អ្នករាយការណ៍ពិសេសចោទសួរអំពីការមិនចាត់វិធានការលើមនុស្សសំខាន់ៗដែលរងការចោទប្រកាន់ថាជាប់ពាក់ព័ន្ធឆបោកអនឡាញ
Tom Andrews (inset), UN special rapporteur on the situation of human rights in Cambodia, has questioned whether enough is being done to support trafficking victims linked to scam operations. Supplied
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានចោទសួរថា ហេតុអ្វីបានជាការចោទប្រកាន់លើឥស្សរជនមួយចំនួន ដែលត្រូវបានរាយការណ៍ថាមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោក ហាក់ដូចជាមិនត្រូវបានស៊ើបអង្កេតឱ្យបានដិតដល់ ខណៈដែលលោកបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលុបបំបាត់សកម្មភាពឆបោកតាមអនឡាញចេញពីព្រះរាជាណាចក្រកម្ពុជា។
លោក Tom Andrews អ្នករាយការណ៍ពិសេស បានរៀបចំសន្និសីទសារព័ត៌មានមួយនាថ្ងៃទី៣១ ខែកក្កដានេះ ដើម្បីបង្ហាញពីការបញ្ចប់បេសកកម្មលើកដំបូងរបស់លោកមកកាន់កម្ពុជា។ លោកបានព្រមានថា ការរីករាលដាលនៃបណ្តាញឧក្រិដ្ឋកម្មសាយប័រឆ្លងដែននៅកម្ពុជា គឺជាបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សដ៏ធំបំផុតមួយដែលប្រទេសនេះកំពុងជួបប្រទះ។
លោកបានកត់សម្គាល់ថា របាយការណ៍ដែលគួរឱ្យទុកចិត្តបានបង្ហាញថា មនុស្សយ៉ាងហោចណាស់ ១០០,០០០ នាក់ ឬច្រើនជាងនេះ ត្រូវបានជួញដូរមកកាន់កម្ពុជា និងត្រូវបានបង្ខំឱ្យធ្វើការឆបោកតាមប្រព័ន្ធសាយប័រ។ មន្ត្រីរដ្ឋាភិបាលបានជម្រាបលោកថា មនុស្សប្រមាណ ៣០០,០០០ នាក់ដែលពាក់ព័ន្ធនឹងប្រតិបត្តិការឆបោក បានចាកចេញពីប្រទេសដោយស្ម័គ្រចិត្ត។
លោកបានថ្លែងថា៖ «អ្នកធ្វើការដែលត្រូវបានជួញដូរ ត្រូវបានបង្ខាំងទុកក្នុងមជ្ឈមណ្ឌលឆបោកដ៏ធំ ដែលភាគច្រើនស្ថិតនៅក្នុងបរិវេណកាស៊ីណូ សណ្ឋាគារ ឬរមណីយដ្ឋាន។ មជ្ឈមណ្ឌលឆបោកទាំងនោះច្រើនតែមានរូបរាងដូចជាពន្ធនាគារ ដោយមានបង្អួចដាក់ចម្រឹងដែក របងខ្ពស់ៗដែលមានលួសបន្លា និងទ្វារយាមកាមដោយសន្តិសុខប្រដាប់អាវុធ»។
លោកបានបន្ថែមថា ប្រតិបត្តិករឆបោកប្រើប្រាស់ការធ្វើទារុណកម្ម ការឃុំខ្លួនក្នុងបន្ទប់ដាច់ដោយឡែក ការបង្អត់អាហារ និងទម្រង់នៃទណ្ឌកម្ម និងការបង្ខិតបង្ខំផ្សេងៗទៀត។
លោក Andrews ថ្លែងថា លោកបានជួបជាមួយជនរងគ្រោះដែលបានរៀបរាប់លម្អិតអំពីរបៀបដែលពួកគេត្រូវបានលួងលោមមកកម្ពុជា តាមរយៈការសន្យាផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ក្នុងផ្នែករដ្ឋបាល ឬសេវាអតិថិជន។ លោកក៏បានជួបជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបដែលទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះ។
លោកថ្លែងថា៖ «ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការសំខាន់ៗមួយចំនួនដើម្បីបង្ក្រាបឧស្សាហកម្មឆបោកតាមប្រព័ន្ធសាយប័រ ក្រោមការសម្របសម្រួលរបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី»។
លោកបានកត់សម្គាល់ថា លោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. បានប្រាប់លោកថា អាជ្ញាធរបានកំណត់គោលដៅ និងបិទទីតាំងឆបោកបានជាង ៦០០ កន្លែង និងប្រតិបត្តិករឆបោកប្រមាណ ៣,០០០ នាក់ កំពុងប្រឈមមុខនឹងនីតិវិធីច្បាប់។ អាជ្ញាធរក៏បានរាយការណ៍ថា បានដកហូត ឬព្យួរអាជ្ញាប័ណ្ណកាស៊ីណូចំនួន ២៩ ផងដែរ។
លោកបន្តថា៖ «សកម្មភាពរបស់រដ្ឋាភិបាលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានធ្វើឱ្យរំខានយ៉ាងខ្លាំងដល់បណ្តាញឆបោកនៅកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ មន្ត្រីរដ្ឋាភិបាល និងអ្នកដទៃទៀតបានប្រាប់ខ្ញុំថា បណ្តាញទាំងនេះនៅតែបន្តធ្វើប្រតិបត្តិការនៅកម្ពុជា ដោយក្នុងករណីខ្លះមានការផ្លាស់ប្តូរទីតាំង និងរបៀបនៃប្រតិបត្តិការ»។
លោក Andrews បានសង្កត់ធ្ងន់ថា លោកក៏ត្រូវបានគេប្រាប់ផងដែរថា អំពើពុករលួយបានធ្វើឱ្យប៉ះពាល់ដល់ចំណាត់ការអនុវត្តច្បាប់ ដោយប្រតិបត្តិករឆបោកច្រើនតែទទួលបានព័ត៌មានមុនពេលសមត្ថកិច្ចចុះបង្ក្រាប។
លោកបានលើកឡើងពីក្តីបារម្ភចម្បងពីរពាក់ព័ន្ធនឹងបញ្ហានេះ៖ «ទីមួយ ខ្ញុំបានសួរថា បើទោះបីជាមានការបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ ហេតុអ្វីបានរដ្ឋាភិបាលមិនទាន់បានចាត់វិធានការលើមន្ត្រីជាន់ខ្ពស់កម្ពុជា និងបុគ្គលមានអំណាចផ្សេងទៀតដែលមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធសាយប័រ»។
លោកបន្តថា៖ «លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញពីចំណាត់ការដែលបានធ្វើឡើងចំពោះមន្ត្រីជាន់ខ្ពស់មួយចំនួន ខណៈដែលលោកបានសង្កត់ធ្ងន់លើសិទ្ធិទទួលបាននីតិវិធីច្បាប់ត្រឹមត្រូវចំពោះអ្នកដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋ។ លោកបានគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មពីបរទេសមិនគួរមកបង្គាប់បញ្ជាលើប្រតិបត្តិការនៃនីតិវិធីច្បាប់របស់កម្ពុជានោះទេ»។
លោកបន្តថា៖ «ខ្ញុំបានសង្កត់ធ្ងន់ថា ដើម្បីលុបបំបាត់ឧស្សាហកម្មនេះ គឺជារឿងចាំបាច់ដែលរដ្ឋាភិបាលត្រូវដោះស្រាយទំនាក់ទំនងឧក្រិដ្ឋកម្មជាមួយពួកឥស្សរជនធុរកិច្ច និងនយោបាយ។ ទីពីរ ខ្ញុំបានសម្តែងក្តីបារម្ភអំពីស្ថានភាពដ៏លំបាករបស់អ្នកដែលត្រូវបានដោះលែងពីមជ្ឈមណ្ឌលឆបោក»។
ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៦នេះ ក្នុងយុទ្ធនាការប្រឆាំងការឆបោក អាជ្ញាធរក្រោមចំណុះក្រសួងមហាផ្ទៃបានចុះឆែកឆេរទីតាំងជិត ៣០,០០០ កន្លែង ឃាត់ខ្លួនជនបរទេសជាង ២,០០០ នាក់ដែលពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ និងផាកពិន័យម្ចាស់អចលនទ្រព្យជិត ៨ ពាន់លានរៀល នេះបើយោងតាមលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
លោកថ្លែងថា ក្នុងអំឡុងពេលប្រតិបត្តិការនេះ សមត្ថកិច្ចបានផាកពិន័យម្ចាស់ទីតាំង និងអ្នកគ្រប់គ្រងទីតាំងដែលធ្វើប្រតិបត្តិការល្មើសនឹងអនុក្រឹត្យលេខ ០៣ សរុបចំនួន ៧,៧៦៣ ពាន់លានរៀល ឬជិត ២ លានដុល្លារអាមេរិក៕
–Post Khmer–
————–





