Grand News Asia Close

ឯកឧត្តម ប៉ែន បូណា ផ្ដល់គន្លឹះ៥ចំណុចដើម្បីបើកផ្លូវឱ្យវិទ្យុអាស៊ីសេរី អាចសម្ភាសអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកនាំពាក្យផ្សេងទៀត

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 132
ឯកឧត្តម ប៉ែន បូណា ផ្ដល់គន្លឹះ៥ចំណុចដើម្បីបើកផ្លូវឱ្យវិទ្យុអាស៊ីសេរី អាចសម្ភាសអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកនាំពាក្យផ្សេងទៀត ឯកឧត្តម ប៉ែន បូណា ផ្ដល់គន្លឹះ៥ចំណុចដើម្បីបើកផ្លូវឱ្យវិទ្យុអាស៊ីសេរី អាចសម្ភាសអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកនាំពាក្យផ្សេងទៀត

ភ្នំពេញ៖ ប្រសិនបើវិទ្យុ អាស៊ីសេរី ចង់ទទួលបានការផ្ដល់កិច្ចសម្ភាសពីអ្នកនាំពាក្យរាជរដ្ឋាភិបាលមែននោះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងដែលកំពុងកាន់តួនាទី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្ដល់គន្លឹះងាយៗ៥ចំណុច។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ក្នុងន័យឆ្លើយតបទៅនឹងព័ត៌មានបែបវាយប្រហាររបស់វិទ្យុមួយនេះថា «បើចង់ឱ្យអ្នកនាំពាក្យផ្ដល់បទសម្ភាស មិនពិបាកទេ»។

បើតាមឯកឧត្តម ប៉ែន បូណា គន្លឹះទាំង៥ដែលជួយបើកផ្លូវ ឱ្យអាស៊ីសេរី អាចសម្ភាសបាននោះ រួមមាន ទី១-ត្រូវគោរពច្បាប់កម្ពុជា ទី២-ត្រូវគោរពវិជ្ជាជីវៈសារព័ត៌មាន ទី៣-ត្រូវមានក្រមសីលធម៌ក្នុងការផ្សាយព័ត៌មាន ទី៤-កុំនិយាយបំផ្លើសបំភ្លៃតាមទំនើងចិត្ត និងទី៥-ឈប់ផ្សាយព័ត៌មានបែបញុះញង់ និងបន្ទាបបន្ថោកប្រទេសជាតិខ្លួនឯងតទៅទៀត។

ឯកឧត្តមក៏បានសង្កត់ធ្ងន់ទៀតថា «ចំណុចទាំង៥ ដូចបានលើកឡើងខាងលើនេះមិនពិបាកធ្វើទេ ប្រសិនបើយើងជាអ្នកសារព័ត៌មានវិជ្ជាជីវៈ និងមានបេះដូងជាខ្មែរ»។

ប្រតិកម្មពីប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានចេញផ្សាយព័ត៌មានមួយក្រោមចំណងជើងថា «មន្ត្រីនាំពាក្យរដ្ឋាភិបាលអាណត្តិថ្មីរងការរិះគន់ថា ខ្វះការទទួលខុសត្រូវក្នុងការបំពេញតួនាទី»។

បើតាមឯកឧត្តម ប៉ែន បូណា ដែលមានបទពិសោធន៍ចាស់វស្សា ក្នុងវិស័យសារព័ត៌មាន និងធ្លាប់កាន់តួនាទីជាប្រធានក្លិបអ្នកកាសែតផងនោះ ព័ត៌មានរបៀបដូចដែលអាស៊ីសេរី បានផ្សាយខាងលើនេះ មិនបានឆ្លុះបញ្ចាំងពីវិជ្ជាជីវៈត្រឹមត្រូវរបស់អ្នកកាសែតឡើយ ដោយឯកឧត្តមបានគូសបញ្ជាក់ត្រឡប់ទៅវិញថា «បានប្រើពាក្យសុទ្ធតែ «ក្រុមអ្នកសារព័ត៌មាន» តែរកអ្នកសារព័ត៌មានពិតប្រាកដមកសម្ភាសន៍មិនបាន។ នៅកម្ពុជាមានអ្នកសារព័ត៌មានរាប់ពាន់នាក់ឯណោះ ហើយពួកគេគ្មានបញ្ហាដូចពួកលោកទេ សូមកុំយកឈ្មោះពួកគេទៅប្រើ»។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃដែលរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញដំណើរបម្រើជាតិមាតុភូមិ និងប្រជាជនមកនោះ ភាពមមាញឹកប្រចាំថ្ងៃ របស់ឯកឧត្តម ប៉ែន បូណា ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ រួមទាំងថ្ងៃសម្រាកបុណ្យជាតិ និងអន្តរជាតិ គឺផ្ដល់បទសម្ភាសន៍ជូនអ្នកកាសែត ទាំងតាមទូរសព្ទ តាមបណ្ដាញសង្គម និងកិច្ចសម្ភាសផ្ទាល់៕

អត្ថបទទាក់ទង