Grand News Asia Close

ព្រឹកថ្ងៃនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 202
ព្រឹកថ្ងៃនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន ព្រឹកថ្ងៃនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន

(កំពង់ស្ពឺ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ អញ្ជើញជាអធិបតីភាពពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សមិទ្ធផលនានាដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះរួមមាន អគាររដ្ឋបាលសាលាខេត្ត, រូបសំណាកដែលកសាងឡើង សម្រាប់បង្ហាញនូវសក្ដានុពលផ្នែកសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ដូចជា រូបសំណាកតារែកទឹកត្នោត, រូបផ្លែត្នោត, រូបប្រើសពីរ និងរង្វង់បង្ហាញពីសក្ដានុពលវិស័យកសិកម្ម និងកសិ-ឧស្សាហ៍កម្ម នៅក្នុងខេត្តកំពង់ស្ពឺ។

បើតាមអភិបាលខេត្តកំពង់ស្ពឺ, ក្រៅពីសមិទ្ធផលខាងលើនេះ នៅមានសមិទ្ធផលជាច្រើនផ្សេងទៀត នៅតាមបណ្ដាឃុំ សង្កាត់ ក្រុង ស្រុកទាំង៩ ដូចជា អគាររដ្ឋបាលសាលាស្រុក, ការិយាល័យច្រកចេញចូលតែមួយ, អគារសាលាឃុំ សង្កាត់។

ដោយឡែក សម្រាប់ការប្រកាសខេត្តអស់មីនវិញ រហូតមកដល់ពេលនេះ គោលដៅ «កម្ពុជាគ្មានមីនឆ្នាំ២០២៥» បាននិងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរកគោលដៅដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។

លោក វ៉ី សំណាង បានអះអាងថា សម្រាប់ខេត្តកំពង់ស្ពឺ ចំការមីនមានរហូតដល់៦៤០ចំការ ក្នុងនោះគិតជាផ្ទៃ៧៨គីឡូម៉ែត្រការ៉េ។ ក្រោយប្រកាសជាខេត្តអស់មីន លោក វ៉ី សំណាង បានបង្ហាញនូវមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពស៉ីម៉ាក់, ហេឡូត្រាស់ និងអង្គភាពពាក់ព័ន្ធ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយ គឺ «កម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥ ទៀតឡើយ»។

ពិតណាស់ កម្ពុជាធ្លាប់ហែកហួរដោយសង្គ្រាមរ៉ាំរ៉ៃ ជាតំបន់អសន្តិសុខ ជាវាលពិឃាតជាចម្ការមីន ប៉ុន្តែក្រោមនយោបាយឈ្នះឈ្នះរបស់ស្ថាបនិកសន្តិភាព និងអគ្គមគ្គទេសក៍ដ៏ឆ្នើម គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាបានប្រែក្លាយជារដ្ឋអធិបតេយ្យ និងឯករាជ្យដែលមានសន្តិភាពពេញលេញ មាននីតិរដ្ឋ និងស្ថិរភាពនយោបាយ សមស្របតាមគោលការណ៍លទ្ធិ ប្រជាធិបេតយ្យ សេរីពហុបក្ស និងមានព្រះមហាក្សត្រ ជាទីសក្ការៈគង់ប្រថាប់ជាម្លប់ ហើយបច្ចុប្បន្នកំពុងតែដើរលើមាគ៌ាដ៏ត្រឹមត្រូវត្រចះត្រចង់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទោះជាយ៉ាងណាក្តី ស្លាកស្នាមប្រវត្តិសាស្ត្រជាច្រើន ដែលបង្កឡើងដោយជម្លោះក្នុងតំបន់ និងផ្ទៃក្នុង រយៈពេលជាង៣ទសវត្សរ៍ ចាប់តាំងពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ១៩៩៨ បានបន្សល់ទុកនូវបញ្ហា មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរ និងស្មុគស្មាញយ៉ាងខ្លាំង ដែលក្នុងនោះ គិតពីឆ្នាំ១៩៧៩ ដល់ខែសីហា ឆ្នាំ២០២៣ កម្ពុជាមានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន៦៥,០៣១នាក់ ក្នុងចំណោមជនរងគ្រោះថ្នាក់ទាំងនោះ មានស្លាប់ចំនួន១៩,៨២២នាក់ របួសចំនួន៣៦,១២៣នាក់ និងពិការអវយវៈចំនួន៩,០៨៦នាក់។

ប៉ុន្តែស្លាកស្នាមទាំងនោះ ក៏បង្ហាញផងដែរអំពីភាពរឹងមាំ និងអំណាចនៃការរួបរួមគ្នារបស់កម្ពុជា។ កម្ពុជាបានបង្ហាញប្រាប់ពិភពលោកថា ទោះបីជាកម្ពុជាជួបទុក្ខលំបាកខ្លាំងប៉ុណ្ណា កម្ពុជានៅតែអាចស្តារ និងអភិវឌ្ឍប្រទេសឡើងវិញ ដែលជនមានពិការភាពក៏ស្ថិតក្នុងដំណើរការនោះផងដែរ និងនៅតែជាអាទិភាព ក្នុងការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។

ជាក់ស្ដែង រយៈពេលជាង៣០ឆ្នាំនេះ ចាប់ពីឆ្នាំ១៩៩២ សកម្មភាពមីននៅកម្ពុជា មានវឌ្ឍនភាពគួរជាទីកត់សម្គាល់ ក្នុងនោះផ្ទៃដីមានមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម២,៧៩៥គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត ហើយគ្រាប់មីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ត្រូវបានរកឃើញ និងកម្ទេចចោល។ ទន្ទឹមនឹងនោះចំនួនជនរងគ្រោះ បានថយចុះពី៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៤១នាក់ ក្នុងឆ្នាំ២០២២ និងមកនៅក្រោមចំនួន ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យមរយៈពេល១០ឆ្នាំចុងក្រោយ។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនេះ កម្ពុជាត្រូវបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ និងបន្តដំណើរវែងឆ្ងាយទៅមុខទៀត ដើម្បីឲ្យសម្រេចបាននូវចក្ខុវិស័យមួយ ដូចបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន ២០១៨-២០២៥ គឺ «កម្ពុជាគឺជាប្រទេសដែលគ្មានមីន ហើយការគំរាមកំហែងដោយសារសំណល់ជាតិផ្ទុះពី សង្គ្រាម ត្រូវបានកាត់បន្ថយឲ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធាន មនុស្សប្រព្រឹត្តទៅដោយសុវត្ថិភាព» ដែលផែនការយុទ្ធសាស្ត្រនេះ ជាផែនទីតម្រង់ទិស ដោះស្រាយ បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និង ឆ្លើយតបទៅនឹង ការគំរាមកំហែងដែលនៅសេសសល់ក្រោយឆ្នាំ២០២៥៕ ប្រភព៖ Fresh News

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង