(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦
(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦
សំណួរទី១៖ តើរាជរដ្ឋាភិបាលកម្ពុជា ពិតជាមិនបានគិតគូរអំពីស្ថានភាពព្រំដែនជាមួយថៃ ដូចដែលក្រុមជ្រុលនិយមនៅក្រៅប្រទេសបានលើកឡើងមែនដែរឬទេ?
ចម្លើយ៖ ការចោទប្រកាន់នេះមិនឆ្លុះបញ្ចាំងពីការពិតនោះទេ។ រាជរដ្ឋាភិបាលកម្ពុជាមិនដែលបោះបង់ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃឡើយ ហើយបាននិងកំពុងបន្តខិតខំចរចា និងតស៊ូតាមមធ្យោបាយការទូត ដើម្បីការពារបូរណភាពទឹកដី និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ការចោទប្រកាន់របស់ក្រុមប្រឆាំងមកលើរាជរដ្ឋាភិបាល គឺធ្វើឡើងក្នុងចេតនាញុះញង់ ដើម្បីកេងចំណេញនយោបាយផ្ទាល់ខ្លួន និងដើម្បីឱ្យប្រជាពលរដ្ឋលែងជឿជាក់លើជម្រើសការទូតដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាជាមួយថៃតែប៉ុណ្ណោះ។
សំណួរទី២៖ ហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាបន្តជ្រើសរើសការដោះស្រាយបញ្ហាព្រំដែនតាមរយៈការទូត បើទោះបីជាដំណើរការនេះត្រូវចំណាយពេលវេលាយូរ និងត្រូវរងសម្ពាធពីក្រុមជ្រុលនិយមនៅក្រៅប្រទេសក៏ដោយ?
ចម្លើយ៖ ទោះបីជាការដោះស្រាយបញ្ហាព្រំដែនតាមរយៈការទូត ត្រូវការពេលវេលា និងមានការរិះគន់ ឬរងសម្ពាធពីក្រុមជ្រុលនិយមនៅក្រៅប្រទេសក៏ដោយ ក៏រាជរដ្ឋាភិបាលមិនបោះបង់ជម្រើសនេះឡើយ ព្រោះវាជាជម្រើសដ៏ល្អបំផុត ដើម្បីសម្រេចបាននូវដំណោះស្រាយយូរអង្វែង។ សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបាននោះទេ ពោលគឺការដោះស្រាយបញ្ហាព្រំដែនដោយធ្វើសង្គ្រាម មានតែបង្កើនផលលំបាកបន្ថែមដល់ប្រជាពលរដ្ឋ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលបង្កើនថវិកាជាតិសម្រាប់ការដោះស្រាយផលប៉ះពាល់នៃសង្គ្រាម។ ប៉ុន្តែផ្ទុយទៅវិញ បើដោះស្រាយបញ្ហាដោយមិនធ្វើសង្គ្រាម រាជរដ្ឋាភិបាលអាចយកថវិកាទៅអភិវឌ្ឍសេដ្ឋកិច្ច និងដោះស្រាយបញ្ហាជីវភាពនិងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។





