Grand News Asia Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» បង្ហាញពីបញ្ញាញាណដូនតាខ្មែរ បន្សល់ទុកនូវសិល្បៈដ៏សំបូរបែបសម្រាប់កូនចៅជំនាន់ក្រោយ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 461
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» បង្ហាញពីបញ្ញាញាណដូនតាខ្មែរ បន្សល់ទុកនូវសិល្បៈដ៏សំបូរបែបសម្រាប់កូនចៅជំនាន់ក្រោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» បង្ហាញពីបញ្ញាញាណដូនតាខ្មែរ បន្សល់ទុកនូវសិល្បៈដ៏សំបូរបែបសម្រាប់កូនចៅជំនាន់ក្រោយ

FN- (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកថា ការសម្រេចដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជា​ផ្លូវការ​របស់អង្គការយូណេស្កូ បង្ហាញអំពីបញ្ញាញាណរបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកនូវសិល្បៈដ៏សំបូរបែបសម្រាប់កូនចៅជំនាន់ក្រោយ។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក» នៅពហុកីឡដ្ឋានជាតិអូឡាំពិក រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កូនចៅជំនាន់ខ្មែរក្រោយចង់ចាំជាគំរូ ហើយរក្សាឲ្យបានគង់វង្សជារៀងរហូត ក្រោមម្លប់សន្ដិភាព ដែលប្រជាជាតិ និងប្រជាជនខ្មែរគ្រប់ស្រទាប់ត្រូវសាមគ្គីគ្នាថែរក្សា ទប់ស្កាត់ រាល់ភាពវឹកវរបង្កើតសង្គ្រាម ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិយើងទាំងបច្ចុប្បន្ន និងអនាគត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌពិភពលោកនៅពេលនេះ គឺបង្ហាញអំពីបញ្ញាញាណដូនតាខ្មែរ ដែលបុព្វបុរសដ៏អស្ចារ្យខ្មែរ បានបន្សល់ទុកវប្បធម៌ អរិយធម៌ និងសិល្បៈដ៏សំបូរបែប ជាពិសេសសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទដ៏វិសេសវិសាលនៅទូទាំងប្រទេសកម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយចង់ចាំជាគំរូ រក្សាឲ្យបានគង់វង្សជារៀងរហូត ក្រោមម្លប់សន្ដិភាព ដែលប្រជាជាតិ និងប្រជាជនខ្មែរគ្រប់ស្រទាប់ត្រូវសាមគ្គីគ្នាថែរក្សា ទប់ស្កាត់ រាល់ភាពវឹកវរបង្កើតសង្គ្រាម ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិយើងទាំងបច្ចុប្បន្ន និងអនាគត»

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់អាទិភាពទៅលើវិស័យវប្បធម៌ដែលជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ដែលបាវចនា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន»

ជាការពិតវប្បធម៌ ផ្ដល់កាលានុវត្តន៍ភាព កិច្ចសន្ទានទូលំទូលាយ ចំណេះជ្រៅជ្រះ ឆ្លុះបញ្ចាំងអត្តសញ្ញាណជាតិ និងតម្លៃសកល ជាប្រភពបង្កើតគំនិតស្នេហាជាតិ ពង្រឹងសាមគ្គីជាតិ ជាមួយការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាពតាមទស្សនៈទាន «អភិរក្ស ដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ ដើម្បីអភិរក្ស» ដែលជាគោលការណ៍យុទ្ធសាស្ដ្រលើកស្ទួយវិស័យសីលធម៌ សិល្បៈ ប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា បេតិកភណ្ឌទាំងរូបីយ៍ និងអរូបីយ៍។

បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រី, ការដាក់បញ្ចូលបេតិកភណ្ឌជាតិ ជាបេតិកភណ្ឌពិភពលោក រួមមាន រមណីយដ្ឋានបុរាណវិទ្យាអង្គរ រមណីយដ្ឋានប្រាសាទព្រះវិហារ តំបន់ប្រាសាទសំបូរព្រៃគុក របាំងព្រះរាជទ្រព្យ ល្ខោនស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោល និងក្បាច់គុណល្បុកតោ។ ហើយថ្ងៃនេះបងប្អូនជនរួមជាតិ បានចូលរួមប្រារព្ធពិធីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវដាក់បញ្ចូលក្នុងបេតិកភណ្ឌពិភពលោក គឺជាមោទនភាពជាតិមួយថែមទៀតដែលត្រូវចង់ចាំ។

សូមជម្រាបថា រមណីដ្ឋានបុរាណវិទ្យា ប្រាសាទកោះកេរ មានទីតាំងនៅក្នុងខេត្តព្រះវិហារ ហើយរមណីដ្ឋាននេះស្ថិតនៅលើផ្ទៃដីប្រមាណ ៨ពាន់ហិកតា ដែលមានប្រាសាទជាង៧០ ក្នុងនោះមានប្រាសាទធំមួយ ដែលត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគេ្នយ៍។ កោះកេរជាអតីតរាជធានីរបស់ខ្មែរក្នុងសតវត្សរ៍ទី១០ ដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ ហើយត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ។

បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង