Grand News Asia Close

មូលហេតុដែលថៃនាំ​ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសង្កេតការណ៍ ភាគច្រើន​ទៅតែ​តំបន់អូរស្មាច់

ដោយ៖ Morm Sokun ​​ | 58 នាទីមុន ព័ត៌មានជាតិ 1006
មូលហេតុដែលថៃនាំ​ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសង្កេតការណ៍ ភាគច្រើន​ទៅតែ​តំបន់អូរស្មាច់ តំបន់​អូរស្មាច់ក្នុង​ប្រទេស​កម្ពុជា ដែល​យោធាថៃកាន់កាប់។ The Nation Thailand

អ្នកវិភាគជឿជាក់ថា ប្រទេសថៃមានរបៀបវារៈលាក់កំបាំង ក្នុង​ការ​ជ្រើសរើស​យក​តំបន់អូរស្មាច់សម្រាប់​បង្ហាញ​ដល់​​អ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិដែលមានមូលដ្ឋាននៅថៃ មន្ត្រីទូត ហើយ​ថ្មីៗនេះគឺក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ។

កាលពីថ្ងៃទី ៧ ខែកញ្ញា លោក Prapas Sornchaidee អគ្គមេបញ្ជាការរងកងទ័ពអាកាសភូមិន្ទថៃ បានដឹកនាំក្រុមអ្នកសារព័ត៌មានថៃ និងអន្តរជាតិ ព្រមទាំងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំ​ប្រទេស​ថៃ (AOT-TH) ទៅកាន់តំបន់អូរស្មាច់ក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នត្រូវបានកងទ័ពថៃកាន់កាប់ចាប់តាំងពីការឈប់បាញ់​នាខែធ្នូ​កន្លង​ទៅ។ ពួកគេបានចុះពិនិត្យទីតាំងដែលត្រូវបានរាយការណ៍ថាជាទីតាំងឆបោក។

ប៉ុន្តែ នេះមិនមែនជាលើកទីមួយទេដែលទីតាំងនេះត្រូវបានថៃ​ជ្រើសរើស​ដោយ​ប្រុង​ប្រយ័ត្ន​សម្រាប់​ការ​ចុះទស្សនាដោយ​អ្នកកាសែត​និង​អ្នក​ការទូត។ កាលពីថ្ងៃទី ២ ខែកុម្ភៈ ការិយាល័យព័ត៌មានសន្តិសុខនៃកងទ័ពជើងគោកភូមិន្ទថៃ បាន​នាំ​អ្នកយកព័ត៌មានក្នុងស្រុក និងអន្តរជាតិ អនុព័ន្ធយោធាបរទេសមកពីប្រមាណ ២០ ប្រទេស រួមទាំងមន្ត្រី FBI និងនគរបាលថៃចុហ​ទៅ​តំបន់​នេះ ដែល​ជា​ការ​ចុះ​ទៅ​អូរស្មាច់​លើក​ដំបូង។

បន្ទាប់មក មានដំណើរបេសកកម្មមួយទៀតដែលត្រូវបានរៀបចំឡើងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ រួមទាំងអ្នកសារព័ត៌មានមកពីភ្នាក់ងារ AFP ទៅកាន់ទីតាំងបោះបង់ចោល និង​មាន​ភស្តុតាងនៃការឆបោក។ ក្រុមអ្នកសារព័ត៌មានមួយក្រុមផ្សេងទៀត ក៏ត្រូវបានដឹកនាំទៅកាន់តំបន់នោះម្តងទៀតនៅដើមខែមេសា។

កម្ពុជា​តែង​តែ​បាន​ជំទាស់​ទៅ​នឹង​ការដឹកនាំជនបរទេសចូលមកក្នុងដែនដីកម្ពុជាក្រោមការកាន់កាប់របស់ខ្លួន។ ប៉ុន្តែ អ្នកវិភាគមើលឃើញពីរបៀបវារៈផ្សេងពីនេះរបស់ថៃ។

លោក ឆាំង យុគ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បានលើក​ឡើងថា៖ «ដូចអ្វីដែលគេបានរំពឹងទុក ប្រទេសថៃចង់បង្ហាញដល់ AOT នូវទីតាំងដែលពាក់ព័ន្ធនឹងសកម្មភាពបទល្មើស ព្រោះពួកគេអាចប្រើប្រាស់ទីតាំងទាំងនោះ ដើម្បីធ្វើឱ្យការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធរបស់​ខ្លួនលើតំបន់ទាំងនោះមានភាពស្របច្បាប់ ដោយបន្ថែម​ការ​អះអាង​ ឬការចោទប្រកាន់ថាមានកងកម្លាំងយោធានៅក្នុងតំបន់នោះ»។

លោកបានកត់សម្គាល់ថា រដ្ឋាភិបាលថៃ ស្ទាក់ស្ទើរ ក្នុងការបង្ហាញតំបន់ស៊ីវិលដែលត្រូវបានបំផ្លាញ ព្រោះវានឹងធ្វើឱ្យសកម្មភាពយោធារបស់ពួកគេបាត់បង់ភាពស្របច្បាប់។ លោកបានបន្តជំរុញឱ្យទាំងកម្ពុជា និងថៃ និយាយដោយស្មោះត្រង់ និងត្រង់ទៅត្រង់មក ជាពិសេស​នៅ​ចំពោះមុខ​ក្រុម AOT។

លោក ឆាំង យុគ បានបន្ថែមថា៖ «ជាចុងក្រោយ ប្រទេសថៃ និងកម្ពុជា ត្រូវតែអនុញ្ញាត​ឱ្យ AOT និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចូលមើលយ៉ាងពេញលេញទៅកាន់គ្រប់តំបន់ទាំងអស់ដែលរងផលប៉ះពាល់ដោយជម្លោះ ហើយវាជាកាតព្វកិច្ចរបស់ AOT និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក្នុងការចុះទៅមើលតំបន់ទាំងនោះទាំងអស់ ដើម្បីផ្តល់តម្លាភាពលើអ្វីដែលបានកើតឡើងផង​ និង​ថែមទាំង​តម្លា​ភាព​លើអ្វីដែលកំពុងបន្តកើតឡើងផងដែរ»។

លោក ឆាំង យុគ បានបន្ថែមទៀតថា៖ «ប្រទេសថៃកំពុងប្រឈមមុខនឹងការលំបាកក្នុងការកសាងហេតុផលសមស្រប ដើម្បីបន្តការកាន់កាប់ដោយយោធាលើដែនដីកម្ពុជា ជាពិសេសសហគមន៍ប្រជាពលរដ្ឋស្លូតត្រង់ ហើយដើម្បីសម្រេចគោលដៅនេះ ពួកគេកំពុងព្យាយាម​លាក់​បាំង​រូបភាពពេញលេញនៃជម្លោះ ពី​ភ្នែក​ AOT ពោល​គឺ​ឲ្យ​ពួក​គេ​ចូលមើលបានត្រឹមតែមួយផ្នែកប៉ុណ្ណោះដែលត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយកងកម្លាំងសន្តិសុខថៃដែលប្រចាំការនៅតំបន់នោះ»។

ទស្សនៈស្រដៀងគ្នានេះត្រូវបានលើក​ឡើងដោយលោក គិន ភា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបានថ្លែងថា ប្រទេសថៃបាននិងកំពុងប្រើប្រាស់បញ្ហាឆបោកជា​និទានកថារៀបរាប់សាច់រឿងលើ​កម្ពុជា ដើម្បីធ្វើឱ្យសកម្មភាពយោធារបស់ពួកគេមានភាពស្របច្បាប់។ ទោះបីជាប្រតិបត្តិការឆបោកធ្លាប់មាននៅក្នុងតំបន់នោះក៏ដោយ ក៏ទីតាំងនោះស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា ហើយកម្ពុជាគួរតែជាអ្នកទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំង។

លោក គិន ភា បានថ្លែងថា «ដូច្នេះ ថៃកំពុងព្យាយាមសម្រេចគោលដៅពីរក្នុងពេលតែមួយ។ ទីមួយ ពួកគេកំពុងព្យាយាមកាន់កាប់ដែនដីកម្ពុជាដោយប្រើរឿងឆបោកធ្វើជាលេស ហើយទីពីរ ពួកគេបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងពេលដំណាលគ្នានឹងសាច់រឿងឆបោកនេះ»។

ដោយ​ឈរ​លើ​គោលការណ៍សន្តិវិធី លោក គិន ភា បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា បន្តដាក់លិខិតតវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពខុសច្បាប់ទាំងអស់របស់ថៃនៅតាមតំបន់ដែលកំពុងរងការកាន់កាប់៕

-post khmer-

អត្ថបទទាក់ទង