ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនអំពីការបន្តបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្រោមការដឹកនាំរបស់ហ្វីលីពីន នៅតំបន់ព្រំដែន និងជំហររបស់កម្ពុជាជំរុញឱ្យភាគីថៃចាត់បញ្ជូនក្រុមការងារបច្ចេកទេសចុះវាស់វែងលើដីជាក់ស្តែងជាបន្ទាន់៖
បន្ទាប់ពីបានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅប្រាសាទព្រះវិហារ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមអាណត្តិដឹកនាំរបស់ហ្វីលីពីន នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោធាថៃបានបើកការវាយប្រហារដោយកម្លាំង និងបន្ទាប់មកបានរាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រដើម្បីកាន់កាប់ដោយខុសច្បាប់ ដោយបានរារាំងពលរដ្ឋខ្មែរជាច្រើនគ្រួសារមិនឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។ បេសកកម្មរបស់ AOT នៅតំបន់ព្រំដែន គឺដើម្បីពិនិត្យលើការគោរព និងការអនុវត្តបទឈប់បាញ់ និងវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ការចុះសង្កេតការណ៍នៅទីតាំងដែលយោធាថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់និងដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
នៅថ្ងៃដដែលនោះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលប្រជាពលរដ្ឋកម្ពុជាបង្កបង្កើនផល និងអាស្រ័យផលជាយូរមកហើយ។ ទីតាំងនោះក៏ត្រូវបានកម្ពុជាបន្តកាន់កាប់ក្រោយបទឈប់បាញ់ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ឆ្លៀតឱកាសនេះ កម្ពុជាសូមបញ្ជាក់ជូនសាជាថ្មីថា ការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង គឺជាសមត្ថកិច្ចដាច់មុខរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ ក្នុងន័យនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងយោធា ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្មានសមត្ថកិច្ចចង្អុលបង្ហាញខ្សែព្រំដែននៅលើដីជាក់ស្តែងនោះឡើយ។ ការងារផ្ទៀងផ្ទាត់ និងបញ្ជាក់ខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនៅលើដីជាក់ស្តែង គឺជាសមត្ថកិច្ចរបស់ក្រុមវាស់វែងចម្រុះ (JSTs) ដែលស្ថិតនៅក្រោមរចនាសម្ព័ន្ធរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ។
កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលផ្ទុយពីអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម និងផែនទី ដែលជាលទ្ធផលការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ក៏ដូចជាកំណត់ហេតុរបស់គណៈកម្មការ JBC, MOU 2000 និង TOR 2003 ជាដើម។ លើសពីនេះ កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងទាំងពេលកន្លងមក ទាំងបច្ចុប្បន្ន និងអនាគត។ កម្ពុជាជំរុញឱ្យភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះលើដីជាក់ស្តែង ដើម្បីបន្តការងារ ព្រមទាំងស្នើរៀបចំកិច្ចប្រជុំគណៈកម្មការ JBC នៃភាគីទាំងពីរឱ្យបានឆាប់បំផុត។
រាជរដ្ឋាភិបាលកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាពនិងស្ថិរភាពយូរអង្វែង។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនថា ក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីបញ្ចប់កិច្ចប្រជុំត្រីភាគី (កម្ពុជា ហ្វីលីពីន និងថៃ) នៅឯកោះសេប៊ូ ប្រទេសហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញ ភ្លាមៗ និងទាំងស្រុងនូវសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយគ្មានការពន្យារពេលបន្តទៀត៕
សូមអរគុណ!





