Grand News Asia Close

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ និស្សិត និងពលរដ្ឋខ្មែរនៅអ៉ីស្រាអែល មានសុវត្ថិភាពក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 194
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ និស្សិត និងពលរដ្ឋខ្មែរនៅអ៉ីស្រាអែល មានសុវត្ថិភាពក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ និស្សិត និងពលរដ្ឋខ្មែរនៅអ៉ីស្រាអែល មានសុវត្ថិភាពក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត

 រហូតមកទល់ពេលនេះ និស្សិតនិងពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៉ីស្រាអែល មានសុវត្តិភាពទាំងអស់គ្នា ក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមការឱ្យដឹងរបស់ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។

លោក ប៉ែន បូណា បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃចន្ទនេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានតាមដានជាប្រចាំអំពីសុខទុក្ខរបស់បងប្អូនខ្មែរនៅទីនោះមិនថាពេលយប់ឬពេលថ្ងៃឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា សម្តេចធិបតីបានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសលើសុវត្ថិភាពដោយសម្តេចបានណែនាំឱ្យសេនាធិការទាំងអស់ប្រើប្រាស់គ្រប់លទ្ធភាពដើម្បីសម្របសម្រួលជាមួយអាជ្ញាធរអ៉ីស្រាអែលធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរទាំងអស់បានចៀសចេញពីតំបន់គ្រោះថ្នាក់ហើយស្ថិតនៅក្នុងតំបន់សុវត្ថិភាពដោយចាត់ទុកថា នេះជាកិច្ចការអាទិភាពខ្ពស់បំផុត។

លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីក៏យកចិត្តទុកដាក់លើជីភាពប្រចាំថ្ងៃរបស់ពួកគេផងដែរដើម្បីប្រាកដថា ទាំងអស់គ្នាមានចំណីអាហារនិងទឹក ព្រមទាំងសម្ភារៈចាំបាច់មួយចំនួនទៀតដែលបម្រើឱ្យជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ជូនថា មានពលរដ្ឋខ្មែរ និងនិស្សិតដែលកំពុងធ្វើការ និងសិក្សានៅប្រទេសអ៉ីស្រាអែលសរុបប្រមាណជា ៤៥០ នាក់ ក្នុងនោះមាននិស្សិតម្នាក់ឈ្មោះ ចាន់ ឧត្តម បានទទួលមរណៈភាពកាលពីថ្ងៃទី ៧តុលា ដោយទទួលរងគ្រោះពីការប្រយុទ្ធគ្នាដោយអាវុធរវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់។ ក្រៅពីនោះ អ្នកផ្សេងទៀតសុទ្ធតែមានសុវត្ថិភាពទាំងអស់។

រាជរដ្ឋាភិបាល សូមអំពាវនាវដោយទទូចសូមឱ្យពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៉ីស្រាអែល គោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរម្ចាស់ប្រទេសដើម្បីធានាសុវត្ថិភាព និងសូមឱ្យពួកគេមានលំនឹងក្នុងចិត្តចំពោះការយកចិត្តទុកដាក់ជាប្រចាំពីរាជរដ្ឋាភិបាល ដោយសហការយ៉ាងល្អជាមួយរដ្ឋាភិបាល អ៉ីស្រាអែល៕

អត្ថបទទាក់ទង