Grand News Asia Close

អគ្គនាយកដ្ឋានពន្ធដារ ច្រានចោលនូវព័ត៌មានដែលលើកឡើងអំពីការធ្លាក់ថ្លៃនៃផលិតផលកសិកម្មបណ្តាលមកពីការយកពន្ធ!

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 222
អគ្គនាយកដ្ឋានពន្ធដារ ច្រានចោលនូវព័ត៌មានដែលលើកឡើងអំពីការធ្លាក់ថ្លៃនៃផលិតផលកសិកម្មបណ្តាលមកពីការយកពន្ធ! អគ្គនាយកដ្ឋានពន្ធដារ ច្រានចោលនូវព័ត៌មានដែលលើកឡើងអំពីការធ្លាក់ថ្លៃនៃផលិតផលកសិកម្មបណ្តាលមកពីការយកពន្ធ!

 

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈសេចក្តីបំភ្លឺចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឆ្លើយតបទៅនឹងការផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនក្នុងចេតនាមួលបង្កាច់ និងចោទប្រកាន់ដោយគ្មានមូលដ្ឋាន ដែលលើកឡើងអំពីការធ្លាក់ថ្លៃនៃផលិតផលកសិកម្មបណ្តាលមកពីការយកពន្ធ ថា ជារឿងមិននោះពិតឡើយ និងបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលតែងតែមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាព។

អគ្គនាយកដ្ឋានពន្ធដា បន្តថា តាមរយៈនេះ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការលើកទឹកចិត្តផ្សេងៗ និងជាពិសេសបានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យកសិកម្មទាំងស្រុង ដែលក្នុងនោះ មានទាំងការដាំដុះស្រូវ ការប្រមូលទិញស្រូវ និងការផលិតអង្ករនាំចេញជាដើម ។ បន្ថែមពីលើនេះ ត្រូវបានចាត់ទុកថាជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើការនាំចូល និងផ្គត់ផ្គង់ទំនិញក្នុងវិស័យកសិកម្ម , ការអនុគ្រោះអាករលើតម្លៃបន្ថែមចំពោះអ្នកចុះកិច្ចសន្យាផ្គត់ផ្គង់អង្ករសម្រាប់បម្រើឱ្យការនាំចេញអង្ករ, ការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព ( ផលិតផលកសិកម្ម ឬកសិឧស្សាហកម្ម) , ការលើកទឹកចិត្តពន្ធដារចំពោះការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ , ការព្យួរប្រាក់រំដោះពន្ធលើប្រាក់ចំណូលចំពោះវិស័យកសិកម្ម  ក្នុងនោះផលិតផលកសិកម្មដែលត្រូវទទួលបានការអនុគ្រោះ រួមមាន៖ ស្រូវ អង្ករ ពោត សណ្តែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ។ បន្ថែមពីលើនេះ គឺការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូជាដើម។

ដូច្នេះ ការលើកឡើងថា ការធ្លាក់ថ្លៃនៃកសិផលកសិកម្មបណ្តាលមកពីការយកពន្ធ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ការចោទប្រកាន់បែបនេះ ពុំឆ្លុះបញ្ចាំងពីការពិតនិងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយជ្រោមជ្រែងវិស័យកសិកម្មឡើយ៕

អត្ថបទទាក់ទង