សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Farah Maalim សមាជិកសភានៃសាធារណរដ្ឋកេនយ៉ា
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Farah Maalim សមាជិកសភានៃសាធារណរដ្ឋកេនយ៉ា
នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Farah Maalim, សមាជិកសភានៃសាធារណរដ្ឋកេនយ៉ា ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងជំនួបនោះ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះឯកឧត្តមសមាជិកសភានៃសាធារណរដ្ឋកេនយ៉ា ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
នៅក្នុងជំនួបពិភាក្សានេះ ក៏បានជជែកទៅលើ ការផ្លាស់ប្ដូរទស្សនៈ ជាពិសេសនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍដូចគ្នា។ ឯកឧត្តមតំណាងសភានៃប្រទេសកេនយ៉ា បានកោតសរសើរចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសកម្ពុជា និងកិត្យានុភាពកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ការដឹកនាំរបស់សម្ដេចតេជោនាពេលកន្លងទៅ ក្នុងការស្វែងរកសន្តិភាព តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដែលនាំឱ្យប្រទេសទទួលបាននូវសុខសន្តិភាពដល់សព្វថ្ងៃនេះ៕





