មន្ត្រីជាន់ខ្ពស់របស់ប្រទេសទីម័រខាងកើត ថ្លែងអំណរគុណសម្តេចតេជោ ដែលជួយជ្រោមជ្រែងឱ្យទីម័រខាងកើតក្លាយជាសមាជិកអាស៊ាន
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋ មន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃប្រទេសទីម័រខាងកើត ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សម្តេចតេជោមានប្រសាសន៍ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ មកកាន់ប្រទេសកម្ពុជា ហើយដំណើរទស្សនកិច្ចនេះ នឹងជួយជំរុញទំនាក់ទំនងថែមទៀត នៃប្រទេសទាំងពីរ។
សម្តេចតេជោបន្តថា សម្តេចធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសទីម៉រខាងកើត ដែលជាមេដឹកនាំអាស៊ានម្នាក់គត់បានទៅដល់ប្រទេសទីម៉រខាងកើត ដើម្បីជំរុញការចូលជាសមាជិករបស់ទីម៉រខាងកើត ទៅក្នុងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា និងទីម៉រខាងកើត។
លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ មានប្រសាសន៍ថ្លែងអំណរគុណ ជូនចំពោះសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការគួរសម ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ។ លោកបន្តថា នាយករដ្ឋមន្ត្រីទីម៉រខាងកើត បានបញ្ជូនរូបលោកមកកាន់ប្រទេសកម្ពុជា ដើម្បីអបអរសាទរដោយផ្ទាល់ចំពោះជោគជ័យ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលកន្លងមក ដែលបង្ហាញពីការប្រព្រឹត្តិទៅយ៉ាងល្អប្រសើរ នៃដំណើរការប្រជាធិបតេយ្យ។ ជាពិសេសការបន្តផ្តល់នូវសុខសន្តិភាព និរន្តរភាពរបស់ប្រទេសផង តំបន់ផង និងពិភពលោកទាំងមូលផងដែរ។
លោក ក៏បាអបអរសាទរជូនចំពោះសម្តេចប្រធានគណបក្ស និងប្រជាជនកម្ពុជា ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា។
លោកបន្តថា ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានាពេលនេះ ក៏ដើម្បីអបអរសាទរចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលកម្ពុជា និងទីម៉រខាងកើត គឺជាមិត្តដ៏យូរលង់ណាស់មកហើយ។ មន្ត្រីជាន់ខ្ពស់របស់ទីម័ររូបនេះ បន្តថា នៅពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំ២០២២កន្លងទៅ សម្តេចតេជោ បានផ្តល់ការគាំទ្រជាប្រវត្តិសាស្រ្ត ចំពោះប្រទេសទីម៉រខាងកើត ក្នុងការចូលជាសមាជិករបស់អាស៊ាន។
សម្តេចតេជោមានប្រសាសន៍ថា នាយករដ្ឋមន្រ្តីទីម៉រខាងកើត ហ្គូស្មៅ ធ្លាប់បានអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ក្នុងឆ្នាំ២០២២ និងជាបន្តបន្ទាប់ ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០២២កន្លងមក។
សម្តេចតេជោបន្តថា សម្តេច និងលោក ហ្គូស្មៅ មានការយល់ចិត្ត និងមានការខិតខំធ្វើយ៉ាងណា ជួយទីម៉រខាងកើត ចូលជាសមាជិកអាស៊ាន។ សម្តេចបន្តថា ដំណើរទស្សនកិច្ច របស់សម្តេចទៅកាន់ទីម៉រខាងកើត កាលពីពេលកន្លងទៅ គឺមិនមែនជាការចែដន្យទេ តែជាការបង្ហាញពីសាមគ្គីភាព ក៏ដូចជាការរំលឹកឱ្យបណ្តាប្រទេសអាស៊ាន គិតគូរពីការស្នើសុំចូលជាសមាជិកអាស៊ាន ពីសំណាក់ប្រទេសទីម៉រខាងកើត។
សម្តេចតេជោបន្តថា ទីម៉រខាងកើតបានត្រៀមលក្ខណៈចូលជាសមាជិកអាស៊ានតាំងពីឆ្នាំ២០១១ ទើបរហូតមកដល់ឆ្នាំ២០២២កន្លងមកនេះ ទីម៉រខាងកើត ទើបបានទទួលស្គាល់ជាសមាជិកអ្នកសង្កេតការណ៍របស់អាស៊ាន ហើយអាចចូលរួមប្រជុំនៅគ្រប់វេទិការបស់អាស៊ាន។
សម្តេចតេជោក៏បានរំលឹកពីដំណើរការ នៃការផ្ទេរអំណាចដោយរលូននៅកម្ពុជា ដែលការប្រព្រឹត្តទៅនេះ គឺដើម្បីធានានូវស្ថេរភាព និរន្តរភាព នៃការបន្តវេន តាមលក្ខណៈប្រជាធិបតេយ្យ និងជាការលះបង់ដ៏ធំធេងរបស់សម្តេច ដើម្បីបន្តនូវអ្វីដែលមានកន្លងមក និងបន្តអភិវឌ្ឍប្រទេសតទៅមុខទៀត។
លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ មានប្រសាសន៍ថ្លែងអំណរគុណចំពោះសាមគ្គីភាពរបស់សម្តេច ចំពោះប្រទេសទីម៉រខាងកើត ហើយលោកក៏ដូចជាប្រធានាធិបតី នាយករដ្ឋមន្ត្រីទីម៉រខាងកើត និងរងចាំស្វាគមន៍ជានិច្ច ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសទីម៉រខាងកើត ក្នុងពេលវេលាដ៏សមស្របរបស់សម្តេច៕