Grand News Asia Close

ស្វាស៊ីបាយ លាបមាត់ពពែ

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ទស្សនៈ-Opinion ព័ត៌មានជាតិ 1009
ស្វាស៊ីបាយ លាបមាត់ពពែ ស្វាស៊ីបាយ លាបមាត់ពពែ

សេចក្តីថ្លែងការណ៍របស់លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ នៅក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការផ្សះផ្សា(UNCLOS) នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានព្យាយាមធ្វើខ្លួនជាជនរងគ្រោះដ៏គួរឲ្យអាណិត និងតាំងខ្លូនជាអ្នកស្រឡាញ់សន្តិភាព ហើយកម្ពុជាទៅវិញទេ ដែលជាអ្នកបង្កបញ្ហាមិនចេះចប់។ ប៉ុន្តែការលើកឡើងបែបនេះ គឺជាការភូតកុហកបោកប្រាស់ដ៏គួរឲ្យអៀនខ្មាស់បំផុត លាបពណ៌មកលើកម្ពុជា ដែលជាអ្នករងគ្រោះពិតប្រាកដពីការរំលោភឈ្លានពានរបស់ថៃ។

រដ្ឋមន្ត្រីការបរទេសថៃ អះអាងថា MOU 2001 បានបរាជ័យ ហើយថៃសម្រេចលុបចោល ដើម្បីចាប់ផ្តើមការចរចាជាថ្មី។ ការលុបចោល MOU 2001 ជាឯកតោភាគីរបស់ថៃ បានធ្វើឱ្យបាត់បង់ក្របខណ្ឌចរចាទ្វេភាគីតែមួយគត់ដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ប្រសិនបើថៃពិតជាចង់បន្តការចរចា ហេតុអ្វីបានជារង់ចាំរហូតដល់ការបញ្ចប់ MOU ទើបស្នើឱ្យចាប់ផ្តើមការចរចាឡើងវិញ? ការលុបចោលក្របខណ្ឌដែលមានស្រាប់ ហើយទើបស្នើឱ្យបង្កើតការចរចាថ្មីតាមលក្ខខណ្ឌរបស់ខ្លួន អាចធ្វើឱ្យមានសំណួរអំពីភាពស្មោះត្រង់ និងឆន្ទៈពិតប្រាកដក្នុងការចរចា។

ថៃបានចោទថា កម្ពុជាបំភ្លៃការពិត ដោយលើកឡើងថា កម្ពុជាគ្មានជម្រើសផ្សេងក្រៅពីការប្រើយន្តការ UNCLOS។ការពិតគឺថា ក្រោយថៃបញ្ចប់ MOU 2001 កម្ពុជាបានស្នើឱ្យថៃពិចារណាបន្តកិច្ចព្រមព្រៀង​នេះ ប៉ុន្តែថៃមិនបានឆ្លើយតបនោះឡើយ។ ការស្នើឱ្យចរចាក្នុងរយៈពេល ៦ ខែ របស់ថៃ បន្ទាប់ពីបញ្ចប់ MOU 2001 គឺជាការកំណត់ពេលវេលាឯកតោភាគី ដែលមិនសមស្របនឹងភាពស្មុគ​ស្មាញ​នៃបញ្ហាព្រំ​ដែនសមុទ្រ។ ការចរចាព្រំដែនសមុទ្រត្រូវការការសិក្សាបច្ចេកទេស ឯកសារប្រវត្តិសាស្ត្រ និងច្បាប់​អន្តរ​ជាតិ មិនអាចសម្រេចក្នុងរយៈពេលខ្លីបែបនេះបាននោះទេ។ ដូច្នេះ ការអះអាងថា កម្ពុជាមានជម្រើស ប៉ុន្តែបដិសេធ គឺជាការបំភ្លៃការពិត។ កម្ពុជាបានជ្រើសរើសយន្តការសម្រុះសម្រួលក្រោម UNCLOS ព្រោះវាជាយន្តការអព្យាក្រឹត ផ្អែកលើច្បាប់ និងមានការធានាដោយសហគមន៍អន្តរជាតិ។

ការប្រើប្រាស់យន្តការសម្រុះសម្រួលក្រោម UNCLOS គឺជាសិទ្ធិស្របច្បាប់របស់រដ្ឋភាគី ហើយប្រទេស​ថៃក៏ជារដ្ឋភាគីនៃ UNCLOS នេះដែរ។ ដូច្នេះ ការនិយាយថា កម្ពុជាប្រើ UNCLOS ដើម្បីបង្កបញ្ហា គឺជាការមើលស្រាលច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តរបស់ថៃផ្ទាល់។ ថៃចង់កំណត់វិសាលភាពថា ការសម្រុះសម្រួលនេះគ្រាន់តែពាក់ព័ន្ធនឹងព្រំដែនសមុទ្រ ដោយមិនពាក់ព័ន្ធនឹងកោះគុត។ កម្ពុជាមិនដែលបង្កើតជម្លោះលើអធិបតេយ្យភាពកោះគុតក្នុងដំណើរការនេះទេ។ ប៉ុន្តែការអះអាងថា ខ្សែបន្ទាត់ព្រំដែនខ្ពង់រាបបាតសមុទ្រឆ្នាំ១៩៧២ របស់កម្ពុជាគ្មានមូលដ្ឋានច្បាប់ គឺជាការមិនគោរពច្បាប់អន្តរជាតិ និងប្រវត្តិសាស្ត្រ។ ខ្សែបន្ទាត់នេះត្រូវបានប្រកាសដោយយោងលើគោលការណ៍ច្បាប់សមុទ្រ និងត្រូវបានលើកឡើងក្នុងការចរចាជាច្រើន។ ដូច្នេះ ត្រូវឱ្យគណៈកម្មការសម្រុះសម្រួល ឬស្ថាប័នយុត្តិធម៌អន្តរជាតិជាអ្នកសម្រេច មិនមែនថៃសម្រេចឯកតោភាគីថាគ្មានមូលដ្ឋាននោះទេ។

ថៃនិយាយថា ខ្លួនចូលរួមដោយចេតនាស្មោះត្រង់ (good faith)។ ប៉ុន្តែការបញ្ចប់ MOU ឯកតោភាគី ការដាក់លក្ខខណ្ឌពេលវេលា ៦ខែ និងការបង្ហាញជំហររឹងត្អឹង គឺផ្ទុយទាំងស្រុងនឹងពាក្យសម្ដីរបស់ថៃ។ ការចរចាដោយស្មោះត្រង់ត្រូវការការពិគ្រោះយោបល់ ការទទួលស្គាល់ផលប្រយោជន៍ទៅវិញទៅមក និងមិនប្រើអំណាចឯកតោភាគីដើម្បីកំណត់លទ្ធផលជាមុននោះទេ។ កម្ពុជាគោរពអធិបតេយ្យភាពថៃ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃ ហើយកម្ពុជារំពឹងថា ថៃក៏គោរពអធិបតេយ្យភាពកម្ពុជា និងសិទ្ធិស្របច្បាប់របស់កម្ពុជាដូចគ្នាដែរ។

កម្ពុជានៅតែប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ កម្ពុជាមិនចង់បានជម្លោះទេ។ កម្ពុជាចង់បានដំណោះស្រាយ។ ប៉ុន្តែដំណោះស្រាយត្រូវផ្អែកលើច្បាប់ មិនមែនការចោទប្រកាន់ និងការបំភ្លៃការពិតនោះទេ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់ការទម្លាក់កំហុសលើកម្ពុជា ហើយត្រឡប់មករកតុចរចាដោយគ្មានលក្ខខណ្ឌ និងដោយចេតនាស្មោះត្រង់។ កម្ពុជានៅតែបើកទ្វារសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយថៃ ក្នុងនាមជាប្រទេសជិតខាងដែលចង់រស់នៅដោយសន្តិភាព និងការគោរពគ្នាទៅវិញទៅមក៕

ដោយៈ សុខ សុវណ្ណ

អត្ថបទទាក់ទង