(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
សំណួរទី ១៖ ហេតុអ្វីបានជាការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនតាមរយៈយន្តការ JBC ជាជំហានចាំបាច់ក្នុងការដោះស្រាយបញ្ហាព្រំដែន?
ចម្លើយ៖ ការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនតាមរយៈយន្តការ JBC គឺជាជំហានចាំបាច់ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ ជាក់ស្តែង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សុទ្ធតែបានផ្តល់អាទិភាពដល់ការបន្តអនុវត្តយន្តការនេះ។
ការអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ក៏ដូចជាការបន្តយន្តការJBC មិនត្រឹមតែជួយឱ្យកម្ពុជានិងថៃ មានខ្សែព្រំដែនដែលច្បាស់លាស់ ជៀសវាងការយល់ច្រឡំ និងកាត់បន្ថយភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់ដោយផ្ទាល់ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផងដែរ។ បច្ចុប្បន្ន ជនភៀសសឹកកម្ពុជាប្រមាណ ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាននៅឡើយទេ។
ហេតុដូច្នេះហើយ កម្ពុជាបានអំពាវនាវយ៉ាងទទូចដល់ភាគីថៃ ឱ្យសហការជាមួយកម្ពុជាក្នុងការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័ស និងដោយមិនត្រូវពន្យារពេលតទៅទៀត ដើម្បីរួមចំណែកដោះស្រាយបញ្ហាព្រំដែន និងបង្កើតលក្ខខណ្ឌសមស្របឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងមានសេចក្តីថ្លៃថ្នូរ។ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានលើកឡើងថា៖ «ប្រជាពលរដ្ឋកម្ពុជាត្រូវការវិលត្រឡប់ទៅផ្ទះវិញ ហើយពួកគេសមនឹងទទួលបានសិទ្ធិនេះ»។
សំណួរទី ២៖ តើកម្ពុជាមានជំហរច្បាស់លាស់ក្នុងការដោះស្រាយជម្លោះជាមួយថៃដែរឬទេ?
ចម្លើយ៖ កម្ពុជាមានជំហរច្បាស់លាស់ និងប្រកាន់ខ្ជាប់ជានិច្ចក្នុងការដោះស្រាយជម្លោះជាមួយថៃដោយសន្តិវិធី ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលភាគីទាំងពីរបានឯកភាពគ្នា។ កម្ពុជាមិនមានបំណងឱ្យមានការប្រើប្រាស់កម្លាំង ឬការប្រឈមមុខដាក់គ្នាដែលអាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋស៊ីវិលនោះទេ។ ទន្ទឹមនឹងនេះ កម្ពុជាក៏មិនអាចបោះបង់សិទ្ធិស្របច្បាប់ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនបានឡើយ។
ក្នុងន័យនេះ កម្ពុជាបន្តជំរុញឱ្យភាគីថៃបញ្ឈប់ការកាន់កាប់ទឹកដីកម្ពុជា និងអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាឱ្យបានពេញលេញ និងស្មោះត្រង់ ជាពិសេសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការឯកភាពទីក្រុងហ្វូសៀន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ និងស្មារតីទីក្រុងសេប៊ូ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដោយផ្តោតជាពិសេសលើការបន្តការងាររបស់គណៈកម្មាការ JBC ឱ្យបានឆាប់រហ័ស ដូចដែលបានលើកឡើងពីខាងដើម។





