ការវិលត្រឡប់របស់ប្រជាពលរដ្ឋ និងការកំណត់ព្រំដែន៖ បញ្ហាពីរដែលមិនអាចបំបែកចេញពីគ្នា
នៅពេលនិយាយពីជម្លោះព្រំដែន ភាគច្រើនតែងផ្តោតលើផែនទី ខ្សែបន្ទាត់ព្រំដែន និងអធិបតេយ្យភាពរបស់ប្រទេស ប៉ុន្តែនៅពីក្រោយខ្សែបន្ទាត់ព្រំដែនទាំងនោះ គឺជាជីវិតរបស់ប្រជាពលរដ្ឋដែលត្រូវបោះបង់ផ្ទះសម្បែង ទីកន្លែងកំណើត និងជីវភាពរបស់ខ្លួន ដោយសារជម្លោះ។
ចំណុចនេះត្រូវបានលើកឡើងតាមរយៈការឆ្លើយតបរបស់លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជុំវិញសេចក្តីថ្លែងការណ៍របស់លោកពាក់ព័ន្ធនឹងប្រជាពលរដ្ឋភៀសខ្លួនកម្ពុជាប្រមាណ ៦៥០.០០០នាក់ ដែលត្រូវបានរត់ភៀសខ្លួនដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ ចំណុចសំខាន់ដែលលោក Andrews សង្កត់ធ្ងន់ គឺត្រូវដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅអាចវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព មានស្ថិរភាព និងអាចទទួលបានអត្ថប្រយោជន៍ពីឱកាសសេដ្ឋកិច្ចតាមព្រំដែនវិញបាន។ នេះជាចំណុចដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ការវិលត្រឡប់របស់ប្រជាពលរដ្ឋ មិនអាចបំបែកចេញពីការដោះស្រាយបញ្ហាព្រំដែនបានទេ។
សម្រាប់ប្រជាពលរដ្ឋដែលត្រូវបានភៀសខ្លួន សំណួរដែលពួកគេចង់បានចម្លើយបំផុតនោះ គឺ “តើពេលណាទើបអាចត្រឡប់ទៅផ្ទះវិញបាន?” ប៉ុន្តែ ដើម្បីឆ្លើយសំណួរនេះឱ្យបានច្បាស់ ត្រូវមានភាពប្រាកដប្រជាជាមុនអំពីសុវត្ថិភាព និងស្ថានភាពនៃតំបន់ដែលពួកគេត្រូវវិលត្រឡប់ទៅវិញ នេះហើយជាមូលហេតុដែលការកំណត់ព្រំដែនឱ្យបានច្បាស់ និងការបន្តការងារខ័ណ្ឌសីមាព្រំដែន មានសារៈសំខាន់មិនត្រឹមតែសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជនដែលរស់នៅតាមបណ្តោយព្រំដែនផ្ទាល់តែម្តង។
ចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានកំណត់យ៉ាងច្បាស់ថា ការអនុវត្តសេចក្តីប្រកាសនេះមិនប៉ះពាល់ដល់ដំណើរការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិឡើយ ហើយភាគីទាំងពីរបានប្រគល់ភារកិច្ចឱ្យ JBC បន្តការវាស់វែង និងខ័ណ្ឌសីមាឱ្យបានឆាប់រហ័ស ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេស គឺផ្តល់អាទិភាពដល់តំបន់ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់។
ក្នុងន័យនេះ បទឈប់បាញ់មិនមែនជាចំណុចបញ្ចប់នៃបញ្ហាព្រំដែនទេ គួរតែជាចំណុចចាប់ផ្តើមសម្រាប់ដោះស្រាយបញ្ហាដែលនៅសេសសល់ តាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។
ប៉ុន្តែការវិលត្រឡប់របស់ជនភៀសខ្លួន ក៏មិនគួរត្រូវបានយល់ថា គ្រាន់តែជាការអនុញ្ញាតឱ្យប្រជាជនចូលទៅកាន់តំបន់ដែលពួកគេធ្លាប់រស់នៅវិញនោះទេ ព្រោះការវិលត្រឡប់ដែលមានន័យពិតប្រាកដត្រូវតែជាការវិលត្រឡប់ដោយសុវត្ថិភាព មានភាពថ្លៃថ្នូរ និងមានលក្ខខណ្ឌគ្រប់គ្រាន់ឱ្យប្រជាពលរដ្ឋអាចស្តារជីវភាពប្រចាំថ្ងៃរបស់ពួកគាត់បានឡើងវិញ។ ប្រសិនបើប្រជាពលរដ្ឋអាចត្រឡប់ទៅផ្ទះសម្បែងវិញបាន ប៉ុន្តែនៅតែរស់នៅក្នុងភាពភ័យខ្លាច ខ្វះសុវត្ថិភាព ឬមិនអាចប្រកបរបររកស៊ីបាន នោះការវិលត្រឡប់នោះនៅមិនទាន់អាចចាត់ទុកថា ជាការបញ្ចប់វិបត្តិបានឡើយ។
ហេតុនេះហើយ ការដោះស្រាយបញ្ហាព្រំដែន និងការធានាសិទ្ធិវិលត្រឡប់របស់ប្រជាពលរដ្ឋ ត្រូវតែដើរទន្ទឹមគ្នា ជាមួយការកំណត់ព្រំដែនតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា អាចផ្តល់ភាពច្បាស់លាស់ផ្នែកច្បាប់ និងនយោបាយ ខណៈការធានាសុវត្ថិភាព និងការស្តារជីវភាព អាចផ្តល់ភាពប្រាកដប្រជាដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន។
មានចម្ងល់មួយដែលគួរត្រូវបានចោទសួរគឺថា តើអ្នកណាជាអ្នកកំណត់ថា តំបន់ណាមួយមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ការវិលត្រឡប់? ចម្លើយមិនគួរផ្អែកលើការប្រកាសរបស់ភាគីណាមួយតែម្ខាងទេ ប៉ុន្តែគួរផ្អែកលើស្ថានភាពជាក់ស្តែង ការសម្របសម្រួលរវាងភាគីទាំងពីរ និងយន្តការដែលបានព្រមព្រៀងគ្នា។ ព្រោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋមិនត្រូវបានក្លាយជាផ្នែកមួយនៃការប្រកួតប្រជែងលើការអះអាងទឹកដីឡើយ។
ចំណុចសំខាន់មួយទៀតដែលត្រូវយកចិត្តទុកដាក់បំផុតនោះគឺ ការបង្កើតស្ថានភាពថ្មីនៅលើដីដែលមានជម្លោះ ឬ fait accompli របស់ភាគីថៃដោយបង្កើតស្ថានភាពជាក់ស្តែងថ្មីនៅលើដីជាក់ស្តែង ហើយយកភាពនោះមកជាមូលដ្ឋានសម្រាប់ការអះអាងសិទ្ធិ នោះការដោះស្រាយតាមច្បាប់ និងយន្តការទ្វេភាគីនាពេលខាងមុខនឹងក្លាយជាបញ្ហាស្មុគស្មាញពិបាកដោះស្រាយជាមិនខាន ព្រោះវាផ្ទុយទៅនិងកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា។
ហេតុនេះ ការគ្រប់គ្រងជាក់ស្តែងលើដី មិនគួរត្រូវបានយកមកជំនួសការកំណត់ព្រំដែនតាមកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិឡើយ ការដែលមានវត្តមាន ឬការគ្រប់គ្រងជាក់ស្តែងនៅលើទីតាំងណាមួយ មិនគួរត្រូវបានយល់ដោយស្វ័យប្រវត្តិថា ជាការកំណត់ស្ថានភាពផ្លូវច្បាប់នៃទឹកដីនោះឡើយ។
ម្យ៉ាងវិញទៀត ការការពារប្រជាជន គឺជាកាតព្វកិច្ចមនុស្សធម៌ ប៉ុន្តែការកំណត់ព្រំដែន គឺជាបញ្ហាដែលត្រូវដោះស្រាយតាមច្បាប់ និងយន្តការដែលបានព្រមព្រៀងគ្នា។
ដូច្នេះ អ្វីដែលត្រូវការបន្ទាប់ពីបទឈប់បាញ់ គឺមិនមែនគ្រាន់តែជាការ “បញ្ចប់ស្នូរកាំភ្លើង” ប៉ុណ្ណោះទេគឺ ត្រូវមានការងារបន្តយ៉ាងហោចណាស់បីដែរដែលដើរទន្ទឹមគ្នានោះគឺ ការរក្សាសន្តិសុខនៅតំបន់ព្រំដែន ការជំរុញដំណើរការខ័ណ្ឌសីមាតាមយន្តការដែលមានស្រាប់ និងការបង្កើតលក្ខខណ្ឌសមស្របសម្រាប់ប្រជាពលរដ្ឋអាចវិលត្រឡប់ និងស្តារជីវភាពវិញ។
ប្រសិនបើមិនយកចិត្តទុកដាក់លើផ្នែកណាមួយ នោះភាពមិនប្រាកដប្រជាដែលកើតចេញពីជម្លោះ ព្រំដែននេះ អាចនៅតែបន្តកើតមាន ទោះបីសំឡេងគ្រាប់កាំភ្លើងបានស្ងប់ស្ងាត់ទៅហើយក៏ដោយ ព្រោះសន្តិភាពដែលគ្មានភាពប្រាកដប្រជា និងគ្មានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ គឺជាសន្តិភាពដែលមានលក្ខណៈមិនទាន់ពេញលេញនោះទេ។
ការដែលបញ្ហាព្រំដែនកម្ពុជា–ថៃ ត្រូវបានលើកឡើងនៅវេទិកា APF ក៏បង្ហាញថា បញ្ហានេះមិនមែនជារឿងទ្វេភាគីតែប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធនឹងគោលការណ៍ធំៗ ដូចជា អធិបតេយ្យភាព បូរណភាពទឹកដី ការមិនប្រើកម្លាំង ការគោរពច្បាប់អន្តរជាតិ និងការការពារប្រជាជនស៊ីវិល។
ទីបំផុត សន្តិភាពមិនមែនមានន័យត្រឹមតែ “បញ្ឈប់ការប្រយុទ្ធគ្នា”ទេ សន្តិភាពពិតប្រាកដ គឺនៅពេលប្រជាពលរដ្ឋភៀសខ្លួនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានដោយសុវត្ថិភាព មានភាពប្រាកដប្រជាលើដីធ្លី អាចប្រកបរបររកស៊ីបាន និងមិនរស់នៅជាមួយការភ័យខ្លាចថា ជម្លោះអាចផ្ទុះឡើងវិញនៅពេលណាមួយ។
ដូច្នេះ ការជំរុញឱ្យដំណើរការដោះស្រាយបញ្ហាព្រំដែនបានឆាប់រហ័ស មិនមែនជាការរំលងច្បាប់ ឬនីតិវិធីឡើយ ប៉ុន្តែជាការជំរុញឱ្យយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នារួច ដំណើរការទៅមុខ ដើម្បីបញ្ចប់ភាពមិនប្រាកដប្រជារបស់ប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅ និងបាត់បង់ផ្ទះសម្បែង ព្រមទាំងបង្កើតមូលដ្ឋានរឹងមាំសម្រាប់សន្តិភាពយូរអង្វែង។
ព្រោះទីបំផុត តម្លៃពិតប្រាកដនៃការដោះស្រាយព្រំដែន មិនស្ថិតនៅត្រឹមខ្សែបន្ទាត់ព្រំដែនដែលគូសវានៅលើផែនទីនោះទេ ប៉ុន្តែគឺស្ថិតនៅលើជីវិតមនុស្សដែលអាចរស់នៅដោយគ្មានការភ័យខ្លាចនៅលើទឹកដីកំណើតឬហៅថា “ផ្ទះសម្បែង ”វិញបាន៕





