Grand News Asia Close

ផ្សាយបន្តផ្ទាល់ពិសេស៖ ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតី ប្រារព្ធពិធីអបអរសាទរខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់​រដ្ឋធម្មនុញ្ញ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ Live stream ទំព័រវីដេអូ ព័ត៌មានជាតិ 939

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ​២០២៣​នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រកម្ពុជា ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជឫទ័យស្តេចយាងជាព្រះរាជាធិបតី ប្រារព្ធពិធី​អបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ។

ក្នុងពិធីនោះមានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រខ្មែរ ពីសំណាក់សម្តេចថ្នាក់ដឹកនាំ​កំពូល​​​​នៃ​ស្ថាប័នជាតិ សម្តេចជាឥស្សរជនរបស់ជាតិ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសម័យព្រះរាជាណាចក្រទី២ មានអាយុគម្រប់ ៣០ឆ្នាំ​កាល​ពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។ តែក្រុមប្រឹក្សាធម្មនុញ្ញបានលើកពេលរៀបចំពិធីអបអរ​សា​ទរនៅថ្ងៃទី៦ ខែតុលា។

ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាសមិទ្ធផល​នៃការ​ចរចារ វាងឥស្សរជននយោបាយខ្មែរទាំងពីររូបគឺ សម្ដេចនរោត្តមសីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្ដេច ហ៊ុន សែន (កាលណោះជាសមមិត្ត ហ៊ុន សែន) កម្ពុជាបានស្គាល់ការ​បោះឆ្នោត​តាម​បែបប្រជាធិបតេយ្យ សេរី ពហុបក្ស ជាលើកដំបូង ក្រោយសង្គ្រាមស៊ីវិលជាង៣ទសវត្សរ៍។

ការបោះឆ្នោតនីតិកាលទី១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ហើយ​សភា​ធម្ម​នុញ្ញមួយបានចាប់បដិសន្ធិឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បីតាក់តែង​រដ្ឋ​ធម្មនុញ្ញ​នៃព្រះរាជា​ណា​ចក្រកម្ពុជា។

កិច្ចការដំបូងនៃសភាធម្មនុញ្ញនាពេលនោះ គឺការអនុម័តបង្កើត «គណៈកម្មាធិការ​អចិន្ត្រៃយ៍​រៀបរៀងរដ្ធធម្ម​នុញ្ញ» នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៩៣។ បន្ទាប់ពីតាក់តែងរួច រដ្ឋធម្មនុញ្ញថ្មីនេះ​ត្រូវបានសភាធម្មនុញ្ញអនុ​ម័ត​នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ នាសម័យប្រជុំលើកទី២ និងត្រូវ​បាន​ព្រះបាទសម្ដេច នរោត្ដម សីហនុ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយ​ព្រះហស្ត​លេខាប្រកាសឱ្យប្រើជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ គឺជារដ្ឋធម្មនុញ្ញទី៦ ចាប់តាំងពីប្រទេសកម្ពុជា បាន​ទទួលយកប្រព័ន្ធដឹកនាំរដ្ឋបែបទំនើបតាមបែបបស្ចិមលោក ដោយបានប្រកាសឲ្យប្រើរដ្ឋ​ធម្មនុញ្ញ​ទំនើបលើកដំបូងក្នុងឆ្នាំ១៩៤៧ ដែលមានគុណតម្លៃគ្រឹះនៃធម្មនុញ្ញនិយម រួមមាន (១) ប្រជាធិបតេយ្យ (២) សិទ្ធិមនុស្ស (៣) ការបែងចែកអំណាច និង (៤) នីតិរដ្ឋ ត្រូវបានយកមក​ផ្សាំ​ជា​មួយសង្គមខ្មែរចាប់តាំងពីពេលនោះមក។ ប៉ុន្តែការអនុវត្តគុណតម្លៃទាំងនោះ ពុំមានស្ថិរភាពជាប់​បាន​យូរអង្វែងទេ អាស្រ័យដោយប្រទេសកម្ពុជាពើបប្រទះនឹងវិបត្តិនៃការដូររបបនយោបាយ​ជាច្រើន​លើកច្រើនគ្រា។

ក្រោយការដួលរលំទៅនៃគ្រឹះធម្មនុញ្ញនិយមទំនើបឆ្នាំ១៩៤៧ ដោយរដ្ឋប្រហារឆ្នាំ១៩៧០ កម្ពុជា បានឆ្លងកាត់បទពិសោធន៍នៃការអនុវត្តរដ្ឋធម្មនុញ្ញដែលកំណត់របបនយោបាយខុសៗគ្នា។ ប៉ុន្តែពុំ​បាន​ធ្វើឲ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនោះទេ ពិសេសនៅ​ទសវត្សរ៍​ឆ្នាំ១៩៧០ បាននាំកម្ពុជាឱ្យធ្លាក់ខ្លួនដ៏សែនរន្ធត់ ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយ​ទ្រុឌ​ទ្រោម ឱនថយ ដូចមានការចារឹកខ្លឹមសារក្នុងបុព្វកថានៃរដ្នធម្មនុញ្ញឆ្នាំ១៩៩៣។ រហូតមកដល់ការ​សម្រេចបានកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទើបប្រទេសកម្ពុជាកសាងបានរដ្ឋធម្មនុញ្ញមួយដោយផ្អែក​លើគោល​ការណ៍ធំៗ​ជាមូលដ្ឋាន ដែលមានចែងក្នុងឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

គោលការណ៍ដែលមានចែងក្នុងឧបសម្ព័ន្ធទី៥ ជាគោលការណ៍សារវន្តមាន​លក្ខណៈទំនើប​ជា​គុណតម្លៃស្នូល។ ក្រៅពីគោលការណ៍ជាសារវន្តទាំងនោះ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ក៏បានចារឹកនូវ​គុណ​តម្លៃរបស់សង្គមខ្មែរ ដែលមានជាប់ពាក់ព័ន្ធនឹងកត្តាប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា របស់ខ្មែរផងដែរ។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជារដ្ឋធម្មនុញ្ញពហុនិយម​ដែល​មានសារធាតុល្បាយ រវាងគុណតម្លៃទំនើប និងគុណតម្លៃប្រពៃណីរបស់សង្គមខ្មែរផ្ទាល់ ដែលពុំ​អាច​កាត់​ផ្តាច់​បានពីកត្តាប្រវត្តិសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ ក្នុងអតីតកាលដ៏យូរលង់របស់កម្ពុជាបានឡើយ។

ការដាក់បញ្ចូលគ្នានូវគុណតម្លៃនិងទស្សនទានធម្មនុញ្ញបែបទំនើប និងគុណតម្លៃខ្មែរនិយម ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បង្កើតឡើងនូវពហុសណ្ឋានជាទស្សនៈពហុនិយមបែបនេះ ក្នុងការអនុវត្តរមែងជួបប្រទះនូវការរអាក់រអួល និងបញ្ហាប្រឈម ជាក់ស្តែងមួយចំនួនជាពុំខាន ឧទារហណ៍ ដូចជាការកើតឡើងនូវវិបត្តិនយោបាយ ក្រោយការបោះឆ្នោតជាច្រើនលើក​ច្រើនសាដែល​ស្តែងឡើងឱ្យឃើញទាំងចំណោទ បញ្ហា ចំណោទច្បាប់ ទាំងដំណោះស្រាយ​សម​ស្រប និងចាំបាច់នានា ដើម្បីធានាដល់តម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរី និងគោលការណ៍នៃ​ការបោះ​ឆ្នោតពហុបក្ស ក្នុងដំណើរអនុវត្តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល​៣០ឆ្នាំកន្លងមកនេះ ជារយៈពេលមួយវែងជាងរយៈពេលអនុវត្តរដ្ឋធម្មនុញ្ញមុនៗគ្រប់ជំនាន់។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាន១៦ជំពូក និង១៥៨មាត្រា។ នៅក្នុងបុព្វកថារបស់​រដ្ឋធម្មនុញ្ញ ក៏បានរំលេចសារដាស់តឿន និងរំលឹកដល់កូនខ្មែរផងដែរថា សង្រ្គាមបាននាំកម្ពុជាឱ្យ​អន្តរាយ ខ្ទេចខ្ទាំ ហើយការបង្កើតរដ្ឋធម្មនុញ្ញជាថ្មី ដើម្បីពង្រឹងនូវការរួបរួមជាតិជាថ្មីឡើងវិញ។ «យើងជាប្រជារាស្ត្រខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយ​ថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួន ដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សរ៍ចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហា​សោកស្តាយ បានភ្ញាក់រលឹកក្រោកឈរទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរ ដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា «កោះសន្តិភាព» ទ្បើងវិញ។

មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាកម្ពុជា ឆ្នាំ១៩៩៣ នេះ ត្រូវរដ្ឋសភាជាតិ ធ្វើវិសោធនកម្មចំនួន១០លើកមកហើយ។

• លើកទី១៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤ នាសម័យប្រជុំរដ្ឋសភា ជាកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី១
• លើកទី២៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩៩៩ នាសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី២
• លើកទី៣៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០១ នាសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី២
• លើកទី៤៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៤ នាសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៣
• លើកទី៥៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៥ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលកាលទី៣
• លើកទី៦៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០០៦ នាសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៣
• លើកទី៧៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៨ នាសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៣
• លើកទី៨៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ នាសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៥
• លើកទី៩៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥
• លើកទី១០៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦៕

អត្ថបទទាក់ទង