Grand News Asia Close

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ស្ថានការណ៍នៅអ៉ីស្រាអែលមានភាពស្ងប់ស្ងាត់ ខណៈនិស្សិតខ្មែរទាំងអស់ក៏មានសុវត្ថិភាពគ្រប់គ្នាដែរ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 210
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ស្ថានការណ៍នៅអ៉ីស្រាអែលមានភាពស្ងប់ស្ងាត់ ខណៈនិស្សិតខ្មែរទាំងអស់ក៏មានសុវត្ថិភាពគ្រប់គ្នាដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ស្ថានការណ៍នៅអ៉ីស្រាអែលមានភាពស្ងប់ស្ងាត់ ខណៈនិស្សិតខ្មែរទាំងអស់ក៏មានសុវត្ថិភាពគ្រប់គ្នាដែរ

 

(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍នៅប្រទេសអ៉ីស្រាអែល សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ដោយបានបញ្ជាក់ថា ស្ថានការណ៍នៅអ៉ីស្រាអែលមានភាពស្ងប់ស្ងាត់ហើយ ខណៈអាជ្ញាធរអ៉ីស្រាអែលក៏កំពុងគ្រប់គ្រងសភាពការណ៍បានទាំងស្រុងឡើងវិញដែរ ចំណែកសិស្ស និស្សិតខ្មែរទាំងអស់ដែលនៅក្នុងប្រទេសនេះក៏កំពុងមានសុវត្ថិភាពគ្រប់គ្នាដែរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា តាមការជូនដំណឹងពីរដ្ឋាភិបាលអ៉ីស្រាអែល គឺនាពេលនេះ កងទ័ពអ៉ីស្រាអែលបានគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្កាហ្សាបានទាំងស្រុងហើយ ដោយគ្មានវត្តមានភេរវជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៉ីស្រាអែលបានទៀតឡើយ។ កងទ័ពអ៉ីស្រាអែលក៏បានត្រៀមជើងការណ៍បានយ៉ាងល្អ ដើម្បីការពារនៅគ្រប់ទិសផ្សេងទៀត ទាំងផ្លូវអាកាស និងផ្លូវគោក។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា «និស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៉ីស្រាអែលក៏បានអះអាងដែរថា ក្នុងពេលនេះ ស្ថានការណ៍មានភាពស្ងប់ស្ងាត់ ហើយពួកគេមានសុវត្ថិភាព និងមានស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ ដោយគ្មានខ្វះខាតអ្វីទេ»។

ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ពេលវេលាទាំងអស់ មិនថាយប់ ឬថ្ងៃឡើយ ចំពោះសុខទុក្ខរបស់សិស្សនិស្សិតខ្មែរទាំងអស់នៅក្នុងប្រទេសអ៉ីស្រាអែល។

ក្រុមការងារដែលជាសេនាធិការរបស់សម្តេចធិបតី ដែលដឹកនាំផ្ទាល់ដោយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតកំពុងតាមដានជាប្រចាំ និងទាក់ទងជាមួយសិស្ស និស្សិតទាំងអស់ជាប់ជានិច្ច ដើម្បីដឹងពីបញ្ហារបស់ពួកគេ ហើយអន្តរាគមន៍ភ្លាមៗទាន់ពេលវេលានៅពេលមានសេចក្តីត្រូវការ។

សេចក្ដីប្រកាសរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏អំពាវនាវយ៉ាងទទូចដល់សិស្ស និស្សិតទាំងអស់នៅក្នុងប្រទេសអ៉ីស្រាអែល សូមគោរពតាមការណែនាំរបស់អាជ្ញាធរដែនដី ដើម្បីសុវត្ថិភាពរបស់ខ្លួន និងសូមក្រុមគ្រួសារនៅប្រទេសកម្ពុជាស្ងប់ចិត្តចំពោះស្ថានការណ៍នេះ ពីព្រោះរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ តែងតែចាត់ទុកសុវត្ថិភាពរបស់សិស្ស និស្សិតខ្មែរទាំងអស់ជាអាទិភាពខ្ពស់បំផុត៕

អត្ថបទទាក់ទង