រដ្ឋមន្រ្តី៖ ចំនួនជនស៊ីវិលដែលរងគ្រោះ បង្ហាញថាការអះអាងរបស់ថៃអំពីការប្រកាន់ខ្ជាប់វិជ្ជាជីវៈ គឺមិនស្របនឹងការពិត
Destruction of an ancient temple resulting from Thai military aggression against Cambodia. KT/Khem Sovannara
សេចក្តីសង្ខេប៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត ភក្រ្តា អំពាវនាវឱ្យប្រទេសថៃអនុញ្ញាតឱ្យប្រជាពលរដ្ឋភៀសសឹកកម្ពុជា អាចវិលត្រឡប់ទៅផ្ទះវិញ និងបន្តការងារវាស់វែង និងបោះបង្គោលព្រំដែន តាមរយៈយន្តការទ្វេភាគីដែលបានព្រមព្រៀងគ្នា។
លោក នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការបាត់បង់ជីវិតរបស់ជនស៊ីវិល ការបំផ្លិចបំផ្លាញ និងការភៀសសឹកទ្រង់ទ្រាយធំ ដែលបណ្តាលមកពីប្រតិបត្តិការយោធារបស់ថៃប្រឆាំងនឹងកម្ពុជា គឺផ្ទុយនឹងការអះអាងរបស់ទីក្រុងបាងកកអំពីការប្រកាន់ខ្ជាប់វិជ្ជាជីវៈ និងការគោរពច្បាប់អន្តរជាតិ។
លោកបានមានប្រសាសន៍ថា ការបដិសេធម្តងហើយម្តងទៀត និងការលើកឡើងអំពីពាក្យដូចជា «វិជ្ជាជីវៈ» «ភាពចាំបាច់» និង «សមាមាត្រ» មិនអាចផ្លាស់ប្តូរការពិតជាក់ស្តែងនៅមូលដ្ឋានបានឡើយ។
លោកបានថ្លែងថា «ខ្មែរមានសុភាសិតមួយថា “ភូតច្រើន ចាញ់អត្មា”។ ការកុហក ការបដិសេធ និងការបំភ្លៃការពិតម្តងហើយម្តងទៀត មិនអាចប្រែក្លាយអំពើខុសឱ្យទៅជាត្រឹមត្រូវបានឡើយ»។
លោកបានបន្តថា យោធាថៃបានបើកការវាយប្រហារមកលើកម្ពុជាក្នុងអំឡុងការប្រយុទ្ធពីរលើកកាលពីឆ្នាំមុន គឺនៅខែកក្កដា និងខែធ្នូ ដែលលោកបានបញ្ជាក់ថា ព្រឹត្តិការណ៍ទាំងនេះមិនអាចលុបចេញពីប្រវត្តិសាស្ត្របានឡើយ។
លោកបានបន្ថែមថា ការប្រយុទ្ធបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមមាន វត្តអារាម ប្រាសាទបុរាណ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ ស្ពាន និងផ្លូវថ្នល់។
លោកបានចោទសួរអំពីនិយមន័យនៃ «វិជ្ជាជីវៈ» របស់យោធាថៃ នៅពេលដែលជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្លាយជាគោលដៅ។
លោកបានសួរថា «ប្រសិនបើយោធាថៃពិតជាបានធ្វើប្រតិបត្តិការដោយប្រកាន់ខ្ជាប់វិជ្ជាជីវៈមែន តើហេតុអ្វីបានជាជនស៊ីវិលកម្ពុជាចំនួន ៣២នាក់បាត់បង់ជីវិត និងជិត ១០០នាក់ទៀតរងរបួស?»។
លោកបានបន្ថែមថា នៅពេលវិបត្តិឈានដល់កម្រិតធ្ងន់ធ្ងរបំផុត ប្រជាពលរដ្ឋប្រមាណ ៦៥០,០០០នាក់បានចាកចេញពីលំនៅដ្ឋាន ខណៈប្រជាពលរដ្ឋជាង ២០,០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅភូមិរបស់ខ្លួនបាន។
លោកបានថ្លែងថា « នេះមិនមែនជាសំណួរនៃវោហារសាស្ត្រទេ។ នេះជាសំណួរនៃការទទួលខុសត្រូវ។
លោកបានអំពាវនាវឱ្យប្រទេសថៃបង្ហាញការគោរពច្បាប់អន្តរជាតិតាមរយៈសកម្មភាពជាក់ស្តែង រួមមានការដករបាំងដែលធ្វើពីកុងតឺន័រដឹកទំនិញ និងលួសបន្លា បើកផ្លូវចូលឡើងវិញ និងបញ្ឈប់វិធានការដែលរារាំងប្រជាពលរដ្ឋដែលបានចាកចេញពីលំនៅដ្ឋានមិនឱ្យវិលត្រឡប់ទៅផ្ទះវិញ។
លោកបានបន្តថា «សិទ្ធិរបស់ជនភៀសសឹកក្នុងការវិលត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនដោយ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ មិនមែនជាអំណោយដែលភាគីណាមួយអាចផ្តល់ ឬដកហូតតាមចិត្តបានឡើយ។
លោកបានបញ្ជាក់ថា ប្រទេសថៃ ភាគីថៃក៏ត្រូវអនុវត្តដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជំរុញការវាស់វែង និងខណ្ឌសីមាព្រំដែនតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។
លោកបានបន្ថែមថា ការដោះស្រាយព្រំដែនត្រូវផ្អែកលើមូលដ្ឋានច្បាប់ដែលមានសុពលភាព រួមមានអនុសញ្ញា និងសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ។
លោកបានថ្លែងថា «ផែនទីឯកតោភាគីដែលភាគីមួយគូសដោយខ្លួនឯង មិនអាចជំនួសសន្ធិសញ្ញា មិនអាចបង្កើតអធិបតេយ្យភាព និងមិនអាចប្រែក្លាយទឹកដីរបស់អ្នកដទៃទៅជាទឹកដីរបស់ខ្លួនបានឡើយ។
លោកបានលើកឡើងទៀតថា វិជ្ជាជីវៈគួរត្រូវបានបង្ហាញតាមរយៈការប្រព្រឹត្តជាក់ស្តែង រួមមាន តម្លាភាព ការទទួលខុសត្រូវ និងការគោរពច្បាប់អន្តរជាតិ។
លោកបានបន្ថែមថា « ច្បាប់ត្រូវយកមក អនុវត្ត មិនមែនយកមកតុបតែងសេចក្តីថ្លែងការណ៍។
លោកបានបន្តថា ការអះអាងអំពីការគោរពច្បាប់អន្តរជាតិ មិនអាចលុបបំបាត់ភស្តុតាងអំពីការបាត់បង់ជីវិត ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងការដែលប្រជាពលរដ្ឋនៅតែមិនអាចវិលត្រឡប់ទៅផ្ទះវិញបានឡើយ។
លោកបានថ្លែងថា «ការពិតមិនខ្លាចការបដិសេធទេ។ភស្តុតាងមិនរលាយដោយសារសេចក្តីថ្លែងការណ៍។ ហើយច្បាប់មិនអាចត្រូវបានជំនួសដោយការភូតកុហក។
លោកបានបន្ថែមថា ការប្តេជ្ញាចិត្តណាមួយចំពោះសន្តិភាព ត្រូវចាប់ផ្តើមពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលអាចវិលត្រឡប់ទៅផ្ទះវិញបាន។
លោកបានថ្លែងថា «នៅទីបំផុត ភស្តុតាងមានទម្ងន់ធ្ងន់ជាងសេចក្តីបដិសេធ ការអនុវត្តមានតម្លៃជាងពាក្យសម្តី ហើយការពិតតែងតែរស់បានយូរជាងការភូតកុហក។
-Khmer Times-





