Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច និងចូលរួម​ពិព័រណ៍​ចិន-អាស៊ាន ប្រកបដោយផ្លែផ្កាខ្ពស់

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 296
សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច និងចូលរួម​ពិព័រណ៍​ចិន-អាស៊ាន ប្រកបដោយផ្លែផ្កាខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច និងចូលរួម​ពិព័រណ៍​ចិន-អាស៊ាន ប្រកបដោយផ្លែផ្កាខ្ពស់

(ភ្នំពេញ)៖ ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងការអញ្ជើញចូល​រួមពិ​ព័រណ៍​ចិន-អាស៊ាន​លើកទី២០ នៅក្នុងប្រទេសចិន រយៈពេល៤ថ្ងៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​​យករដ្ឋមន្ត្រីកម្ពុជា បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាប្រមុខដឹកនាំរបស់កម្ពុជា ទទួលបានផ្លែផ្កាខ្ពស់ ជាពិសេសការបន្តពូនជ្រំ​ពង្រឹង​ទំនាក់​​ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ជាមួយប្រទេស​ចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២លើពិភពលោក និងលំដាប់លេខ១​នៅ​តំបន់​អាស៊ី។

ក្រោយបញ្ចប់ដំណើរទស្សនកិច្ច និងបេសកកម្មការងាររយៈពេល៤ថ្ងៃ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ហោះឆ្ពោះមកកម្ពុជាវិញហើយនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សូមរំលឹកថា តបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន, សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន កាល​ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នា២០២៣។ នេះជាការចេញដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភា​ឱ្យដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មី។

បន្ទាប់ពីការហោះហើររយៈពេលប្រមាណជា៥ម៉ោង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ ព្រមទាំងគណៈប្រតិភូ បានហោះដល់រដ្ឋធានីប៉េកាំង ប្រទេសចិន នាពេលរសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា។ ដំណើរអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិក្នុងរដ្ឋធានីប៉េកាំង សម្តេច​ធិបតិ និងលោកជំទាវ ទទួលបានការស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់របស់ចិន និងឯកអគ្គរាជទូត​កម្ពុជាប្រចាំប្រទេសចិន ក៏ដូចជាមន្ត្រីអមស្ថានទូតមួយចំនួនទៀត។

ពេលអញ្ជើញដល់ប្រទេសចិន សម្តេចធិបតី បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណ​ក្ខន្ធ​នៅ​ស្តូប​អនុស្សាវរីយ៍វីរបុរសចិន។ បន្ទាប់មកអញ្ជើញក្រាបបង្គំគាល់ព្រះមហាក្សត្រ និង​សម្តេច​ព្រះ​មហាក្សត្រី ដែលកំពុងគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង។

ការកៀរគរវិនិយោគ ជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និង​បង្កើតការងារជូនប្រជាពលរដ្ឋ។ ដូច្នេះដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់​ប្រ​ទេស​ចិននេះ ការទាក់ទាញការវិនិយោគក៏ជារបៀបវារៈដ៏ចាំបាច់មួយសម្រាប់សម្តេចធិប​តី ហ៊ុន ម៉ាណែត ផងដែរ។

ក្រោយពេលអញ្ជើញដល់ប្រទេសចិនភ្លាម មិនបានបង្អែ​បង្អង់​នោះ​ឡើយ ទោះបីចំណាយ​ពេល​​លើ​យន្តហោះ​ច្រើនម៉ោងយ៉ាងណាក្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួប​ជា​​មួយនឹង​ក្រុម​វិ​និ​យោគធំៗ​របស់ចិនជាបន្តបន្ទាប់។ សម្តេចធិបតី បានជួបក្រុមហ៊ុនវិនិយោគធំៗរបស់​ចិនចំនួន​៤ រួមមាន៖ ក្រុមហ៊ុន SINOMACH Heavy Equipment Co., Ltd. ជាក្រុម​ហ៊ុន​វិនិយោគ​ផ្នែក​ថាមពលអគ្គសិនី, China Road and Bridge Corporation (CRBC) ជាក្រុមហ៊ុនវិនិ​យោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ជាពិសេសកំពុង​សាង​សង់ផ្លូវល្បឿន​លឿន​នៅកម្ពុជា, ក្រុមហ៊ុន China Huaneng Group ជាក្រុមហ៊ុន​ផ្នែក​ថាមពល​អគ្គិសនី និងជាក្រុមហ៊ុនបានសាងសង់វារីអគ្គិសនីសេសានក្រោម២នៅ​កម្ពុជា​ផងដែរ និងក្រុមហ៊ុន​មួយ​ទៀត គឺក្រុមហ៊ុន Huawei Technology Co., Ltd. ដែលជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យាខ្នាតយក្ស​របស់​ចិន។

ក្នុងជំនួបជាមួយក្រុមហ៊ុនធំៗរបស់ចិនទាំង៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូស​រំលេច​​​អំពី​គោល​នយោបាយពាក់ព័ន្ធការវិនិយោគនៅកម្ពុជា ហើយក៏បានលើកទឹក​ចិត្តដល់​ក្រុមហ៊ុន​បន្តវិនិយោគនៅកម្ពុជា ព្រមទាំងបានស្នើឱ្យជួយបណ្តុះបណ្តាលផ្នែកអគ្គសិនី និង​បច្ចេកវិទ្យា​ឌីជី​ថល ដើម្បីពង្រីកសមត្ថភាពរបស់កូនខ្មែរលើជំនាញអគ្គិសនី និងបច្ចេកវិទ្យា​ឌីជី​ថល។ ក្នុងជំនួប​ជាមួយក្រុមហ៊ុន Huawei សម្តេចធិបតីនាយករដ្ឋមន្ត្រីចង់​ឃើញ​ក្រុមហ៊ុន​មួយ​វិនិយោគលើការ​ផលិត​សម្ភារៈគ្រឿងបង្គំអេឡិចត្រូនិកនៅកម្ពុជាផងដែរ។

នៅថ្ងៃទី១៥ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្តើមជាមួយមេដឹកនាំ​កំពូលៗរបស់ចិនទៅតាមរបៀបវារៈនៃដំណើរទស្សនកិច្ចដូចបានគ្រោងទុក។ សម្តេចធិបតី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារដំបូងគេ គឺលោក ស៊ី ជិនពីង ប្រធា​នា​​ធិបតីចិន។

ក្នុងជំនួបនេះ លោកប្រធានាធិបតី ស៊ីន ជីនពីង បានស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកប​ដោយ​ក្តីសោមនស្សរីករាយជាទីបំផុតចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាដំណើរទស្សនកិច្ចនៅប្រទេសជាមិត្តលើកដំបូងរបស់សម្តេចក្រោយឡើង​ដឹក​នាំរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបនេះលោក ស៊ី ជីនពីង បានរំលឹកឡើងវិញនូវចំណង​មិត្តដ៏ស្អិតល្មួតរវាងកម្ពុជា និងចិន។ លោក ស៊ី ជីនពីង ក៏បានរំលឹកផងដែរថា ពីអនុស្សាវ​រីយ៍ទាំងឡាយដែលធ្លាប់បានធ្វើជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​កម្ពុជា។ លោក បានចាត់ទុកសម្តេចតេជោ គឺជាមេដឹកនាំកម្ពុជាមួយរូប ដែលបានកសាង​យ៉ាងរឹងមាំនូវចំណងមិត្តភាពរវាងកម្ពុជា-ចិន។

ក្រៅតែពីកិច្ចស្វាគមន៍ប្រកបដោយមេត្រីភាពយ៉ាងជ្រាលជ្រៅហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ស៊ី ជីនពីង ក៏បានពិភាក្សាលើកិច្ចការចាំបាច់មួយចំនួនផ្តោតទៅលើកិច្ច​សហ​ប្រតិបត្តិការទ្វេភាគីផ្តោតទៅលើបញ្ហានយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការ​វិនិ​យោគផងដែរ។ ពាក់ព័ន្ធបញ្ហានយោបាយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរយ៉ាងមុតមាំក្នុងការបន្តនយោបាយចិនតែមួយដោយ​មិន​មានការប្រែប្រួលនោះឡើយ។ បន្ថែមពីលើនោះប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាស​ប្រ​ឆាំង​រាល់ការជ្រៀងជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ដោយឡែកលោកប្រធានាធិបតីចិន ក៏បានបង្ហាញជំហរដ៏មុតមាំក្នុងការបន្តគោរពរាល់កិច្ច​ការផ្ទៃក្នុងរបស់កម្ពុជា។ លោកប្រធានាធិបតី ក៏បានប្តេជ្ញាចូលរួមជាមួយកម្ពុជាការពារ​រាល់​បំណងជ្រៀតជ្រែក​កិច្ចផ្ទៃក្នុងរបស់កម្ពុជា។ ជាពិសេសនឹងប្រឹងប្រែងការពារឱ្យបាននូវចំណង​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងចិន ដោយមិនឱ្យអំណា​ច​ណាមួយមកបំបែកបាននោះឡើយ ដើម្បីធានារក្សានូវអត្ថប្រយោជន៍រវាងប្រទេស និងប្រជា​ជន​កម្ពុជា និងចិន។

សម្រាប់បញ្ហាតំបន់ និងពិភពលោក មេដឹកនាំកម្ពុជា-ចិន ប្តេជ្ញាបន្តគោរព និងអនុវត្តន៍តាម​ច្បាប់អន្តរជាតិដែលមានជាធរមាន។ ជាពិសេសនឹងប្រឹងប្រែងដោះស្រាយបញ្ហាទាំងឡាយ ដើម្បីរក្សាបានសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ ពិភពលោក ដែលជាបំណងប្រាថ្នាដ៏ចាំ​បាច់របស់មនុស្សជាតិ។

បន្ទាប់ពីជួបជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង ហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជួបជាមួយលោក ចាវ ឡឺជី ប្រធានសភាប្រជាជនចិន។ ក្នុង​ជំនួប​នេះ លោក ចាវ ឡឺជី ក៏បានស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងក្តីសោមនស្ស​រីក​រាយចំពោះដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់​ប្រទេសចិន។

ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ចាវ ឡឺជី ក៏បានពិភាក្សាទៅលើទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ ហើយ​មាន​​​ជំហរដូចគ្នាក្នុងការបន្តពូនជ្រំ និងជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់​តែ​ល្អប្រសើរ។

បន្ថែមពីលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ជាគំនិតឱ្យមានការផ្លាស់​ប្តូរដំណើរទស្សនកិច្ចរវាងមេដឹកនាំសភារវាងប្រទេសទាំងពីរ ជាពិសេសសមាជិកសភាវ័យ​ក្មេង ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា និងសភានៃប្រទេសទាំង​ពីរ។

បន្ទាប់ពីជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានាធិបតី និងប្រធានសភា​ប្រជា​ជនហើយនោះ នៅរសៀលថ្ងៃដដែលនោះ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន បាន​រៀប​ចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត។ ពិធីបដិសណ្ឋារកិច្ចជាផ្លូវការត្រូវបានធ្វើឡើងនៅមហាវិមានប្រជាជនចិន កម្រាលព្រំពណ៌ក្រហមដ៏វែងអន្លាយ ជាមួយកងកិត្តិយសជាច្រើនរូប ត្រូវបានរៀបចំទទួល​បដិ​សណ្ឋារកិច្ចដំណើរបំពេញទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុង​ប្រទេស​ចិន។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចប្រកបដោយមហាកិត្តិយសនោះទៅ សម្តេចធិបតី ហ៊ុន ម៉ា​​ណែត និងលោកនាយករដ្ឋមន្ត្រី លី ឈាង បានជួបពិភាក្សាការងារទ្វេភាគី។ ក្នុងជំនួប​ពិ​ភាក្សានោះ បានផ្តោតទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងលើទិដ្ឋ​ភាពនយោ​បាយ សេដ្ឋកិច្ច និងសង្គម។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង បានបន្ត​រក្សា​យ៉ាងរឹងមាំ និងខ្លាំងក្លាថែមទៀត លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំង​ឡាយ​។ ជាពិសេសនឹងបន្តប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិ​យោគ ដែលជាប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេស និងប្រជាជន។

បន្ទាប់ពីកិច្ចពិភាក្សាការងារទ្វេភាគីនោះទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និ​ង​លោក លី ឈាង បានអញ្ជើញជាអធិបតីភាពរួមគ្នាក្នុងពិធីចុះហត្ថលេខាលើឯកសារ​សំខាន់ៗ​រហូតដល់ទៅ១៥។ ឯកសារទាំងនេះ ត្រូវបានចុះហត្ថលេខាដោយមន្ត្រីជាន់ខ្ពស់​នៃប្រទេសទាំងពីរ។​​

ឯកសារទាំង១៥នោះ រួមមានផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួម​កម្ពុជា​-ចិន ក្នុងយុគសម័យថ្មីរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន (២០២៤-២០២៨) និងកិច្ចសហប្រតិបត្តិការស្តីពី «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា», «ច្រករបៀងមច្ឆា និងអង្ករ», ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង ការត្រួតពិនិត្យ និងចត្តា​ឡី​ស័ក ព្រៃឈើ និងសត្វព្រៃ កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍។

ក្នុងដំណើរទស្សនកិច្ចនៅរដ្ឋធានីប៉េកាំងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បាន​អញ្ជើញចូលរួមក្នុងកិច្ចសំណេះសំណាល និងពិសារអាហារសាមគ្គី ដែលរៀបចំដោយអ្នកវិនិ​យោគ និងអ្នកធ្វើធុរកិច្ចចិន និងកម្ពុជា។ ក្នុងវេទិកានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​លើកបង្ហាញនយោបាយមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការវិនិយោគ ជា​ពិសេសរាជរដ្ឋាភិបាលផ្តល់កិច្ចគាំពារខ្ពស់ចំពោះវិស័យឯកជន ដែលរាជរដ្ឋាភិបាល​ចាត់​ទុកជាដៃគូដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍន៍ជាតិ។

ក្នុងន័យនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ច​របស់​ចិ​ន អញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា។ សម្តេច​ធិបតី បានធានាអះអាងថា ការវិនិយោគនៅកម្ពុជានឹងទទួលបានផ្លែផ្កា និងការរីកចម្រើន។

ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ត្រូវបានបិទបញ្ចប់នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា។ លុះព្រឹកថ្ងៃទី១៦ ខែកញ្ញា សម្តេច​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈ​ប្រតិភូ ហោះតាមជើងយន្តហោះពិសេសរបស់កម្ពុជាលេខ០០១ ឆ្ពោះទៅកាន់ទីក្រុងណាន​នីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០។

អញ្ជើញដល់ទីក្រុងណានីង សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបលោក លាវ នីង (Liu Ning) លេខាធិការ​បក្ស​តំបន់​ស្វយ័តក្វាងស៊ី ដើម្បីសម្តែងការគួរសម និងពិភាក្សាលើ​ការងារ​មួយ​ចំនួន។

ក្នុងជំនួបនោះ លោកលេខាធិការបក្សតំបន់ស្វយ័តក្វាងស៊ី បានជម្រាប​សម្ដេច​​ធិបតី ហ៊ុ​ន ម៉ាណែត អំពីសក្តានុពល ឧត្ដមភាព និងភាពខ្លាំងនៃតំបន់ស្វយ័ត​ក្វាង​ស៊ី ព្រមទាំងអំពីកិច្ច​សហប្រតិបត្តិការដែលតំបន់ស្វយ័ត​ បានធ្វើជាមួយប្រទេសកម្ពុជា និង​កំពុងស្វែងរកលទ្ធ​ភាព​បន្ថែមផ្សេងទៀត។ លោក លាវ នីង បានបញ្ជាក់ថា បច្ចុប្បន្ននេះ តំបន់​ស្វ​យ័តក្វាងស៊ី មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយប្រទេសកម្ពុជា នៅក្នុងវិស័យ​ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការអប់រំ កីឡា និងការបណ្តុះ​បណ្តាលធន​ធាន​មនុស្ស។

សម្ដេចធិបតី ហ៊ុ​ន ម៉ាណែត បានថ្លែងអំណរគុណចំពោះព័ត៌មានទាំងឡាយពាក់ព័ន្ធ​កិច្ច​សហ​ប្រតិបត្តិការដែលតំបន់ស្វយ័ត បានធ្វើជាមួយប្រទេសកម្ពុជា។ សម្ដេចធិបតី ក៏បាន​វាយតម្លៃខ្ពស់ ចំពោះការរីកលូតលាស់ និងការវិវឌ្ឍសេដ្ឋកិច្ចរបស់​តំបន់​ស្វយ័ត ដែលប្រៀប​បី​ដូចជាចលករសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសចិន។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យតំបន់ស្វយ័តក្វាងស៊ី ពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសពង្រឹង និងពង្រីកបន្ថែមលើផ្នែក​ពាណិជ្ជ​កម្ម ការវិនិយោគ ផ្ដល់ការគាំទ្រ​ដល់​ផលិត​ផលកសិកម្មកម្ពុជា ការផ្តល់សេវា​ថែទាំ​សុខភាពសាធារណៈ ជំរុញអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ និងកីឡា ព្រមទាំងការបង្កើនជើង​ហោះហើរត្រង់រវាងតំបន់ស្វយ័តក្វាងស៊ី និងប្រទេសកម្ពុជា។

សម្តេចធិបតី ក៏ស្នើឱ្យលោកលេខាធិការបក្ស ពិនិត្យលទ្ធភាពពន្លឿនដំណើរការ​នៃការ​រៀប​ចំ​នីតិវិធី​ចុះ​អនុស្សរណៈនៃការយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការសាង​សង់​សួន​ឧស្សា​ហកម្មកម្ពុជា-ចិន (Cambodia-China Industrial Parks) ដែលនឹងផ្តោត​ការ​​យក​ចិត្ត​ទុកដាក់លើសេដ្ឋកិច្ចឌីជីថល (digital economy) និងកសិកម្មវៃឆ្លាត (smart agriculture)។

តបនឹងអ្វីដែលសម្តេចធិបតីបានលើកឡើង, លោក លាវ នីង បានជម្រាបថា លោកនឹង​ពិនិត្យលទ្ធភាពបង្កើនជើង​ហោះហើរត្រង់ពីតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់​ប្រទេស​កម្ពុជា ដោយលោកនឹង​ចាប់​ផ្តើម​ពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធទាំងនៅចិន និងទាំងនៅកម្ពុជា។

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុង​ពិធី​បើកពិព័រណ៍ចិន-អាស៊ានលើកទី២០ ជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង និង​មេដឹកនាំប្រទេសសមាជិកអាស៊ានមួយចំនួនទៀត។ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើក​ទី២០ ដែលធ្វើឡើងក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយ​ភាព​សុខ​ដុម និងវាសនាតែមួយ» នោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញឡើងថ្លែង​សុន្ទរ​កថា​គន្លឹះផងដែរ។

ក្នុងសុន្ទរកថាគន្លឹះនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចពីបញ្ហាមួយចំនួនបង្ក​ឡើងជំងឺកូវីដ-១៩។ សម្រាប់សម្តេចធិបតី ជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោកចលាចល ចលនាទាំងឡាយ របស់មនុស្សជាតិត្រូវបានធ្លាក់ចុះ។ បន្ថែមពីលើនោះ ក្នុងឆ្នាំ២០២១ និង២០២២ ពាណិជ្ជកម្មទំនិញបានកើនឡើងខ្ពស់ជាងកម្រិតមុនជំងឺកូវីដ-១៩ ផ្ទុះឡើង​ទៀត ដែលនេះបញ្ជាក់ពីតួនាទីដ៏សំខាន់នៃពាណិជ្ជកម្ម ក្នុងការធានាសន្តិសុខផ្នែក​សង្គម​-សេដ្ឋកិច្ច​របស់ប្រជាជនលើពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា បច្ចុប្បន្នពិភពលោកកំពុងតែជួប​ប្រទះនឹងបញ្ហាប្រឈមផ្សេងទៀត ដូចជាការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ, សន្តិសុខ​ស្បៀង និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម។ ឆ្លើតតបនឹងបញ្ហាទាំងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចការធ្វើពាណិជ្ជកម្មដើរតួនាទីសំខាន់ ក្នុង​កា​រ​ចូលរួមដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយនេះ ដើម្បីធានាថា ការពឹងផ្អែក​ទៅ​វិញ​ទៅមក និងសកលភាវូបនីយកម្ម គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

សម្តេចធិបតីបន្តថា ការធ្វើពាណិជ្ជមិនគួរត្រូវបានប្រើប្រាស់ជាអាវុធ ដែលបំផ្លាញដល់សន្តិ​សុខ​​សេដ្ឋកិច្ចពិភពលោកនោះទេ។ ក្នុងន័យនេះ អាស៊ាន និងចិន គឺជាតួអង្គដ៏សំខាន់​ដែល​អាចបង្ហាញឧទាហរណ៍ដល់ពិភពលោក ពីផលប្រយោជន៍ដែលកើតចេញពីការពង្រឹង កិច្ច​សហប្រតិបត្តិការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម, ឯកតោភាគី​និយម ឬគំនិតជាតិនិយមសេដ្ឋកិច្ចនោះទេ។

ស​ម្តេចធិបតី បានសង្កត់ធ្ងន់ថា ក្នុងទិសដៅខាងមុខ អាស៊ាន និងចិន ត្រូវខិតខំពង្រឹង​កិច្ច​សហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្ដបើក​ច្រក​ទីផ្សារ, ការពង្រឹងការតភ្ជាប់, ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់, ការពង្រឹង​សមត្ថភាព​ផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់, ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញ​សកម្ម​ភាព វិនិយោគទៅវិញទៅមក។ បន្ថែមពីនេះ ចិន និងអាស៊ានក៏ត្រូវពង្រឹងការគាំទ្រផ្នែក​បច្ចេក​ទេស ជាពិសេសទាក់ទងនឹងអនុលោមភាព នៃលក្ខខណ្ឌទីផ្សារ និងតម្រូវការទីផ្សារ ដែលការគាំទ្រទាំងនេះអាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍអាចទាញផលប្រយោជន៍ បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែលកើតចេញពីយន្តការពាណិជ្ជកម្មពហុភាគី។

បន្ទាប់ពីបានអញ្ជើញបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ហើយនោះ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញកាត់ខ្សែបូរ​សម្ពោធពន្លាជាតិកម្ពុជា និងទស្សនាសាលពិព័រណ៍ផលិតផលរបស់ខ្មែរ ដែលរៀបចំតាំង​បង្ហាញនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង។

នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២០ ដែលបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ ផលិតផលរបស់ខ្មែរជាច្រើនត្រូវបានយកទៅតាំងបង្ហាញនៅក្នុងពិព័រណ៍នេះ មានដូចជា អង្ករ ម្រេច គ្រប់ស្វាយចន្ទីរ ស្រាផ្លែឈើ ស្ករត្នោតធម្មជាតិ កាហ្វេខ្មែរ គ្រឿងចម្លាក់ដោយដៃ គ្រឿងអលង្ការ ក្រណាត់ និងសម្លៀកបំពាក់ខ្មែរ និងផលិតផលកសិកម្មជាច្រើនទៀត។

ពិព័រណ៍ចិន-អាស៊ាន គឺជាឱកាសមួយក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្មែរ និងដើម្បី​ស្វែង​រក​ដៃគូចិន​ ក្នុងការចែកចាយនៅទីផ្សារក្នុងប្រទេសចិន។ សម្តេចធិបតី ហ៊ុន ម៉ាណែត មាន​ក្តី​រំភើបរីករាយ និងលើកទឹកចិត្តបងប្អូនពាណិជ្ជករ និងអ្នកវិនិយោគចូលរួមជំរុញ​ការនាំ​ចេញ​ផលិតផលកសិកម្មខ្មែរឱ្យកាន់តែច្រើន ដើម្បីជួយដល់កសិកឱ្យមានជីវភាព​កាន់តែ​ប្រសើឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ក្រុមការងារ​ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ និងអាជីវករ ដែលបានប្រឹងប្រែងក្នុងការរៀបចំ និងនាំ​យក​ផលិតផលរបស់កម្ពុជា​ មកតាំងបង្ហាញដល់សាធារណជនក្នុងកម្មវិធី «ពិព័រណ៍ចិន-អាស៊ានលើកទី២០»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តក្វាងស៊ី នៃ​តំបន់ស្វយ័តក្វាងស៊ី ដែលផ្តល់នូវបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ​ និងយកចិត្ត​ទុក​ដាក់​ខ្ពស់ចំពោះគណៈប្រតិភូកម្ពុជា ក៏ដូចជាសហការ និងសម្របសម្រួលសម្រាប់​ក្រុមការ​ងារ​ពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំការនាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញក្នុង​កម្ម​វិធីពិព័រណ៍​អាស៊ាន-ចិន លើកទី២០ នេះប្រកបដោយភាពទាក់ទាញ និងសម្រេចបានលទ្ធ​ផល​ល្អប្រសើរ។

សម្តេចធិបតី បានលើកឡើងថា កិច្ចការនេះ គឺជាការរួមចំណែកលើកកម្ពស់កិត្យានុភាព និងវប្បធម៌ជាតិ នៅលើឆាកអន្តរជាតិ តាមរយៈការតាំងបង្ហាញដល់ប្រជាជនបរទេស ឱ្យ​បានស្គាល់ផលិតផលខ្មែរ ក៏ដូចជាដើម្បីជំរុញសក្តានុពលវិនិយោគសម្រាប់កម្ពុជា។ មួយវិញ​ទៀត ព្រឹត្តិការណ៍នេះ គឺពិតជាបានដើរតួនាទីសំខាន់ក្នុងការបង្កើន​ទំហំពា​ណិជ្ជកម្ម​ចិន​-អាស៊ាន ឱ្យកាន់តែមានសន្ទុះខ្ពស់ឡើង ជាពិសេសក្នុងបរិបទនៃការងើបឡើង​ចេញពី​វិបត្តិនៃជំងឺកូវីដ-១៩។

បន្ទាប់ពីអញ្ជើញចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ានហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអនុញ្ញាតឱ្យ លោក ឡាន ធានលី (Lan Tianli) អភិបាលខេត្តក្វាងស៊ីខេត្តក្វាងស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។

មុននឹងអញ្ជើញដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ លើកទី៣ ដែលធ្វើឡើងនៅទីក្រុងណាននីង ខេត្តក្វាងស៉ីផងដែរ។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមប្រធានបទ «ការធ្វើសមាហរណកម្មក្នុងទីផ្សារ បើកទូលាយរបស់កិច្ចព្រមព្រៀងអាសិប និងការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់កម្ពុជា កិច្ចព្រមព្រៀងអាសិប ពិតជាមានសារៈសំខាន់ និងជាការចូលរួមចំណែករបស់កម្ពុជា ក្នុងការងារជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដោយហេតុថាការចាប់ផ្តើមចរចា និងចូលជាធរមានរបស់អាសិប បានកើតឡើងក្នុងពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន ពោលគឺក្នុងឆ្នាំ២០១២ និង២០២២។ សម្រាប់ក្របខណ្ឌតំបន់ អាសិបនៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុត លើពិភពលោក ដែលមានលក្ខណៈទំនើប រស់រវើក គ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។

សម្តេចធិបតី លើកឡើងដែរថា ជាមួយនឹងភាពមិនប្រាកដប្រជាសកលកាន់តែខ្លាំងក្លាឡើង នាពេលបច្ចុប្បន្ន តួនាទីរបស់អាសិប រឹតតែមានសារៈសំខាន់ក្នុងការពង្រឹងទំនុកចិត្ត លើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ និងការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ដើម្បីពង្រឹងតួនាទីអាសិបបន្ថែមទៀត សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈមួយចំនួន ដូចខាងក្រោម៖

ទី១៖ ខ្ញុំជឿជាក់ថា ប្រទេសសមាជិកទាំងអស់មានទស្សនៈរួមថា សេដ្ឋកិច្ចរបស់ចិនមានសារៈសំខាន់ ក្នុងការដឹកនាំកំណើនសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដូច្នេះអាស៊ាន និងចិន ចាំបាច់ត្រូវពង្រឹងភាពធន់នៃកិច្ចសហប្រតិបត្តិការ និងអន្តរកម្មសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីបង្ហាញប្រាប់ពិភពលោកថា ការជំរុញពាណិជ្ជកម្មពហុភាគី ដែលសេរីបើកចំហមានបរិយាប័ន្ន និងផ្អែកលើវិធានច្បាប់ នៅតែជាដំណោះស្រាយរួម ដែលសមស្របបំផុតសម្រាប់យើងទាំងអស់គ្នា។

ទី២៖ ក្រៅពីពាណិជ្ជកម្មទំនិញ យើងក៏គួរផ្តោតការយកចិត្តទុកដាក់លើការជំរុញពាណិជ្ជកម្មសេវាកម្ម និងពាណិជ្ជកម្មឌីជីថលផងដែរ។ ខ្ញុំមើលឃើញសក្តានុពលពីសហថាមពល រវាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងអាសិប ដើម្បីជំរុញបន្ថែមទៀតដល់ពាណិជ្ជកម្មទំនិញ និងសេវាកម្ម។ សម្រាប់ពាណិជ្ជកម្មឌីជីថល ក្នុងពេលដែលយើងចាប់ផ្តើមចរចាកិច្ចព្រមព្រៀង ក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ខ្ញុំយល់ថាយើងចាំបាច់ត្រូវប្រមើលពីតួនាទីរបស់អាសិបនៅក្នុងក្របខណ្ឌនេះផងដែរ ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលឱ្យមានវិសាលភាពកាន់តែទូលំទូលាយ។

ទី៣៖ យើងត្រូវទទួលស្គាល់ថា វិស័យឯកជន គឺជាតួអង្គគន្លឹះក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ និងជាអ្នកជួយចែកចាយផលលាភសេដ្ឋកិច្ចឱ្យបានទូលំទូលាយទៅដល់ប្រជាជន។ ដូច្នេះយើងត្រូវបន្តបញ្ជ្រាបពីសារៈសំខាន់របស់អាសិបដល់វិស័យឯកជន ព្រមទាំងជំរុញនិងគាំទ្រលទ្ធភាពរបស់ពួកគេក្នុងការចូលរួមអនុវត្តអាសិប ជាពិសេសសហគ្រាសធុរកិច្ចថ្មី ធុនតូច និងមធ្យម។

ទី៤៖ យើងគួរចាប់ផ្តើមពន្លឿនការបញ្ចប់នីតិវិធី សម្រាប់ការស្នើសុំចូលជាសមាជិកអាសិបថ្មីៗថែមទៀត និងគិតគូរពីការពង្រីកសមាជិកភាព។ នេះគឺជាគោលនយោបាយរួមរបស់អាស៊ាន ដើម្បីជំរុញសមាហរណកម្ម ទៅក្នុងសេដ្ឋកិច្ចសកលលោក ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដែលមានសក្តានុពល។

ទី៥៖ ការធានាបរិយាប័ន្នភាពនៃកិច្ចព្រមព្រៀងអាសិប មានសារៈសំខាន់ក្នុងការបង្កើតភាពទាក់ទាញ និងបង្ហាញពីអត្ថប្រយោជន៍នៃការចូលរួមពាណិជ្ជកម្មពហុភាគី។ ក្នុងន័យនេះ ខ្ញុំលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃជំពូកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ដែលនឹងជួយឱ្យសមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួចអាចមានលទ្ធភាពចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន៕

អត្ថបទទាក់ទង