Grand News Asia Close

 ព្រឹកស្អែកព្រះមហាក្សត្រ យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 301
 ព្រឹកស្អែកព្រះមហាក្សត្រ យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត»  ព្រឹកស្អែកព្រះមហាក្សត្រ យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣​ស្អែក ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងយាងជាព្រះរាជាធិបតីភាពសម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិច​ប្រាសាទ​អង្គរ​វត្ត»។

ក្នុងពិធីនាថ្ងៃស្អែកនេះ ក៏នឹងមានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងពី​សំណាក់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិរួមមានប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ, ប្រធានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី, នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត, សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំង​សម្តេចៗ​ជាឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិជាច្រើនរូបផ្សេងទៀត។

សូមបញ្ជាក់ថា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ​២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។

បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនោះ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ប្រើជាច្រក​ចូលសម្រាប់​ការទស្សនាប្រាសាទអង្គរវត្ត ហើយស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត ប្រើសម្រាប់ជាច្រក​ចេញ​។

បើតាមលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានហាលខាងលិចប្រា​សាទអង្គរវត្ត ត្រូវបានជួសជុលចំនួន៥ដងរួចមកហើយ រាប់ចាប់តាំងពីសតវត្សរ៍ទី១៦។ សម្រាប់លោក ឡុង កុសល ការជួសជុលស្ពានហាលចូលទស្សនាប្រាសាទអង្គរ ក៏ដូចជាការជួសជុលប្រាង្គប្រាសាទ​ដទៃ​ទៀត បានស្តែងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាទាំង​ក្នុង​នីតិកាល​ចាស់​ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចមហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត ក៏ដូចជាកូនខ្មែរជំនាន់ក្រោយ ក្នុងការថែរក្សាការពារនូវមរតកដូនតាខ្មែរដែលជារតនសម្បត្តិ​មិនអាចកាត់ថ្លៃបាន។

លោក ឡុង កុសល ក៏បានគូសបញ្ជាក់ផងដែរថា ការជួសជុលស្ពានហាលចូលប្រាសាទអង្គរ និងការថែ​ទាំ​ប្រាង្គ​ប្រាសាទរបស់ខ្មែរ ក៏បានរំលេចឱ្យឃើញពីគុណតម្លៃដ៏សំខាន់នៃសុខសន្តិភាព។ កំលុងពេលខ្មែរ​ជួប​វិបត្តិនៃសង្គ្រាមខ្មែរគ្មានពេលថែទាំប្រាង្គប្រាសាទដែលជាព្រលឹងវប្បធម៌ជាតិនោះឡើយ ហើយបើខ្មែរ គ្មានសុខសន្តិភាពទេ សម្បត្តិវប្បធម៌មរតកដូនតាខ្មែរអាចនឹងត្រូវរងវិនាសកម្មគ្មានសេសសល់នោះ​ឡើយ។ ដូច្នេះសុខសន្តិភាព បាន​ផ្តល់នូវគុណតម្លៃមិនត្រឹមពន្លឺជីវិតពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែក៏បានផ្តល់​រស្មី​ចិញ្ចាច​ចិញ្ចាចដល់រតនសម្បត្តិដែលជាមរតករបស់ដូនតាខ្មែរផងដែរ៕ (Fresh News)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង