណា? កន្លែងខ្លះជួយជាអង្ករ ១០០តោន មី បានទាំងអស់ហ្នឹងជាការរៃអង្គាស។ អស់លោកជេរខ្ញុំ អ្នកខ្លះនៅក្រៅប្រទេសអត់ទាំងធ្វើអីផង ជិះតែយន្ដហោះ កាន់មេក្រូដើរជេរតាមវត្ដតាមអីនឹង តើបានលុយពីណាដែរ? (ក្រែង)បានពីការគាំទ្រដូចតែគ្នាហ្នឹង។
ក្នុងនាមជានាយករដ្ឋមន្ដ្រី គេមិនមែនជួយខ្ញុំឲ្យខ្ញុំមានបានទេ។ គេជួយតាមរយៈខ្ញុំ ដើម្បីខ្ញុំធ្វើការងារសង្គមទៅជួយធ្វើសាលា ជួយអតីតយុទ្ធជន ប្រជាពលរដ្ឋក្រីក្រ ជួយទៅវះបេះដូង។ ឧទាហរណ៍ ក្រុមហ៊ុនរថយន្ដក្រុងណាមួយ ដែលគាត់ជួយ ១ឆ្នាំ ៤នាក់ សំរាប់អ្នកឈឺ (ត្រូវការវះកាត់) បេះដូង។ អ្នកឈឺបេះដូង ពិតប្រាកដដំណាក់កាលចុងក្រោយ គេជួយតាមរូបភាពនេះ។ ខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀត។ លោក សុជាតិ ធ្វើឯងជាអ្នកវិភាគស៊ីអារម្មណ៍។ នៅចោទរហូត អ្នកនាំពាក្យយើងចេញ(បកស្រាយ)ពន្យល់ថាគ្មានប៉ះពាល់ថវិកាជាតិមួយរៀលទេ។ ទៅមើលនៅខ្ទង់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ទោះបីចំណាយក្រៅក៏គ្មានប៉ះពាល់ទេ។ ខ្ញុំ promote តាំងពីមុនធ្វើនាយករដ្ឋមន្ដ្រី ព្រោះជាសិទ្ធិរបស់ខ្ញុំ។ អ្នកណាក៏ដោយ សូម្បីគេលក់ផ្ទះល្វែងក៏គេ promote ដែរ។ គេមិនត្រឹមតែ promote boost ទេ គេជួលទាំងមនុស្សទៅទៀតនោះ។
(៣៤) ជានាយករដ្ឋមន្ដ្រី តួអង្គដែលប្រជាពលរដ្ឋទុកចិត្តឲ្យដឹកនាំ ត្រូវការពារភាពស្អាតស្អំ និងបង្ហាញតម្លាភាព
ខ្ញុំសូមយកឱកាសពន្យល់។ សូមទោសព្រះតេជព្រះគុណ។ រាងបែកញើសដែរ។ ប្រជាពលរដ្ឋក៏គាត់មិនយល់ដែរ គាត់ថាហេតុអ្វីស្ងាត់ម៉េស? ឲ្យខ្ញុំឆ្លើយគ្រប់រឿងឬយ៉ាងម៉េច? ខ្ញុំឲ្យអ្នកនាំពាក្យឆ្លើយហើយតែនៅមិនបញ្ចប់។ អញ្ចឹងបង្កើតការមន្ទិលសង្ស័យ ថាតិចមែន។ ខ្ញុំសូមបញ្ជាក់ ក្នុងនាមជានាយករដ្ឋមន្ដ្រី ក្នុងនាមតួអង្គប្រជាពលរដ្ឋប្រគល់ការទុកចិត្តឲ្យដឹកនាំ គឺត្រូវការពារនូវភាពស្អាតស្អំ បង្ហាញប្រជាជននូវតម្លាភាពឲ្យច្បាស់ ជាពិសេសគេយករឿងនេះ ដោយសារខ្ញុំមិននិយាយផ្ទាល់គេថា(រឿងនឹង)ពិត (ទើប)ខ្ញុំមិនហ៊ាននិយាយ។ អញ្ចឹងវាយ(ប្រហារ)បន្ថែមទៀតដើម្បីឲ្យបងប្អូនយើងជឿ។ ពាក្យខ្មែរគេថា តែមិននិយាយសង្ស័យពិត។ គេលេងរបៀបនឹង។ ខ្ញុំថាឲ្យអ្នកនាំពាក្យរបស់ខ្ញុំ មាស សុភណ្ឌ ចេញពន្យល់ប៉ុណ្ណឹងហើយ (ប៉ុន្ដែ)អត់ទេ នៅដដែល។ អញ្ចឹងបានសុំវេទិកានេះ(និយាយរឿងនេះ)ជូនទៅ ហើយបើឆ្ងល់អីទៀតយក clip នេះដាក់ទៅ។ តែរឿងអ្នកដែលយល់ហើយធ្វើមិនយល់ ខ្ញុំមិនឈឺក្បាលទេ។ សំខាន់ខ្ញុំចង់ឲ្យប្រជាពលរដ្ឋឲ្យគាត់ដឹង។ អញ្ចឹងខ្ញុំសុំរក្សាសិទ្ធដើម្បីបញ្ចេញនូវគោលការដែលរាជរដ្ឋាភិបាលធ្វើ។
ព្រឹកនេះ បញ្ចេញប្រធានបទទី១ គឺរឿងក្រសួងអប់រំ ដែលរៀបចំសៀវភៅប្រវត្ដិសាស្ដ្រឲ្យក្មេងៗ ស្រួលយល់មិនមែនជាការកែបំបាត់ប្រវត្ដិសាស្ដ្រខ្មែរទៅលើប្រទេសណាទេ ប៉ុន្ដែ(ទី១ជាការ)រំលេចនូវទិដ្ឋភាពប្រវត្ដិសាស្ដ្រយើង រំលេចស្នាដៃបុព្វបុរសយើងតាំងពីជំនាន់មុនអង្គរ សង្គមរាស្ដ្រនិយម ជំនាន់លំបាកដែលយើងឆ្លងកាត់ដោយសារសង្គ្រាមជំនាន់សាធារណៈខ្មែរ ជំនាន់វេទនាខ្មែរក្រហម ជំនាន់រំដោះឲ្យកូនខ្មែរចាំ (ទី២)អត្ថន័យនៃនយោបាយឈ្នះឈ្នះ វិមានឈ្នះឈ្នះ ដែលរំលឹកជាសក្ខីភាពតឹកតាងជាក់ស្ដែងបង្ហាញនូវនៃការរួមគ្នារបស់ខ្មែរ មិនមែនរបស់ប្រទេសណាទេ និង ទី៣ ការសំខាន់នៃការរួមគ្នាដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធីសាមគ្គីភាព តែ(ប្រកប)ដោយភាពម៉ឺងម៉ាត់នៃការការពារទឹកដីមិនមែនជាការក្បត់ជាតិទេ … យើងចរចាកាលពី១៩៩៨ អស់លោកមិនដឹងនៅទីណាទេ។ កុំមកថាគេមិនបានគិតគូររឿងនេះ។ គេគិតគូរដោះស្រាយតែរហូតមក ប៉ុន្ដែដោយយើងធ្លាប់មានប្រវត្ដិជូរចត់ ២០០៨ ដល់២០១១ គេមិនចង់ឲ្យយកនយោបាយទៅឡូកឡំ ដែលវាបង្កើតនូវស្មារតីជាតិនិយម យល់ខុស(ក្លាយ)ជាជ្រុលនិយម ធ្វើឲ្យមានការវាយគ្នាហើយស្លាប់អ្នកណា? ស្លាប់តែកងទ័ពយើងហ្នឹង។ តែវាយគ្នាហើយប្រជាពលរដ្ឋរស់នៅតំបន់នឹងត្រូវជម្លៀស។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបិទព្រំដែនហើយខាតអ្នកណា?
ការការពារជាតិ ទឹកដី យើងត្រូវតែធ្វើទាំងអស់គ្នា។ រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តជាថ្មីម្ដងទៀតការពារអធិបតេយ្យភាព បូរណភាពទឹកដី និងដោះស្រាយបញ្ហាព្រំដែន ដោយការទទួលខុសត្រូវផ្អែកលើមូលដ្ឋានបច្ចេកទេស ច្បាប់ និងដោយស្មារតីសហប្រតិបត្ដិការ។ ផ្អែកលើមូលដ្ឋាននេះ កម្ពុជាត្រៀមគ្រប់លក្ខណៈ គ្រប់មធ្យោបាយលើការការពារទឹកដី។ ខ្ញុំសូមបញ្ជូនសារដល់អ្នកនយោបាយជ្រុលនិយម ដែលខំបំផុសទាំងក្នុងនិងក្រៅប្រទេសនិងប្រទេសថៃ សូមកុំយករឿងនយោបាយជាការដឹកមុខរំខានដល់ការធ្វើការរបស់ប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាដោយសន្ដិវិធី និងសហប្រតិបត្ដិការ។ នេះជារឿងបន្សល់ទុកដោយសារជំនាន់ពីមុនមក មិនមែនជំនាន់ខ្ញុំ ឬជំនាន់ សម្ដេចតេជោទេ។ តាំងពីឆ្នាំ១៩០០ ជាង, ១៨០០ជាង ដែលវាយគ្នាពីមុន។ ៥០០ឆ្នាំ ព្រំដែនអត់មានអីទេ ទើបតែបារាំងចូលមកទើបចាប់ផ្ដើមកំណត់ព្រំដែនមួយចំនួន។ ពីមុនប្រទាញប្រទង់គ្នា។ ប្រទេសជិតខាង ខេត្តនេះខេត្តនោះ ក្រោយមកយ៉ាងម៉េច? ឥឡូវយើងមិនទៅទាមទារអាមុនកិច្ចព្រមព្រៀង ឬមួយសន្ធិសញ្ញា ១៩០៧ ហ្នឹងទេ ។ ខាងថៃក៏មានអ្នកកំពុងទាមទារ។ បើសិនជាអ្នកនយោបាយថៃរុញបែបនេះគឺវាចប់ហើយ។
សូម្បីតែ(ប្រធានាធិបតី)អាមេរិក(ថ្មី)ឡើងមកនេះ បានប្រាប់អ៊ុយក្រែនច្បាស់ថាមិនអាចដោះស្រាយព្រំដែនមុន ២០១៤ទេ។ បើអ្នកឯងទាមទារហ្នឹងគឺវាចប់ហើយ បានន័យថាវ៉ៃគ្នាមិនចេះចប់ទេ អត់ដំណោះស្រាយចេញទេ។ ផ្អែកលើជាក់ស្ដែងនិយម មូលដ្ឋានច្បាប់ ការពារនូវអ្វីដែលយើងមាន តាមផែនទីដែលព្រះករុណាយកទៅតំកល់នៅអង្គការសហប្រជាជាតិនៅឆ្នាំ១៩៦៤ បូកជាមួយលិខិតតូបករណ៍ផ្សេងៗ ដែលយើងមានការឯកភាពគ្នា ដូចជា MOU ២០០០ ផែនទីស្អីៗ ផ្អែកទៅលើឧបសម្ព័ន្ធផ្សេងៗ ព្រោះផែនទីមានច្រើនផ្ទាំង ប៉ុន្ដែយើងមិនប្រើផែនទី GOOGLE ទេ។ និយាយឲ្យច្បាស់អញ្ចឹងតែម្ដង។ អស់លោកស្នេហាជាតិប្រើផែនទី Google ប្រើទៅ។ ផែនទី Google (អាច)ប្ដូរភ្លាម គ្រាន់តែប្រធានាធិបតី អាមេរិកប្រាប់ថា ឥឡូវគាត់ដូរឈ្មោះហើយពី Gulf of Mexico ទៅជា Gulf of America ផែនទី google ប្ដូរភ្លាម។
(៣៥) ការពារបូរណភាពទឹកដី និងដោះស្រាយតាមសន្ដិវិធីដើម្បីខ្មែរជំនាន់ក្រោយ
ខ្ញុំសូមឲ្យច្បាស់ បងប្អូននិស្សិត បញ្ញវន្ដនៅទីនេះ រួមទាំងប្រជាពលរដ្ឋរបស់យើង សូមប្រកាន់ជំហរឲ្យច្បាស់ ជាពិសេសអ្នកជំរុញរឿងជាតិនិយម។ បន្ដិចៗលឺតែបាតុកម្ម។ អ្នកខ្លះខឹងរដ្ឋាភិបាល ចង់ទៅបង្កើតរដ្ឋាភិបាលនិរទ្ទេស ធ្វើនាយករដ្ឋមន្ដ្រីខ្លួនឯង ដាក់ពាក្យបណ្ដឹងខ្លួនឯង។ គ្មានអ្នកណាទទួលទេ។ ទៅហ្វីលីពីនថ្ងៃមុន គេទទួលផ្លូវជាតិ (ប៉ុន្ដែ)គេ(បែរ)ជាថាអត់អ្នកណាទទួល។ តាមដំណើរទៅ។ ឥឡូវ សូមបងប្អូនកុំមានការយល់ច្រលំ ហើយយើងឯកភាពគ្នាបន្ដទៅទៀត។ និស្សិតថ្ងៃនេះ ក៏ដូចជា ព្រះតេជព្រះគុណ សាស្ដ្រចារ្យរបស់យើង ទាំងនៅទីនេះ ទាំងនៅផ្ទះដែលមើលនេះ ខ្ញុំសូមពន្យល់រឿងប៉ុណ្ណេះ។ រឿងលូមួយកង់ ៤០ ដុល្លារ សូមឲ្យខេត្តពន្យល់តទៅទៀតចុះ។ រឿងឯកឧត្តម សុខ ទូច សូមឲ្យគេពន្យល់រៀងៗខ្លួនចុះ។
ខ្ញុំសុំតែមួយ មានរឿងអីនិយាយគ្នាទៅ រឿងតូចតាចអាចនិយាយគ្នាបានដោយមិនចាំបាច់ទៅបង្កើតជម្លោះ ខ្មែរដូចគ្នាទេ កុំឲ្យគេថាពូជអ្នកចម្បាំង អីបន្ដិចក៏ច្បាំងគ្នាដែរ។ កុំយកប្រទេសជិតខាងដែលគេមិនដឹងអីផង មកធ្វើជាការគំរាមកំហែង ឈ្លោះតែគ្នាឯង។ ថែរក្សាសន្ដិភាព ការឯកភាពជាតិ ដើម្បីកុំឲ្យបងប្អូនពិបាកគិតថា ថ្ងៃណាគេចាប់ខ្ញុំចូលធ្វើទាហានទៅវាយគ្នា។ កុំឲ្យថាត្រូវទៅពេទ្យ ឬទៅលេងថៃ ឬថៃទៅលេងអង្គរបានអត់។ ជិតវាយគ្នាហើយមើលទៅលុបកម្មវិធីនឹងចោលទៅ ទេសចរនៅសៀមរាបកាន់តែឡុងចុងទៀតហើយ អត់មានភ្ញៀវមកពីថៃផង។ កុំឲ្យមានរឿងហ្នឹង។ យើងចរចាដោះស្រាយទៅ។ ជឿទុកចិត្តចុះ រដ្ឋាភិបាលមិនព្រងើយកន្ដើយទេ។ យើងនឹងបន្ដដោយការទទួលខុសត្រូវ ការពារជាដាច់ខាតនូវបូរណភាពទឹកដី ដើម្បីកូនខ្មែរជំនាន់ក្រោយ ហើយដោះស្រាយតាមសន្ដិវិធី។
រឿងប៉ុន្មានទៀតចាំវគ្គក្រោយចុះ។ អាទិត្យក្រោយមានចែកសញ្ញាបត្រមួយដែរ។ ចែកសញ្ញាបត្រ យើងនិយាយពីរឿងអប់រំ រឿងការងារ ប៉ុន្ដែទិដ្ឋភាពនយោបាយសង្គម ក៏ត្រូវជាកាតព្វកិច្ចក្នុងនាមជាប្រមុខរដ្ឋាភិបាលត្រូវមានការពន្យល់ប្រជាពលរដ្ឋ។ ជាពិសេសរឿងដែលធ្វើឲ្យមានការយល់ច្រលំ ដូចជារឿងប្រវត្ដិសាស្ដ្ររឿងអី។ ក្រសួងសា្ថប័នធ្វើហើយ មិនមែន(ខ្ញុំ)ទៅដណ្ដើមការងារទេ ប៉ុន្ដែយើងត្រូវបញ្ចេញសារមួយចំនួនទៀត។ រាដ្ឋាភិបាលទទួលការខុសត្រូវខ្ពស់ ព្រោះអ្នកថាគ្រប់រឿង។ ថ្ងៃមុនឃើញអ្នកនៅអាមេរិកម្នាក់គាត់យកស្លឹកគ្រៃបីគល់ តម្លៃ ៣ដុល្លារមកបង្ហាញ។ គាត់ថាឃើញទេរដ្ឋាភិបាលអាមេរិកដាំអីក៏ថ្លៃដែរ ស្លឹកគ្រៃ ៣គល់ ៣ដុល្លារ។ គាត់ថាខ្មែរអសមត្ថភាព។ ខ្ញុំថាលោកនិយាយអញ្ចឹងស្រួលណាស់ យកស្លឹកគ្រៃ៣ គល់ ១២ ០០០រៀល (មកស្រុកខ្មែរ) បើមិនគេជេររដ្ឋាភិបាលឥឡូវ។ វាមិនដែលទំនិញឡើងថ្លៃដល់ស្លឹកគ្រៃ ៣គល់ ១ម៉ឺន(រៀល)។ ប៉ុន្ដែពេលជាមួយគ្នា ឃើញបងស្រីប៉ុន្មាននាក់នៅអាមេរិក (បង្ហោះ) អត់ពងមាន់ វិបត្ដិពងមាន់ឡើងថ្លៃ។ អ្នកចិញ្ចឹមយកពងមាន់គាត់សប្បាយចិត្ត ប៉ុន្ដែអ្នកទិញពង់មាន់យកទៅធ្វើអីផ្សេងពិបាក។ ខ្មែរយើងម្នាក់លក់ donut ថា កាលមុនម្សៅវាឡើងថ្លៃហើយ ឥឡូវពងមាន់វាឡើងថ្លៃទៀត។ អញ្ចឹងរដ្ឋាភិបាលទទួលទាំងពីររកទីផ្សារ និងរក្សាតំលៃសមរម្យឲ្យកសិករ តំលៃសមរម្យឲ្យអ្នកទិញប្រើប្រាស់។ មិនមែនអ្នកខ្លះទៅដល់ជួបប្រជាកសិករថាស្រូវថោកណាស់ ទៅដល់ផ្សារថាអង្ករថ្លៃណាស់ ពីរនឹងវាមិនស៊ីគ្នា …។
អរគុណណាស់ដែលបានឱកាសឲ្យ ខ្ញុំបាននកស្រាយពន្យល់ ព្រោះរៀងតឹងទ្រូងដែរ មិនមែនតឹងទ្រូងតែខ្ញុំទេ វាតឹងទ្រូងដល់អ្នកផ្សេងដែរ។ គេថាបងឯងពន្យល់បន្ដិចទៅ មិនដឹងស្អីជាស្អីទេ។ ប៉ុន្ដែសុំទោសហើយបណ្ឌិត សុខ ទូច ខ្ញុំមិនបានពន្យល់ទេ ព្រោះបើពន្យល់គ្រប់រឿងទៀត គេថាអស់ម៉ោងហើយ បងប្អូនដែលកក់ហាងនឹងប្រហែលគេយកវិញអស់ហើយ។ ចេញទៅ(វិញ)ប៉ុន្មាននាក់ជប់លៀង? ស្រម៉ៃកាលទទួលសញ្ញាបត្រដូចគ្នាដែរទេ! ជាការអបអរសាទរសំរាប់ឪពុកម្ដាយ ក្រុមគ្រួសារផង។
អំណោយ
អរគុណសារជាថ្មីដល់សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ដែលបានផ្ដល់ឱកាស និងអបអរសាទរជូននិស្សិតជ័យលាភី ២៥៥១ អង្គនាក់ ក្នុងមួយអង្គ/នាក់ ថវិកា ៥០០០០ រៀល, ជូននិស្សិតមានពិការភាព ៦ នាក់ ម្នាក់ ថវិកា ១ លានរៀល, ជូនសាស្ដ្រាចារ្យ បុគ្គលិកសិក្សា ចំនួន ៤៨៥ នាក់ ម្នាក់ថវិកា ១០ ម៉ឺនរៀល, ជូនសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ថវិកា ១០ លានរៀល, ក្រុមគ្រូពេទ្យប្រចាំការថវិកា ៣ លានរៀលផងដែរ។
សូមថ្វាយប្រគេនពរ ជូនពរសម្ដេចព្រះត្ថេរ៉ានុត្ថេរៈ គ្រប់ព្រះអង្គ ជូនពរគណៈអធិបតី ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស សាស្ដ្រាចារ្យ និស្សិត ក្រុមគ្រួសារទាំងអស់ អោយទទួលបានពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕