តើការលើកឡើងថា «រដ្ឋគិតតែយកពន្ធ ខណៈដែលប្រទេសផ្សេងកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្ត» ជាការពិតដែរឬទេ?
ឆ្លើយតបនឹងការលើកឡើងនេះ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើការបំភ្លឺថា អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺទន្ទឹមនឹងការប្រមូលចំណូល ដើម្បីការអភិវឌ្ឍសង្គមជាតិ ធានាតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព រាជរដ្ឋាភិបាលកម្ពុជា គឺបានគិតគូរខ្ពស់ពីការសម្រួលបរិយាកាសវិនិយោគ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវវិធានការលើកទឹកចិត្តជាច្រើន ជាបន្តបន្ទាប់ និងស្ទើរគ្រប់វិស័យ។ ក្នុងនោះ ការដាក់ចេញនូវវិធានការលើកទឹកចិត្ត ផ្នែកសារពើពន្ធដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋទូទៅ គឺរួមមាន៖
1/ ការលុបចោលរបបពន្ធម៉ៅការ និងអាករលើផលរបរ ដើម្បីបញ្ចប់នូវបញ្ហាស្មុគស្មាញរបស់ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មតូចតាច គ្រាន់តែដើម្បីចិញ្ចឹមជីវិត និងជាការលុបបំបាត់កន្លែងលាក់ខ្លួនរបស់អ្នកជាប់ពន្ធ ដែលត្រូវបញ្ចូលក្នុងរបបស្វ័យប្រកាស។
2/ កំណត់បន្ថែមការផ្តត់ផ្គង់មួយចំនួន ជាការផ្គត់ផ្គង់មិនជាប់អាករលើតម្លៃបន្ថែម រួមមាន សេវាសិក្សាអប់រំ, ថាមពលអគ្គសនី និងទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់, ផលិតផលកសិកម្មមិនទាន់កែច្នៃ និងសេវាប្រមូលសំរាម យន្តការនេះមានគោលបំណងដើម្បីលើកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
3/ ការសម្រួលកម្រិតប្រាក់ពន្ធប៉ាតង់ដែលត្រូវបង់ ដើម្បីជាការលើកទឹកចិត្តសហគ្រាសតូចៗ ក្នុងការប្រកបអាជីវកម្ម។
4/ ការលុបចោលពន្ធសត្តឃាត ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយលើសាច់សត្វ ដែលជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិត ក៏ដូចជាជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។
5/ ការដាក់ចេញនូវវិធានការគណនេយ្យសាមញ្ញ ដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធតូច ក្នុងកិច្ចប្រតិបត្តិការអាជីវកម្មតូចៗ ឬអាជីវកម្មដែលមានលក្ខណៈគ្រួសារ។
6/ ការកាត់បន្ថយជាច្រើនលើក នូវមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស តាមរយៈការតំឡើងជាបន្តបន្តបន្ទាប់នូវកម្រិតអប្បបរមានៃប្រាក់បៀវត្សត្រូវជាប់ពន្ធ និងភាគនៃប្រាក់ចំណូលដែលត្រូវជាប់ពន្ធលើប្រាក់ចំណូល ដើម្បីធានាថាមន្ត្រីរាជការសាធារណៈ និងកម្មករ-និយោជិត ដែលទទួលបានប្រាក់បៀវត្សឬប្រាក់ឈ្នួលអប្បបរមាមិនត្រូវជាប់ពន្ធលើប្រាក់បៀវត្សឡើយ។
7/ ការលុបការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូនចំពោះយាន្តយន្តមួយចំនួន ដូចជា ទោចក្រយាន្តយន្ត, ត្រីចក្រយានយន្ត, ជលយានយន្ត, ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលមួយចំនួន ដើម្បីសម្រាបលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋទូទៅ។
8/ ការអនុគ្រោះពន្ធប្រថាប់ត្រាចំពោះការទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អលចនទ្រព្យក្នុងរង្វង់ញាតិ
9/ ការលុបចោលពន្ធប្រថាប់ត្រាលើលិខិតគតិយុត្តស្តីពីការបង្កើតក្រុមហ៊ុន
10/ ការកែសម្រួលពន្ធតែមប្រិ៍ ដោយលើកលែងការអនុវត្តចំពោះលិខិតគតិយុត្តមួយចំនួន ដូចជា លិខិតស្នើសុំពាក់ព័ន្ធនឹងវិស័យអប់រំ, ស្នើសុំចូលបម្រើការងារ, សំបុត្រអត្រានុកូលដ្ឋាន។ល។ និង
11/ ការកែសម្រួលអត្រាការប្រាក់ប្រចាំខែ ចំពោះពិន័យពិការកំណត់ពន្ធឡើងវិញ និងការបង់ពន្ធយឺតយ៉ាវនៃប្រាក់ពន្ធដែលបង់ខ្វះ ដើម្បីសម្រួលអត្រាការប្រាក់ តាមស្ថានភាពទីផ្សារជាក់ស្តែង, បន្ធូរបន្ថយបន្ទុករបស់វិស័យឯកជន និងសម្រួលកិច្ចពាណិជ្ជកម្ម៕