(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦
(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦
សំណួរទី ១៖ ហេតុអ្វីបានជាកម្ពុជានៅតែបន្តលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅបង្ហាញលើឆាកអន្តរជាតិ?
ចម្លើយ៖ កម្ពុជានៅតែបន្តលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅបង្ហាញលើឆាកអន្តរជាតិ ពីព្រោះបញ្ហានេះមិនទាន់ត្រូវបានដោះស្រាយ ចាប់តាំងពីពេលដែលបទឈប់បាញ់បានចូលជាធរមាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកម្ល៉េះ។ ចំណុចដ៏សំខាន់នៅក្នុងបញ្ហា គឺថៃមិនបានអនុវត្តនូវដំណើរការវាស់វែងព្រំដែនជាមួយកម្ពុជា ហើយនេះបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាប្រមាណ ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ។
ការលើកយកបញ្ហាព្រំដែនទៅនិយាយលើវេទិកាអន្តរជាតិ មិនមែនជាការបង្កើនភាពតានតឹង ឬជាការបដិសេធការដោះស្រាយតាមយន្តការទ្វេភាគីនោះទេ ប៉ុន្តែជាការប្រើប្រាស់មធ្យោបាយការទូត ដើម្បីបង្ហាញការពិតនៃស្ថានភាពនៅតាមបណ្តោយព្រំដែន បញ្ជាក់ជំហរសន្តិភាពរបស់កម្ពុជា និងស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីជំរុញការអនុវត្តរាល់វិធានការដែលមានចែងក្នុងបទឈប់បាញ់ឱ្យបានពេញលេញ ជាពិសេសជំរុញការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនតាមរយៈយន្តការ JBC សំដៅដល់ការបង្កើតលក្ខខណ្ឌសមស្រប ដើម្បីឱ្យជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានវិញដោយគ្មានការរារាំង មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ។
សំណួរទី ២៖ តើលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានថ្លែងអ្វីខ្លះពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ? តើការលើកឡើងរបស់លោកមានអត្ថន័យ និងសារៈសំខាន់យ៉ាងដូចម្តេចខ្លះ?
ចម្លើយ៖ ក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Donald Trump បានរំលឹកពីតួនាទីរបស់លោក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងការសម្របសម្រួលឱ្យកម្ពុជា និងថៃ សម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ កាលពីឆ្នាំ២០២៥។ លោកបានលើកឡើងថា កិច្ចព្រមព្រៀងនេះបាននាំមកនូវបទឈប់បាញ់ ដែលបានជួយសង្គ្រោះអាយុជីវិតមនុស្សរាប់ពាន់នាក់ និងអនុញ្ញាតឱ្យជនស៊ីវិលដែលបានភៀសខ្លួនអាចវិលត្រឡប់ទៅលំនៅឋានវិញ និងបានសង្ឃឹមថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ នឹងបន្តរក្សាបាននូវសុពលភាព និងការអនុវត្តប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះ លោកក៏បានកត់សម្គាល់ផងដែរថា កម្ពុជាបានសម្តែងការដឹងគុណចំពោះតួនាទីរបស់លោកក្នុងការសម្របសម្រួល និងនាំឱ្យមានកិច្ចព្រមព្រៀងនេះ។
ការលើកឡើងរបស់លោកប្រធានាធិបតី Trump បង្ហាញពីការបន្តយកចិត្តទុកដាក់របស់សហរដ្ឋអាម៉េរិកចំពោះការរក្សាសន្តិភាពរវាងកម្ពុជា និងថៃ និងការអនុវត្តកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា។ វាក៏ជាការរំលឹកថា ការសម្រេចបាននូវបទឈប់បាញ់គឺជាជំហានដ៏សំខាន់មួយ ប៉ុន្តែការរក្សាសន្តិភាពឱ្យបានយូរអង្វែង ទាមទារឱ្យភាគីទាំងពីរគោរព និងអនុវត្តកិច្ចព្រមព្រៀងទាំងអស់ឱ្យបានពេញលេញ និងស្មោះត្រង់ ដោយមិនអាចមានតែភាគីម្ខាងអនុវត្តនោះទេ។
សម្រាប់កម្ពុជា ការអនុវត្តកិច្ចព្រមព្រៀងនេះត្រូវតែធានាឱ្យបាននូវការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់។





