Grand News Asia Close

លោកជំទាវ ពេជ ច័ន្ទមុន្នី អញ្ជើញទស្សនាមហាកំពែងចិន ជាមួយការស្ញប់ស្ញែងយ៉ាងខ្លាំង​ចំពោះសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 1863

(ប៉េកាំង, ចិន)៖ ក្នុងដំណើរអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ច​ជា​ផ្លូវ​ការនៅក្នុងប្រទេសចិន ស្ត្រីទី១របស់កម្ពុជា គឺលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិន រៀបចំឱ្យបំពេញទស្សនកិច្ចនៅមហាកំពែងចិន នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

វត្តមាននៃការអញ្ជើញដល់របស់លោកជំទាវបណ្ឌិត ត្រូវបានការទទួលបដិសណ្ឋារកិច្ច​ស្វា​គមន៍​​យ៉ាង​កក់ក្តៅបំផុតពីថ្នាក់ដឹកនាំមហាកំពែង។ ក្នុងដំណើរទស្សនានោះ លោកជំទាវ​បណ្ឌិត និង​គណៈប្រតិភូអមដំណើរទាំងអស់ បានអញ្ជើញទស្សនាយ៉ាងយកចិត្តទុកដាក់ នៅ​តាមផ្នែក​ទាំង​អស់ នៃមហាកំពែង ដែលជាសំណង់ប្រវត្តិសាស្រ្តដ៏ល្បីបំផុត និងជាអច្ឆរិយៈ​របស់​ពិភព​លោក។

លោកជំទាវបណ្ឌិត មានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំ នៃមហាកំពែងថា នេះគឺជាលើកទី​មួយ ដែលលោកជំទាវបណ្ឌិត បានអញ្ជើញមកទស្សនាមហាកំពែង បើទោះបីលោកជំទាវ​បណ្ឌិត ធ្លាប់បានអានប្រវត្តិនៃៗហាកំពែងនេះ ពីមុនៗក៏ពិតមែន។ លោកជំទាវបណ្ឌិត​មាន​ប្រសាសន៍​ទៀត​ថា លោកជំទាវបានអញ្ជើញមកទស្សនាដោយផ្ទាល់ គឺពិតជាសំណង់​ប្រវត្តិ​សាស្រ្ត​ដ៌​អស្ចារ្យ​ខ្លាំងណាស់។

លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលបានរៀបចំកម្មវិធី​ដ៏វិសេស​ស​វិសាលនេះ ដើម្បីលោកជំទាវបានទស្សនាដោយផ្ទាល់មហាកំពែង ជាប្រវត្តិសាស្រ្ត​ដ៏មានតម្លៃ​មហាសាលរបស់ប្រទេស និងប្រជាជនចិន។

សូមបញ្ជាក់ថា មហាកំពែងចិន (ជញ្ជាំងវែងមួយម៉ឺនលី) គឺជាបណ្តុំនៃបន្ទាយ​តម្រៀបគ្នាជា​បន្តបន្ទាប់​ដែល​ត្រូវ​បាន​សាងសង់​ឆ្លងកាត់​ព្រំដែន​ភាគ​ខាងជើង​នៃ​រដ្ឋ​ចិន​បុរាណ និងអធិរាជ​ចិន ក្នុងប្រវត្តិសាស្ត្រ ដើម្បីការពារ​ការប្រឆាំង និងឈ្លានពានពីសំណាក់ក្រុម​ពនេចរ​ផ្សេងៗ ពីតំបន់ខាងក្រៅ។

ជញ្ជាំងជាច្រើនត្រូវបានសាងសង់តាំងពីដើមសតវត្សរ៍ទី៧ មុនគ្រឹស្តសករាជ ជាមួយការសាង​សង់លាតសន្ធឹងបន្តបន្ទាប់ទៀតដោយអធិរាជ ឈីន សុី ហ័ង (Qin Shi Huang) ដែល​ជា​អធិរាជទីមួយនៃប្រទេសចិន ក្នុងឆ្នាំ២២០ ដល់ឆ្នាំ២០៦មុនគ.ស។ ក្រោយមកទៀត ខ្សែរាជ​វង្សបន្តបន្ទាប់ជាច្រើនបានកសាង និងថែរក្សាជញ្ជាំងបន្ទាយព្រំដែនជាច្រើនខ្សែនេះ។

ជញ្ជាំងព្រំដែនដែលកសាងឡើងដោយរាជវង្សផ្សេងៗគ្នាមានសណ្ឋានខុសៗគ្នាជាច្រើនផងដែរ។ ជញ្ជាំងកំពែងភាគច្រើនធ្វើពីថ្ម ឬដោយពុម្ភដីចាក់លាយជាមួយក្រួស។ ផ្នែក​ដែល​ល្បី​បំផុត​នៃ​​​ជញ្ជាំង​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​រាជវង្ស​មីង ក្នុងឆ្នាំ១៣៦៨ ដល់ឆ្នាំ១៦៤៤។ ក្រៅ​ពី​ជាបន្ទាយការពារ គោលបំណងផ្សេងទៀតនៃមហាកំពែង​បានរួមបញ្ចូល​នៃការ​គ្រប់​គ្រង​ព្រំដែន ដែលអនុញ្ញាតឱ្យមានការយកពន្ធលើទំនិញដឹកជញ្ជូនឆ្លងកាត់តាមផ្លូវសូត្រនេះ ការធ្វើ​ពាណិជ្ជកម្ម ការគ្រប់គ្រងអន្តោប្រវេសន៍ និងចំណាកស្រុក។

លើសពីនេះ មហាកំពែងត្រូវបានពង្រឹងជាលក្ខណៈការពារដោយការសាងសង់ប៉មយាម បន្ទាយ​ទាហាន ស្ថានីយ៍យោធភូមិ ដែលមានសមត្ថភាពផ្តល់សញ្ញាតាមរយៈផ្សែង ឬភ្លើង។ មហាកំពែងមានប្រវែងសរុប ២១,១៩៦.១៨គីឡូម៉ែត្រលាតសន្ធឹងពីឧបទ្វីបឡៅទុង (Liaodong) នៅភាគខាងកើត ប្រទេសចិន ទៅឧបទ្វីប លុប លេក (Lop Lake) (ជាភាស​ម៉ុង​ហ្គោលី) ប្រែថាបឹងអំបិល នៅភាគខាងលិច និងពីព្រំដែនចិន-រុស្ស៉ី នាពេលបច្ចុប្បន្ន នៅភាខាងជើង​ ទៅទន្លេតាវ នៅភាគខាងត្បូង។

សព្វថ្ងៃនេះ បន្ទាយការពារនៃមហាកំពែងត្រូវបានទទួលស្គាល់ជាទូទៅថា ជាស្នាដៃស្ថាបត្យ​កម្ម​ដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយក្នុងប្រវត្តិសាស្ត្រចិន។ មហាកំពែងចិន ទទួលបានការចូល​រួមទស្សនាពីបណ្តាមេដឹកនាំពិភពលោក អ្នកទេសចរអន្តរជាតិ ពិសេសទេសចរណ៍ផ្ទៃក្នុង​រាប់​លាននាក់ក្នុងមួយឆ្នាំៗ។

សូមបញ្ជាក់ដែរថា ក្នុងឱកាសនៃការអញ្ជើញទស្សនាមហាកំពែងនោះដែរ លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសរសេរលើសៀវភៅក្រាំងមាស​បញ្ជាក់ពីវត្តមាន​ពេល​វេលា​ថ្ងៃ ខែ ឆ្នាំ នៃការអញ្ជើញទស្សនាមហាកំពែង ដើម្បីទុកជា​អនុស្សាវរីយ៍​រក្សាទុកក្នុង​បណ្ណា​ល័យរបស់មហាកំពែង។ នៅក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមហាកំពេង បានជូនសៀវភៅរូប​ថត​មហាកំពែង ជូនលោកជំទាវបណ្ឌិត និងថតរូបអនុស្សាវរីយ៍ក្ ងបរិយាកាសស្និទ្ធ​ស្នាល​រាក់​ទាក់បំផុត៕

អត្ថបទទាក់ទង