Grand News Asia Close

កិច្ចប្រជុំលើកទី១ សម្របសម្រួលដោយ គណៈកម្មការផ្សះផ្សា UNCLOS បានបិទបញ្ចប់, កម្ពុជា-ថៃ ចុះហត្ថលេខាលើលក្ខខណ្ឌតែងតាំងគណៈកម្មការ និងសម្រេចលើបទបញ្ញត្តិស្តីពីការប្រព្រឹត្តទៅនៃដំណើរការផ្សះផ្សា

ដោយ៖ Morm Sokun ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ 1024
កិច្ចប្រជុំលើកទី១ សម្របសម្រួលដោយ គណៈកម្មការផ្សះផ្សា UNCLOS បានបិទបញ្ចប់, កម្ពុជា-ថៃ ចុះហត្ថលេខាលើលក្ខខណ្ឌតែងតាំងគណៈកម្មការ និងសម្រេចលើបទបញ្ញត្តិស្តីពីការប្រព្រឹត្តទៅនៃដំណើរការផ្សះផ្សា កិច្ចប្រជុំលើកទី១ សម្របសម្រួលដោយ គណៈកម្មការផ្សះផ្សា UNCLOS បានបិទបញ្ចប់, កម្ពុជា-ថៃ ចុះហត្ថលេខាលើលក្ខខណ្ឌតែងតាំងគណៈកម្មការ និងសម្រេចលើបទបញ្ញត្តិស្តីពីការប្រព្រឹត្តទៅនៃដំណើរការផ្សះផ្សា

(ភ្នំពេញ)៖ កិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សា ដែលត្រូវបានបង្កើតឡើង ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) រវាងប្រទេសកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី បានបិទបញ្ចប់នៅថ្ងៃនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

លទ្ធផលនៃកិច្ចប្រជុំនេះ មិនត្រូវបានបង្ហាញទូលំទូលាយនៅឡើយ តែបើតាមសេចក្តីប្រកាសខាង កម្ពុជាបានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈកម្មការផ្សះផ្សា ដែលបានអនុវត្តវិធីសាស្ត្រដ៏ម៉ត់ចត់ និងបានពិចារណាច្បាស់លាស់ក្នុងដំណើរការនីតិវិធីនេះ ដោយគណៈកម្មការក៏ទទួលបានទំនុកចិត្ត និងការគាំទ្រពេញទំហឹងពីសំណាក់កម្ពុជាផងដែរ។

ក្នុងអំឡុងពេលកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និង ឧបនាយករដ្ឋមន្ត្រី ស៊ីហស័ក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានចុះហត្ថលេខាលើលក្ខខណ្ឌនៃការតែងតាំងគណៈកម្មការ និងបានសម្រេចលើបទបញ្ញត្តិស្តីពីការប្រព្រឹត្តទៅនៃដំណើរការផ្សះផ្សា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំថា គោលបំណងចម្បងរបស់កម្ពុជា គឺដើម្បីសម្រេចបាននូវដំណោះស្រាយមួយដែលបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងស្ថិរភាពរឹងមាំនៅក្នុងតំបន់។

លោកក៏បានលើកអំពីបំណងរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវសន្ធិសញ្ញាមួយជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា ដើម្បីកំណត់ព្រំដែនសមុទ្រមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឬកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍរួម និងការបែងចែកធនធានដោយសមធម៌ ខណៈពេលរង់ចាំការសម្រេចកិច្ចព្រមព្រៀងលើព្រំដែនសមុទ្រ។

ក្នុងករណីមិនអាចសម្រេចបាននូវជម្រើសទាំងនេះ កម្ពុជានឹងស្នើឱ្យគណៈកម្មការផ្សះផ្សារៀបចំរបាយការណ៍ផ្តល់អនុសាសន៍រៀងរាល់ឆ្នាំ ប្រើជាមូលដ្ឋានសម្រាប់ការចរចានៅពេលអនាគត ដោយអនុលោមតាមកាតព្វកិច្ចរបស់រដ្ឋសមាជិកក្រោមអនុសញ្ញា UNCLOS។

សេចក្តីប្រកាសព័ត៌មានបន្ថែមថា គណៈកម្មការផ្សះផ្សារំពឹងថានឹងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ទៀតជាមួយកម្ពុជានិងថៃ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការចូលរួមដោយស្មោះត្រង់ និងដោយសុច្ឆន្ទៈ ក្នុងគោលបំណងឈានទៅរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់លើដែនសមុទ្ររវាងភាគីទាំងពីរ ព្រមទាំងការអភិវឌ្ឍធនធានថាមពលនៅក្នុងតំបន់ដែលមានការទាមទារទួតគ្នា ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។

ក្រសួងការបរទេសបានបញ្ជាក់ទៀតថា កម្ពុជាបានជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់នូវមធ្យោបាយសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋដោយសន្តិវិធី ហើយកម្ពុជាចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្មារតីសហប្រតិបត្តិការ និងមានទំនុកចិត្តពេញលេញលើដំណើរការផ្សះផ្សានេះ៕ -FN-

អត្ថបទទាក់ទង