Grand News Asia Close

ព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងនិងផ្តល់ឋានៈសមាសភាពប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 382
ព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងនិងផ្តល់ឋានៈសមាសភាពប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងនិងផ្តល់ឋានៈសមាសភាពប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សនយោបាយនានា ១៤៥រូប ជាប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ បានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

សូមបញ្ជាក់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកាល ពី ឆ្នាំ២០១៨ នៅដើមនីតិកាលទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាយន្តហោះការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោ បាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជា ប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានអាណត្តដូចអាណត្តិរបស់រាជរដ្ឋាភិបាលផងដែរ ពោលក្រោយពេលរាជរដ្ឋាភិបាលត្រូវបញ្ចប់ក្នុងរយៈពេល៥ឆ្នាំ ឧត្តមក្រុមប្រឹក្សានេះ ក៏បញ្ចប់ដូចគ្នា។

មាត្រា២ នៃព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានចែងថា គណបក្សនយោបាយដែល បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ទទួលបានបុព្វសិទ្ធិជា គណ បក្ស ស្ថាបនិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សម្រាប់នីតិកាលទី៧នៃរដ្ឋសភានេះ ក្នុងលក្ខខណ្ឌដែលគណបក្សនយោបាយនោះ បានដាក់ពាក្យស្នើសុំជាផ្លូវការក្នុង រយៈពេលពីរសប្តាហ៍ បន្ទាប់ពីការចូលជាធរមាននៃព្រះរាជក្រឹត្យ និងទទួលបានការសម្រេចយល់ព្រម ពីនាយករដ្ឋមន្ត្រី សម្រាប់ការតែងតាំងជាសមាសភាពដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយអនុលោមតាមព្រះរាជក្រឹត្យ។

ក្នុងមាត្រាដដែលនេះ បានចែងផងដែរថា គណបក្សនយោបាយមិនបានចូលរួមបោះឆ្នោត ប៉ុន្តែ បាន ចុះបញ្ជីត្រឹមត្រូវស្របច្បាប់ស្តីពីគណបក្សនយោបាយ ក៏អាចស្នើសុំចូលរួមជាសមាជិក ឧត្តម ក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានផងដែរ ដោយដាក់ពាក្យស្នើសុំជាផ្លូវការ និងត្រូវមានការ សម្រេច ពីនាយករដ្ឋមន្ត្រី។

បើយោងតាមព្រះរាជក្រឹត្យ បានគូសបញ្ជាក់ថា គណបក្សនយោបាយស្ថាបនិកនៃឧត្តម ក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អាចដាក់សមាសភាពចំនួន៣រូប (មួយរូបជាប្រធានប្រតិភូ មានឋានៈស្មើទេសរដ្ឋមន្ត្រី, មួយរូបជាអនុប្រធានប្រតិភូ មានឋានៈស្មើរដ្ឋមន្ត្រី និងមួយរូប ទៀត ជាសមាជិកប្រតិភូ មានឋានៈស្មើរដ្ឋលេខាធិការ)។ ដោយឡែកគណបក្ស នយោបាយមិន មែន ស្ថាប និកអាចដាក់សមាសភាពចំនួនពីររូប មួយរូបជាប្រធានប្រតិភូ ឋានៈស្មើទេសរដ្ឋមន្ត្រី និងមួយរូបទៀតជាអនុប្រធានប្រតិភូ មានឋានៈស្មើរដ្ឋមន្ត្រី។

ព្រះរាជក្រឹត្យ ក៏បានបញ្ជាក់ផងដែរពីតួនាទី និងភារកិច្ចរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានភារកិច្ចចម្បងចំនួន៣រួមមាន៖ ១) ផ្តួចផ្តើមគំនិត ឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានារបស់រាជរដ្ឋាភិបាល, ២) ផ្តួចផ្តើមគំនិតតាក់តែង ឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃដំណើរការនីតិវិធីធ្វើច្បាប់ដែលកំពុងស្ថិតក្នុងក្របខណ្ឌអំណាចនីតិប្រតិបត្តិ និង៣) តាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី។

បន្ថែមពីលើនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏មានសិទ្ធិផ្តើមរៀបចំគោលនយោបាយ ដើម្បីស្នើជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសិទ្ធិផ្តួចផ្តើមគំនិតតាក់តែងរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ស្នើជូននាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងចាត់ចែងប្រគល់ជូនរដ្ឋមន្ត្រីក្រសួង ឬរដ្ឋលេខាធិការដ្ឋានដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ សិក្សា និងផ្តល់យោបល់ជូននាយករដ្ឋមន្ត្រីសម្រេច។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏អាចស្នើ ឬផ្តល់យោបល់ជូននាយករដ្ឋមន្ត្រីអំពីតម្រូវការចាំបាច់ជាក់ស្តែងនៃការរៀបចំតាក់តែងធ្វើវិសោធនកម្មច្បាប់ ឬកែសម្រួលលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ជូននាយករដ្ឋមន្ត្រីពិនិត្យ និងបញ្ជូនទៅរដ្ឋមន្ត្រីក្រសួង ឬរដ្ឋលេខាធិការដ្ឋានពាក់ព័ន្ធ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាចផ្តល់មតិលើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលរៀបចំដោយក្រសួង ឬរដ្ឋលេខាធិការដ្ឋាន ជូននាយករដ្ឋមន្ត្រីឱ្យបានមុនពេលប្រជុំគណៈរដ្ឋមន្ត្រី។

ព្រះរាជក្រឹត្យ បានបញ្ជាក់ដែរថា ក្នុងការបំពេញភារកិច្ច ប្រតិភូគណបក្សនយោបាយជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសិទ្ធិពេញលេញក្នុងការចុះធ្វើការតាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅជួយរកឱ្យឃើញនូវភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងការរំលោភបំពានអំណាចពីសំណាក់បុគ្គលជាមន្ត្រី ឬអាជ្ញាធរគ្រប់ផ្នែក និងគ្រប់ថ្នាក់។

ក្នុងការចុះបំពេញការងារនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រើប្រាស់តួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាល ដើម្បីឱ្យដំណើរការការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក៏អាចដាក់លទ្ធផលនៃការងាររបស់ខ្លួនទៅក្នុងរបៀបវារៈពិគ្រោះ និងផ្តល់យោបល់ក្នុងកិច្ចប្រជុំណាមួយរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយក៏អាចដាក់ជូននាយករដ្ឋមន្ត្រីផ្ទាល់តែម្តង ដើម្បីពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏អាចលើកយោបល់កែលម្អអំពីភាពអសកម្ម ឬភាពមិនប្រក្រតីជូនាយករដ្ឋមន្ត្រីផងដែរ៕ អត្ថបទ៖ Fresh News

អត្ថបទទាក់ទង