Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលេចពីតួនាទីសំខាន់របស់ចិន សម្រាប់អាស៊ាន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ អាស៊ាន | ASEAN 107
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលេចពីតួនាទីសំខាន់របស់ចិន សម្រាប់អាស៊ាន សម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលេចពីតួនាទីសំខាន់របស់ចិន សម្រាប់អាស៊ាន

(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូស​រំលេចពីការដើរតួនាទីដ៏ចាំបាច់មួយចំនួនរបស់ចិន ដែលជាចំណែកដ៏សំខាន់សម្រាប់កំណើន និង​វិបុលភាពរបស់អាស៊ាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចពីសារៈសំខាន់របស់ចិន សម្រាប់អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៦ នាព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ​នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ទីដែលមេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេស​ដៃគូ​សន្ទនា​កំពុងជួបជុំគ្នា។

កិច្ចប្រជុំកំពូលអាស៊ាន-ចិន ដឹកនាំកិច្ចប្រជុំដោយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន និងលោក ​លី ឈាំង នាយករដ្ឋមន្ត្រីចិន។

កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់​ព្រះចៅ​ស៊ុល​តង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ​ប្រ​ទេសប្រ៊ុយណេ​ដា​រូ​សាឡឹម, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក សន​សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និង​លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រីឯប្រទេសអញ្ជើញជាតំណាងដោយ​មន្ត្រី​ជាន​ខ់្ពស់ ខណៈមេដឹកនាំមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមនោះឡើយ។

កិច្ចប្រជុំកំពូលអាស៊ាន-ចិន ក៏ដូចជាកិច្ចប្រជុំកំពូលនានានៅឆ្នាំនេះ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រ​ខាងកើត ត្រូវបានអនុញ្ញាតឱ្យចូលរួមផងដែរ ក្នុងឋានៈជាអ្នកសង្កេតការណ៍។ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូល​រួមនៅក្នុង​កិច្ចប្រជុំនេះផងដែរ។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិននេះ លោក ចូកូ វីដូដូ ប្រធានកិច្ចប្រជុំ បានថ្លែង​សុន្ទរក​ថាបើកកិច្ចប្រជុំ និងបានអញ្ជើញលោក លី ឈាំង នាយករដ្ឋមន្ត្រីចិន ថ្លែងសុន្ទរកថា និងចំណាប់អារម្មណ៍។ មុននឹងចាប់ផ្តើមកិច្ចពិភាក្សាចង្អៀត លោក ចូកូ វីដូដូ បានស្នើឱ្យ​បណ្តាញ​សារព័ត៌មានចាកចេញពីបន្ទប់ប្រជុំ។ បន្ទាប់មក លោក ចូកូ វីដូដូ បានអញ្ជើញ​មេដឹកនាំប្រទេសអាស៊ានតាមលំដាប់អក្សរ ថ្លែងសុន្ទរកថា និងបានអញ្ជើញ នាយករដ្ឋមន្ត្រីទីម័រខាងកើត មានចំណាប់អារម្មណ៍ផងដែរ។

នៅក្នុងសុន្ទរកថាគន្លឹះបើកិច្ចប្រជុំនាពេលនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចនូវ​តួនាទីដ៏មានសារៈសំខាន់មួយចំនួនរបស់ចិន សម្រាប់តំបន់អាស៊ាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាទទួលស្គាល់ផលប្រយោជន៍រួម នៃទំនាក់​ទំនងល្អ ក្នុងអំឡុងពេលជិត ៣ទស្សវត្សរ៍ រវាងចិន និងអាស៊ាន។ ចំពោះប្រទេសកម្ពុជាវិញ គំនិត​ផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេស​ក្នុង​វិស័យ​ដឹកជញ្ជូន និងឡូជីស្ទីក ដូចមានផ្លូវលឿនភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផល​នៃគំនិត​ផ្តួចផ្តើមនេះជាឧទាហរណ៍ស្រាប់។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានកត់សម្គាល់អំពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែល​ជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច នៅមានកម្រិតទាបនៅឡើយ បើធៀប​នឹង​កម្រិតមុនពេលមានវិបត្តិកូវីដ-១៩។ ក្នុងន័យនេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ពីភាព​ចាំបាច់​ដែល​អាស៊ានត្រូវជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃសេចក្ដីថ្លែងការណ៍អាស៊ាន-ចិន ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។

បន្ថែមពីលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន-ចិន អំពី​ដំណើរ​ទស្សនកិច្ចរបស់សម្ដេចធិបតី ទៅកាន់ទីក្រុងណាននីង ដើម្បីចូលរួម​ពិព័រណ៍​ចិន​-អា​ស៊ាន លើកទី២០ (CAEXPO ) និងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ដើម្បីចូលរួម​កិច្ច​ប្រជុំ​កំពូលស្តីពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI)។

ចំពោះលទ្ធផលជារួមនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦ បណ្តាថ្នាក់ដឹកនាំអាស៊ាន​ប្រាថ្នា​ចង់ឃើញទំនាក់ទំនងរវាងកំពូលមហាអំណាចចិន និងសហរដ្ឋអាមេរិក ប្រព្រឹត្តទៅប្រកប​ដោយសុខដុមរមនា ដើម្បីបន្តផ្តល់ប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មដល់តំបន់ទាំងមូល៕

អត្ថបទទាក់ទង