វិចារណកថា៦ បាបកម្មចំពោះបរិស្ថាន ផ្តើមឡើងនៅពេលយើងឈប់ខ្វល់ខ្វាយ
វិចារណកថា៦
បាបកម្មចំពោះបរិស្ថាន ផ្តើមឡើងនៅពេលយើងឈប់ខ្វល់ខ្វាយ
គំនិតផ្តើម
«ផ្ទុយពីការយកចិត្តទុកដាក់ មិនមែនតែងតែជាភាពសាហាវយង់ឃ្នងនោះទេ ប៉ុន្តែជារឿយៗ វាគ្រាន់តែជាការ បែរមុខចេញ ឬធ្វើមើលមិនឃើញប៉ុណ្ណោះ»
វិចារណកថា
កម្ទេចសំរាមមួយបានជ្រុះនៅក្បែរផ្លូវដើរក្នុងសាលារៀន។ នៅថ្ងៃដំបូង អ្នកណាក៏មើលឃើញ និងកត់សម្គាល់វាដែរ។ នៅថ្ងៃទីពីរ ចំនួនអ្នកមើលក៏តិចជាងមុន។ លុះកន្លងផុតទៅមួយសប្តាហ៍ សំរាមនោះបែរជាមើលទៅដូចជារបស់ធម្មតានៅទីនោះទៅវិញ។ មិនយូរប៉ុន្មាន សំរាមផ្សេងទៀតក៏ចាប់ផ្តើមមកផ្តុំជុំវិញនោះ។ អ្វីដែលធ្លាប់តែមើលទៅ “ខុសឆ្គង” បានក្លាយជា “រឿងធម្មតា”។
នេះជារបៀបដែលភាពមិនខ្វល់ខ្វាយចាប់ផ្តើមរីកធំឡើង។ យើងចាប់ផ្តើមទម្លាប់ខ្លួនទៅនឹងអ្វីមួយដែលពិតជាត្រូវការការយកចិត្តទុកដាក់។ យើងប្រាប់ខ្លួនឯងថា «វានៅតែអញ្ចឹងតាំងពីណាពីណីមកហើយ» «វាមិនមែនជារឿងរបស់ខ្ញុំទេ» ឬ «មនុស្សម្នាក់ធ្វើម៉េចផ្លាស់ប្តូរវាបាន?»។ គ្មានបំណងអាក្រក់ណាមួយនៅក្នុងចិត្តរបស់យើងឡើយ ប៉ុន្តែបំណងប្រាថ្នាក្នុងការយកចិត្តទុកដាក់របស់យើងបានបាត់ទៅរួចទៅហើយ។
ការយកចិត្តទុកដាក់អាចកាន់តែស្រពោនទៅៗ ពេលដែលយើងគិតថាបញ្ហាមើលទៅធំធេងពេក។ ព័ត៌មានអំពីការបំពុលបរិស្ថាន ការបាត់បង់ជម្រកធម្មជាតិ ឬការប្រែប្រួលអាកាសធាតុ អាចធ្វើឱ្យសិស្សានុសិស្សមានអារម្មណ៍ថាខ្លួនឯងគ្មានអំណាច ឬធ្វើអ្វីមិនកើត។ ប្រសិនបើសារតែមួយគត់ដែលយើងបានឮ គឺអ្វីៗកាន់តែអាក្រក់ទៅៗ នោះការបិទបេះដូងមិនទទួលដឹងឮ អាចមានអារម្មណ៍ដូចជាការការពារខ្លួនឯងអញ្ចឹង។ តើចាំបាច់ខ្វល់ធ្វើអ្វី បើការខ្វល់ខ្វាយនាំមកតែការព្រួយបារម្ភនោះ?
ប៉ុន្តែ ការយកចិត្តទុកដាក់ មិនបានតម្រូវឱ្យយើងលីសែងពិភពលោកទាំងមូលតែម្នាក់ឯងនោះទេ។ វាគ្រាន់តែចង់ឱ្យយើង “ភ្ញាក់រលឹក” ចំពោះផ្នែកនៃពិភពលោកដែលស្ថិតនៅក្នុងដៃ ឬជុំវិញខ្លួនយើងប៉ុណ្ណោះ។ យើងប្រហែលជាមិនអាចស្តារទន្លេគ្រប់ខ្សែឡើងវិញបានទេ ប៉ុន្តែយើងអាចចៀសវាងការបោះសំរាមចូលទៅក្នុងទន្លេមួយបាន។ យើងប្រហែលជាមិនអាចការពារព្រៃឈើគ្រប់កន្លែងបានទេ ប៉ុន្តែយើងអាចរៀនយល់ដឹង និងថែរក្សាដើមឈើជុំវិញខ្លួនបាន។ យើងប្រហែលជាមិនអាចដោះស្រាយគ្រប់បញ្ហានៅថ្ងៃនេះបានទេ ប៉ុន្តែយើងអាចបដិសេធមិនទទួលស្គាល់ថា ការបំផ្លិចបំផ្លាញគឺជា “រឿងធម្មតា” ។
ការយកចិត្តទុកដាក់ នឹងកាន់តែរឹងមាំតាមរយៈការអនុវត្តជាក់ស្តែង។
ពេលដែលសិស្សានុសិស្សជួយសម្រួល និងធ្វើឱ្យជ្រុងមួយនៃសាលារៀនកាន់តែល្អប្រសើរ ពួកគេនឹងចាប់ផ្តើមឃើញថា កិច្ចខិតខំប្រឹងប្រែងពិតជាផ្តល់នូវលទ្ធផលពិតប្រាកដ។ ពេលដែលគ្រួសារមួយប្រមូលញែកប្រភេទទំនិញដែលអាចប្រើប្រាស់ឡើងវិញបាន ឬកាត់បន្ថយសំរាមម្ហូបអាហារ ការទទួលខុសត្រូវក៏ក្លាយជាទម្លាប់។ ការរីកចម្រើនដែលមើលឃើញនឹងភ្នែក នឹងជួយធ្វើអោយមានសង្ឃឹមឡើងវិញ។
យើងក៏គួរតែយកចិត្តទុកដាក់ចំពោះអ្នកដែលកំពុងធ្វើការងារបរិស្ថានផងដែរ។ ភ្នាក់ងារអនាម័យ កសិករ អ្នកស្ម័គ្រចិត្តសហគមន៍ គ្រូបង្រៀន អ្នកស្រាវជ្រាវ ឧទ្យានុរក្ស និងមនុស្សជាច្រើនទៀត តែងតែបំពេញភារកិច្ចដែលងាយនឹងត្រូវគេមើលរំលង។ កតញ្ញូកតវេទិតាធម៌ (ការដឹងគុណ) រំលឹកយើងថា ការការពារបរិស្ថានបាននិងកំពុងកើតឡើងរួចមកហើយ ហើយយើងក៏អាចចូលរួមជាមួយពួកគេបានដែរ។
ភាពមិនខ្វល់ខ្វាយនិយាយថា «គ្មានអ្វីដែលខ្ញុំធ្វើមានន័យនោះទេ»។ ប៉ុន្តែចូរអ្នកក្រឡេកមើលធម្មជាតិ—គ្រាប់ពូជមួយគ្រាប់នឹងក្លាយទៅជាដើមឈើធំមួយដើមនាពេលអនាគត។ ទឹកមួយដំណក់ នឹងក្លាយទៅជាទឹកមួយពាង។ ការយកចិត្តទុកដាក់មួយ ជាគំរូសម្រាប់អ្នកដែលតែងតែសង្កេតមើល រឿងតូចតាចនឹងក្លាយទៅជាថាមពលដ៏មានឥទ្ធិពល នៅពេលដែលយើងធ្វើវាសាឡើងវិញដដែលៗ និងបន្តចែករំលែកអោយគ្នា។
ប្រសិនបើបេះដូងរបស់អ្នកនឿយហត់ សូមចាប់ផ្តើមដោយសកម្មភាពភាពតិចតួចងាយៗ។ ជ្រើសរើសទីតាំងមួយ ទម្លាប់មួយ រុក្ខជាតិមួយដើម ហើយផ្តល់ការយកចិត្តទុកដាក់ដល់វាឱ្យជាប់លាប់។ ប្រែក្លាយការយកចិត្តទុកដាក់អោយទៅជា “សកម្មភាព” ជាជាង “អារម្មណ៍មួយឆាវ”។
នៅពេលយើងបន្តការយកចិត្តទុកដាក់ ទម្លាប់ដ៏ល្អមួយបានកើតឡើង។ យើងបានត្រឡប់មកបង្កើតទំនាក់ទំនងសារជាថ្មីជាមួយធម្មជាតិ—ថាផែនដីនេះជារបស់គ្រប់គ្នាៗត្រូវថែរក្សា—ថានេះជាផ្ទះរួមរបស់យើង ហើយផ្ទះមួយនឹងកាន់តែមានសុខុមាលភាព ឱ្យតែមាននរណាម្នាក់សម្រេចចិត្តចាប់ផ្តើមយកចិត្តទុកដាក់សារជាថ្មី។
ការពិចារណាតាមបែបព្រះពុទ្ធសាសនា
សតិ ជួយយើងអោយរស់នៅក្នុងពេលបច្ចុប្បន្ន មិនវង្វេងស្មារតី។ សតិ ជួយយើងអោយមើលឃើញពីអ្វីដែលកំពុងកើតមានឡើង ដោយមិនជ្រួលច្របល់ ។ តាមរយៈសតិ យើងអាចជួយជីវិតដែលកំពុងត្រូវការជំនួយ និងការពារក្តីសង្ឃឹម តាមរយៈកិច្ចខិតខំប្រឹងប្រែងប្រកបដោយក្តីមេត្តា។
ការពិចារណាសម្រាប់ថ្ងៃនេះ
តើមានរឿងទាក់ទងនឹងបញ្ហាបរិស្ថានណាមួយ ដែលខ្ញុំឈប់យកចិត្តទុកដាក់ដោយសារតែខ្ញុំឃើញវាញឹកញាប់ពេក?
សកម្មភាពសម្រាប់ថ្ងៃនេះ
ជ្រើសរើសរឿងរ៉ាវតូចតាចណាមួយទាក់ទងនឹងបរិស្ថាន ដែលអ្នកគិតថា អ្នកតែងតែមើលរំលង យកមកព្យាយាមដោះស្រាយ ហើយកែលម្អវាអោយបានល្អដោយការយកចិត្តទុកដាក់។ ប្រសិនជាត្រូវការជំនួយពីមនុស្សធំ សូមអ្នកសុំជំនួយពីលោកគ្រូ/អ្នកគ្រូ ឬសមាជិកគ្រួសាររបស់អ្នកដោយក្ដីគោរព។
ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ
ថ្ងៃនេះ ខ្ញុំនឹងរក្សាបេះដូងរបស់ខ្ញុំឱ្យភ្ញាក់រលឹក និងផ្តល់ការយកចិត្តទុកដាក់យ៉ាងជាប់លាប់ ចំពោះអ្វីដែលស្ថិតនៅក្នុងលទ្ធភាពរបស់ខ្ញុំដែលអាចធ្វើបាន»។
«នៅពេលយើងការពារធម្មជាតិ គឺយើងកំពុងការពារសព្វសត្វទាំងអស់—រួមទាំងខ្លួនយើងផងដែរ»
-ក្រសួងបរិស្ថាន-






