Grand News Asia Close

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1101
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦

ការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងការធ្វើសកម្មភាពកែប្រែស្ថានការណ៍នៅលើដីជាក់ស្តែង (fait accomplis) របស់កងកម្លាំងយោធាថៃ មិនត្រឹមតែបំពានមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរំលោភសិទ្ធិពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពទាំងអស់នេះ គឺជាការបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត។ ការចូលកាន់កាប់ទឹកដីនៃរដ្ឋអធិបតេយ្យមួយដោយប្រើកម្លាំងយោធា គឺផ្ទុយទាំងស្រុងទៅនឹងធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ចំណែកឯការបំផ្លិចបំផ្លាញផ្ទះសម្បែង ទីតាំងសាសនា ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងមិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនានានៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស, កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌(ICESCR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ(ICCPR) អនុសញ្ញាស្តីពីសិទ្ធិកុមារ(CRC) អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព(CRPD) អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩០៧ ជាដើម។ ច្បាប់អន្តរជាតិដូចបានរៀបរាប់ខាងលើហាមប្រាមការចូលកាន់កាប់ទឹកដី នៃរដ្ឋអធិបតេយ្យមួយដោយប្រើកម្លាំង និងការពារសិទ្ធិប្រជាពលរដ្ឋគ្រប់រូបដែលត្រូវមានលំនៅឋានសមរម្យ និងចៀសផុតពីការជ្រៀតជ្រែកលើលំនៅឋាន និងពីការរឹបអូសឬលួចប្លន់យកទ្រព្យសម្បត្តិឯកជនពីសំណាក់បុគ្គល ឬក្រុមណាមួយ។ ប៉ុន្តែ ភាគីថៃបានរំលោភបំពានច្បាប់អន្តរជាតិទាំងនេះ ដោយបង្កការលំបាកធ្ងន់ធ្ងរចំពោះជនភៀសសឹកកម្ពុជាជាងកន្លះលាននាក់ ជាពិសេសស្ត្រី កុមារ ជនចាស់ជរា អ្នកជំងឺ និងជនមានពិការភាព ដែលជាក្រុមជនងាយរងគ្រោះស្រាប់។

ចំពោះមុខការរំលោភបំពាននេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការ បានធ្វើកំណត់ទូតតវ៉ាជាបន្តបន្ទាប់ ដោយប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខនៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ជាពិសេសការពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង(fait accomplis) និងរារាំងការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់ផ្ទះសម្បែងដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។

រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានផ្ញើលិខិតទៅប្តឹងតវ៉ាយ៉ាងខ្លាំង ជូនទៅដល់ស្ថាប័នសិទ្ធិមនុស្សនានាទាំងថ្នាក់តំបន់ និងអន្តរជាតិ ដោយស្ថាប័នទាំងនោះបានទទួលដឹងលឺអំពីការរំលោភបំពានទាំងនេះ ហើយបាននិងកំពុងតាមដានដោយយកចិត្តទុកដាក់ និងចាត់វិធានការទៅតាមសមត្ថកិច្ចរៀងៗខ្លួន។ ទន្ទឹមនឹងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានប្រកាសចំពោះមុខប្រជាជាតិខ្មែរថា៖ «ការការពារទឹកដីនិងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលដាច់ខាត មិនបោះបង់កាតព្វកិច្ចក្នុងការទាមទារទឹកដីឡើយ ហើយបាននិងកំពុងខិតខំដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ»។ ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ក៏បានបញ្ជាក់ច្បាស់ចំពោះមុខប្រជាជាតិខ្មែរថា៖ «កម្ពុជាជ្រើសរើសយកមាគ៌ាសន្តិភាព តែដាច់ខាតមិនធ្វើសម្បទានណាមួយចំពោះអធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ»។

ការតវ៉ារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឡើងជាបន្តបន្ទាប់ប្រឆាំងនឹងសកម្មភាពរំលោភបំពានច្បាប់អន្តរជាតិនិងរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរពីសំណាក់ភាគីថៃ គឺជាភស្តុតាងដែលមានតម្លៃផ្នែកគតិយុត្តិ និងសីលធម៌ មិនអាចខ្វះបានក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនោះ កម្លាំងមហាសាមគ្គីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ បង្កើតបានជាខឿនការពារជាតិរបស់ប្រជាជនយ៉ាងរឹងមាំដែលឈរនៅពីក្រោយរាជរដ្ឋាភិបាល និងវីរយុទ្ធជនដ៏អង់អាចក្លាហាន។ ដោយសារការបំពានលើបូរណភាពទឹកដីកម្ពុជា និងបំពានច្បាប់អន្តរជាតិរបស់កងកម្លាំងថៃ គឺជារឿងដែលមិនអាចបដិសេធបាន និងដោយសារសកម្មភាពការងារការទូតសកម្ម និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងប្រជាជនរបស់ខ្លួនតាមមធ្យោបាយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ សហគមន៍អន្តរជាតិក៏មិននៅស្ងៀមឡើយ។ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា សភានៃបណ្តាប្រទេសនិយាយភាសាបារាំង(APF) បណ្តាញសារព័ត៌មានអន្តរជាតិល្បីៗ ក៏ដូចជាជនបរទេស ដែលមានឥទ្ធិពលលើបណ្តាញសង្គម បានចេញមុខនិយាយពីបញ្ហានេះជាបន្តបន្ទាប់។ ពួកគេជំរុញឱ្យមានដំណោះស្រាយព្រំដែនកម្ពុជា-ថៃ ជាបន្ទាន់ និងទាមទារឱ្យជនភៀសសឹកកម្ពុជាវិលត្រឡប់ទៅផ្ទះសម្បែងខ្លួនវិញឱ្យបានឆាប់បំផុត។

ចំណែកព្រំដែនសមុទ្រវិញ យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ ដែលកំពុងដំណើរការ គឺជាឧទាហរណ៍មួយនៃការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ចំពោះដំណោះស្រាយដោយសន្តិវិធីតាមយន្តការអន្តរជាតិដែលផ្តួចផ្តើមឡើងដោយកម្ពុជា។ ទាំងនេះ គឺជាសញ្ញាច្បាស់លាស់ដែលបញ្ជាក់ថា គ្មានការរំលោភបំពានច្បាប់អន្តរជាតិណាមួយត្រូវបានអនុគ្រោះឡើយ៕

សូមអរគុណ!

អត្ថបទទាក់ទង