អ្នកវិភាគ៖ ការលើកឡើងរបស់អានុទីន នៅ UN ជាភាសាការទូត មិនមែនការពិត និងព្យាយាមឲ្យអន្តរជាតិយល់ថាថៃល្អ
នាយករដ្ឋមន្ត្រីថៃ អានុទីន ឆាន់វីរៈគុល ថ្លែងនៅអង្គការសហប្រជាជាតិ ថ្ងៃទី២៤ កញ្ញា ២០២៦។ UN
Thai Prime Minister Anutin Chanvirakul addresses the UN General Assembly on September 24. UN media
ទោះបីជាបានព្រមានឆ្លើយតបទៅកម្ពុជា ប្រសិនបើកម្ពុជាលើកឡើងបញ្ហាព្រំដែននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិក៏ដោយ ក៏នាយករដ្ឋមន្ត្រីថៃ អានុទីន ឆាន់វីរៈគុល បានលើកឡើងពីបញ្ហានេះរួចស្រេចទៅហើយ ក្នុងន័យមួយដែលអ្នកវិភាគមើលឃើញថាមិនឆ្លុះបញ្ចាំងពីការពិត។
លោក អានុទីន បានថ្លែងនៅអង្គការសប្រជាជាតិ នៅថ្ងៃទី២៤ ខែកញ្ញា ថា លោកបាននិយាយជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីខែឧសភាថា បញ្ហាព្រំដែនត្រូវដោះស្រាយដោយយន្តការទ្វេភាគី ប៉ុន្តែកម្ពុជា បែរជាចាប់ផ្ដើមនីតិវិធីផ្សះផ្សារដោយបង្ខំក្រោម UNCLOS ទៅវិញ។
លោក អានុទីន បានអះអាងទៀតថា៖ «យ៉ាងណាក៏ដោយ ថៃបានធ្វើទំនាក់ទំនងដោយសុឆន្ទៈ ប៉ុន្តែ ជំហររបស់យើងគឺច្បាស់លាស់ នោះគឺ នីតិវិធីនេះពាក់ព័ន្ធនឹងតែនឹងព្រំដែនសមុទ្រប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ កម្ពុជាត្រូវតែធ្វើការជាមួយយើង ដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដេនរបស់យើង រួមមានទាំងតាមរយៈកិច្ចសហប្រតិបត្តិការច្បាស់លាស់ ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ និងការបោសសម្អាតមីន»។
លោកបន្តថា៖ «សហគមន៍របស់យើងនឹងមិនមានសុវត្ថិភាពទេ ប្រសិនបើយើងមិនចាត់វិធានការច្បាស់លាស់លើបញ្ហាទាំងនេះ។ នៅទីបញ្ចប់ ព្រំដែនរួមរបស់យើងត្រូវតែជាកន្លែងដែលមានវិបុលភាពរួមគ្នា មិនមែនជាកន្លែងដែលត្រូវចងចាំនូវស្លាកស្នាមនៃជម្លោះនោះទេ។ ខ្ញុំបញ្ជាក់ថា ថៃមិនដែលស្វែងរកជម្លោះទេ ប៉ុន្តែសន្តិភាព អាចកើតមានបានដរាបណាយើងធ្វើការជាមួយគ្នាដោយស្មោះត្រង់ ហើយវាត្រូវការកិច្ចប្រឹងប្រែងស្មោះត្រង់ពីអ្នកជិតខាងរបស់យើង គឺកម្ពុជា»។
ការលើកឡើងរបស់លោក អានុទីន ហាក់មានភាពផ្ទុយគ្នា ដោយហេតុថា កម្ពុជាបានស្វែងរកការចរចាជាមួយភាគីថៃដើម្បីរកដំណោះស្រាយព្រំដែនគោក តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់លើកទី២ នៅថ្ងៃទី២៧ ធ្នូ២០២៥។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានយកការចរចាជាអាទិភាព ដោយអះអាងថា សូម្បីផ្លូវទៅរកការចរចា មានតែ ១ភាគរយក៏លោកនៅតែដើរលើផ្លូវនេះ។ រហូតមកទល់ពេលនេះ កម្ពុជាបានស្នើសុំឲ្យភាគីថៃបញ្ជូនក្រុមការងារ JBC មកធ្វើការជាមួយគ្នាជាច្រើនលើក ប៉ុន្តែមិនមានអ្វីកើតឡើង។
លោក ញិល រដ្ឋា អ្នកវិភាគផ្នែកភូមិសាស្ត្រនយោបាយ បានថ្លែងថា ការលើកឡើងរបស់លោក អានុទីន ឆាន់វីរៈគុល លើវេទិកា អសប នៅទីក្រុងញូវយ៉ក គឺជា «ល្បិចការទូត និងការបង្កើតនិទានកថានយោបាយដើម្បីគ្រប់គ្រងស្ថានការណ៍ និងទាញចំណេញផ្នែកនយោបាយទាំងក្នុង និងក្រៅប្រទេសសម្រាប់ខ្លួន»។
លោកថ្លែងថា ការលើកឡើងរបស់អានុទីន គឺជាការបង្កើតទស្សនីយភាព «សម្តែងថាខ្លួនជាអ្នកខ្លាំងនិងមានប្រៀប» ហើយថៃអាចកំណត់លក្ខខណ្ឌ ដែលនេះជាល្បិចសង្គ្រាមចិត្តសាស្ត្រ ដើម្បីបង្ហាញទៅកាន់សាធារណជនថា ថៃជាអ្នកកាន់សន្លឹកបៀរ និងជាអ្នកបញ្ជាលើតុចរចា។
លោកថា ការលើកឡើងនេះ គឺជាការ បោះបាល់ទៅខាងកម្ពុជា (Ball in Your Court) ដែលជាល្បិចបង្វែរការចាប់អារម្មណ៍ ដើម្បីបង្កើតរូបភាពថា កម្ពុជាជាភាគីដែលមិនទាន់រៀបចំខ្លួន ឬជាអ្នកបង្កឱ្យមានការយឺតយ៉ាវ ឯថៃវិញឈរក្នុងជំហរត្រៀមខ្លួនជានិច្ច។
លោកយល់ថា ការលើកឡើងរបស់ អានុទីន ក៏ដើម្បីបម្រើនយោបាយផ្ទៃក្នុងដើម្បីកេងចំណេញផងដែរ។
លោក ញិល រដ្ឋា៖ «ការថ្លែងទៅកាន់ប្រជាជនថៃនៅក្រៅប្រទេស គឺជាការផ្ញើសារបង្កើនប្រជាប្រិយភាពនយោបាយផ្ទៃក្នុងថៃ ដើម្បីទាក់ទាញអ្នកជាតិនិយម និងយោធា និង ដើម្បីបង្ហាញថា រដ្ឋាភិបាលថៃមានជំហររឹងមាំ និងមិនទន់ជ្រាយលើបញ្ហាព្រំដែន ឬធនធានសមុទ្រជាមួយកម្ពុជាឡើយ»។
លោកបន្តថា៖ «នេះជាវោហារសាស្ត្រការទូតដើម្បីយកចិត្តអ្នកជាតិនិយមថៃប៉ុណ្ណោះ!»។
ស្រដៀងគ្នានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា វាគ្រាន់តែជាវោហាសាស្ត្ររបស់លោក អានុទីន ដើម្បីឲ្យសហគមន៍អន្តរជាតិយល់ថា ថៃមានសុឆន្ទៈក្នុងការដោះស្រាយជម្លោះព្រំដែន ដែលតាមការពិត គឺថៃជាអ្នកឈ្លានពានទឹកដីកម្ពុជា បង្កឧក្រិដ្ឋកម្មអន្តរជាតិតាមរយៈកម្ទេច និងការព័ទ្ធយកផ្ទះសម្បែង ស្រែចម្ការរបស់ពលរដ្ឋខ្មែរ រំលោភបទឈប់បាញ់ជាមួយកម្ពុជា និងគ្រប់គ្រងដីខ្មែរជាច្រើនទីតាំង។
លោកថ្លែងថា៖ «បើថៃពិតជាមានឆន្ទៈដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីមែននោះ គឺថៃច្បាស់ជាបញ្ជូនក្រុមការងារ JBC មកដោយគ្មានបង្អែរបង្អង់ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការងាររបសពួកគេ មិនមែនជាការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ដោយយោធាថៃនោះ ទេ»។
លោកបន្តថា៖ «ថៃគ្មានសុឆន្ទៈទេ អ្វីដែលពួកគេបាននិយាយគ្រាន់តែធ្វើឲ្យល្អសម្រាប់ខ្លួនឯង ដើម្បីឲ្យសហគមន៍អន្តរជាតិគិតថា ថៃជារដ្ឋស៊ីវិល័យ ជារដ្ឋដែលគោរពច្បាប់អន្តរជាតិ ប៉ុន្តែការពិត ថៃជារដ្ឋព្រៃ និងជារដ្ឋចោរ»៕
-post khmer-





