Grand News Asia Close

ទាក់ទងនឹងទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1005
ទាក់ទងនឹងទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ទាក់ទងនឹងទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦


សំណួរទី១៖ តើសកម្មភាពរបស់នាយករដ្ឋមន្ត្រីថៃនៅតំបន់អានសេះកាលពីពេលថ្មីៗនេះ អាចចាត់ទុកថាជាសកម្មភាពធម្មតាដែលមិនប៉ះពាល់ដល់បញ្ហាព្រំដែនដែរឬទេ?

ចម្លើយ៖ សកម្មភាពរបស់នាយករដ្ឋមន្ត្រីថៃនៅតំបន់អានសេះកាលពីពេលថ្មីៗនេះ មិនអាចចាត់ទុកថាជាសកម្មភាពធម្មតាបានទេ ព្រោះតំបន់អានសេះជាតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហើយការចុះទៅរបស់នាយករដ្ឋមន្ត្រីថៃ ដើម្បីជួបសួរសុខទុក្ខ និងពិនិត្យកងកម្លាំងនៅទីនោះ អាចបង្កឱ្យមានភាពតានតឹង និងប៉ះពាល់ដល់បរិយាកាសនៃការដោះស្រាយបញ្ហាដោយសន្តិវិធី។ ជាពិសេស ប្រសិនបើភាគីថៃអះអាងថាចង់រក្សាសន្តិភាព និងជៀសវាងសកម្មភាពបង្កហេតុ ការចុះទៅតំបន់ដែលកំពុងមានវិវាទ គួរតែត្រូវបានពិចារណាឱ្យបានម៉ត់ចត់មុនធ្វើឡើង។

សំណួរទី២៖ តើការរក្សាកងកម្លាំង និងសកម្មភាពឈ្លានពានរបស់ថៃនៅតំបន់ដែលកំពុងមានវិវាទ ស្របទៅនឹងជំហររបស់ខ្លួនដែលតែងតែលើកឡើងថាចង់ដោះស្រាយបញ្ហាព្រំដែនតាមយន្តការ JBC ដែរឬទេ?

ចម្លើយ៖ មិនស្របគ្នានោះទេ។ ប្រសិនបើថៃពិតជាចង់ឱ្យបញ្ហាព្រំដែនដោះស្រាយតាមយន្តការ JBC ថៃត្រូវតែជៀសវាងសកម្មភាពឯកតោភាគី និងសកម្មភាពដែលអាចបង្កើតស្ថានភាពថ្មីនៅតំបន់ដែលកំពុងមានវិវាទ។ ការរក្សាកងកម្លាំង និងធ្វើសកម្មភាពនៅទីនោះ ខណៈដែលបញ្ហាមិនទាន់ត្រូវបានដោះស្រាយតាម JBC អាចធ្វើឱ្យការចរចាកាន់តែស្មុគស្មាញ និងប៉ះពាល់ដល់ការកសាងទំនុកចិត្តរវាងភាគីទាំងពីរ។

សំណួរទី៣៖ ប្រសិនបើថៃពិតជាចង់ដោះស្រាយបញ្ហាព្រំដែនតាមយន្តការ JBC តើថៃត្រូវធ្វើអ្វីខ្លះ ដើម្បីបង្ហាញពីឆន្ទៈ និងធ្វើឱ្យយន្តការនេះអាចដំណើរការបានជាក់ស្តែង?

ចម្លើយ៖ ប្រសិនបើថៃពិតជាចង់ដោះស្រាយបញ្ហាព្រំដែនតាមយន្តការ JBC ថៃត្រូវតែបង្ហាញឆន្ទៈពិតប្រាកដ ដោយឈប់រកហេតុផលផ្សេងៗដើម្បីពន្យារពេល និងចូលរួមកិច្ចប្រជុំ JBC ឱ្យបានឆាប់។ មកទល់ពេលនេះ កិច្ចប្រជុំ JBC នៅតែជាប់គាំង ដោយសារភាគីថៃមិនព្រមចូលរួមសហការ បើទោះបីកម្ពុជាបានស្នើសុំឱ្យមានកិច្ចប្រជុំជាច្រើនលើកច្រើនសារក៏ដោយ។ ជាមួយគ្នានេះ ថៃគួរតែសហការក្នុងការពិនិត្យផែនទី ភស្តុតាង សន្ធិសញ្ញា និងការវាស់វែងព្រំដែនរួមគ្នា ព្រមទាំងជៀសវាងសកម្មភាពឯកតោភាគីនៅតំបន់ដែលកំពុងមានវិវាទ៕

អត្ថបទទាក់ទង