ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានពីសំណាក់ភាគីថៃ មកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានពីសំណាក់ភាគីថៃ មកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានពីសំណាក់ភាគីថៃ មកលើអធិបតេយ្យភាពទឹកដីកម្ពុជា
ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦
សំណួរទី ១៖ តើសកម្មភាពដែលថៃបានអនុវត្តក្រោយពីមានសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងនោះដែរឬទេ?
ចម្លើយ៖ សកម្មភាពដែលភាគីថៃបានអនុវត្តនៅតាមតំបន់ព្រំដែនក្រោយពីមានសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានមើលឃើញថា មិនស្របទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នានោះឡើយ។ សេចក្តីប្រកាសរួមមានគោលបំណងសំខាន់ក្នុងការបន្ថយភាពតានតឹង រក្សាបទឈប់បាញ់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដោះស្រាយបញ្ហាព្រំដែនតាមរយៈការចរចា និងយន្តការសន្តិវិធី។
ប៉ុន្តែ សកម្មភាពរបស់កងកម្លាំងថៃបានដើរផ្ទុយទៅនឹងស្មារតីនៃការបន្ថយភាពតានតឹង និងការស្ដារស្ថានភាពធម្មតានៅតាមព្រំដែន និងបង្កជាឧបសគ្គដល់ការវិលត្រឡប់របស់ប្រជាពលរដ្ឋកម្ពុជាទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ នេះមានន័យថា ថៃបំពានសេចក្តីប្រកាសរួមនេះជារៀងរាល់ថ្ងៃ ខណៈដែលពួកគេអះអាងមិនដាច់ពីមាត់ថា ជាអ្នកស្រឡាញ់សន្តិភាព និងចង់បានដំណោះស្រាយតាមសន្តិវិធី។ ប៉ុន្តែ សកម្មភាពជាក់ស្តែងផ្ទុយពីពាក្យសម្តីទាំងស្រុង។
សំណួរទី ២៖ តើកម្ពុជាកំពុងធ្វើអ្វីខ្លះដើម្បីឆ្លើយតបទៅនឹងការបន្តឈ្លានពានឥតឈប់ឈររបស់យោធាថៃ មកលើអធិបតេយ្យភាពរបស់កម្ពុជា?
ចម្លើយ៖ ដើម្បីឆ្លើយតបទៅនឹងការបន្តឈ្លានពានឥតឈប់ឈររបស់យោធាថៃ កម្ពុជាបានប្រកាសជំហរច្បាស់ៗថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ហើយបន្តការពារយ៉ាងម៉ឺងម៉ាត់នូវខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ។ សកម្មភាពដែលយោធាថៃបាននិងកំពុងអនុវត្តត្រូវបានចាត់ទុកជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដែលភាគីកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត។
លើសពីនេះ ការរារាំងប្រជាពលរដ្ឋកម្ពុជាមិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញ គឺជាអំពើរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ក្នុងន័យនេះ កម្ពុជាបានអំពាវនាវឱ្យភាគីថៃបញ្ឈប់សកម្មភាពទាំងឡាយណាដែលបង្កភាពតានតឹង និងងាកមកគោរពតាមគោលការណ៍ដែលបានព្រមព្រៀងគ្នា ដើម្បីអនុញ្ញាតឱ្យជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញ ស្របតាមចំណុចទី៤ នៃសេចក្តីប្រកាសរួមដែលបានចែងអំពីការអនុញ្ញាតឱ្យជនស៊ីវិលវិលត្រឡប់ទៅកាន់ផ្ទះសម្បែងដោយគ្មានការរំខានដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕





