Grand News Asia Close

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុង​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីពេទ្យ ហ្លួង ម៉ែ

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 1004


[ផ្ដើមសេចក្ដីអធិប្បាយ ៤ ]

សូមយកឱកាសនេះលើកចំណុចមួយ។ បើកវង់ក្រចក។ មានន័យថាចាកប្រធានបទបន្តិច។ ម្សិលមិញ ឯកឧត្តម លោកជំទាវ លោក/លោកស្រី បានឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់ប្រជាជនយើង របស់ជាតិយើងគឺការតតាំងផ្លូវច្បាប់ជាមួយប្រទេសថៃដោយប្រើច្បាប់និងយន្តការអន្តរជាតិ។ សូមយកឱកាសនេះជម្រាបជូនប្រជាពលរដ្ឋឱ្យបានជ្រាបអំពីអភិក្រមដែលយើងដាក់និងអ្វីដែលយើងធ្វើ ហើយក៏សូមផ្ញើសារទៅដល់លោកអ្នកវិភាគទាំងអ្នកពុកមាត់ទាំងអ្នកវៀចមាត់ថាមិនមែនមានតែលោកឯងទេដែលចេះប្រើពាក្យ(ទាំងនេះ​) អ្នកណាក៏ចេះដែរ តែខ្ញុំមិនប្រើ។ ប៉ុន្តែ ពេលខ្លះក៏ថាដែរ ព្រោះវាសឹងតែអង្គុយជេរៗ រហូត។ ដំបូងវាថា មួយថ្ងៃៗរដ្ឋាភិបាលដើរតែសម្ពោធ គ្មានគិតពីទឹកដីអីទេ។ វាទើសគ្រប់។ ថ្ងៃមុន គ្រាន់តែគីឡូរបស់ខ្ញុំហ្នឹងក៏គេទើសដែរ។ ចុះទៅកោះកុង មើលទៅឃើញដូចឡើងគីឡូ។ ចេញក្បាលពោះបន្តិច។ ខំផតពោះដែរ។ ស្រាប់តែយកគីឡូឯងហ្នឹងភ្ជាប់ជាមួយរឿងនយោបាយ គឺអ្នកដុះក្បាលពោះសុទ្ធតែមេដឹកនាំផ្តាច់ការ។ ដោយឡែក មេដឹកនាំប្រទេសប្រជាធិបតេយ្យសុទ្ធតែស្វ៊ែលៗ។ ចូលមើលខំមិន មានម្នាក់សួរ “ចុះប្រធានាធិបតីអាមេរិកយ៉ាងម៉េចចុះ?”​ ខ្ញុំថា រឿងហ្នឹងមិនដឹងមកពីកាមេរ៉ា ឬមកពីអ្នកថត? … កាមេរ៉ាហ្នឹង មើលអាកន្លែងណាដកគីឡូបន្តិចមើល។ ឱ្យតែខ្ញុំជួបប្រជាពលរដ្ឋ គាត់តែងតែថា “នៅក្រៅឡើងក្មេង នៅក្រៅឡើងស្វ៊ែល នៅក្រៅឡើងខ្យូត (Cute)”។ បានន័យថា នៅក្នុងកាមេរ៉ាហ្នឹង បូកអាយុ បូកគីឡូ ហើយធ្វើឱ្យជ្រីវជ្រួញ។ មិនដឹងថា អ្នកថតឬមួយកាមេរ៉ា ចាំមើលនិយាយគ្នាបន្តិចមើល។

(៣១) «បើថា “បាត់ទឹកដី” វាទាល់តែរដ្ឋាភិបាលស៊ីញ៉េឯកភាព» …

រឿងទឹកដី យើងមិនដែលភ្លេចទេ។ ការដោះស្រាយគ្រប់វិធីទាំងអស់ មិនដែលភ្លេចក្នុងមួយវិនាទី។ រាល់ថ្ងៃ កងទ័ពយើងនៅឈរជើងនៅជួរមុខទប់ស្កាត់និងពង្រឹងការការពារជាតិ។ បងប្អូនអត់ចោលទេ។ មេទ័ពយើង ដែលឈរជើងត្រៀមប្រយុទ្ធ អត់មាននរណាបោះបង់ទឹកដីឱ្យគេទេ។ បើនិយាយថា “បាត់ទឹកដី” ទាល់តែរដ្ឋាភិបាលស៊ីញ៉េឯកភាព។ យើងអត់មានស៊ីញ៉េឯកភាពទេ។ ស្អីដែលមានឯកភាពជាមួយថៃ មានតែ ទី១ រឿងផែនទី មានតែអនុសញ្ញា ១៩០៤ សន្ធិសញ្ញា ១៩០៧ បារាំង-សៀម ដែលបារាំងស៊ីញ៉េជាមួយរដ្ឋបាលសៀមពេលនោះ។ យើងមិនទាន់មានស៊ីញ៉េឯកភាពគ្នាណានៅលើព្រំដែនទឹក ព្រំដែនគោកទេ។ JBC ចុះធ្វើការ២០ឆ្នាំ បានឯកភាពទៅលើបង្គោលមួយចំនួន ប៉ុន្តែមិនទាន់មានការផ្ទៀងផ្ទាត់ឡើងវិញនូវខ្សែព្រំដែនដែលបានវាស់តាំងពីឆ្នាំ១៩០៧នោះទេ។ អត់មានខ្សែព្រំដែនថ្មីដែលត្រូវធ្វើទេ។ ការចុះទៅលើដី អ្នកខ្លះថា “បង្គោលថ្មីម្ល៉េះ”។ សូមប្រាប់គេចុះទៅមិនមែនកំណត់រកបង្គោលទេ គេរកទីតាំងបង្គោល។ បង្គោលខ្លះវាថ្មី ឬមួយក៏វាចាស់ បើសិនជាវានៅខុសទីតាំងដែលកំណត់ដោយសន្ធិសញ្ញា គឺត្រូវរំកិល។ ដូចបង្គោល ៥៨, ៥៩ ដែលយើងកំណត់ឯកភាពគ្នា វាចូលមកក្នុងដីយើងជាងមួយគីឡូដីរាល់ថ្ងៃនេះ ត្រូវរំកិលចេញទៅវិញ … មានអស់ហើយ អត់មានស៊ីញ៉េដីឱ្យនរណាទេ។

(៣២) ​ចំណុចទី៣ ក្នុង KL Accord ថ្ងៃ ២៧ធ្នូ(២០២៥)បញ្ជាក់ច្បាស់ថា “ខ្សែព្រំដែនមិនមែនកំណត់ដោយកិច្ចព្រមព្រៀងនេះទេ …”

សូម្បីតែកិច្ចព្រមព្រៀងឈប់បាញ់ KL Accord  ថ្ងៃ២៧ ខែធ្នូ គ្មានកិច្ចព្រមព្រៀងណាថា កាត់ដីឱ្យនរណាទេ និ​យាយឱ្យច្បាស់ មើលឱ្យច្បាស់។ ចំណុចទី២ ថា “វាយកន្លែងណា ឈប់កន្លែងហ្នឹងសិន” បើរវល់តែរំកិលចុះឡើង មិនស្រួលវាយគ្នាមិនចេះចប់ព្រោះនៅសង្ស័យ។ ក្រោយមក ពេលដែលថៃរាយបន្លាលួស យើងតវ៉ាថា “អ្នក​ឯងរំលោភបទឈប់បាញ់”។ នៅក្នុងកិច្ចព្រមព្រៀងមានចំណុចទី៣ និយាយច្បាស់។ បើគ្មានចំណុចទី៣ យើងក៏មិនស៊ីញ៉េដែរ កាលពីថ្ងៃ២៧/១២នោះ។ ចំណុចទី៣ បញ្ជាក់ច្បាស់ថា “ខ្សែព្រំដែន មិនមែនកំណត់ដោយកិច្ចព្រមព្រៀងនេះទេ … ខ្សែព្រំដែនគឺត្រូវកំណត់ដោយគណៈកម្មាធិការចម្រុះ JBC ដែលត្រូវចុះវាស់វែង តាមសន្ធិសញ្ញាដែលមានស្រាប់ កិច្ចព្រមព្រៀងដែលមានជាធរមាន”។ ហ្នឹងសូមបញ្ជាក់។ ថាយើងបាត់ដី ស៊ីញ៉េដីឱ្យគេ។ គ្មានទេ។ យើងគ្មានពេលនេះ និងគ្មានពេលណាទាំងអស់។ ត្រូវធ្វើតាមសន្ធិសញ្ញា តាមអនុសញ្ញាដែលមានស្រាប់ កិច្ចព្រមព្រៀងដែលមានស្រាប់ និងតាមបច្ចេកទេស។ សូមបញ្ជាក់ គ្មានការបាត់(បង់ដី)ទេ។ បាត់ការគ្រប់គ្រង មានមែន។ ក្រោយវាយគ្នា យើងមាន(បាត់បង់)ប៉ុន្មានចំណុច ប៉ុន្តែសួរថាកន្លែងបាត់ការគ្រប់គ្រងនេះ កន្លែងណាដែលទាហានយើង ប៉ូលីសយើង មិនស្លាប់ទេ? ខ្ញុំសួរ។ កន្លែងណា? អានសេះ កន្លែងហ្នឹងស្លាប់ប៉ុន្មាននាក់? របួសប៉ុន្មាននាក់? តើយើងចុះឱ្យគេយកឬ? រដ្ឋាភិបាលបញ្ជាឱ្យគេឬ? អត់ទេ។ វាយគ្នា ២៦ថ្ងៃ ២វគ្គ។ ខ្ញុំចរចាវគ្គទី១ អស់៥ថ្ងៃ។ ចរចាចប់ពីល្ងាចម៉ោង ៥-៦ ថាម៉ោង ១២យប់(បានអនុវត្ត) ប្រជាពលរដ្ឋខ្លះបន្ទោសខ្ញុំទៀត “ចុះហេតុអីក៏មិនចប់ភ្លាមទៅ ចាំបាច់ដល់ម៉ោង ១២ធ្វើអី?”។ ២១ថ្ងៃ។

(៣៣) KL Accord ថ្ងៃ២៧ធ្នូ ជាការស៊ីញ៉េបទឈប់បាញ់ មិនមែនស៊ីញ៉េឱ្យដីទេ … ផ្អាកបាញ់ដើម្បីប្រជាជនដកដង្ហើម

បងប្អូនរាប់ទៅ រំលឹកទៅវិញទៅ។ ខ្ញុំជឿ ម្នាក់ៗ គ្មាននរណាអត់បើកទូរស័ព្ទទេ រាល់ថ្ងៃ។ ថ្ងៃនេះ រត់នៅណា? កោះកុងរត់ប៉ុន្មាននាក់? រីកដល់កោះកុងហើយ ស្ពាននេះផ្តាច់ហើយ។ ថ្ងៃនេះ មកទម្លាក់ដល់ភ្នំសំពៅ ប្លោង១៥៥មក ដាច់ជើងប្រជាពលរដ្ឋយើងម្នាក់នៅជិតសិរីសោភ័ណ។ ចាំទេ? ហេតុនេះហើយ បានជាមានថ្ងៃ២៧ ខែ១២ គឺបទឈប់បាញ់ មិនមែនស៊ីញ៉េឱ្យដីគេទេ។ និយាយឱ្យច្បាស់។ កុំនិយាយឡើង ថ្ងៃណាក៏រដ្ឋាភិបាលស៊ីញ៉េដីឱ្យគេ។ ចោទឯកឧត្តម ទៀ សីហា ទៅចុះហត្ថលេខាឱ្យដីគេ។ អត់ទេ។ ផ្អាកការបាញ់ ដើម្បីផ្អាកឱ្យប្រជាជនយើងដកដង្ហើម។ ឥឡូវ គ្រប់គ្នាទៅមើលភូមិរង់ចាំ។ ប្រជាជនគាត់វេទនា គាត់បាត់កន្លែង គាត់មិនទាន់ចូលបាន ប៉ុន្តែហោចណាស់ គាត់បានចូលមកនៅកន្លែងនេះ រួចផុតពីការប្លោង។ បើវាយគ្នាទៀត នៅកន្លែងហ្នឹងក៏គេប្លោងដែរ កុំថាឡើយជំរំដែលគាត់ទៅនៅនោះ។ ប៉ុន្មាននាក់ដែលពេលវាយគ្នា ព្រឹកឡើងតឹងទ្រូង? មិនមែនតែអ្នកព្រំដែនទេ អ្នកនៅនេះក៏តឹងទ្រូងរាល់ថ្ងៃ។ ខ្ទេចអីទៀតហើយ? ដល់ណាហើយ? បងប្អូនមើលតាម Facebook តឹងទ្រូង។ ខ្ញុំអ្នកដោះ រដ្ឋាភិបាល កងទ័ពយើងនៅខាងមុខ មេទ័ពយើងបញ្ជាវាយនៅខាងមុខ ពេទ្យយើងទៅព្យាបាលនៅសមរភូមិ មានទាំងពេទ្យពីក្រសួងសុខាភិបាលចុះទៅជួយ នៅពេទ្យបង្អែកស្រុក ព្យាបាលទ័ពរបួស ប្រជាជនរបួស។

(៣៤) KL Accord ថ្ងៃ២៧ធ្នូ មិនមែនកិច្ចព្រមព្រៀងក្បត់ជាតិ តែជាកិច្ចព្រមព្រៀងដោះស្រាយដោយសន្តិវិធី

តើយើងធ្វើស្អីថ្ងៃ២៧ខែ១២? មិនមែនកិច្ចព្រមព្រៀងក្បត់ជាតិទេ គឺកិច្ចព្រមព្រៀងដោះស្រាយដោយសន្តិវិធី។ ទី១ ផ្អាកការវាយគ្នាសិន ព្រោះយើងមានសង្គ្រាមផ្សេងៗ ទៀតច្រើន រួមទាំងសេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋ។ អ្នកនៅជាយដែន ព្រំដែនត្រូវបិទ។ កន្លែងខ្លះ រឿងបង្ក្រាប Scam ក៏វាប៉ះពាល់។ ខ្ញុំសុំឱ្យអ្នកប៉ោយប៉ែតមានការយោគយល់។ តែយើងត្រូវវាយសមរភូមិនេះ។ ម្សិលមិញ ប្រជុំជាមួយវិស័យទេសចរណ៍ (ពិនិត្យវាយតម្លៃ)មើលមូលហេតុអីបានទេសចរមកយើងឆ្នាំទៅថយ? មានគន្លឹះ២។ ទី១ រូបភាពសង្គ្រាម តែទី២ រូបភាពនៃអសន្តិ​សុខដោយសារ Scam។ ត្រូវតែវាយវា។ ឈឺក្នុងរយៈពេលខ្លី ប៉ះពាល់ប្រជាជនមួយចំនួន។ សុំការយោគយល់។ បងប្អូនអាចទៅរកអាជីពអីផ្សេងៗ បណ្តោះអាសន្នសិន តែមិនស្លាប់ដោយសារសង្គ្រាមទេ។ ក្រៅពីអ្នកប៉ោយប៉ែត អ្នកនៅតាមបណ្តោយព្រំដែនច្រើនដែលប៉ះពាល់ តែឥឡូវគាត់បានដកដង្ហើមសិន។ គាត់បង្កបង្កើនផល ស្តារឡើងវិញមួយចំនួនសិន។ រង់ចាំការដោះស្រាយ។ ឥឡូវ ការដោះស្រាយស្អី? ការដោះស្រាយការទូត បច្ចេកទេស និងច្បាប់អន្តរជាតិ។ អ្នកខ្លះថា “តាមរបៀបហ្នឹងយូរណាស់!”។ ឥឡូវចង់ម៉េច? ចង់វាយទៀត?

(៣៥) ដរាបណា ទ្វារនៅបើក ចរចាប្រើច្បាប់ យន្តការការទូត និងកិច្ចព្រមព្រៀងមានស្រាប់ ឱកាសនៅតែមានក្នុងការប្រើពេលវេលាដោះស្រាយ 

យើងមើលរូបមន្ត។ អ្នកខ្លះថា “ហ៊ុន ម៉ាណែត គ្មានបានមួយចំណិតប្រធានាធិបតីអ៊ូក្រែនទេ”។ ខ្ញុំថា អត់ទេ! ខ្ញុំមើលរូបមន្តហ្នឹងហើយ។ ខ្ញុំយកជម្រើសដោះស្រាយសន្តិវិធីសិន។ ឥឡូវនៅប្រទេសនោះ ស្លាប់ជាងមួយលាននាក់។ ឥឡូវនៅប្រទេសនោះ ឃើញរូបភាពចាប់(ឲ្យចូលធ្វើ)ទាហានទេ? កាលយើងឆ្នាំ ៨០ជាង វាយគ្នាយូរ ក៏មានចាប់(ឲ្យចូលធ្វើ)ទាហានដែរ។ ឥឡូវ នៅហ្នឹងចាប់ចូលទាហាន។ មើលតាម Facebook ទៅ។ ដំបូងគេថា យកអ្នក៦០ចុះចូលទ័ព។ ក្រោយមក ដល់វាយគ្នារាប់ឆ្នាំទៅ ឡើងទៅដល់៦៥ ចាប់ចូល។ ទាំងសងខាងជួលបរទេសមកពីក្រៅ។ ឥឡូវ ដល់វគ្គចាប់បញ្ចូលឡានតែម្តង បំពាក់អាវុធទៅមុខ។ តើយើងចង់អញ្ចឹងទេ? ដរាបណា យើងនៅមានសមត្ថភាពដោះស្រាយ ទ្វារនៅបើក ដោយចរចាប្រើច្បាប់ យន្តការការទូត និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំង JBC ចុះវាស់វែង យើងនៅតែមានឱកាស ប្រើពេលវេលា ខ្ញុំសុំឱ្យបងប្អូនយោគយល់។ វាមិនខុសពីវីរកងទ័ពយើងទាំង១៨នាក់ទេ។ រឿងវាអាចដោះស្រាយតែ២ថ្ងៃ ប៉ុន្តែវា ១៥១ថ្ងៃ។ តើនៅចាំទេ? បងប្អូនខ្លះថា “រដ្ឋាភិបាលភ្លេចទៅហើយ ជីវិតកងទ័ព ១៨នាក់ អត់តម្លៃទេ លែងនិយាយហើយ”។ អត់ទេ។ រាល់វេទិកាអន្តរជាតិ ស្ថាប័ន UN អង្គការសិទ្ធិមនុស្ស អង្គការកាកបាទក្រហមអន្តរជាតិ យើងនិយាយទាំងអស់។ ខ្ញុំចេញទៅក្រៅប្រទេស ជួបជាមួយអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ជួបជាមួយប្រធានាធិបតីប្រទេសមហាអំណាច មេដឹកនាំមហាអំណាច តែងតែលើកឱ្យគេជួយរកធ្វើម៉េចអន្តរាគមន៍ឱ្យដោះ ១៨នាក់មកវិញ។ វាប្រើពេល ១៥១ថ្ងៃ។ យើងមិនបានលើកទ័ពទៅវាយរំដោះ១៨នាក់មកវិញទេ ប៉ុន្តែប្រើវិធីសាស្ត្រដោះស្រាយ។ វាយូរ ប៉ុន្តែយើងសម្រេចភារកិច្ចបាន។ គាត់ត្រឡប់មកវិញបានជួបជុំគ្រួសារ។

(៣៦) “ឆ្មាខ្មៅក៏ឆ្មា ឆ្មាសក៏ឆ្មា ឱ្យតែចាប់កណ្តុរបាន” ប្រើប្រាស់វិធីសាស្ត្រអី/តាមមធ្យោបាយអីក៏ប្រើ ដើម្បីយកទឹកដីស្របច្បាប់របស់យើងមកវិញ

ខ្ញុំសូមឱ្យបងប្អូនបន្តជឿទុកចិត្តលើរដ្ឋាភិបាលក្នុងការខិតខំបន្តដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ដោយប្រើប្រាស់ច្បាប់តទៅទៀត។ វាប្រើពេលយូរ តែយើងមិនបានភ្លេចទេ … ឥឡូវ UNCLOS នេះ គឺយើងប្តឹងទៅអង្គការសហប្រជាជាតិ។ មានអ្នកវិភាគស៊ីអារម្មណ៍ខាងក្រៅ “កាលពីយើងមិនប្តឹង (ថា)ហេតុអីក៏រដ្ឋាភិបាល ហ៊ុន ម៉ាណែត មិនប្តឹង?” ដល់ពេលយើងប្តឹង ចេញមកទៀតថា “ប្តឹងគ្មានបានការ”។ ម្សិលមិញ ក្រុមការងារយើង ទាំងអ្នកច្បាប់យើង ខំប្រឹងធ្វើការដុតដៃដុតជើងរាប់ខែដើម្បីត្រៀមសម្រាប់ម្សិលមិញ ដោយ ឯកឧត្តម ប្រាក់ សុខុន ដឹកនាំក្រុមការងារតស៊ូធ្វើការប្រជុំ អត់បាយអត់ទឹកដើម្បីធ្វើការងារ … ស្រាប់តែមានអ្នកចេញមកថា “មើលសាររដ្ឋាភិបាលខ្មែរ និយាយគ្មានបានប្រយោជន៍អីទាំងអស់។ គ្មានយល់”។ ខ្លួនឯងអត់យល់ស្អីផងហ្នឹង។ មនុស្សម្នាក់មើលរឿងមួយ មើលអត់យល់បន្ទោសអ្នកដឹកនាំរឿង ឬមួយក៏បន្ទោសខ្លួនឯង នៅពេលដែលគេផ្សេងគេមើលយល់? … គេមានគោលការណ៍ មានដំណាក់កាល មានគោលដៅក្នុងការធ្វើ(សកម្មភាព ដោយ)ក្រុមការ​ងារយើងបូកជាមួយអ្នកច្បាប់អន្តរជាតិ ដែលប្រឹក្សាយោបល់ធ្វើការរាប់សិបសិបខែដើម្បីត្រៀមលក្ខណៈ ដើម្បីអី? គឺដើម្បីបញ្ជាក់អំពីការធានាខុសត្រូវ ការការពារអធិបតេយ្យភាពដែនសមុទ្ររបស់យើង តាមយន្តការ UN នេះឯង។ នេះហើយការប្តឹង ការប្រើប្រាស់យន្តការអន្តរជាតិ ពេលដែលយើងអស់ជម្រើស។ នៅពេលដែលថៃ លុប MOU 2001 យើងអស់ជម្រើសក្នុងការធ្វើការពិភាក្សាហើយ។ យើងត្រូវប្រើយន្តការដោះស្រាយដោយបង្ខំ។ ភាគីទាំងពីរនៅតែធ្វើការ ជជែកគ្នាដដែលប៉ុន្តែមានអ្នកទីបីមកជួយសម្របសម្រួល។ ការដោះស្រាយ(ព្រំដែន)ផ្លូវគោក យើងនៅរក្សាសិទ្ធិគ្រប់មធ្យោបាយទាំងអស់ គ្រប់យន្តការទាំងអស់។ “ឆ្មាខ្មៅក៏ឆ្មា ឆ្មាសក៏ឆ្មា ឱ្យតែចាប់កណ្តុរបាន” ប្រើប្រាស់វិធីសាស្ត្រអីក៏ប្រើ តាមមធ្យោបាយ ឥឡូវ ច្បាប់ ការទូត យន្តការទ្វេភាគី យន្តការតំបន់ យន្តការអន្តរជាតិ ដែលយើងអាចធ្វើបានដើម្បីព្យាយាមទាញយកទឹកដីស្របច្បាប់យើងមកវិញ …។

(៣៧) កំពុងរៀបចំ “សួនច្បារពោធិ៍ចិនតុង”

ខ្ញុំទៅអើត Walk Street ថ្ងៃមុន ដោយសារកូនចង់ទៅ។ មិនមែនខ្ញុំភ្លេចរឿងទឹកដីទេ។ គ្រាន់តែអើតនៅ Walk Street ហ្នឹងក៏ថាឯងភ្លេចរឿងទឹកដីដែរ។ តាមពិត Walk Street ហ្នឹងឆុងជាមួយខ្ញុំ។ រៀបចំផែនការសម្ពោធ ម្តងភ្លៀង ដល់រៀបម្តងទៀត ផ្ទុះសង្គ្រាម។ អញ្ចឹង ឯកឧត្តម ឃួង ស្រេង សម្ពោធតែម្តងទៅ។ ចាំខ្ញុំទៅលេង។ ទៅលេងមែន។ ឃើញរៀបចំបានល្អ សូមសរសើរ។ យើងឥឡូវកំពុងរៀបចំនៅព្រលានយន្តហោះចាស់ ពោធិ៍ចិនតុង។ យើងរៀបចំនិងបើកទៅខាងមុខ ដាក់”សួនច្បារពោធិ៍ចិនតុង” ដាក់ឈ្មោះដើមជាប្រវត្តិ។ មិនមែនសួនច្បារព្រលានភ្នំពេញទេ។ “សួនច្បារពោធិ៍ចិនតុង” ដាក់ឈ្មោះដើមតែម្ដង។ អគារ២ គឺអគារផ្លិត និងអគារមួយទៀត គឺអគារ Tower ជាអគារប្រវត្តិសាស្ត្រ កំពុងតែរៀបចំ។ ឥឡូវកំពុងតែដាំដើមឈើមួយចំនួន រៀបចំពេលបើកទៅ។ បើកសាកពេលចូលឆ្នាំ ប្រជាពលរដ្ឋទៅពេញហ្នឹង។ មានទឹកមានអី កន្លែងសង់ទីម៉ង់ល្អផង។ បើកាលខ្ញុំអាយុ ១៧-១៨ឆ្នាំ ទៅដែរហើយ។ តែឥឡូវចាស់ហើយ។ បើកន្លែង piste ហ្នឹង អ្នករត់ អ្នកជិះកង់ល្អ។ ថ្ងៃប៉ុន្មាននេះ គេសុំធ្វើកម្មវិធីរត់ម៉ារ៉ាតុងនៅទីនោះ។ ថ្ងៃទី៥ ខែធ្នូ ហើយមានរៀបចំពិធីបើក។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ស្នើសុំធ្វើពិព័រណ៍រថយន្តនៅហ្នឹង។ ឱ្យធ្វើទៅ។ ថ្ងៃក្រោយរៀប Concert រៀបអី ឱ្យប្រជាពលរដ្ឋទៅៗ។ ហ្នឹងគឺសម្រាប់សាធារណៈ ប៉ុន្តែយើង Reserve piste នេះជា piste បម្រុង។ អញ្ចឹង បានយើងអត់អាចដាំដើមឈើកៀកហ្នឹងបាន។ ក្បួនវាត្រូវ ១៥០ម៉ែត្រសងខាង។ អញ្ចឹងបាននៅកន្លែងនោះវាអត់ដើមឈើ។

(៣៨) រក្សាកម្មសិទ្ធិ មិនលក់ តែបង្កើតសកម្មភាពសេដ្ឋកិច្ច យកលុយមកចិញ្ចឹមនិងថែទាំព្រលាន

ល្ងាចអីអត់ក្តៅទេ។ ល្ហើយណាស់។ នៅភ្នំពេញ កន្លែងណាក៏ហប់ដែរ តែទៅកន្លែងនោះគឺខ្យល់ល្ហើយ មិនថាខែណា ខែណាទេ។ ទើបទៅចុងសប្តាហ៍មុន ទៅមើលគេរៀបយ៉ាងម៉េច កន្លែងណាគេបើកកាហ្វេ កន្លែងណាទុកកង់ ម៉ូតូឡានអី ព្រោះមានគណៈកម្មាធិការគេរៀបចំប្លង់ហើយ គ្រាន់តែយើងទៅមើលគេឧទ្ទេសនាមទៅ។ គេចាត់​ចែងបានល្អ ធ្វើការទៅមុខ។ កន្លែង terminal ថ្ងៃក្រោយអាចពិនិត្យមើល ព្រោះហ្នឹងជារបស់រដ្ឋទេ។ អញ្ចឹងជាជាងទុកចោលរដ្ឋអាចថាជួលឱ្យវិស័យឯកជនណាមួយវិនិយោគធ្វើកន្លែងប្រជុំ ឬស្អីទៅដើម្បីយកសកម្មភាពសេដ្ឋកិច្ចនៅហ្នឹងផង។ ប៉ុន្តែ (រក្សា)កម្មសិទ្ធិអត់មានលក់ទេ និយាយឱ្យច្បាស់គឺឱ្យបង្កើតសកម្មភាពសេដ្ឋកិច្ច យកលុយមកចិញ្ចឹមព្រលាន ព្រោះព្រលាននេះ ចំណាយមួយឆ្នាំដូច ៤លានដុល្លារ គ្រាន់តែចិញ្ចឹម ថែទាំស្អីៗហ្នឹង។ ទុកចោលខូចអគារសម្ភារទាំងអស់ហ្នឹង ទាំងម៉ាស៊ីនត្រជាក់ ទាំងអីនៅហ្នឹង។ បើអត់ថែ។ អញ្ចឹង បើគេប្រើនឹងល្អ  ឬមួយក៏យកធ្វើស្អីមួយទៅ ឱ្យ​គិត​គូរ ឬបោះក្រុមហ៊ុនរដ្ឋមួយដែលគ្រប់គ្រង អាចជួលកន្លែងហ្នឹង។ ក្រុមហ៊ុនរដ្ឋគ្រប់គ្រងក៏បាន មិនបាច់យកឯកជន តែក្រុមហ៊ុនរដ្ឋហ្នឹងជាអ្នករកស៊ីយកចំណូលមក ជួលធ្វើកន្លែងប្រជុំ កន្លែងអី។ ឱ្យគិតគូរចុះ។ ប៉ុន្តែផលប្រយោជន៍គឺការរៀបចំកន្លែងសាធារណៈ។

(៣៩) រៀបចំបឹងតាមោកជាលំហសាធារណៈសម្រាប់អ្នកភ្នំពេញ

យើងកំពុងមើលនៅបឹងតាមោក។ ឥឡូវធ្វើព្រលានសិន។ យើងនឹងរៀបចំបឹងតាមោក។ ឥឡូវ ដាំដើមឈើបានច្រើនហើយ។ ចាក់ដី ទើបបូមដាក់ពេញ អស់ប៉ុន្មានលានគូបនោះ។ មានអ្នកចែចូវច្រើន តែខ្ញុំថាអត់ទេ។ កន្លែងហ្នឹងទុកធ្វើសួនប្រជាពលរដ្ឋទៅរត់នៅហ្នឹង ទៅលេងនៅហ្នឹង។ បងស្រេង បានដាំដើមឈើច្រើននៅហ្នឹង បន្តិចទៀតយើងនឹងរៀបនៅកន្លែងនោះ។ អញ្ចឹង កន្លែងបរិស្ថានសាធារណៈ លំហសាធារណៈ កាន់តែមានសម្រាប់អ្នកភ្នំពេញ។ យករូបមន្តដូច Walk Street អញ្ចឹង។ កុំឱ្យពិបាកជិះឆ្ងាយទៅដល់(walk street)នោះ ចែកគ្នាទៅលេងទៅ ទៅហាត់កីឡាអីទៅ។ ហ្នឹងវាទាក់ទងរឿងសុខភាពដែរ។ រស់នៅដោយផាសុកភាព គឺល្អហើយ ផា​សុកភាពនេះគឺរឿងអនាម័យ។ ខ្ញុំសូមយកឱកាសនេះសរសើរលោក ប៉ាង លីដា នៅខណ្ឌពោធិ៍សែនជ័យ។ ឃើញគាត់ធ្វើបានច្រើន។ បារលូបារអី។ ក៏មានការចូលរួមរបស់ខណ្ឌអីផ្សេងៗ ច្រើន។ ធ្វើទៅរឿងហ្នឹង ហើយក៏មានការចូលរួមពីប្រជាពលរដ្ឋ។ ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋផង កន្លែងខ្លះឃើញគាត់បារលូហើយ ឥឡូវសំរាមមកវិញទៀត។  បារអត់អស់ទេ។ សម្រាប់សុខភាពបងប្អូនហ្នឹង សូមធ្វើរួមគ្នា ដើម្បីការពារ ព្រោះ(ផលនៃកិច្ចការ)ហ្នឹងជារបស់ខ្លួន។ ខណ្ឌផ្សេងៗ ទៀត(ក៏គួរធ្វើដែរ)។ ការប្រជុំម្សិលមិញហ្នឹង រឿងធំមួយនៅក្នុងវិស័យ​ទេស​ចរណ៍គឺសំរាម គឺបរិស្ថានហ្នឹងឯង ដែលក្រសួងបរិស្ថាន មិនមែនថាក្រសួងទេ ឬមន្ទីរទេ ប៉ុន្តែគ្រប់អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋត្រូវចូលរួម។ កាលពីដែលយើងបើកសាកល្បងនៅព្រលានភ្នំពេញ ប្រជាពលរដ្ឋទៅរាប់ម៉ឺននាក់ ប៉ុន្តែសំរាមអត់មាន។ ប្រជាពលរដ្ឋទៅ គាត់យក(សំរាម)បោះចោលក្នុងធុងសំរាម ឬមួយក៏គាត់ដាក់ស្បោងមកវិញ។ គាត់ថាហ្នឹងគាត់ជួយថែ។ របៀបហ្នឹង។ អញ្ចឹង បរិស្ថានស្អាត គឺផ្តើមចេញពីយើងម្នាក់ៗ ប្រជាពលរដ្ឋនីមួយៗ មិនអាចទាល់តែអាជ្ញាធរ ក្រុមហ៊ុន ស៊ីនទ្រី ក្រុមហ៊ុនប្រមូលសំរាម ដើរប្រមូលទេ គឺយើងទុកដាក់ ជួយគ្នា។ ជាពិសេស ក្មេងៗជប់លៀងហើយ សម្បកកំប៉ុងអីហ្នឹងដាក់ស្បោងទៅ សាច់ក្លែមដាក់ចូលក្នុងពោះ ឆ្អឹងដាក់ចូលធុងសំរាម។ រួមគ្នា ហ្នឹងវារស់នៅបរិស្ថានស្អាត។ នេះគឺជាកិច្ចការសំខាន់រឿងសុខភាព ប៉ុន្តែការរៀបចំ ការកសាង ការអនុវត្ត នៅក្នុងការដោះស្រាយបញ្ហា។

(៤០) ព្យាយាមដោះស្រាយបញ្ហាព្រំដែន រួមទាំងប្រើប្រាស់យន្តការ UNCLOS ដើម្បីរកដំណោះស្រាយមួយដែលកុំឲ្យកូនចៅវេទនាតទៅទៀត

ការគិតគូររឿងព្រំដែន ទាំងទឹកទាំងគោក គឺយើងដោះស្រាយដោយការទទួលខុសត្រូវ មិនមានមួយវិនាទីណាដែលយើងទុកចោលនោះទេ។ យើងបាត់បង់ការគ្រប់គ្រងទីតាំងមួយចំនួន យើងទទួលស្គាល់។ គ្មានអ្វីត្រូវលាក់លៀមទេ។ យើងបានបង្ហាញទាំងពិភពលោក គ្រប់វេទិកាអន្តរជាតិទាំងអស់ មិនថានៅក្នុងប្រទេស នៅក្រៅប្រ​ទេស។ យើងតែងតែលើកជាប្រចាំឲ្យអន្តរជាតិបានដឹង។ មិនមែនជាការបង្កើនកម្ដៅតែជាការទាមទារសិទ្ធិស្របច្បាប់ យុត្តិធម៌សម្រាប់ប្រទេសកម្ពុជា សម្រាប់ការការពារដែនអធិបតេយ្យភាពរបស់យើង។ យើងធ្វើ យើងអត់ខ្លាចទេ។ សូមឲ្យប្រជាពលរដ្ឋមើលចុះ។ អត់មានកន្លែងណាមួយ វេទិកាណាមួយ ដែលយើងមិនលើក។ យើងបន្តជំរុញព្យាយាមដោះស្រាយបញ្ហា រួមទាំងការប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយ។ យើងចង់បានដំណោះស្រាយមួយ មិនសម្រាប់តែឆ្នាំ២០២៦ទេ។ យើងចង់បានដំណោះស្រាយមួយដែលកុំឲ្យកូនចៅយើងវេទនាតទៅទៀត។ យើងមិនចង់ ១០ឆ្នាំ វាយគ្នាម្តងទេ។ អ្នកដែលរស់នៅព្រំដែន មិនចង់ ១០ឆ្នាំ វេចបង្វិចម្តងទេ។ អ្នកព្រំដែនក៏មានអ្នកស្លាប់ អ្នករបួសច្រើនដែរ ប្រជាពលរដ្ឋស៊ីវិល រួមទាំងកូនក្មេង ដែលស្លាប់របួសក្នុងពេលវាយគ្នា និងក្រោយពេលវាយគ្នា។ ត្រឡប់ទៅវិញឃើញគ្រាប់បែកចង្កោម ទាញយកមក ផ្ទុះស្លាប់។ ឥឡូវបញ្ហាដែលបន្សល់ដោយសារការបិទព្រំដែន បូកជាមួយរឿងបញ្ហារឿងសេដ្ឋកិច្ចពិភពលោក។

(៤១) ជាជាងចំណាយពេល ធនធានថវិកា ជីវិតមនុស្ស បន្តវាយគ្នាយកចាញ់ឈ្នះ ខិតខំរកវិធីចរចាយកពេលឲ្យប្រជាជនដកដង្ហើម

យើងត្រូវការដោះស្រាយ ជាជាងចំណាយពេល ធនធាន ជីវិតមនុស្ស ធនធានថវិកា ដើម្បីបន្តវាយគ្នាតាមព្រំដែន យកចាញ់ឈ្នះ។ អត់ចាញ់ឈ្នះទេ។ វាយទៅវាយមក។ មិនថានៅមជ្ឈិមបូព៌ា ឬមួយនៅអឺរ៉ុបទេ វាយមិនទាន់ចប់ទេ។ ទៅមកៗហ្នឹង។ ចុងក្រោយអស់តែមនុស្សហ្នឹងឯង។ ចុងក្រោយទៅតែមកចរចាដដែល។ អញ្ចឹងយើងខិតខំរកវិធីចរចាអស់លទ្ធភាព យកពេលដកដង្ហើមឲ្យប្រជាជន ជីវភាពរស់នៅរបស់ប្រជាជនលំបាក។ រដ្ឋត្រូវយកលុយដោះស្រាយអន្តរាគមន៍ប៉ុណ្ណេះ។ មកដល់ម៉ោងនេះ រដ្ឋចេញថវិកាឧបត្ថម្ភធនជាង ៣៦០លានដុល្លារ គ្រាន់តែជួយថ្លៃប្រេង ទម្លាក់ពន្ធក្រុមហ៊ុននាំប្រេងដើម្បីទប់ប៉ុណ្ណឹង ប្រេងនៅមានឡើងទៀត។ តែយើងឧបត្ថម្ភអស់ ៣៥០លានដុល្លារ ហ្នឹងមិនទាន់គិត EDC អស់ប្រហែល ៥០លាន ពីការឧបត្ថម្ភមិនឲ្យថ្លៃភ្លើងឡើងផង។ ខ្ញុំទើបស៊ីញ៉េឯកភាពថ្ងៃមុន ដើម្បីជំនួយទៅដល់គ្រួសារដែលរងហានិភ័យជាង ១លានគ្រួសារ … គ្រួសារងាយរងហានិភ័យ និងបងប្អូនប្រកបរបររត់ PassApp ដែលយើងឧបត្ថម្ភថវិកាដូចជា ៣ដង? … យើងត្រូវចេញ​លុយហ្នឹងអស់ប៉ុន្មានជិតរយលាន … ជាជាងយកលុយហ្នឹងទៅចំណាយទិញគ្រាប់ BM បាញ់ យើងយកមកជួយទប់ប្រជាពលរដ្ឋសិន។ ខណៈប្រជាជនយើងជួបហានិភ័យ គ្រួសារទ័ព អ្នករងគ្រោះជម្លោះព្រំដែន ពល​ករដែលត្រឡប់មកពីក្រៅ ធនាគារជួយក្នុងការមិនយកការប្រាក់ ៥-៦ ខែហ្នឹង (តើ)ចំនូលប៉ុន្មានដែលត្រូវបង់?

(៤២) ប្រើយន្តការច្បាប់/ការទូត យកលុយ/ពេលវេលាស្តារសេដ្ឋកិច្ច ជីវភាពអ្នកប៉ះពាល់ពីសង្គ្រាម ឧបត្ថម្ភធនក្រុមហ៊ុនប្រេង និងទប់ថ្លៃអគ្គិសនី សេដ្ឋកិច្ចក្រៅប្រព័ន្ធ …

យើងត្រូវចំណាយបន្ថែមទៀតក្នុងការជួយប្រជាពលរដ្ឋ។ ឥឡូវ បើបងប្អូនជាអ្នកដោះស្រាយ អ្នកអង្គុយចាំតែស្រែក គាត់ស្រែកហើយ ប៉ុន្តែសំរាប់អ្នកដោះស្រាយ បើយើងយកម៉ោងនេះទៅយកលុយទិញគ្រាប់វាយគ្នា មិនដឹងពេលណាចប់ ហើយកាន់តែឆេះថែម។ អ្នកមួយថ្ងៃៗ កាន់តែស្លាប់ថែម កាន់តែរបួសថែមទៀត ឬមួយក៏យើងទុកសិន ផ្អាកការវាយគ្នាសិន មកវាយគ្នានៅតាមយន្តការច្បាប់ យន្តការការទូត ដែលយើងមាន ដើម្បីព្យា​យាមដោះស្រាយបញ្ហា ហើយយកលុយ យកពេលវេលាដែលយើងមាននេះស្តារសេដ្ឋកិច្ច ជីវភាព សម្រាប់អ្នកដែលនៅប៉ះពាល់ ដូចជានៅភូមិរង់ចាំនៅបន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ ក៏មានគ្រួសាររាប់រយរាប់ពាន់គ្រួសារ។ យកលុយមកឧបត្ថម្ភធនដល់ក្រុមហ៊ុនប្រេង កុំឲ្យតម្លើងមានន័យថាយើងទម្លាក់ពន្ធប្រេង អាករលើប្រេង … ជួយឧបត្ថម្ភធន កុំឲ្យថ្លៃប្រេងវាកើនឡើងហួសពេក។ វាឡើងខ្លះដែលយើងខំទប់។ ជួយទប់ EDC ព្រោះលុយ EDC ដែលជាសហគ្រាសសាធារណៈមែន ប៉ុន្តែលុយក៏ជាលុយរបស់រដ្ឋ ដើម្បីកុំឲ្យប្រជាពលរដ្ឋត្រូវបង់ថ្លៃមួយគីឡូឡើងប៉ុន្មាន។ ប្រទេសច្រើនបានឡើងថ្លៃអគ្គិសនី។

យកលុយដើម្បីពង្រីកការជួយឧបត្ថម្ភ តិចច្រើនយកទៅឲ្យអ្នកដែលពាក់ព័ន្ធដូចអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកប្រ​កបរបរហ្នឹង ដូចប៉ុន្មានម៉ឺននាក់។ ខ្ញុំត្រូវបន្ថែមទៀត។ យកលុយហ្នឹងទៅជួយឧបត្ថម្ភស្រ្តីមានផ្ទៃពោះ សុខាភិបាល ក្មេងអាយុ ២ឆ្នាំ យកឧបត្ថម្ភកម្មវិធីអាហាររបស់យើង នៅតាមសាលារៀន។ ឥឡូវយើងមានជាង ១ ០០០ សាលា។ គ្រាន់តែប្រជាពលរដ្ឋ សិស្សរបស់យើង មកដល់ម៉ោងនេះ ១,១១៤ សាលាបឋម ដែលយើងឧបត្ថម្ភអាហារឲ្យគាត់នៅកន្លែង យកលុយហ្នឹងមកឲ្យកូនក្មេងរបស់យើង ជៀសជាងយកទៅទិញគ្រាប់បាញ់គ្នា ជៀសជាងយោធិនពលី។ ឥឡូវ យើងធ្វើផ្ទះជូនយោធិនពលី កូនចៅឲ្យក្របខ័ណ្ឌ រកការងារឲ្យធ្វើ។ យុទ្ធជនដែលរបួសខ្លាំងមិនអាចធ្វើការងារបាន យើងឲ្យកូនចៅ ឬសាច់ញាតិរបស់គាត់ចូលបំពេញក្របខ័ណ្ឌ។ កន្លែង​ណាដែលយើងជួយបាន យើងជួយ។ យកលុយទាំងអស់ហ្នឹងយកមកជួយ តែយើងមិនចង់ឲ្យចំនួនស្លាប់របួសធ្ងន់ហ្នឹង កើនតទៅទៀតដោយមិនចាំបាច់នោះទេ។

នៅពេលដែលយើងមានជម្រើសផ្សេងទៀត ដែលដោះស្រាយដោយមិនចាំបាច់វាយគ្នា មិនមែនបានន័យថា ស៊ីញ៉េឲ្យដីគេទេ។ នៅតែទាមទារយកមកវិញដែរ ព្រោះដីហ្នឹងគ្មានអ្នកណាមានសិទ្ធិទៅឲ្យអ្នកណាទេ។ ជាដីរបស់ជាតិ។ រដ្ឋាភិបាលនីមួយៗ ទទួលបន្ទុកការពារថែទាំ។ គ្រាន់តែយើងប្រើមធ្យោបាយណា។ យើងធ្លាប់ប្រើ ២៦ ថ្ងៃ វាយគ្នាហើយ។ ក្នុង ២៥-២៦ យើងអត់និយាយពីអតីតកាល ១០ឆ្នាំមុនក៏យើងវាយគ្នាដែរ។ ឥឡូវយើងប្រើប្រាស់កម្មវិធីការទូត ដោះស្រាយដូច ១៨នាក់ ១៥១ថ្ងៃ តែយើងយកមកវិញបានដោយសុវត្ថិភាព។ អញ្ចឹងយើងនឹងបន្តខិតខំ។ ពេលជាមួយគ្នាយើងសន្សំលុយ ដើម្បីជួយស្តារសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ ជួយជីវភាព … ម្សិលមិញ ក្នុងវិស័យទេសចរណ៍ យើងត្រូវចំណាយទុនមួយចំនួនវិនិយោគក្នុងការបង្កើនផលិតផលទេសចរណ៍ ព្រោះទេសចរណ៍នាំភ្ញៀវមកដើម្បីជួយអ្នកដែលពឹងទេសចរណ៍រាប់សែននាក់។ វិស័យកសិកម្ម មួយឆ្នាំៗ ទៅ យើងចំណាយជាង ១០០លានដុល្លារជួយដល់ម៉ាស៊ីនកិនស្រូវ ក្នុងការទិញ/ទប់តម្លៃស្រូវ នៅពេលដែលវាធ្លាក់ខ្លាំង ដើម្បីដាក់លុយទៅឲ្យម៉ាស៊ីនកិនស្រូវ។ ម៉ាស៊ីនកិនស្រូវបុកទិញបង្កើតទីផ្សារក្នុងស្រុក។ លុយទាំងអស់នេះ គឺសុទ្ធតែលុយដែលយើងត្រូវសន្សំយកទៅជួយដល់ SME។

(៤៣) រាជរដ្ឋាភិបាល “មិនធ្មេចភ្នែក ទុកបងប្អូនឬទឹកដីចោលដោយគ្មានការទាម​ទារ​ទេ”

សម្រាប់អ្នកផ្សេង ខ្ញុំមិនដឹងទេ ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាល យើងត្រូវរកវិធីដោះស្រាយបញ្ហាដែលដាក់ផលប្រ​យោជន៍ជាតិនិងប្រជាជនជាធំ គឺដោះស្រាយដោយសន្តិវិធី ការទូត … ទោះបីប្រើពេលយូរខ្លះក៏ដោយ អត់ធ្មត់ខ្លះក៏ដោយ ដើម្បីយកទឹកដីយើងមកវិញ ដើម្បីយើងមានឱកាសដោះស្រាយបញ្ហាចំពោះមុខ ឲ្យប្រជាពលរដ្ឋរបស់យើងក្នុងដំណាក់កាលដ៏លំបាកនេះ។ នេះគឺជាការសម្រេចចិត្តមួយ ហើយវាអាចមានការលំបាក វាយូរ ដែលបងប្អូនចាប់អារម្មណ៍ ប៉ុន្តែរាជរដ្ឋាភិបាលមិនធ្មេចភ្នែក ទុកបងប្អូន ឬទឹកដីយើងចោលដោយគ្មានការទាម​ទារ​ទេ។ សម្រាប់អ្នកអង្គុយតែក្នុងម៉ាស៊ីនត្រជាក់ មើលងាយគេ រាជរដ្ឋាភិបាលអត់កំណើតស្អីៗ មិនចេះយុទ្ធសាស្ត្រ (ទុកឱ្យ)ឈ្លក់ទឹកមាត់ខ្លួនឯងទៅក្រៅទៅ។ អ្នកពុកមាត់មួយ អ្នកវៀចមាត់និយាយមិនច្បាស់មួយ … ខ្ញុំកាចហើយត្រឹមប៉ុណ្ណឹង។ ខ្ញុំអត់ចេះមាត់ទេ ប៉ុន្តែកូនទាហានខ្ញុំបានស្គាល់។ ថ្ងៃមុនអ្នកណាទេថា ហ៊ុន ម៉ាណែត ញញឹមៗ ស្លូតណាស់ ធ្វើមេទ័ពមិនកើតទេ។ ដល់កូនទាហានខ្ញុំថា កុំនិយាយវើយ ខ្សែភ្លើង … ខ្ញុំសូមឲ្យអង្គុយជេរ។ អង្គុយទើសចុះ។ ខ្ញុំនៅតែបន្តធ្វើជូនប្រទេសជាតិ នៅតែដើរអបអរសាទរសមិទ្ធផល … សម្រាប់ប្រជាជនឱកាសដែលខ្ញុំជួប មកនិយាយគ្នា ផ្សព្វផ្សាយគោលនយោបាយ ត្រូវធ្វើ និងដាក់ទិសដៅអ្វីខ្លះដើម្បីឲ្យ(ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ពួកគាត់ និងជូនឱ្យពួកគាត់បានដឹង) … ព្រោះពេលខ្លះ … ប្រជាពលរដ្ឋត្រូវការ ចង់ដឹង ចង់ឮ ពីថ្នាក់ដឹកនាំដែរ។

ពេលប្រឈមសេដ្ឋកិច្ចនេះ រដ្ឋជួយស្អីខ្លះ? (កុំថារដ្ឋ)ស្ងាត់ឈឹង។ អត់ស្ងាត់ទេ។ ជាង ៣០០លានទៅហើយ បូកជាមួយ ៤០០លានហើយ។ ឥឡូវ ផែនការគ្រោងសម្រាប់ជាង ១លានគ្រួសារចេញទៀត សម្រាប់ឧបត្ថម្ភទុន​ តិចឬច្រើនជួយថែមទៀត។ រៀបហើយ។ អ្នកដែលមកពីថៃ ជួយផ្សះផ្សាររុញទៅរកការងារ កន្លែងខ្លះទទួលការបណ្តុះបណ្តាលថ្មី សុទ្ធតែរដ្ឋចេញលុយទាំងអស់។ ឥឡូវ គិតគូរទៅដល់ការបង្កើតជីវភាពរស់នៅ ជនភៀសសឹក មិនត្រឹមតែធ្វើផ្ទះទេ បង្កើតជីវភាពឲ្យគាត់ទៀត ធ្វើសហគមន៍ឲ្យគាត់ទៀត កន្លែងទេសចរណ៍ សហគមន៍ទេសចរណ៍ មួយៗ ចុះទៅជួយគាត់ … យើងធ្វើបានច្រើន រួមទាំងសុខាភិបាល រួមទាំងអ្វីដែលបងប្អូនពេលឈឺនេះ ក្នុង ៣ឆ្នាំនេះ វាកើនអញ្ចឹង។ ឥឡូវទូទាំងប្រទេសគ្លីនិកបើក ២៤ម៉ោង ពេទ្យថែមសម្ភារៈហើយ ពេទ្យបង្អែកស្រុក៦១ ទៀត ដែលមានសមត្ថភាពព្យាបាល មិនបារម្ភបញ្ជូនទៅឆ្ងាយ ករណីមានមានគ្រោះថ្នាក់អី … ហ្នឹងហើយដែលរាជរដ្ឋាភិបាលបានធ្វើ ៤០ឆ្នាំជាងនេះ។ ក្នុងអាណត្តិនេះ យើងនឹងបន្តធ្វើជូនប្រជាពលរដ្ឋតទៅទៀត។ ឱកាសថ្ងៃនេះ ខ្ញុំសូមបើកវង់ក្រចកប៉ុណ្ណេះ។  ឥឡូវខ្ញុំបិទវង់ក្រចកវិញហើយ … ពេលវាយគ្នា អ្នកមានអារម្មណ៍ល្អក៏ឈឺដែរ ព្រោះខ្ញុំមើលស្ត្រេស។ ខ្ញុំមើលតាមហ្វេសប៊ុក បងប្អូនមួយថ្ងៃៗឃើញតែអ្នកចូល។ ព្រឹកឡើងគឺស្ត្រេស មិនចង់ងើបពីគ្រែទេ។ ឥឡូវ មានពីណាមានអារម្មណ៍អញ្ចឹងអត់ ពេលដែលយើងកំពុងវាយគ្នា? ថ្ងៃខ្លះគឺស្ត្រេស អត់ចង់ធ្វើអី ព្រោះជាជាតិរបស់យើងទាំងអស់គ្នា ប្រជាជនយើង មិនដឹងថា(សង្គ្រាម)វារីកដល់ណា? ថ្ងៃខ្លះឮថា គេមកទម្លាក់នៅភ្នំពេញ។ អ្នកខ្លះថាមកទម្លាក់កាត់ផ្តាច់ស្ពានកោះកុង អ្នកកោះកុង អ្នកបាក់ខ្លងភ័យរត់។

(៤៤) ប្រមូលផ្តុំធនធាន ពេលវេលា ទប់ទល់/ដោះស្រាយវិបត្តិ scam ដែលប៉ះពាល់កិត្តិនាមរបស់ជាតិ

មើលប៉ុន្មាននាក់ ពេលដែលមានសង្គ្រាមប៉ុន្មានថ្ងៃហ្នឹងស្ត្រេសដែរ? មើលលើកដៃមើល? ឥឡូវចង់ស្ត្រេសចឹងទៀតអត់? អ្នកដែលទើសថា យើងដោះស្រាយតាមសន្តិវិធី។ ឥឡូវគ្រប់គ្នាទទួលហើយ។ យើងនឹងបន្តដោះស្រាយដោយសន្តិវិធី កុំឲ្យស្ត្រេសទូទាំងប្រទេស យកពេលដោះស្រាយបញ្ហាចំពោះមុខគឺជីវភាព។ រឿងប្រទេសយើងទាំងអស់ កងទ័ពជួរមុខលះបង់ជីវិត វីរនគរបាល វីរកងទ័ពអាវុធហត្ថ ដើម្បីការពារទឹកដី នៅពីក្រោយការគាំទ្រ (ដោយ)ប្រជាជាតិទាំងមូល តែវាប៉ះនៅមុខ វាប៉ះយើងទាំងអស់គ្នា មិនថាខ្មែរក្នុងស្រុក ខ្មែរក្រៅស្រុក យើងរួមគ្នា។ អញ្ចឹង ទាំងអស់គ្នាដោះស្រាយ យកការទទួលខុសត្រូវរួម។ រាជរដ្ឋាភិបាលនៅជាមួយប្រជាជន នៅយល់ពីចិត្តប្រជាជនក្នុងការការពារអធិបតេយ្យភាពទឹកដី ហើយសូមឲ្យប្រជាជននៅជាមួយរដ្ឋាភិបាលជឿ ថាយើងមិនបានចោលទេ គ្រាន់តែវិធីសាស្ត្រដែលយើងខិតខំដោះស្រាយក្នុងពេលនេះ គឺដោះស្រាយអស់លទ្ធភាព តាមមធ្យោបាយការទូត និងច្បាប់អន្តរជាតិ ដើម្បីយើងយកទឹកដីមកវិញ។ ប្រមូលផ្តុំធនធាន ពេលវេលា ដើម្បីផ្តោតទៅលើការដោះស្រាយ ទប់ទៅលើវិបត្តិសេដ្ឋកិច្ច ដែលប៉ះពាល់រូបភាព កិត្តិនាមរបស់ជាតិតាមរយៈ scam ការប៉ះពាល់ទៅដល់ជីវភាពរស់នៅ ដោយសាររឿងសង្គ្រាមនៅអ៊ុយក្រែន នៅមជ្ឈិមបូព៌ាសោះ ក៏វាប៉ះពាល់ប្រេង និងអតិផរណា។ ប៉ុន្តែយើងនៅជាមួយគ្នា យើងនឹងឆ្លងកាត់ការលំបាកនេះ។

(៤៥) ការធ្វើខ្លះប៉ះប្រជាពលរដ្ឋមួយចំនួន តែសូមឲ្យយោគយល់ ត្បិតធ្វើដើម្បីផលប្រយោជន៍ជាតិរួម

ពិភពលោក ដូចវដ្តនៃជីវិត។ គ្មានអីទៀងទាត់ទេ។ ពេលល្អក៏វាមាន ពេលអាក្រក់ក៏វាមាន។ គ្មានពេលល្អមួយដែលនៅរហូតទេ ហើយក៏គ្មានពេលអាក្រក់ណាដែលនៅរហូតដែរ។ អ្វីដែលសំខាន់ ពេលដែលល្អ យើងទាញផលពីល្អ។ យើងពង្រឹងខ្លួនឯង។ ពេលអាក្រក់ យកពេលហ្នឹងដើម្បីទប់។ កុំឲ្យវាអាក្រក់ខ្លាំង ហើយយកវិធីកែសម្រួលខ្លួនឯងដើម្បីឲ្យមានភាពធន់កាន់តែរឹងមាំ ដែលយើងកំពុងធ្វើរាល់ថ្ងៃនេះ តាមការកែទម្រង់ ទាំងអប់រំ សុខាភិបាល មុខងារសាធារណៈ សន្តិសុខ ការពារជាតិ … យើងមានការវះកាត់ ប៉ុន្តែដើម្បីឲ្យសុខភាពយើងកាន់តែដើរបានល្អ ការធ្វើខ្លះវាប៉ះប្រជាពលរដ្ឋមួយចំនួន យើងទទួលស្គាល់ តែសូមឲ្យយោគយល់ ធ្វើដើម្បីផលប្រយោជន៍ជាតិរួមទាំងអស់គ្នា នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ និងប្តេជ្ញាបន្តធ្វើតទៅទៀត សូមជឿចុះ។ ស្ងាត់តែមិនស្ងៀម។ ខ្ញុំគ្មានពេលដើរព្រោកប្រាជ្ញមួយថ្ងៃមួយម៉ោងតាមហ្វេសប៊ុកដូចអស់លោកមួយចំនួនទេ។ ដោយសារមិនស្ងៀម មួយថ្ងៃម្សិលមិញប្រជុំ២ ព្រឹករឿងវិស័យទេសចរណ៍ទល់តែម៉ោង២ និងប្រជុំមួយទៀតពី ពីរកន្លះ រហូតទៅដល់ម៉ោង៦ យប់ទាក់ទងរឿងការធ្វើ R&D សមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រដើម្បីបង្កើនសមត្ថ​ភាពរបស់យើង។ ពេលជាមួយគ្នា ចាំទូរស័ព្ទពីក្រុមចរចា UNCLOS ព្រោះពេលខ្លះត្រូវការការសម្រេចចិត្តនយោបាយ។ អញ្ចឹងធ្វើការ៣ ក្នុងពេលតែមួយ។ ខ្ញុំអត់មានផ្សាយឯណា។ ម្សិលមិញខ្ញុំអត់មានដេកអេះពោះទេ។ ពីព្រឹកទល់ល្ងាច។ មិនមែនរអ៊ូទេ គ្រាន់តែប្រាប់ថារាជរដ្ឋាភិបាលមិនស្ងៀមទេ។ មិនមែនតែខ្ញុំទេ គ្រប់គ្នាទាំងអស់ មន្ត្រីថ្នាក់ជាតិ ក្រោមជាតិ មិនស្ងៀមទេ តែគ្រាន់តែមិនបានផ្សាយ។

(៤៦) កំណត់ថា “ធ្វើដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិនិងប្រជាជន” នោះនឹងបានជោគជ័យ

សមិទ្ធផលកើតចេញ ដោយសារការមិនស្ងៀមរបស់យើងហ្នឹងហើយ។ ពេលខ្លះយើងស្ងាត់ពេក សូមជួយប្រាប់ផងណា។ មន្ត្រីមូលដ្ឋានធ្វើអីហ្នឹង។ ឥឡូវហ្វេសប៊ុកដាក់ទៅ ចែកគ្នាឲ្យប្រជាជនដឹងផង។ ប្រជាពលរដ្ឋយើងឥឡូវស្រួល។ ខ្ញុំឃើញការសហការ និងគាំទ្រដល់អាជ្ញាធរមូលដ្ឋានបានល្អ ជាពិសេសអ្វីដែលបម្រើឲ្យផលប្រ​យោជន៍រួមរបស់គាត់។ ដូចរឿងខ្ញុំលើកឧទាហរណ៍រឿង លោក ប៉ាង លីដា អញ្ចឹង ក៏មានអ្នកផ្សេងធ្វើដែរ ដែលគាត់ចុះវាយកន្លែងធ្នឹមអាគារធ្វើលើសធ្វើអីហ្នឹងគឺប្រជាជនគាំទ្រ ព្រោះគាត់ថាមិនមែនធ្វើដើម្បីរបស់ខណ្ឌ របស់អីទេ មិនមែនធ្វើដើម្បីទាញផលប្រយោជន៍ទេ ធ្វើដើម្បីសម្បត្តិរួម។ អញ្ចឹង ប្រជាជនគាំទ្រ កន្លែងខ្លះប្រជាជនផ្ទះនៅហ្នឹងគាត់វាយខ្លួនឯងតែម្តង … ការចូលរួមនេះគឺល្អ។ ធ្វើស្អីប៉ះស្អីក៏ដោយ ពេលខ្លះ ខ្ញុំតែងប្រាប់មន្ត្រី​របស់ខ្ញុំ គាត់ត្រូវការលើកទឹកចិត្ត។ ពេលគាត់ទៅធ្វើការងារហ្នឹង វាប៉ះពាល់គេច្រើនពេក វាមានពាក្យចចាមអារ៉ាមវាយគាត់ថាអញ្ចេះថាអញ្ចុះ។ ខ្ញុំថា បើសិនជាខ្លាច រឿងប៉ះចចាមអារ៉ាម យកខ្ញុំជាគោលទៅ។ បើពាក្យចចាមអារ៉ាមដាក់ខ្ញុំ មួយថ្ងៃគិតជាម្ហូបវិញ ហូបព្រឹក ហូបថ្ងៃ ហូបល្ងាច ហើយយប់នៅសល់ទៀត ព្រោះវាច្រើនពេក … អ្នកណាថាអីថាទៅ ដាក់ទិសដៅឲ្យច្បាស់ កំណត់យកអ្វីដែលយើងធ្វើគឺធ្វើដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ ប្រជាជន។ ខ្ញុំជឿថាយើងធ្វើបានជោគជ័យហើយ កុំពិបាក អ្នកណាថាអីថាទៅ។ ព្រោះឲ្យ ១០០នាក់ សប្បាយចិត្តទាំង ១០០នាក់ធ្វើទៅមិនរួចទេ ត្រូវតែយកការវះកាត់ណាមួយ។ កន្លែងខ្លះត្រូវតែធ្វើការវះកាត់ធំ លឿន ឈឺ ហូរឈាម។ តែបើមិនអញ្ចឹងទេ វានឹងប៉ះពាល់ខ្លួនទាំងមូលតែម្តង។ scam កើតតែនៅតំបន់មួយទេ ប៉ុន្តែវាប៉ះពាល់កិត្តិនាមប្រទេសជាតិ ធ្វើឲ្យធ្លាក់ទេសចរដែលប៉ះពាល់អ្នកអត់ដឹងអីរាប់លាននាក់។ អ្នកសៀម​រាប​អត់ដឹងផង ប៉ុន្តែគេខ្លាចរឿង scam គេអត់មកសៀមរាប។ អ្នកសៀមរាបហាលអាវ អ្នកភ្នំពេញ តំបន់ទេស​ចរណ៍ពិបាក ការវិនិយោគក៏ដូចគ្នា។

(៤៧) មិនទុក scam ឲ្យប្រទេសមានវិបត្តិទេ … បន្តបោសសំអាតតទៅទៀត

ខ្ញុំលើករឿង scam ព្រោះខ្ញុំឃើញតាមហ្វេសប៊ុកពីការប៉ះពាល់។ ខ្ញុំទទួលតែឲ្យយើងធ្វើម៉េច? យើងអនុញ្ញាតឲ្យ scam ចូលវិញដើម្បីបងប្អូនបានសប្បាយចិត្តវិញ ហើយទុកឲ្យប្រទេស(មានវិបត្តិ) … អត់ទេ។ យើងអត់ឈប់ទេ។ យើងបន្តធ្វើតទៅទៀត។ មុខរបរច្រើនណាស់។ ធ្វើទៅ។ យើងរស់តាំងពី ១៩៧៩ មកដល់នេះ តាំងពីអត់អីទាំងអស់មកដល់នេះ យើងធ្វើបានដោយគ្មានអាលុយ scam ហ្នឹង។ តើរស់ទៀតបានអត់? … យើងលំ​បាករស់ហើយ ព្រោះកាលមុន អត់អីយើងរស់បាន ស្បែកជើងផ្ទាត់ទៅបាន។ ឥឡូវទាល់តែម៉ាស៊ីនត្រជាក់បានប្រជុំបាន ឬមួយក៏យ៉ាងម៉េច? វាអត់ត្រូវអញ្ចឹង ត្រូវតែហ៊ាន(អារកាត់)។ ខ្ញុំមិនមែនប្រឆាំងចិនទេ។ ម្នាក់ៗ ថា ដេញចិនអស់។ អត់ទេ។ ចិនវិនិយោគ បើករោងចក្រមួយគគោកនៅ។ តែបើបើករោងចក្រផលិតបោកហ្នឹង អត់បានទេ។ ឥឡូវបោកច្រើន។ ឥឡូវមិនបោកតែក្រៅប្រទេសទេ បោកក្នុងប្រទេសច្រើន។ ដូចខ្ញុំឃើញឧស្សាហ៍ ជាពិសេសធ្វើបុគ្គលិកទូរស័ព្ទមកហ្មង។

មានបងស្រីម្នាក់។ ខ្ញុំអង្គុយសើច។ គាត់ដឹងថា scam តែគាត់លេងជា​មួយ។ គាត់ថត។ អ្នក scam ហ្នឹង មកពីធនាគារមួយ … គេណែនាំបងស្រី។ ប្រាប់បងឱ្យប្រយ័ត្នចាញ់បោកគេអញ្ចេះៗ។ បងប្អូនត្រូវប្រយ័ត្នអញ្ចេះៗ។ គាត់ថាអឺ។ គាត់ចេះតែលេងតទៅ … ឥឡូវបងឯងជួយផ្តល់ព័ត៌មានឲ្យខ្ញុំ ។ បងស្រីថា អត់ទេ។ ស្រាប់តែអ្នកហ្នឹង បងឯងខ្ញុំនិយាយមួយយូរ អត់ជឿខ្ញុំទៀត ខ្ញុំអន់ចិត្តណាស់បង។ ប្រយ័ត្នប្រយែងរឿងប្រព័ន្ធបច្ចេកវិទ្យានេះ ហើយងាយស្រួលណាស់។ សូមឲ្យស្ថាប័នក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ គណៈកម្មាធិការប្រឆាំងការឆបោកតាមអនឡាញ សហការគ្នាទប់រឿងហ្នឹង។ អនឡាញ scam អនឡាញល្បែង យើងបិទ ព្រោះអនឡាញល្បែង យើងសម្រេចប្រជុំថ្ងៃមុនថា … ល្បែងអនឡាញឥឡូវ វាមិនមែនល្បែងកុំព្យូទ័រអង្គុយមួយបន្ទប់ មួយអា​គាររាប់ពាន់នាក់ ដូចតែ scam អនឡាញ ដាក់នៅកុំព្យូទ័រ … យើងគ្រប់គ្រងអត់បានទេ។ គ្រោះថ្នាក់។ បើប្រ​ទេសយើងចូលក្នុងបញ្ជីប្រផេះ ហ្នឹងវាអត់ចំណេញប្រជាពលរដ្ឋយើង អ្នកដែលរកធ្វើការនៅក្នុងវិស័យហ្នឹងថា ៨០% ជនបរទេសទេ មិនមែនការងារស្រុកខ្មែរទេ។ ប្រជាពលរដ្ឋខ្មែរក៏មិនបានច្រើន …

បងប្អូនបានច្រើនឆ្នាំមកហើយ។ យើងក៏មិនយកទោសអូសដំណើរបងប្អូនធ្វើការតាមសម្មាអាជីវោ។ គ្រាន់តែបងប្អូន អតិថិជនបងប្អូន គាត់ពាក់ព័ន្ធជាមួយការឆបោកដែលធ្វើឲ្យខូចប្រទេសរបស់យើង។ គាត់យកប្រទេសរបស់យើងទៅបោកគេ។ បងប្អូន បច្ចេកវិទ្យានេះ ធ្វើឲ្យមនុស្សក្លាយទៅជាម៉ាស៊ីន ជាមនុស្សអត់មនោសញ្ចេតនា។ បើសិនជាមនុស្សម្នាក់ទៅបោកអ្នកណាមួយ យើងឃើញយើងអាណិត។ ឃើញមុខជនរងគ្រោះ យើងអា​ណិត តែការឆបោកនេះយើងអត់ឃើញអ្នករងគ្រោះទេ តែអ្នករងគ្រោះខ្លះចងកនៅអាមេរិក ខ្លះចាស់ៗ សន្សំលុយ​ចូលនិវត្ត យកមកដាក់វិនិយោគ អស់លុយ វេទនា។ ដោយសារយើងមិនឃើញ យើងគិតតែចំនួនទឹកលុយបានចូល មួយខែបានផ្ទះមួយម៉ឺន សប្បាយចិត្ត មួយខែបានប៉ុណ្ណេះ។ ខ្ញុំយល់ពីចំណូល ប៉ុន្តែអ្វីដែលបានរក្សានិងរករបរអីផ្សេងបណ្តោះអាសន្នសិនទៅ។ យើងមិនស្លាប់ដោយសារការវាយគ្នា មិនស្លាប់ដោយសារ(បាត់ចំ​ណូលពីសកម្មភាពសេដ្ឋកិច្ចខ្មៅ)នេះទេ។ អ្នកលំបាកជាងបងប្អូននៅប៉ោយប៉ែត នៅព្រះសីហនុច្រើនណាស់ ហើយនៅខេត្តព្រះសីហនុហ្នឹង ក៏មានអ្នកពឹងផ្អែកលើវិស័យទេសចរណ៍ច្រើនជាងអ្នកនៅក្នុងក្រុងព្រះសីហនុ ដែលធ្វើការពាក់ព័ន្ធ(នឹងការឆរបោក)ដែរ ដូចជានៅតាមកោះរ៉ុងតាមអី ក៏មានទេសចរមានអី សូម្បីតែឆ្នេរអូរត្រេះ ហ្នឹង បើមានទេសចរ កន្លែងដែលគេទៅ ក៏មានច្រើនដែរ …។

(៤៨) កម្ពុជា មិនពឹងផ្អែកលើសេដ្ឋកិច្ចកាស៊ីណូ ឬមួយអនឡាញ Scam ទេ

បងប្អូនខ្លះចុះទៅប្រតិបត្តិការថា “បង! យើងទៅប៉ះគេ។ ឆ្នាំងបាយគេ។ គេស្អប់យើង។” ថាទៅ ប្រាប់ថា សម្តេចបវរធិបតីឱ្យធ្វើទៅ។ ខ្ញុំទទួលខុសត្រូវ។ បើមានអី បងប្អូនចុះទៅ អ្នកណារករឿង (ទុក)ខ្ញុំទទួលខុសត្រូវ ខ្ញុំការពារ តែជៀសវាងកុំទៅធ្វើបាបគេ។ ចុះទៅអនុវត្តត្រឹមត្រូវដើម្បីបម្រើប្រទេសជាតិរបស់យើង។ (យើងត្រូវ)បិទបញ្ជីមួយដើម្បីកុំឱ្យមានហានិភ័យ។ ធ្វើការងារហ្នឹង បន្តទៀត អត់ថយក្រោយទេ។ ខ្ញុំនិយាយឱ្យច្បាស់។ អ្នកខ្លះថាធ្វើខែ៤ ចប់ខែ៦។ អត់ទេ។ អ្នកខ្លះថាធ្វើខែ៦ ហើយ ចាំខែ១២។ អ្នកខ្លះថា បន្តិចទៀតរាជរដ្ឋាភិបាលឱ្យបើកហើយ បិទអនឡាញ តែឱ្យភ្នាល់អនឡាញ។ អត់ទេ។ អ្នកខ្លះដើរធានា តែរត់ការឡាយសិន license អត់បានទេ។ កម្ពុជាក៏មិនត្រូវការពឹងផ្អែកទៅលើសេដ្ឋកិច្ចពីកាស៊ីណូទេឬមួយក៏រឿងអនឡាញស្កែម(Scam) ទេ។ យើងត្រូវពឹងផ្អែកទៅលើសេដ្ឋកិច្ចផ្សេងទៀតដែលមានច្រើន។ សូម្បីតែសុខាភិបាលហ្នឹងក៏ជា Business មួយដែរ។ វិស័យឯកជនដែលវិនិយោគហ្នឹងក៏ជាអាជីវកម្ម តែយើងមានក្របខ័ណ្ឌក្នុងការផ្តល់សេវា។ អ្នកដែលធ្វើការក្នុងហ្នឹង ក៏ជាការងារមួយដែរ មិនខុសពីអ្នកធ្វើការនៅក្នុងសណ្ឋាគារទេ គ្រាន់តែអាជីពខុសគ្នា មុខរបរខុសគ្នាតែប៉ុណ្ណឹង។ អាជីពទាំងអស់នេះគឺស្អីដែលចិញ្ចឹមសេដ្ឋកិច្ចរបស់យើង។ ពេលខ្លះយើងរើសទាំងពីរមិនបាន យើងត្រូវយកមួយ។ យកមួយត្រូវយកឱ្យចំ យកអីដែលផលប្រយោជន៍ធំសម្រាប់ជាតិយូរអង្វែងយក …

(៤៩) “ជារដ្ឋមន្ត្រី ជាចៅហ្វាយខេត្ត ជាចៅហ្វាយស្រុក ជាមេឃុំ ជាអាជ្ញាធរ មេប៉ូលីស មេ PM បើមិនហ៊ានអនុវត្តច្បាប់ ដោយសារខ្លាចប៉ះអារម្មណ៍ ក៏សូមឈប់ទៅ …”

បើថាធ្វើ​រដ្ឋាភិបាល ធ្វើរដ្ឋមន្ត្រី ធ្វើចៅហ្វាយខេត្ត ធ្វើចៅហ្វាយស្រុក ធ្វើមេឃុំ អាជ្ញាធរ មេប៉ូលីស មេ PM ឬមេអី មិនហ៊ានអនុវត្តច្បាប់ ដោយសារខ្លាចប៉ះអារម្មណ៍គេ ឈប់ធ្វើទៅ។ អត់ខ្លាចអារម្មណ៍ប្រជាពលរដ្ឋ ១៧លាននាក់ទេឬ? សម្ងំសុខតែខ្លួនឯង! អញ្ចឹង បានកន្លែងខ្លះ យើងត្រូវការកែសម្រួលក្បាលម៉ាស៊ីនមួយខេត្ត ព្រោះគាត់អត់ធ្វើ។ មិនមែនគាត់ចូលដៃទេ។ អញ្ចឹង យើងដាក់អ្នកសកម្មជាងមុន។ កន្លែងហ្នឹងគឺទុក។ យើងមិនមែនរឿងប៉ះដៃកាត់ដៃប៉ះជើងកាត់ជើងទេ។ ខ្ញុំហៅមកណែនាំផ្ទាល់ច្រើនដងហើយ។ គ្មាននាយករដ្ឋមន្ត្រីណាហៅចៅ​ហ្វាយខេត្ត ហៅមេ PM មកអង្គុយណែនាំផ្ទាល់ទេ។ ខ្ញុំផ្តល់ឱកាស បងប្អូនខិតខំ ប៉ុន្តែធ្វើវាលំបាក។ យើងត្រូវកែសម្រួល។ ដាក់អ្នកថ្មីទៅ ទទួលខុសត្រូវ។ បើធ្វើមិនបានចេញទៀត។ ថ្ងៃមុនត្រូវកែចៅហ្វាយស្រុកមួយ។ ឥឡូវតែងតាំងថ្មី។ ធ្វើមិនចេះអស់បញ្ហា។ វាមានអ្នកមិនចេះអស់ដែលខំប្រឹងធ្វើ តែអ្នកមិនចេះអស់ដែលមិនធ្វើ ទាល់តែយកឈើដោត។ អ្នកដែលយកឈើដោតហ្នឹងគឺមិនបាច់ទេ កុំឱ្យហត់អ្នកដោត ឱ្យអ្នកថ្មីទៅ … ហើយកុំថាបោះឆ្នោត មិនហ៊ានដូរបក្សខេត្ត បក្សស្រុក ឬមួយក៏ប្រធានសុ្រក ប្រធានខេត្ត … មិនដូចនោះទេ។

(៥០) Scam ជាបន្ទាត់ក្រហម … មានឆន្ទៈធ្វើហើយ តែធ្វើមិនទាន់អស់ វាប្រសើរជាងអត់ឆន្ទៈធ្វើ

ត្រូវតែធ្វើ។ បើមានអភិក្រមវះកាត់គឺធ្វើហើយ។ ការយោគយល់កម្រិតណា វាមានបន្ទាត់ក្រហម។ រឿង Scam នេះជាបន្ទាត់ក្រហម។ រឿងផ្សេងៗទៀតយើងមើលតាមទំហំបញ្ហា។ កន្លែងខ្លះ យើងធ្វើការវះកាត់ កន្លែងខ្លះយើងធ្វើការអប់រំណែនាំ។ យើងផ្តល់ឱកាស តែត្រូវធ្វើ។ គ្មាននរណាល្អឥតខ្ចោះទេ សំខាន់(មាន)ឆន្ទៈធ្វើអត់? (មាន)ឆន្ទៈធ្វើ(ហើយ) ធ្វើមិនទាន់អស់ វាប្រសើរជាងអត់ឆន្ទៈធ្វើ … ខ្ញុំសូមនិយាយឱ្យច្បាស់តែម្ដង បើយកការទទួលខុសត្រូវរឿងនេះ បាត់ប្រយោជន៍ការងារបាត់អី ដាក់បន្ទុកមកខ្ញុំចុះ។ ខ្ញុំសូមទទួល។ ព្រោះខ្ញុំជាអ្នកចេញបញ្ជា ខ្ញុំហ៊ានទទួល។ តែខ្ញុំសូមឱ្យច្បាស់ ការទទួលខុសត្រូវនេះ គឺដើម្បីប្រទេសជាតិទាំងមូល ព្រោះយើងត្រូវអង្គុយជាមួយគ្នា។ អនាគតប្រទេសយើង ១៧លាននាក់ ថ្ងៃក្រោយ ២០លាននាក់ យើងមិនអាចរស់នៅក្នុងពេលដែលប្រទេសយើងត្រូវគេវាយប្រហារ វាយហើយវាយទៀត ពិភពលោកថ្កោលទោស ហើយគេបន្ត(ថ្កោលទោស)ដោយយើងមិនធ្វើអីអំពីរឿង Scam នោះទេ។

(៥១) បញញចប់រឿង Scam ជាកា​តព្វកិច្ចជួយឱ្យកន្លែង/តំបន់/ខេត្ត/រាជធានី ល្អជាងមុនសម្រាប់កូនចៅរស់នៅដោយសុខភាព

យើងធ្វើពីមុន។ យើងមិនមែនមិនធ្វើទេ។ អាណត្តិមុនៗ ក៏យើងខំប្រឹងធ្វើដែរ។ ប៉ុន្តែដល់ពេលពីក្រោយសង្គ្រាមនេះ យើងដាក់អភិក្រមមួយលេងកាំភ្លើងធំតែម្តង។ កាលមុន យើងប្រើត្រឹមត្បាល់៦០ ត្បាល់១២០ ឥឡូវលេង BM តែម្តង។ ជញ្ជ្រំហើយ។ អត់មានជញ្ជ្រំហើយ ចាំឱ្យងើបឡើងវិញទៀតទេ។ ជញ្ជ្រំហើយ អត់ឱ្យងើបឡើងវិញទេ។ ដាក់ទិសដៅបញ្ចប់រឿងហ្នឹងមួយ។ ដកចេញ។ កុំស្តាយ។ ស្តាយឱកាសមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលទទួលជាប្រធានស្ថាប័ន យើងស្តាយឱកាសដែលយើងកាន់តួនាទីហ្នឹងហើយ ដែលយើងត្រូវមានកា​តព្វកិច្ចជួយឱ្យកន្លែង/តំបន់របស់យើង/ខេត្តរបស់យើង/រាជធានីរបស់យើង ក្លាយជាកន្លែងមួយដែលពេលយើងចេញទៅ កន្លែងហ្នឹងវាល្អជាងមុនសម្រាប់កូនយើង សម្រាប់យើងរស់នៅដោយសុខភាព កុំឱ្យជាខេត្តមួយ/ជាក្រុងមួយដែលប្រឡាក់ឈ្មោះ ហើយយើងមិនបានខិតខំអស់លទ្ធភាព … សូមកុំស្តាយថា ក្នុងពេលហ្នឹង ឯងមិនបាន២០-៣០ លានឬ ១០០លានដូចគេ។ កុំស្តាយអាហ្នឹង។ ធ្វើវិនិយោគអីស្របច្បាប់ រឿង Business យើងស្វាគមន៍។ ដូចវិនិយោគពេទ្យឯកជនហ្នឹង ខ្ញុំមិនមែនបដិសេធទេ គ្រាន់តែកុំឱ្យធ្វើនៅក្នុងពេទ្យរដ្ឋ ទៅធ្វើនៅក្រៅ។ យើងលើកស្ទួយវិនិយោគដើម្បីពង្រីកសមត្ថភាពព្យាបាល បង្កើតពេទ្យបន្ថែម បណ្តុះបណ្តាលពេទ្យ សម្រាប់បុគ្គលិកឯកជនទៅ ជាជាងទៅយកពេទ្យ ដែលមានក្របខ័ណ្ឌក្នុងពេទ្យស្រាប់ …​ យកវេជ្ជបណ្ឌិតយកអីយើង ដែលទើបចេញពីសាលាថ្មីៗ មកធ្វើបុគ្គលិកពេទ្យឯកជនថ្មី បានការងារថ្មីផង អាហ្នឹងបង្កើតការងារ។ ប៉ុន្ដែបើមកធ្វើ រឿងScam នេះ អត់លេងទេ។

(៥២) ដល់ពេលធ្វើ Review កាស៊ីណូឡើងវិញហើយ

ខ្ញុំកំពុងឱ្យមើលកាស៊ីណូយើងជាង ១០០ហ្នឹង។ ឥឡូវដល់ពេល Review ឡើងវិញហើយ។ តើចាំបាច់ត្រូវមានច្រើនអញ្ចឹងទេ? លក្ខខណ្ឌឥឡូវយើងបង្កើនហើយ ការវិនិយោគត្រូវឡើងដូចប៉ុន្មាន ១០០លាន? កាលមុនយើងតិច។ អញ្ចឹង ផ្ទះល្វែងមួយ ក៏ទៅជាកាស៊ីណូ។ ឥឡូវឱ្យមើល … (ត្រូវមាន)ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ … គោលគំនិតដើម មិនមែនយកកាស៊ីណូដើម្បីកាស៊ីណូទេ។  រាជរដ្ឋាភិបាល ដាក់ចេញឱ្យបើកកាស៊ីណូ នៅព្រំដែនដើម្បីទាញសកម្មភាពសេដ្ឋកិច្ចផ្សេងទៀត ដូចនៅ Las Vegas នៅម៉ាកាវ មិនមែនកាស៊ីណូដើម្បីមនុស្សទៅលេង ឈ្នះចាញ់មានបាន ដោយសារកាស៊ីណូទេ គឺដើម្បីបង្កើត Restaurant បង្កើតផលិតផលទេសចរណ៍ផ្សេងៗ ទាញទៅកំពង់សោម។ លេងបន្តិចបន្តួចហ្នឹង វាលេងជាការអម។ អញ្ចឹងយើងត្រូវមើលអភិក្រម។ ខ្ញុំឱ្យឯកឧត្តម យ៉េត វីណែល ព្រោះខ្ញុំបានតែងតាំង គ.ល.ក ថ្មី ដើម្បីដឹកនាំយន្តការថ្មី … យន្តការចាស់ ប្រធានចាស់ អនុប្រធានចាស់ បានធ្វើការបំពេញមួយរយៈហើយ ក៏បាន​ប្រែប្រួលទៅ។ ដាក់មេទ័ពថ្មី។ កន្លែងខ្លះ ដាក់មេទ័ពថ្មី ដាក់យន្តការថ្មី រុញទៅថ្មី ឱ្យគិតគូរពីក្របខ័ណ្ឌទស្សនទានរបស់យើងនៅក្នុងវិស័យ ព្រោះវាជាផ្នែកមួយតូចនៃវិស័យទេសចរណ៍ និងសេវាកម្មទេ។ វាមិនមែនជាស្នូលទេ។ មានអ្នកខ្លះចង់សុំអាជ្ញាប័ណ្ណកាស៊ីណូនៅសៀមរាប។ ដាច់ខាត (មិនបានទេ)។ តាំងពីសម្តេចតេ​ជោ​ មកដល់រដ្ឋាភិបាលថ្មី ដែលខ្ញុំដឹកនាំគឺដាច់ខាតមិនឱ្យមានអាជ្ញាប័ណ្ណកាស៊ីណូណានៅសៀមរាបទេ និ​យាយឱ្យច្បាស់ … អត់មានទេ។ សូមកុំមកសុំអាជ្ញាប័ណ្ណកាស៊ីណូនៅខេត្តសៀមរាប។ ឱ្យធ្វើធ្វើសណ្ឋាគារ ធ្វើស្អីឱ្យធ្វើ ប៉ុន្តែកាស៊ីណូសៀមរាប គឺអត់ទេ។ បើថា រលំដោយសារអត់មានកាស៊ីណូ ក៏រលំចុះ។ យកការទទួលខុសត្រូវជាខេត្តបេតិកភណ្ឌ។ មានអ្នកមកសួរ។ ឥឡូវមានសួរទៀត។ អត់ទេ។ ខ្ញុំសូមប្រកាស។ ជួនកាល ខ្ញុំជូនដំណឹងទៅអ្នកស្ងាត់ៗ ប្រាប់វាអត់អស់។ និយាយតាមមេក្រូតែម្តងទៅ។ បន្តិចទៀត គេថត កាត់បន្តិចៗ ហើយអ្នកសារព័ត៌មានយើងច្រើន ៣ម៉ោង ២ម៉ោងហ្នឹងកាត់យកចំណុចអញ្ចឹងៗ ទៅផ្សព្វផ្សាយឱ្យដឹង …។

(៥៣) ដែលអន្តរជាតិសហការធ្វើសន្និសីទអន្តរជាតិនៅកម្ពុជា ប្រឆាំងនឹង Scam ជាការទទួលស្គាល់ធំធេងចំពោះការខិតខំប្រឹងប្រែងរបស់យើង

រឿងអនឡាញ ភ្នាល់ល្បែងអី ម៉ោងនេះយើងផ្អាកហើយ។  ពីដើមខែ១០ ទៀតទៅ គឺហ្គេមអនឡាញ (Game Online)។ យើងបន្តវាយរហូត មិនឱ្យងើបឡើងវិញទេ។ ច្បាប់យើងមាន អីយើងមាន។ ថ្ងៃ២០កញ្ញាជាងនេះ យើងធ្វើសន្និសីទអន្តរជាតិមួយ។ ជាមោទនភាពរបស់យើងខ្លាំងណាស់ ដែលក្នុងរយៈពេលតែប៉ុន្មានខែបានប្រែក្លាយពីប្រទេសមួយដែលគេចោទប្រកាន់ សារព័ត៌មានវាយយើងរឿង Scam។ យើងជាជនរងគ្រោះ … ប្រទេសផ្សេងៗ មាន scams ដែរ តែគេអត់វាយប្រទេសទាំងនោះ។ ប្រទេសផ្សេងក៏មានដែរ។ សូម្បីតែប្រទេសដែលជេរយើងរាល់ថ្ងៃហ្នឹង ក៏មាន Scam ពេញនៅក្នុងហ្នឹងដែរ ហើយមនុស្សដែលឆ្លងដែនចូលខុសច្បាប់ ភាគច្រើន ចេញពីហ្នឹង ចូលមកខ្មែរ ចូលទៅភូមា … (ដែលប្រទេស/សារព័ត៌មានទាំងនោះបាន)ប្រែពីវាយប្រហារយើងជាឋានសួគ៌របស់ពួក Scam មកជាកន្លែងមួយដែលគេទទួលស្គាល់ថាបានធ្វើជោគជ័យ(ក្នុងការកម្ចាត់ Scam) ហើយអន្តរជាតិសហការជាមួយយើងធ្វើសន្និសីទអន្តរជាតិនៅកម្ពុជាប្រឆាំងស្កែមនឹង Scam គឺជាការទទួលស្គាល់ធំធេងណាស់ របស់អន្តរជាតិ ចំពោះការខិតខំប្រឹងប្រែងរបស់យើង

អង្គការ UN, UNIDO, FBI និងអង្គការរបស់ចិន មិនដាក់ឈ្មោះជាសហប្រធានរៀបចំកម្មវិធីជាមួយប្រទេសណា​ដែលមានបញ្ហាទេ តែដោយភាពជោគជ័យរបស់យើងមកដល់ម៉ោងនេះធ្វើបាន៧០%(ពួកគេក៏ចូលរួម)។ នៅសល់តូចៗ​ ៣០%។ កុំឱ្យ ៣០% ទៅជា៧០% វិញ។ ត្រូវឱ្យ៣០% ទៅជា២០% ទៅជា១០%។ យើងត្រូវបន្តធ្វើតទៅទៀត។ ខ្ញុំសូមអរគុណដល់មន្ត្រីអនុវត្តច្បាប់គ្រប់រូបទាំងអស់ ទាំងថ្នាក់ជាតិក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការប្រឆាំងការឆបោក អ្នកខ្លះគេហៅ គ. ប. ឆ. ប. ថាជា គណៈកម្មាធិការបោកឆ្នាំងបាយគេ។ តាមដំណើរ។ មន្ត្រីមូលដ្ឋានដឹងទាំងអស់ ឮទាំងអស់ … សូមបន្តធ្វើតទៅទៀត។ រួមគ្នាធ្វើ ហើយនៅពីលើហ្នឹង បន្តតាមដាន ព្រោះចំពោះ Scam មួយ អត់ប្រណីទេ។ ហ្នឹងជាបន្ទាត់ក្រហមហើយ។ រឿងអី និយាយគ្នាបាន តែរឿងហ្នឹងមួយសម្រាប់រដ្ឋាភិបាលនេះគឺបន្ទាត់ក្រហមហើយ។ សន្តិសុខមានរឿងច្រើនដូចជា ភូមិឃុំសុវត្ថិភាព  ក្មេងទំនើង គ្រឿងញៀនអី យើងនឹងខិតខំធ្វើ តែរឿងហ្នឹងមួយកុំប្រណី។

ដូចជាមានចៅហ្វាយស្រុកមួយចំនួនទៀតត្រូវដូរ។ កន្លែងខ្លះ មានស្នងការរងមានស្អីផង។ ក្រសួងមហាផ្ទៃ កំពុងស្រាវជ្រាវបន្ថែមទៀត។ កន្លែងខ្លះ ACU ទៅ កន្លែងខ្លះគណៈកម្មាធិការ។ កុំបៀតឱ្យសោះ។ ដាក់កាំភ្លើងធំ BM ហើយ។ អត់ឱ្យងើបឡើងវិញទេ។ ធ្វើអី ចំណាយអត់ប្រយោជន៍ ធ្វើបានប៉ុន្មានខែ ងើបឡើងវិញ។ អត់ទេ។ លំបាកអ្នកណា លំបាកទាំងអស់គ្នាហ្នឹង។ ទាំងអ្នកដែលបានផលហ្នឹងផង។ បើប្រទេសយើងវេទនា អ្នកដែលបានផល ដោយការជួលផ្ទះ ស្អីៗ  ចេញទៅក្រៅ(ប្រទេស)ក៏លំបាក ធ្វើអីក៏លំបាក។ ប្រទេសខ្មែរមួយ ដែលគេមើលស្មានតែសប្បាយចិត្តហ្អី? មានលុយជិះ Business Class ទៅលេងនៅក្រៅ(ប្រទេស) ទៅដល់គេសួរមកពីកម្ពុជា គេនាំគ្នាសើចរឿង Scam។ យើងសប្បាយចិត្តទេ? សូម្បីអ្នករកស៊ីត្រឹមត្រូវក៏គាត់រអៀសចិត្តដែរ។ សួរឧកញ៉ាមួយចំនួន រកស៊ីមិនអីទេ ប៉ុន្តែទៅក្រៅរាងដូចខ្មាសៗ គេបន្តិច។ ហ្នឹងតាំងពីដើមឆ្នាំ តាំងពីអីមក ព្រោះគេវាយយើងច្រើនពេកគ្រប់កន្លែង។ ទៅប្រទេសខ្លះ យើងធ្លាប់ជិះតាក់ស៊ី គេថាកម្ពុជា(មាន)អង្គរវត្ត ឥឡូវគេថាកម្ពុជា ឮតែខេត្តព្រះសីហនុមួយ គេមិនចង់មក ដោយសាររឿងគេផ្សាយរញ៉េរ៉ញ៉ៃ។

(៥៤) ផ្សព្វផ្សាយល្អអំពីខេត្តព្រះសីហនុ និងតំបន់ប៉ះពាល់ពីផលសេដ្ឋកិច្ចខ្មៅឡើងវិញ

យើងត្រូវរួមគ្នាសម្អាត​ហើយផ្សព្វផ្សាយល្អពីខេត្តព្រះសីហនុឡើងវិញ។ ផ្សព្វផ្សាយអំពីតំបន់ប៉ះពាល់ឡើងវិញ។ ប្រជាជនខេត្តព្រះសីហនុ បាវិត ប៉ោយប៉ែត ជ្រៃធំ ដែលធ្លាប់បានផលពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចខ្មៅនេះ ខ្ញុំសូមឱ្យមានការយោគយល់។  យើងខិតខំដោះស្រាយជាកញ្ចប់រួមតែម្តង។ សូមឱ្យបងប្អូនយោគយល់ ហើយរួមគ្នាថែរក្សាឆ្នាំងបាយរួមរបស់យើង។ គឺប្រទេសយើងបានហូបទាំងអស់គ្នា។ វិនិយោគ ទេសចរណ៍មក ជាតិយើង បានដើរមុខមាត់ប្រជាជនយើង កុំឱ្យទៅណាក៏គេចំអក ឬមួយក៏គេនិយាយតែពីរឿងហ្នឹង។ យើងចាប់ផ្តើម​សម្អាតរឿងហ្នឹងចោលទៅ។ យើងវេទនាហួសហេតុហើយ ៥០០ឆ្នាំនៃសង្គ្រាម ប្រល័យពូជសាសន៍  ប្រទេសបែកបាក់។ ឥឡូវចង់ស្អីទៀត? ឈឺចាប់ច្រើនហើយ។ ឈឺចាប់ដោយសារឈ្លានពានមួយ។ កុំឈឺចាប់ដោយ​សារ​ខ្លួនឯង។ កុំឈឺចាប់ដោយសារជាតិខ្លួនឯង។ ធ្វើរឿងហ្នឹងបំផ្លាញកេរ្ដិ៍ឈ្មោះជាតិខ្លួនឯង។ រួមគ្នាថែរក្សាទៅ គ្មាននរណាមកជួយខ្មែរជាងខ្មែរទេ។ បរទេសមករកស៊ីនៅនេះ ធ្វើ Scam បានលុយ គេទៅស្រុកគេចប់ … គេមិនមែននៅជាមួយយើងទេ។ យើងទេដែលនៅ។ កន្លែងខ្លះយើងត្រូវការសម្អាតរាប់សិបឆ្នាំដើម្បីលាងឈ្មោះកន្លែងហ្នឹង ហៅទេសចរល្អមកវិញ ។ អាភក់ប្រឡាក់មួយភ្លែតទេ តែទម្រាំតែបោកឱ្យវាជ្រះដានយូរណាស់។ បើយើងមិនខំដុសលាងទេ ខំយកតែភក់មកទៀត ដុសមិនចេញទេ។

(៥៥) ឱ្យលុយចូលកាបូបប្រជាជនតាមសេដ្ឋកិច្ចល្អ កំណើនត្រឹមត្រូវ កសាងភាពធន់ កាត់បន្ថយហានិភ័យវិនិយោគ លុបបំបាត់បទល្មើសឧក្រិដ្ឋកម្មឆ្លង ដែនរួមមាន Scam និងគ្រឿងញៀន

រឿងមួយនេះ គឺយើងត្រូវតែរួមគ្នាធ្វើការងារតទៅទៀត។ អ្នកប៉ះពាល់ សូមយោគយល់ តែយើងធ្វើដើម្បីប្រទេសជាតិ។ ខ្ញុំមិនមែនធ្វើដើម្បី ដេញពីនេះចូលពីនោះទេ។ មានអ្នកខ្លះគិតថា នាយករដ្ឋមន្ត្រីដេញ Scam អនឡាញ ដើម្បីទាញចូលល្បែងអនឡាញ ដើម្បីខ្លួនឯងបានលុយ ឱ្យអាជ្ញាប័ណ្ណ។ អត់លេងជាមួយទេ។ អត់មានត្រូវការលុយហ្នឹងទេ។ ខ្ញុំមានត្រូវការលុយស្អី? បើលុយនៅក្នុងកាបូបប្រជាជនគឺជារបស់ដែលមានទៅហើយ។ ធ្វើម៉េចឱ្យតែប្រជាជនយើងមានបានគឺជារបស់ដែលរដ្ឋាភិបាលមានហើយ។ គ្មានត្រូវការលុយពីចំណូល ពីវិស័យហ្នឹង ដែលធ្វើឱ្យបាត់លុយពីប្រជាជនទេ។ សុខចិត្តលុយចូលកាបូបប្រជាជន តាមសេដ្ឋកិច្ចល្អ កំណើនត្រឹមត្រូវ និងការកសាងភាពធន់ កាត់បន្ថយហានិភ័យ នៃការធ្វើវិនិយោគនៅកម្ពុជា លុបបំបាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន រួមទាំង Scam ការប្រឆាំងគ្រឿងញៀន ដែលយើងត្រូវវាយបន្តទៀត។

(៥៦) នាយករដ្ឋមន្ត្រីដឹកនាំយន្តការកែទំរង់៣ គឺមុខងារសាធារណៈ អប់រំ និងសុខាភិបាល

វិធានការគន្លឹះទី៤ គឺការ រក្សា ឃុំ-សង្កាត់ សុវត្ថិភាពនេះ ដែលមានក្រសួងមហាផ្ទៃជាតួអង្គដឹកនាំបន្តអនុវត្តធ្វើ។ កិច្ចការនេះ ក៏បានខិតខំ។ យើងក៏មានអាជ្ញាធរប្រឆាំងគ្រឿងញៀន។ យើងនៅបន្តធ្វើតទៅទៀត។ រឿងដោះស្រាយប្រព័ន្ធយុត្តិធម៌ មានក្រសួងយុត្តិធម៌ដឹកនាំ យន្តការដែលនាយករដ្ឋមន្ត្រីដឹកនាំ មានតែ ៣ទេ កែទម្រង់ មុខងារសាធារណៈ ដែលមានឧបនាយករដ្ឋមន្ត្រី មុខងារសាធារណៈ ជាអ្នកដឹកនាំប្រតិបត្តិ។ ខ្ញុំនៅពីលើ មើលផ្ទាល់។ កែទម្រង់អប់រំ ដែលមានក្រសួង និងគណៈកម្មាការអនុវត្តមួយ និងសុខាភិបាល ដែលមានរដ្ឋមន្ត្រីសុខាភិបាលប្រតិបត្តិ ដែលខ្ញុំនៅជាមួយ មិនមែនទៅធ្វើការជំនួសទេ ប៉ុន្តែវិធានការគន្លឹះដើម្បីធានាការតម្រង់ទិសខ្លះ និងទម្លាក់ទុនពិសេសខ្លះ ដើម្បីយើងធ្វើបន្ថែមឱ្យបានលឿន។ លុយក្រសួងមានហើយ ប៉ុន្តែដូចធ្វើមណ្ឌលសុខភាព ៦១ហ្នឹង នៅក្នុងផែនការក្រសួងអត់មានទេ។ ទាល់តែប្រើឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រី ទើបអាចយកលុយហ្នឹង យកមកចំណាយបន្ថែម។ អញ្ចឹងទាល់តែនៅជាមួយគ្នា។

អញ្ចឹង កិច្ចការអាទិភាពអាណត្តិនេះ មាន ៣ហ្នឹង មុខងារសាធារណៈ ដែលយើងចំណាយច្រើនទៅលើការការពង្រឹងរឿងប្រឡងស្អីនេះ។ មន្ត្រីឥឡូវ យើងប្រឡងជិត ២០ម៉ឺននាក់ យកតែប៉ុន្មានពាន់នាក់ទេ។ តែអត់មាន Complain ទេ ក្នុងសម័យ ហ្វេសប៊ុក (Facebook)។ តែហ៊ានធ្វើអត់មានយុត្តិធម៌ ត្រឹមត្រូវហ្នឹង ចេញមកពេញ ហ្វេសប៊ុក ហ្នឹងឥឡូវហើយ។ យើងធ្វើបានត្រឹមត្រូវ។ ធានាអ្នកជាប់គឺជាប់ដោយចេះ អ្នកធ្លាក់គឺដោយអស់ចិត្ត បានន័យថា អត់មានសង្ស័យទេ។ អត់មានសង្ស័យថា ខ្ញុំធ្វើបានល្អ(មិនជាប់)ទេ។ ត្រូវយកជាអភិក្រម។ ឥឡូវយើងពង្រឹងគុណាធិបតេយ្យក្នុងក្រសួងសាធារណៈទៀត។ ប្រាក់ឧបត្ថម្ភលើកទឹកចិត្តទៅលើសមិទ្ធកម្ម។ ម្សិលមិញ ជួបឯកឧត្តម ប៉ែន បូណា។ យើងឱ្យអ្នកណាធ្វើស្អីៗ មាន KPI ដើម្បីឧបត្ថម្ភមន្ត្រីហ្នឹង។ មុខងារគោលនយោ​បាយដែលកន្លងទៅអ្នកខ្លះអត់ធ្វើ ឧទាហរណ៍ ក្រសួងស្ថាប័នមួយ កន្លែងខ្លះមានគម្រោង កន្លែងហ្នឹង សកម្មទៅ គេចង់តែនៅ ទៅកន្លែងខ្លះទៀត ត្រឹមតែសរសេរ។ អញ្ចឹង យើងគិតថា ឥឡូវមុខងារហ្នឹងសំខាន់ ត្រូវមានគោលការណ៍ឧបត្ថម្ភឱ្យគាត់។

ត្រូវធានាការតែងតាំង ចាត់តាំងផ្ទៃក្នុងក្រសួង។ ខ្ញុំបានណែនាំត្រូវធ្វើឱ្យចំគោលដៅគុណាធិបតេយ្យ ពិនិត្យលទ្ធភាពឱ្យចំគោលដៅ ការរើសមន្ត្រីថ្មី ត្រូវប្រឡង មាននិយាមច្បាស់លាស់។ ឥឡូវ ប្រឡងយកមន្ត្រីនៅខាងវិទ្យាស្ថានជាតិស្ថិតិ ត្រូវយកអ្នកចេះអី ជំនាញស្អី ហើយប្រឡងស្អី ឱ្យច្បាស់ មិនមែនយកជំនាញវិស្វករសំណង់ យកទៅធ្វើស្ថិតិទេ។ គាត់អាចរៀនខ្លះ ប៉ុន្តែរើសអ្នកខាងស្ថិតិតែម្តង។ ឧទាហរណ៍ ប្រឡងគយ ពន្ធដារ ត្រូវតែចេះ Account ឬមួយស្អី ដែលចំគោលដៅ។ យើងយកឱ្យចំជំនាញ។ អ្នកដែលអត់ចេះ ដែលមានស្រាប់ បណ្តុះបណ្តាលឱ្យចំទៅ ជាជាងស្នើសុំមន្ត្រីថ្មី។ មន្ត្រីដែលមានស្រាប់ បណ្តុះគាត់ថែគាត់ជំរុញគាត់ឱ្យទៅ ឱ្យបានប្រសិទ្ធភាព ជាជាងមាន ១០នាក់ មានតែ ៥នាក់ទេ ធ្វើការបាន ឯ ៥នាក់ទៀត គាត់អត់ទៅរួច។ សុំបន្ថែម ៥ទៀត … ត្រូវបង្រៀនគាត់ឱ្យចេះធ្វើការ។

រក្សាឱ្យនៅ គឺមន្ត្រីមូលដ្ឋានត្រូវធានាមានមន្ត្រី។ ការិយាល័យស្រុកខ្លះ កន្លែងខ្លះ អត់មានមនុស្សទេ ព្រោះកន្លែងខ្លះបំពេញបាន ១ឆ្នាំ ២ឆ្នាំ គាត់សុំផ្ទេរ។ ថ្ងៃមុន ខ្ញុំទៅកំបូល ជាយក្រុងភ្នំពេញហ្នឹង ក៏គាត់ថា ពិបាករកគ្រូដែរ ប្រៀបធៀបជាមួយភ្នំពេញកណ្តាល(ក្រុង)។ អញ្ចឹង ថ្ងៃក្រោយ កន្លែងហ្នឹងខ្វះប៉ុន្មាន យើងបង្កើតមន្ត្រីក្រប​ខ័ណ្ឌ កិច្ចសន្យាការងារ ឱ្យប្រាក់ខែ អត្ថប្រយោជន៍ដូចគ្រូអាជីពទាំងអស់ តែទាល់តែគាត់ទៅបង្រៀនហ្នឹងបានៗ ក្របខ័ណ្ឌហ្នឹង អត្ថប្រយោជន៍ហ្នឹង។ អញ្ចឹង យើងលែងបារម្ភរឿង លើសមន្ត្រីទៀតហើយ។ គរកន្លែងមួយ អីមួយទៀតហើយ។ យើងដាក់ទិសដៅពីដើមអាណត្តិដែលយើងបានធ្វើ។ (យើង)កំពុងតែធ្វើការសាកល្បង តែយើងបានធ្វើដើម្បីអី? ដើម្បីធានានូវគុណាធិបតេយ្យជូនមន្ត្រី។ យើងត្រូវគិតពីយុត្តិធម៌ឱ្យគាត់ដែរ។ បើយកមកច្រើន គរជើងគ្នា អត់មានកន្លែងធ្វើការ កន្លែងអង្គុយអត់មាន យកធ្វើអី? នេះជារឿងកែទម្រង់ ដែលយើងបានធ្វើ រឿងដែលខ្ញុំសូមលើកពេលនេះ រៀងយូរតិចចុះ។ ឥឡូវទើបប៉ុន្មាន? ម៉ោង ងាប់ហើយអី? ម៉ោងទើប ៨ កន្លះ។ ឈប់និយាយហើយ។ យូរៗ ជួបម្តង ចង់បង្ហាញតែប៉ុណ្ណឹងទេ សុទ្ធតែពាក់ព័ន្ធ។ ថ្ងៃនេះ សុំប៉ុណ្ណឹងចុះ អត់តទៀតទេ …។

អត្ថបទទាក់ទង